A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 9 June 2016

ពលរដ្ឋ​ស្រុក​រុក្ខគិរី​ខេត្ត​បាត់ដំបង​ស្នើ​អាជ្ញាធរ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ធ្វើ​កម្មសិទ្ធិ


ដោយ ហ៊ុំ ចំរើន
2016-06-08


ព្រៃ​សហគមន៍​ព្រៃ​ត្រឡាច បាត់ដំបង ២០១៦ ៨៥៥
១៦-វិច្ឆិកា-២០១៥៖ តំបន់​ព្រៃ​សហគមន៍​ព្រៃ​ត្រឡាច ឋិត​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង។ RFA/Hum Chamroeun
 RFA/Hum Chamroeun


ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង អះអាង​ថា មន្ត្រី​មាន​អំណាច​ក្នុង​មូលដ្ឋាន​មួយ​ចំនួន​នៅ​ស្រុក​នេះ ឈូស​ឆាយ​ដី​ដាំ​ដំឡូងមី និង​សង់​ផ្ទះ​រំលោភ​លើ​ដី​សហគមន៍​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ជា​ថ្មី​ទៀត។ អ្នក​ភូមិ​បញ្ជាក់​ថា វិធានការ​ទប់ស្កាត់​របស់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ បង្ក្រាប​មាន​ប្រសិទ្ធភាព​ចំពោះ​តែ​ប្រជាពលរដ្ឋ​ក្រីក្រ ចំណែក​មន្ត្រី​មាន​អំណាច​ទន្ទ្រាន​ព្រៃ​សហគមន៍​ដោយ​សេរី គ្មាន​ការ​ទប់ស្កាត់​ទេ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​រុក្ខគិរី កំពុង​ព្រួយ​បារម្ភ​ខ្លាច​ហិនហោច​ព្រៃ​សហគមន៍​នៅ​ឃុំ​ស្ដុកប្រវឹក ទៅ​ជា​កម្មសិទ្ធិ​ឯកជន​ក្នុង​ពេល​ឆាប់ៗ ព្រោះ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នៅ​ឡើយ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ស្តុកប្រវឹក ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង គឺ​លោក ជ្រុន ពុធ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ មិថុនា ថា មន្ត្រី​កង​ប្រតិបត្តិការ​សឹក​រង​ស្រុក និង​មេ​ភូមិ​ស្រះថត បាន​ឈូស​ឆាយ​ព្រៃ​សហគមន៍​ព្រៃ​ត្រឡាច យក​ដី​ដាំ​ដំឡូងមី និង​សង់​ផ្ទះ​យ៉ាង​អនាធិបតេយ្យ​ប្រមាណ ២​ខែ​មក​ហើយ។ លោក​ថា​សោកស្ដាយ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ខេត្ត​បាត់ដំបង ដែល​បាន​សន្យា​ជាមួយ​ពួក​គាត់ ថា​នឹង​ចាត់​វិធានការ​ដោះស្រាយ​ដី​សហគមន៍​មិន​ឲ្យ​ជន​ណា​ម្នាក់​ទៅ​រំលោភ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឡើយ។ លោក​អះអាង​ថា មន្ត្រី​មាន​អំណាច​ក្នុង​មូលដ្ឋាន​ចូល​ទៅ​ទន្ទ្រាន​ព្រៃ​សហគមន៍​យក​ដី​ដោយ​សេរី៖ «ពួក​ខ្ញុំ​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​យក​ដី​នោះ​ទុក​ជា​សម្បត្តិ​រួម​ក្នុង​សហគមន៍​វិញ​ក៏​បាន ឬ​បើ​ជ្រុល​បែប​នេះ​ទៅ​ហើយ អាជ្ញាធរ​យក​ដី​ដែល​បាន​ឈូស​ឆាយ​ហើយ បែង​ចែក​ឲ្យ​ប្រជាពលរដ្ឋ ក៏​ពួក​ខ្ញុំ​ត្រេកអ​ដែរ»។


១៦-វិច្ឆិកា-២០១៥៖ សាលា​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង។ RFA/Hum Chamroeun




ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​រុក្ខគិរី លោក ពេជ្រ ម៉ាឡៃ មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា លោក​បាន​បញ្ជា​ឲ្យ​អភិបាល​រង​ស្រុក ចុះ​ត្រួត​ពិនិត្យ​ព្រៃ​សហគមន៍​ព្រៃ​ត្រឡាច ដើម្បី​រក​មុខ​ជន​ដែល​ទន្ទ្រាន​ដី​ព្រៃ ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖ «ខ្ញុំ​ទើប​តែ​បាន​ទទួល​ដំណឹង​ពី​អភិបាល​រង​របស់​ខ្ញុំ​ពី​ម្សិលមិញ​នេះ​ទេ។ ម្យ៉ាង​ការងារ​នេះ​សមត្ថកិច្ច​បាន​ឃ្លាំ​មើល​ផ្សព្វផ្សាយ​អប់រំ​បណ្ដើរៗ​ហើយ មិន​ធ្វេស​ប្រហែស​ទេ។ ហើយ​នៅ​ថ្ងៃ​ខាង​មុខ​ឆាប់ៗ​នេះ គណៈកម្មការ​នឹង​ចុះ​ទៅ​ត្រួត​ពិនិត្យ​តំបន់​នោះ​ទៀត​ហើយ»។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ខិលខូច​ដែល​លួច​ទន្ទ្រាន​ព្រៃ​សហគមន៍​យក​ដី​ធ្វើ​កម្មសិទ្ធិ ឲ្យ​បាន​ដូច​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ទៅ​លើ​ប្រជាពលរដ្ឋ​កន្លង​ទៅ៖ «វា​មិន​មែន​ទទួល​ដំណឹង​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​នេះ លិខិត​ក្នុង​បង្កើត​គណៈកម្មការ​របស់​ខេត្ត គឺ​តាំង​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៦។ ចុះ​ហេតុ​អី​បាន​ទើប​តែ​ដឹង​ពី​ម្សិលមិញ​នេះ? នេះ​គ្រាន់​តែ​ជា​ការ​ដោះសា​មួយ​ឲ្យ​ស្ដាប់​ទៅ​ពីរោះ​ទេ​បាទ!»។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​នៅ​ស្រុក​រុក្ខគិរី ប្រមាណ ២០០​នាក់ បាន​តវ៉ា​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ឲ្យ​បញ្ឈប់​ការ​ទន្ទ្រាន​ព្រៃ​សហគមន៍​ព្រៃ​ត្រឡាច ដែល​មាន​ផ្ទៃដី ១.៣៣២​ហិកតារ ដែល​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​បាន​រុក​រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ រួម​មាន មន្ត្រី​ទាហាន ប៉ូលិស និង​ក្រុមប្រឹក្សា​ស្រុក​រុក្ខគិរី ជាដើម។ ប្រជាពលរដ្ឋ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​បែង​ចែក​ដី​នោះ​មួយ​ចំនួន ដើម្បី​យក​ទៅ​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ។

នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ មន្ត្រី​ជំនាញ​ខេត្ត​បាត់ដំបង បាន​ដឹក​នាំ​កម្លាំង​ចុះ​រុះរើ និង​ដុត​ផ្ទះ​របស់​ពលរដ្ឋ​អស់ ១០​ខ្នង និង​រោង​ស្នាក់​អាស្រ័យ​ចំនួន ៣០​ខ្នង ដែល​បាន​សាងសង់​នៅ​តំបន់​ព្រៃ​សហគមន៍​នោះ។ ក្រោយ​មក ប្រជាពលរដ្ឋ​បាន​តវ៉ា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ និង​ដោះស្រាយ​ដី​សហគមន៍​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ពុំ​ទទួល​បាន​លទ្ធផល​នៅ​ឡើយ៕

No comments: