A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 9 June 2016

បក្ស​កាន់​អំណាច​ពិចារណា​សំណើ​សុំ​ជួប​ចរចា​របស់​បក្ស​ប្រឆាំង


ដោយ ទីន ហ្សាការីយ៉ា
2016-06-08 ppp

ស ខេង កឹម សុខា ៨៥៥ ២០១៦
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) ចាប់​ដៃ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មុន​អ្នក​នាំ​ពាក្យ​បក្ស​ទាំង​២ ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​នៃ​ជំនួប​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​វិមាន​រដ្ឋ​សភា។


 RFA/Rann Samnang
គណបក្ស​សង្គ្រោះ​ជាតិ ស្វះស្វែង​រក​ការ​ជួប​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា វិញ ដើម្បី​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់ គឺ​វប្បធម៌​សន្ទនា ដែល​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀងគ្នា។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​អោយ​ដឹង​ថា គណបក្ស​នេះ​កំពុង​ពិចារណា​នឹង​ជូន​ដំណឹង​ដល់​គណបក្ស​ប្រឆាំង​វិញ ថា​តើ​នឹង​ជួប​គ្នា​ចរចា​អំពី​បញ្ហា​ការវិវឌ្ឍន៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន ឬ​យ៉ាង​ណា?

​អគ្គលេខាធិការ​រដ្ឋ​សភា បាន​បញ្ជូន​សំណើ​ផ្ទាល់​មាត់​ទៅ​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា អំពី​ការ​ចង់​ជួប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បន្ត​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ។

អគ្គលេខាធិការ​រដ្ឋ​សភា និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ថា ក្រោយ​ពី​លោក​បាន​ទទួល​សំណើ​ផ្ទាល់​មាត់​ពី​លោក ហ៊ុល ប៊ុនថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ថា ចង់​ជួប​ពិភាក្សា​គ្នា​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​វប្បធម៌​សន្ទនា​ឡើង​វិញ លោក​ក៏​បាន​បញ្ជូន​សំណើ​នេះ​ទៅ​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង និង​ជា​ឧបនាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ដដែល។

លោក ឡេង ប៉េងឡុង បញ្ជាក់​ថា លោក ស ខេង ទទួល​យក​សំណើ​នេះ តែ​មិន​ទាន់​ឆ្លើយ​តប​ទេ ដោយសារ​បច្ចុប្បន្ន​នេះ​លោក​ជាប់​រវល់៖ «ជួនកាល​គណបក្ស​គេ​ជួប​គ្នា​នៅ​ឯណា? ជួប​ជា​សម្ងាត់? ជួប​ជា​ឯកជន? ខ្ញុំ​អត់​ដឹង​ក៏​មាន»។



​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ក្រោយ​ពី​គណបក្ស​ទាំង​២ បាន​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ នោះ គឺ​គណបក្ស​ទាំង​ពីរ​មាន​កិច្ច​ព្រមព្រៀង​មួយ​ទៀត​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ គឺ​ក្រុម​ពង្រឹង​វប្បធម៌​សន្ទនា។ បញ្ហា​នេះ​ហើយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ដៃគូ​សន្ទនា​ងាក​រក​ការ​សន្ទនា​វិញ អំពី​ការវិវឌ្ឍន៍​នយោបាយ​ចុង​ក្រោយ៖ «គ្មាន​អ្វី​ល្អ​ជាង​ការ​ជួប​គ្នា​ទេ នៅ​លើ​ពិភពលោក​ក៏​ចឹង​ដែរ យើង​ដឹង​ហើយ នៅ​សម័យ​សង្គ្រាម​ត្រជាក់ មេ​ដឹក​នាំ​ជួប​គ្នា​ទើប​ដោះស្រាយ​បញ្ហា​បាន គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ជួប​គ្នា​នេះ​ទេ»។

កិច្ច​ព្រមព្រៀង​រវាង​ក្រុម​សំឡេង​ភាគ​ច្រើន​ដឹកនាំ​ដោយ​លោក ស ខេង និង​ក្រុម​សំឡេង​ភាគ​តិច​នៃ​រដ្ឋ​សភា​ដឹកនាំ​ដោយ​លោក កឹម សុខា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ នោះ មាន ៤​ចំណុច គឺ​ទី​១ បង្កើត​ក្រុម​ការងារ​ពិនិត្យ​មើល​សេចក្ដី​ព្រាង​ច្បាប់​ផ្សេងៗ មាន​ច្បាប់​សហជីព​ជាដើម ទី​២ ពិនិត្យ​មើល​ការងារ​តំណាងរាស្ត្រ ទី​៣ បន្ត​ការ​ដោះស្រាយ​ការងារ​នៅ​សេសសល់ និង​ទី​៤ បង្កើត​ក្រុម​ការងារ​ពង្រឹង​វប្បធម៌​សន្ទនា​ដែល​មាន​សមាសភាព​ម្ខាង ៦​នាក់។ ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ រី​ឯ ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ។ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា ក្រុម​ពង្រឹង​វប្បធម៌​សន្ទនា​នេះ តាំង​ពី​បាន​បង្កើត​មក​គឺ​បាន​ជួប​គ្នា​តែម្ដង​ទេ កាល​ពី​ខែ​មករា ឆ្នាំ​២០១៦។

ការ​ស្វះស្វែង​រក​ការ​ជួប​គ្នា​តាមរយៈ​ក្រុម​ពង្រឹង​វប្បធម៌​សន្ទនា​នេះ នៅ​ស្រប​ពេល​មេដឹកនាំ​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​តំណាងរាស្ត្រ​ពីរ​រួប​ទៀត​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ក្រៅ​ពី​សកម្មជន សមាជិក​ព្រឹទ្ធ​សភា លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន ព្រម​ទាំង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប កំពុង​ជាប់​ពន្ធនាគារ​នោះ។

មន្ត្រី​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា វប្បធម៌​សន្ទនា​ដែល​គណបក្ស​ទាំង​ពីរ​ប្រើប្រាស់​កន្លង​មក​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ ពីព្រោះ​ថា ការសន្ទនា ឬ​កិច្ច​ព្រមព្រៀង​នានា គ្មាន​អ្នក​ទី​បី​ឯករាជ្យ ដូចជា​ព្រះមហាក្សត្រ​ចូលរួម​ដឹង​ឮ​ទេ​នោះ៖ «គ្មាន​ដំណើរ​ការ​ល្អ​ទៅ​ថ្ងៃ​ក្រោយ​ទេ ថ្ងៃ​ក្រោយ​ប្រេះឆា​ដដែល គ្មាន​អ្វី​ល្អ​ជាង​គណបក្ស​ប្រឆាំង​ធ្វើ​ការ​តស៊ូ​ទេ ការ​តស៊ូ​របស់​គណបក្ស​ប្រឆាំង​ដែល​អាច​នាំ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ»។

វប្បធម៌​សន្ទនា​នេះ មេដឹកនាំ​គណបក្ស​ទាំង​ពីរ គឺ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ធ្លាប់​មាន​អំនួត​ថា គណបក្ស​ទាំង​ពីរ​បាន​បង្កើត​វប្បធម៌​សន្ទនា​នេះ​បាន គឺ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​លោក​ទាំង​ពីរ និង​បន្ត​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ហើយ​ថែម​ទាំង​ជំរុញ​ឲ្យ​មាន​វប្បធម៌​សន្ទនា​​នេះ​ពី​ថ្នាក់​កំពូល​ដល់​ថ្នាក់​មូលដ្ឋាន​ទៀត​ផង។

អ្នក​វិភាគ​លើក​ឡើង​ថា ជា​ទូទៅ​អ្នក​នយោបាយ​ខ្មែរ​បាន​ប្រើ​រូបមន្ត​ដដែលៗ ក្នុង​ការ​ដោះស្រាយ​បញ្ហា គឺ​តាមរយៈ​ការ​ចរចា ឬ​វប្បធម៌​សន្ទនា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រយៈពេល​ខ្លី ហើយ​ចរចា​គ្នា​ដើម្បី​បែងចែក​អំណាច និង​ផលប្រយោជន៍​គ្នា ដែល​គ្មាន​ភាគី​ទី​បី​ចូល​រួម ហើយ​មិន​យូរ​ប៉ុន្មាន​ភាគី​ទាំង​ពីរ​តែងតែ​ក្បត់​គ្នា និង​ងាក​ចេញ​ពី​វប្បធម៌​សន្ទនា​នេះ៕

No comments: