A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 23 June 2016

ប្រជា​នេសាទ​ខេត្ត​កំពង់ឆ្នាំង​ថា​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​កើន​ឡើង

ប្រជា​នេសាទ​ខេត្ត​កំពង់ឆ្នាំង​ថា​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​កើន​ឡើង
ដោយ ជិន ជេដ្ឋា
2016-06-22

បទល្មើស​នេសាទ កំពង់ឆ្នាំង ៦២០
របាំង​សាច់​អួន​ក្រឡា​ញឹក​ដែល​ក្រុម​ឈ្មួញ និង​ពលរដ្ឋ​មាន​ធនធាន​ដាក់​នៅ​ក្នុង​ទឹក​ដី​ឃុំ​ពោធិ៍ និង​ឃុំ​កំពង់ហាវ ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៤
RFA/Chin Chetha


ប្រជា​នេសាទ និង​អនុប្រធាន​សហព័ន្ធ​នេសាទ​តំបន់​១៤ នៅ​ស្រុក​ជលគីរី ខេត្ត​កំពង់ឆ្នាំង អះអាង​ថា បទល្មើស​ដាក់​សម្រាស់​ក្នុង​បឹង​ទន្លេសាប​ដើម្បី​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ នៅ​បន្ត​កើត​មាន​កាន់​តែ​ច្រើន​ឡើង តែ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ មិន​សូវ​អើពើ​ទប់ស្កាត់​ឡើយ។ ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច ច្រាន​ចោល​ការ​អះអាង​របស់​ពលរដ្ឋ និង​តំណាង​សហព័ន្ធ​នេសាទ​នេះ។

អ្នក​ស្រុក​ជលគីរី ដែល​ភាគ​ច្រើន​ជា​ពលរដ្ឋ​ប្រកប​មុខ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ថា សម្រាស់​ស្អេកស្កះ​ពេញ​ដៃ​បឹង​ទន្លេសាប​ក្នុង​ឃុំ​មួយ​ចំនួន នៃ​ស្រុក​ជលគីរី បាន​បង្ក​ឲ្យ​ស្ទះ​លំហូរ​ទឹក ដី​ដុះ ទឹក​ទន្លេ​រាក់ និង​បំផ្លាញ​ត្រី​ពង​កូន។

បន្ទាប់​ពី​បទល្មើស​រុញ​ជន និង​ឆក់​ត្រី​ថយ​ចុះ ប៉ុន្តែ​សកម្មភាព​ដាក់​សម្រាស់​កាន់​តែ​ច្រើន​នៅ​ភូមិ​ពាមពពេច ស្វាយផ្អែម និង​ភូមិ​ទន្លេក្រៅ ជាដើម។



អនុប្រធាន​សហព័ន្ធ​នេសាទ​តំបន់​១៤ ដែល​ឃ្លាំ​មើល​សកម្មភាព​នេសាទ​នៅ​ឃុំ​កោះថ្កូវ ជលសារ និង​ឃុំ​ពាមឆ្កោក នៃ​ស្រុក​ជលគីរី គឺ​លោក ឌុល ប៊ុនថា មាន​ប្រសាសន៍​ថា បទល្មើស​នេសាទ​នៅ​ស្រុក​ជលគីរី គ្មាន​សញ្ញា​ថយ​ចុះ​ឡើយ បើ​ទោះ​បី​ជា​រដូវ​បិទ​នេសាទ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ទៅ​ហើយ​ក្ដី។ លោក​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ​អសកម្ម ហើយ​ទំនង​ជា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ផង នៅ​ពេល​ចុះ​បង្ក្រាប​បទល្មើស​ម្ដងម្កាល៖ «យើង​មើល​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ដែល​ធ្វើ​ការងារ​ផ្នែក​ជលផល​ឆ្នាំ​នេះ អត់​មាន​ឃើញ​សោះ ឃើញ​តែ​គេ​ហ៊ុម គេ​ទារ (លុយ) បាន​តាម​ចិត្ដ ហើយ​ចំពោះ​អ្នក​តូចតាច​ដូច​ខ្ញុំ​អី ដាក់​មង​អត់​បាន​ហូប​ទេ​នៅ​តាម​ទន្លេ​នោះ។ មួយ​រយៈពេល​នេះ​ឃើញ​អ្នក​ដែល​ប្រព្រឹត្ត​បាន​រួច​ខ្លួន​រហូត អត់​ឃើញ​សមត្ថកិច្ច​អី​ចុះ​ធ្វើ​ការងារ​ផង។ ទៅ​មើល​តាម​ខ្នង​ទួល​ខាង​លើ​មាត់​ទន្លេ ដូច​ដើម​សន្ទៃ​ធំៗ​ត្រូវ​បាន​គេ​កាប់​យក​ទៅ​ដាក់​អស់​ហើយ រក​តែ​ម្លប់​ចង​គោ​អត់​បាន​ផង តាម​មាត់​បឹង​អី»។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អភិបាល​ស្រុក​ជលគីរី និង​ជា​ប្រធាន​គណៈកម្មការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ថ្នាក់​ស្រុក គឺ​លោក យ៉ិន សាវ៉េន បដិសេធ​ថា ក្រោយ​ពី​បិទ​នេសាទ​ករណី​ដាក់​សម្រាស់ ឬ​បទល្មើស​ផ្សេង​ទៀត​នៅ​ក្នុង​ទឹក​ដី​ស្រុក​ជលគីរី មិន​កើត​មាន​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ។ ចំពោះ​ករណី​ដាក់​សម្រាស់ លោក​បញ្ជាក់​ថា មក​ដល់​រដូវ​នេះ ប្រជា​នេសាទ​លែង​ដាក់​សម្រាស់​ហើយ៖ «អា​ហ្នឹង (ការ​លម្អៀង​នៃ​ការ​អនុវត្ត​ច្បាប់) ជា​ទ្រឹស្ដី​សម្រាប់​ពួក​គាត់​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​ទិដ្ឋភាព​ច្បាប់ គឺ​យើង​ធ្វើ​ដូចៗ​គ្នា។ ក្នុង​រដូវ​មិន​បិទ​នេសាទ វា​អាច​មាន​បទល្មើស​ខ្លះៗ ហើយ​ក្នុង​បទល្មើស​ហ្នឹង យើង​ខិតខំ​ប្រឹង​ធ្វើ​ណាស់ ទាំង​ការ​ដែល​ប្រជាជន​ដាក់​សម្រាស់​ក្ដី ឬ​បញ្ហា​ជន ប៉ុន្តែ​ក្នុង​ពេល​ដែល​បិទ​នេសាទ​នេះ គឺ​មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ទេ​មក​ទល់​ម៉ោង​នេះ»។

មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) ខេត្ត​កំពង់ឆ្នាំង លោក អ៊ុក សុផាត សង្កេត​ឃើញ​ថា បទល្មើស​ដាក់​សម្រាស់​នៅ​ស្រុក​ជលគីរី ពិត​ជា​កើត​មាន​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ បើ​ប្រៀបធៀប​នឹង​បណ្ដា​ស្រុក​ដទៃ​នៃ​ខេត្ត​ជាប់​បឹង​ទន្លេសាប​មួយ​នេះ៖ «និយាយ​រួម ទាំង​រដូវ​បិទ និង​រដូវ​បើក​នេសាទ គឺ​មិន​អាច​ដាក់​សម្រាស់​បាន​ទេ។ ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​ណាស់​សកម្មភាព​ដាក់​សម្រាស់​នៅ​ស្រុក​ជលគីរី»។

ច្បាប់​ស្ដីពី​ជលផល​មាត្រា​២០ ចំណុច​ទី​៣ បាន​ហាមឃាត់​ដាច់​ខាត​ចំពោះ​ការ​នេសាទ​ដោយ​ដាក់​សម្រាស់ ឬ​មធ្យោបាយ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ត្រី ឬ​វារី​សត្វ​កុំ។ ចំពោះ​ទោស​បញ្ញត្តិ​នៃ​អំពើ​ល្មើស​នេះ នៅ​ក្នុង​មាត្រា​១០០ នៃ​ច្បាប់​ជលផល​ចែង​ថា ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ជលផល​ថ្នាក់​ទី​២ ដែល​ត្រូវ​ដាក់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ប្រាំ​លាន​រៀល ទៅ​ហាសិប​លាន​រៀល៕

No comments: