A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 23 June 2016

អ្នក​វិភាគ៖ កម្ពុជា​នឹង​មាន​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​បើ​អ្នក​នយោបាយ​មិន​ងាក​រក​តុ​ចរចា


ដោយ ទីន ហ្សាការីយ៉ា
2016-06-22

អ្នក​គាំទ្រ សង្គ្រោះ​ជាតិ ៨៥៥ ២០១៦
អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ ជា​ច្រើន​រយ​នាក់ ប្រមូល​ផ្ដុំ​នៅ​ទីស្នាក់ការ​កណ្ដាល​បក្ស​នា​​សង្កាត់​ចាក់អង្រែលើ ដើម្បី​ឃ្លាំមើល​​ការ​អនុវត្ត​របស់​តុលាការ​មក​លើ​ប្រធាន​ស្ដីទី​គណបក្ស គឺ​លោក កឹម សុខា កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។
 RFA/Rann Samnang


ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ដែល​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា កម្ពុជា កំពុង​តែ​មាន​វិបត្តិ​នយោបាយ និង​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ​ដូចជា ការ​បិទ​សិទ្ធិ​សេរីភាព ការ​រំលោភ​សិទ្ធិមនុស្ស និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ការពារ​សិទ្ធិមនុស្ស មន្ត្រី​បក្ស​ប្រឆាំង និង​ងាក​មក​រក​តុ​ចរចា​ជា​បន្ទាន់ ដើម្បី​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ។ ក៏ប៉ុន្តែ​ខាង​គណបក្ស​កាន់​អំណាច​បែរ​ជា​អះអាង​ថា កម្ពុជា មាន​ស្ថិរភាព​នយោបាយ​ធម្មតា និង​គ្មាន​វិបត្តិ​អ្វី​កើត​ឡើង​ទេ។

ការ​បក​ស្រាយ​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ពេល​បច្ចុប្បន្ន​នេះ ផ្សេងៗ​ពី​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។ គណបក្ស​កាន់​អំណាច​លើក​ឡើង​ថា នយោបាយ​កម្ពុជា មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​នោះ​ទេ រី​ឯ​បក្ស​ប្រឆាំង​វិញ​ចង់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ងាក​មក​រក​តុ​ចរចា​ដើម្បី​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ។



អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​មិថុនា ថា ប្រទេស​កម្ពុជា មាន​សន្តិភាព​ដែល​មិន​ជំរុញ​ឲ្យ​ប្រទេស​នេះ​ស្ថិត​នៅ​ក្នុង​ភាព​វឹកវរ ឬ​មាន​សង្គ្រាម​អ្វី​កើត​ឡើង​នោះ​ទេ។ លោក​បញ្ជាក់​ថា រាល់​បញ្ហា​វិវឌ្ឍន៍​ចុង​ក្រោយ​រហូត​ជំរុញ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បោះបង់ ឬ​ពហិការ​មិន​ចូល​ប្រជុំ​សភា​នេះ គឺ​កើត​ឡើង​មក​ពី​រឿង​បុគ្គល​មួយ​ចំនួន​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ តែប៉ុណ្ណោះ៖ «របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​វា​តែងតែ​កើត​មាន​នូវ​បដិវាទកម្ម​រវាង​មតិ និង​មតិ វា​អត់​មាន​ធ្លាក់​ទៅ​ដល់​សភាពការណ៍​ជាប់​គាំង​នយោបាយ ឬ​ស្ថានភាព​ក្ដៅ​អី​ទេ ស្ថានការណ៍​សព្វថ្ងៃ​នេះ ជា​ស្ថានការណ៍​ឆ្លុះបញ្ចាំង​ពី​សភាពការណ៍​សិប្បនិមិត្ត»។

​ទោះបីជា​មាន​ការ​អះអាង​បែប​នេះ​ក្ដី ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឆ្លើយ​តប​វិញ​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ជាប់​គាំង និង​មាន​អស្ថិរភាព​នយោបាយ​ដែល​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​មាន​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​សង្គម ដូចជា​ការ​ចាប់​ចង​មន្ត្រី​សិទ្ធិមនុស្ស មន្ត្រី​បក្ស​ប្រឆាំង និង​ការ​រំលោភ​សិទ្ធិមនុស្ស​ជាដើម៖ «ពាក្យ​សន្តិភាព​មិនមែន​ឋិត​នៅ​លើ​បបូរ​មាត់​នោះ​ទេ ពាក្យ​អង់គ្លេស​ថា No Peace without justice គឺ​ថា ក្នុង​សង្គម​ដោយ​មិន​មាន​សន្តិភាព ដោយ​មិន​មាន​យុត្តិធម៌​នោះ​ទេ យុត្តិធម៌​សំខាន់​ណាស់។ ឯកឧត្ដម​អាច​និយាយ​តាម​ចិត្ត​ថា ឥឡូវ​ល្អ​ណាស់ តុលាការ​កាត់​ទោស​ហ្នឹង ធ្វើ​ឲ្យ​គណបក្ស​ឯកឧត្ដម​ពេញ​ចិត្ត​ណាស់ តែ​ប្រជាពលរដ្ឋ​គេ​មិន​ក្ដៅ​ក្រហាយ ការ​ដែល​រំលោភ​បំពាន​ដីធ្លី​ប្រជាពលរដ្ឋ ការ​បិទ​សិទ្ធិ​ពលរដ្ឋ​នេះ មិន​មែន​សន្តិភាព​ទេ»។

មាស នី ៨៥៥
អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​ក២០១៥។ RFA


ទោះបីជា​យ៉ាង​ណា​ក៏ដោយ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន ត្រូវ​បាន​អ្នក​វិភាគ​លើក​ឡើង​ថា កំពុង​វិល​ទៅ​រក​ដូច​កាល​ពី​មុន​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ នៅ​មុន​ពេល​គណបក្ស​ទាំង​ពីរ​បាន​បញ្ចប់​ជម្លោះ​នយោបាយ​ក្រោយ​ពេល​បោះឆ្នោត​នោះ។ ក៏ប៉ុន្តែ​សន្តិភាព​ការ​បញ្ឈប់​ចាប់ចង​បាន​ប្រមាណ ១​ឆ្នាំ បន្ទាប់ពី​គណបក្ស​ទាំង​ពីរ​បាន​ចាប់​ដៃ​គ្នា​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​នីតិប្បញ្ញត្តិ និង គ.ជ.ប តាម​យន្តការ​ប្រើប្រាស់​វប្បធម៌​សន្ទនា។

មិន​យូរ​ប៉ុន្មាន​ការ​ចាប់​ចង​រើ​ឡើង​វិញ ដោយ​គណបក្ស​កាន់​អំណាច​ហាក់​ដាក់​វប្បធម៌​សន្ទនា​មួយ​ឡែក​សិន ទោះបីជា​គណបក្ស​ប្រឆាំង​ស្វះ​ស្វែង​រក​គ្រប់​មធ្យោបាយ​ចង់​ជួប​ចរចា​គ្នា​ក្ដី។ អ្នក​វិភាគ​ពន្យល់​ថា ស្ថានភាព​នយោបាយ​សព្វ​ថ្ងៃ​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​កម្ពុជា ជា​ប្រជា​ទេស​មាន​សន្តិភាព​នោះ​ទេ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ពាក្យ​ថា សន្តិភាព​មិន​មែន​មាន​ន័យ​ថា ប្រទេស​នោះ​គ្មាន​សង្គ្រាម គ្មាន​ការ​បង្ហូរ​ឈាម​នោះ​ទេ។ លោក​បញ្ជាក់​ថា សន្តិភាព​គឺ​រដ្ឋ​ត្រូវ​ធានា​ឲ្យ​សង្គម​ទាំង​មូល ប្រជាពលរដ្ឋ​ត្រូវ​មាន​សន្តិភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត តែ​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​គ្មាន​សន្តិភាព​ផ្លូវ​ចិត្ត​នោះ​ឡើយ សិទ្ធិ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​បាត់បង់ ដូចជា​សិទ្ធិ​ជួបជុំ សិទ្ធិ​កាន់កាប់​ដីធ្លី ផ្ទះសម្បែង និង​បញ្ហា​មួយ​ចំនួន​ទៀត។

លោក មាស នី សង្កត់​ធ្ងន់​ថា មេដឹកនាំ​ដែល​​ធ្លាប់​ជា​កងកម្លាំង និង​មាន​ជំនាញ​ខាង​សង្គ្រាម នៅ​ពេល​ប្រទេស​គ្មាន​ឮ​ស្នូរ​កាំភ្លើង គេ​ចាត់​ទុក​ថា ប្រទេស​នោះ​មាន​សន្តិភាព​ហើយ៖ «ការ​អនុវត្ត​ក្នុង​ប្រទេស ក្នុង​របប​ផ្ដាច់ការ​មាន​ការ​បណ្ដេញ​ចេញ មាន​អយុត្តិធម៌​សង្គម មាន​ការ​រំលោភ​សិទ្ធិមនុស្ស គេ​មិន​ចាត់​ទុក​ថា ជា​សន្តិភាព​ទេ អ៊ីចឹង​ពួក​អ្នក​មាន​ជំនាញ​ខាង​ទាហាន​ហ្នឹង​គេ​ឲ្យ​និយមន័យ​សន្តិភាព​បាន​ត្រឹមតែ​បាត់​ស្នូរ​កាំភ្លើង​ហ្នឹង​ទេ តែ​គុណ​តម្លៃ​នៃ​សន្តិភាព​មិនមែន​តែ​ត្រឹម​បាត់​ឮ​ស្នូរ​កាំភ្លើង​ទេ គឺ​ត្រូវ​បញ្ឈប់​ទាំង​ការ​ជិះជាន់ អំពើ​អយុត្តិធម៌​ផ្សេងៗ បំបាត់​នូវ​ការ​បែងចែក​លាប​ពណ៌»។

បន្ថែម​ពី​នេះ​ទៀត លោក​មេធាវី សុក សំអឿន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ពន្យល់​ថា សន្តិភាព​មិន​មែន​គ្រាន់តែ​គ្មាន​សង្គ្រាម​នោះ​ទេ។ លោក​បាន​លើក​ពី​សម័យ ប៉ុល ពត ពិត​មែន​តែ​មិន​មាន​សង្គ្រាម ប៉ុន្តែ​ខ្មែរ​នៅ​ចាត់​ទុក​ខ្មែរ​គ្នា​ឯង​ជា​ខ្មាំង ជា​អមិត្ត សម្លាប់​ប្រជារាស្ត្រ​ឯង ចោទ​ថា ជា​ខ្មាំង​ចាប់​យក​ទៅ​ដាក់គុក គ្រាន់តែ​ឃើញ​ឈ្លប​ដើរ​ញាក់​សាច់ សួរ​ថា​បើ​បែប​នេះ​ចាត់​ថា មាន​សន្តិភាព​បាន​ដែរ​ទេ?

ទាក់ទង​នឹង​បញ្ហា​នេះ សភា​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​ការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នានា លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង ព្រមទាំង​ឲ្យ​ដោះលែង​ជា​បន្ទាន់​នូវ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង មន្ត្រី គ.ជ.ប កំពុង​ជាប់​ឃុំ​ឲ្យ​មាន​សេរីភាព។

សភា​សហភាព​អឺរ៉ុប​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​សេរីភាព​របស់​អ្នក​នយោបាយ សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិមនុស្ស ហើយ​ត្រូវ​ធានា​ថា ពួកគេ​បំពេញ​ការងារ​ដោយ​សេរី គ្មាន​ការ​បំភិតបំភ័យ ការ​ចាប់​ខ្លួន ឬ​ការ​ធ្វើ​បាប​នោះ​ឡើយ។

ទោះបីជា​បែប​នេះ​ក្ដី ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ នៅ​ក្នុង​បរិបទ​នយោបាយ​បែប​នេះ កំពុង​ស្វះ​ស្វែង​រក​ច្រកចេញ និង​បន្ទន់​ឥរិយាបថ​ដើម្បី​បាន​ជួប​សន្ទនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ចង់​បង្វែរ​ស្ថានការណ៍​នយោបាយ​ឲ្យ​វិល​ទៅ​រក​ភាព​ប្រក្រតី​ដូច​ដែល​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។

​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​ចង់​បាន​ការ​ជួប​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច ដែល​គណបក្ស​លោក​គ្មាន​ទាមទារ​លក្ខខណ្ឌ​អ្វី​ទេ សំខាន់​ឲ្យ​តែ​គណបក្ស​ទាំង​ពីរ​បាន​ជួប​សន្ទនា​គ្នា៖ «ចង់​ដឹង​ទៅ​វិញ ថ្ងៃ​នេះ​បើ​បាន​ជួប​គ្នា​ហើយ ចង់​សួរ​ទៅ​វិញ ថា​ឥឡូវ​គួរ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​បាន​ជជែក​គ្នា?»។

ឆ្លើយតប​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុក ឥសាន លើក​ឡើង​ថា គណបក្ស​កាន់​អំណាច​មិន​បិទ​ច្រក​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ឡើយ ប៉ុន្តែ​នៅ​ក្នុង​ដំណើរការ​នីតិវិធី តុលាការ​កំពុង​បន្ត​សាកសួរ និង​ស៊ើប​អង្កេត​លើ​តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធ​សភា និង​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ​នេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ជួប​ចរចា​នៅ​ពេល​នេះ​បាន​ទេ៖ «កាល​ណា​យើង​ជជែក​គ្នា​រវាង​គណបក្ស និង​គណបក្ស​តិច ឬ​ច្រើន​វា​នឹង​ជះឥទ្ធិពល​ដល់​ដំណើរការ​នីតិវិធី​របស់​តុលាការ»។

អ្នក​វិភាគ​លើក​ឡើង​ថា ការ​អូស​បន្លាយ​ពេល​ក្នុង​ការ​ជួប​ចរចា​បញ្ចប់​ការ​ប្រេះឆា​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ពេល​នេះ មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត អ្នក​នយោបាយ​មិន​ត្រូវ​ដើរ​ជាន់​ប្រវត្តិ​សា​សាស្ត្រ​ដដែលៗ ដែល​កម្ពុជា ជួប​វិបត្តិ​នោះ​ទេ ដូចជា​វិបត្តិ​នយោបាយ​កាល​ពី​ឆ្នាំ​១៩៩៣ ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៣ ដែល​ធ្វើ​ឲ្យ​កម្ពុជា មាន​ការ​ខាតបង់ ប្រទេស​មាន​អស្ថិរភាព បាត់បង់​អ្នក​វិនិយោគ និង​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច។

លើស​ពី​នេះ​ទៀត ជម្លោះ​កាល​ពី​ឆ្នាំ​១៩៩៧ រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​វិបត្តិ​កាល​ណោះ​អ្នក​នយោបាយ​មិន​រួសរាន់​ដោះស្រាយ​នោះ​ទេ ដោយ​អាង​កងកម្លាំង​រៀងៗ​ខ្លួន រហូត​ដល់​មាន​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥ ថ្ងៃ​ទី​៦ ខែ​កក្កដា ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​រង​របួស និង​ស្លាប់។

​សម្រាប់​បរិបថ​នយោបាយ​នៅ​ពេល​នេះ​វិញ អ្នក​វិភាគ​មើល​ឃើញ​ថា ស្ថានការណ៍​នយោបាយ​អាច​នឹង​មិន​ខុស​ឆ្នាំ​១៩៩៧ នោះ​ឡើយ ថ្វីត្បិតតែ​បក្ស​ប្រឆាំង​គ្មាន​អាវុធ។ បើសិនជា​បក្ស​ទាំង​ពីរ​នៅ​អូស​បន្លាយ​ពេល​បញ្ចប់​ជម្លោះ ហើយ​វិបត្តិ​សង្គម​នឹង​កាន់​តែ​កើត​ឡើង​ធ្ងន់ធ្ងរ អាច​នឹង​ឈាន​ដល់​កម្លាំង​មហាជន ប៉ះ​នឹង​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ជា​មិន​ខាន៕

No comments: