A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 23 June 2016

អ្នក​ជំនាញ​បារម្ភ​អំពី​​​ការ​កើន​ឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍


ដោយ អ៊ុំ រង្សី
2016-06-22


រុន រ័ត្នវាសនា ៨៥៥ ២០១៦
ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក រុន រ័ត្នវាសនា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦។

Photo: RFA


របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ បង្ហាញ​ថា តាម​ការអនុវត្ត​រយៈ​ពេល ២០​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​ករណី​ធ្ងន់ធ្ងរ​នៅ​តែ​បន្ត​កើត​មាន ដែល​បាន​ជំរុញ​ឲ្យ​មាន​កំណើន​ជនរងគ្រោះ។ សង្គម​ស៊ីវិល​ធ្វើការ​ទាក់ទង​ចរាចរណ៍​នៅ​តែ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ត្រូវ​រឹត​បន្តឹង​មូលហេតុ​សំខាន់ៗ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​សមត្ថកិច្ច​ត្រូវ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំង​អស់​គ្នា ពិសេស​អ្នក​បើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ត្រូវ​ពាក់​មួក​ការពារ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​ពេល ទោះ​ចម្ងាយ​ផ្លូវ​ជិត ឬ​ឆ្ងាយ​បែប​ណា​ក្ដី។

ការ​លើក​ឡើង​របស់​ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ចរាចរណ៍​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​របាយការណ៍​ថា រយៈពេល ២០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១៦៣​ករណី មាន​អ្នក​ស្លាប់​រហូត ៧០​នាក់ ខណៈ​របួស​ធ្ងន់​ជិត​រហូត ១៦៨​នាក់ និង​របួសស្រាល​ចំនួន ៨០​នាក់។



ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ លោក រុន រ័ត្នវាសនា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់ និង​អ្នក​របួស​កើន​ឡើង បើ​ទោះ​ជា​សមត្ថកិច្ច​បាន​ដំណើរការ​ច្បាប់​ចរាចរណ៍​ថ្មី​ក៏ដោយ ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​បើក​បរ​មិន​ពាក់​មួក​សុវត្ថិភាព​ដែល​មាន​រហូត​ជាង ៩០% ដែល​ក្នុង​នោះ​ជា​បើក​បរ​ដោយ​ម៉ូតូ៖ «ទី​មួយ​គឺ​ឃើញ​ចំនួន​អ្នក​ស្លាប់​ដោយ​ការ​មិន​ពាក់​មួក​សុវត្ថិភាព​កើន​ឡើង ក្នុង​នោះ​អ្នក​ស្លាប់​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ដោយ​ម៉ូតូ ក្នុង​នោះ ១០០​នាក់ មាន​ស្លាប់​ជាង ៨០ ទៅ ៩០% ហើយ​អ៊ីចឹង​វា​ចំនួន​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ក្តី​បារម្ភ​ខ្លាំង»។

ទាក់ទិន​នឹង​ករណី​នេះ ប្រធាន​អង្គការ​សម្ព័ន្ធ​អន្តរជាតិ ទប់ស្កាត់​ផល​ប៉ះពាល់​គ្រឿង​ស្រវឹង (IARD) លោក គង់ សុវណ្ណ យល់ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​របស់​សមត្ថកិច្ច មិន​ទាន់​មាន​ប្រសិទ្ធភាព និង​មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា នៅ​ឡើយ ព្រោះ​ការ​អនុវត្ត​មិន​ទាន់​ចំ​ចំណុច​សំខាន់​ដែល​បណ្ដាល​ឲ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍​ពិត​ប្រាកដ។

អ្នក​ជំនាញ​ខាង​ចរាចរណ៍​រូប​នេះ ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រូវ​រឹត​បន្តឹង​លើ​កត្តា​សំខាន់ៗ គឺ​ការ​បើកបរ​មិន​ពាក់​មួក​សុវត្ថិភាព ការ​បើក​បរ​ក្នុង​ល្បឿន​លឿន និង​បើក​ក្នុង​ឥទ្ធិពល​គ្រឿង​ស្រវឹង ព្រោះ​កត្តា​ទាំង​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់ និង​របួស​រហូត​ជាង ៩០%៖ «ចង់​សំណូមពរ​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​ជា​ជំហាន សំខាន់​ខ្លាំង​ជាង​ប្រជាពលរដ្ឋ ព្រោះ​ខណៈ​នេះ​យើង​មាន​ច្បាប់​ហើយ តែ​នៅ​ខ្សោយ​ការ​អប់រំ និង​កញ្ជ្រៀប​ចំណេះដឹង​ទៅ​ប្រជាពលរដ្ឋ អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ឲ្យ​បាន​ល្អ​ប្រសើរ ខ្ញុំ​ជឿ​ថា នឹង​ជោគជ័យ»។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក រុន រ័ត្នវាសនា ក៏​បាន​បញ្ជាក់​ថា ខេត្ត​និង​រាជធានី​ដែល​មាន​គ្រោះថ្នាក់​មនុស្ស​ស្លាប់ និង​របួស​ច្រើន​ជាង​គេ ក្នុង​នោះ​មាន​ភ្នំពេញ ស្វាយរៀង កំពង់ធំ ព្រៃវែង និង​ខេត្ត​កោះកុង។ លោក​អះអាង​ថា សមត្ថកិច្ច​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ខ្លាំង​លើ​ការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ពាក់​មួក​សុវត្ថិភាព និង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។

ពាក់ព័ន្ធ​នឹង​ការ​បើក​បរ​ដោយ​មិន​ពាក់​មួក​សុវត្ថិភាព​នេះ​ដែរ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សុំទោស​ជា​សាធារណៈ និង​ព្រម​ទទួល​ការ​ពិន័យ​តាម​ច្បាប់ កាល​ដែល​លោក​ជិះ​ម៉ូតូ​មិន​បាន​ពាក់​មួក​សុវត្ថិភាព និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​តែ​ពាក់​មួក​សុវត្ថិភាព​គ្រប់​ពេល ទោះ​បី​ជិះ​ម៉ូតូ​ជិត ឬ​ឆ្ងាយ​ក្តី​ដើម្បី​ចៀសវាង​ការ​យក​គំរូ​អាក្រក់​តាម​លោក​លើ​ករណី​នេះ។

ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បែប​នេះ ត្រូវ​បាន​គេ​មើល​បន្ទាប់​ពី​លោក​បាន​ជិះ​ម៉ូតូ​ជាមួយ​អ្នក​រត់​ម៉ូតូ​ឌុប ខណៈ​លោក​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង ដោយ​ពុំ​បាន​ពាក់​មួក​សុវត្ថិភាព។
ការ​បើក​បរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​របស់​ថ្នាក់ដឹកនាំ​នេះ​ដែរ ក៏​ទទួល​រង​ការ​រិះគន់​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ចរាចរណ៍​ថា ជា​ការ​អនុវត្ត​គំរូ​មិន​ល្អ​សម្រាប់​សង្គម បើ​ទោះ​ជា​កំហុស​អចេតនា​ក្ដី។ សង្គម​ស៊ីវិល​ទាំង​នោះ​បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់ និង​សមត្ថកិច្ច​ត្រូវ​តែ​អនុវត្តន៍​រឹត​បន្តឹង​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ឲ្យ​កម្ពុជា គេច​ចេញ​ពី​សោកនាដកម្ម​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍៕

No comments: