A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 23 June 2016

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ធ្វើ​យុទ្ធនាការ​ដាំ​ដើម​ត្នោត​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ឡាវ


អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ធ្វើ​យុទ្ធនាការ​ដាំ​ដើម​ត្នោត​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ឡាវ
ដោយ ម៉ែន សុធីរ
2016-06-22

ដាំ​ដើម​ត្នោត ស្ទឹងត្រែង ២០១៦ ៨៥៥
សកម្មភាព​ជីក​កប់​គ្រាប់​ត្នោត​នៅ​តាម​ផ្លូវ​ក្រវាត់​ព្រំដែន​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​៧ នៃ​ឃុំ​អូរស្វាយ ស្រុក​ថាឡាបរិវ៉ាត់ និង​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo Provided



អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា យុទ្ធនាការ​ដាំ​ដើម​ត្នោត​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ឡាវ ផ្ដោត​សំខាន់​ជា​រនាំង​ធម្មជាតិ ការពារ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ដែល​ជា​ផ្នែក​មួយ​បញ្ជាក់​អត្តសញ្ញាណ​ជាតិ បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​បញ្ហា​ព្រំដែន​កន្លង​មក។ អ្នក​វិភាគ​ផ្នែក​អភិវឌ្ឍន៍​សង្គម គាំទ្រ​យុទ្ធនាការ​នោះ ក៏ប៉ុន្តែ​ចង់​ឲ្យ​មាន​ការ​ចូលរួម​ថែទាំ​ឲ្យ​បាន​ហ្មត់ចត់។

គ្រាប់​ត្នោត​មួយ​ម៉ឺន​គ្រាប់ នឹង​ត្រូវ​អាជ្ញាធរ​ដាំ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ឡាវ មាន​ប្រវែង ២៥៧​គីឡូម៉ែត្រ​នៅ​កំណាត់​ផ្លូវ​ក្រវាត់​ព្រំដែន នៃ​ឃុំ​អូរស្វាយ ស្រុក​ថាឡាបរិវ៉ាត់ និង​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។

យុទ្ធនាការ​ដាំ​ដើម​ត្នោត​នោះ ដឹក​នាំ​ដោយ​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត កង​កម្លាំង​ប្រដាប់​អាវុធ និង​សិស្ស​និស្សិត កាល​ពី​ថ្ងៃ​ទី​៦ មិថុនា។



អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង កត់​សម្គាល់​ថា អាជ្ញាធរ​បាន​ដាំ​ដើម​ត្នោត​បាន​ប្រវែង​ជាង ១៨​គីឡូម៉ែត្រ ក្នុង​ចន្លោះ ៨​ម៉ែត្រ​មួយ​ដើម​នៅ​អម​សង​ខាង​ផ្លូវ​ក្រវាត់​ព្រំដែន​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​៧។ លោក​ថា ការ​ដាំ​ដើម​ត្នោត​នោះ ក្រៅ​ពី​លម្អ​សោភ័ណភាព ក៏​ដើម្បី​បញ្ជាក់​ពី​និមិត្តរូប​អត្តសញ្ញាណ​ជាតិ​បង្កើត​អត្ថប្រយោជន៍​ឲ្យ​អ្នក​ជំនាន់​ក្រោយ និង​ជា​របង​ធម្មជាតិ​ការពារ​បូរណភាព​ទឹក​ដី ជាដើម។ លោក​ព្យាករ​ថា ដើម​ត្នោត​អាច​ប្រើ​ពេល​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ ទើប​អាច​ដុះ​ឡើង និង​ចាប់​ពី ២០​ឆ្នាំ​ទៅ ៣០​ឆ្នាំ ទើប​អាច​រីក​ធំ​ខ្ពស់។ លោក​ថា គោលការណ៍​របស់​អាជ្ញាធរ​ខេត្ត នឹង​បន្ត​ដាំ​ដើម​ត្នោត​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រវាត់​ព្រំដែន​បន្ថែម៖ «ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ខ្មែរ​នៅ​តាម​តំបន់​ព្រំដែន ការពារ​ឲ្យ​បាន​បូរណភាព​ទឹក​ដី​របស់​យើង។ ការ​ដាំ​ដើម​ត្នោត​រក្សា​បាន​គុណភាព​កុំ​ឲ្យ​ផ្លូវ​ខូចខាត​ផង​ដែរ»។

ផ្លូវ​ក្រវាត់​ព្រំដែន​ដែល​អាជ្ញាធរ​ខេត្ត​បាន​ដាំ​ដើម​ត្នោត​នោះ ភ្ជាប់​ផ្លូវ​ជាតិ​លេខ​៧ ឋិត​នៅ​ទិស​ខាង​កើត​ឆៀង​ខាង​ជើង​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង មាន​ប្រវែង​ប្រហែល​ជាង ៧០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។ តំបន់​នោះ​ភាគ​ច្រើន​សម្បូរ​ដោយ​ព្រៃ​ឈើ និង​មាន​ផ្ទះ​ពលរដ្ឋ​រស់នៅ​មួយៗ​តាម​បណ្តោយ​ផ្លូវ​ជាតិ​នោះ។

យុវជន​រស់នៅ​ជិត​ព្រំដែន​នៃ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង គឺ​លោក ផាន់ ធារ៉ា សាទរ​យុទ្ធនាការ​ដាំ​ដើម​ត្នោត​របស់​អាជ្ញាធរ​ខេត្ត តែ​លោក​ចង់​ឃើញ​មាន​ការ​ថែទាំ​ឲ្យ​បាន​ហ្មត់ចត់។ លោក​យល់​ថា ការ​ដាំ​ដើម​ត្នោត​តាម​ផ្លូវ ក៏​មិន​ប្រាកដ​ថា​ការ​ដាំ​នោះ​អាច​ដុះ ឬ​យ៉ាង​ណា​ដែរ ប្រសិន​បើ​ពុំ​មាន​ការ​តាម​ដាន និង​ថែទាំ​ឲ្យ​ល្អ​នោះ​ទេ។ លោក ផាន់ ធារ៉ា ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល បន្ត​ដាំ​ដើម​ត្នោត​តាម​បណ្តោយ​ព្រំដែន​បន្ថែម​ទៀត និង​នៅ​តំបន់​ផ្សេងៗ ផ្អែក​តាម​លក្ខណៈ​បច្ចេកទេស​ខ្ពស់​ដែល​ធានា​ថា អាច​ដុះ​បាន។ លោក​ថា ប្រសិន​បើ​គ្រាប់​ត្នោត​នោះ​អាច​ដុះ​លើ​ដី​ខ្មែរ​កាន់​តែ​ច្រើន នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នោះ៖ «ដាំ​ដើម​ត្នោត​ដើម្បី​ការពារ​រនាំង​ព្រំដែន​ដូច​ថា វា​មាន​រុក្ខជាតិ​នៅ​តាម​ព្រំដែន​ដូច​ថា​អស់​ព្រៃ​ឈើ»។



សកម្មភាព​ជីក​កប់​គ្រាប់​ត្នោត​នៅ​តាម​ផ្លូវ​ក្រវាត់​ព្រំដែន​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​៧ នៃ​ឃុំ​អូរស្វាយ ស្រុក​ថាឡាបរិវ៉ាត់ និង​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo Provided


ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ក៏​គាំទ្រ​នូវ​យុទ្ធនាការ​ដាំ​ដើម​ត្នោត​តាម​ព្រំដែន​របស់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ក៏ប៉ុន្តែ​ការ​ដាំ​ដើម​ត្នោត​អាច​ប្រើ​រយៈពេល​យូរ និង​មាន​ហានិភ័យ​ច្រើន បន្ទាប់​ពី​អាជ្ញាធរ​បាន​យក​គ្រាប់​ត្នោត​ទាំង​នោះ​ដាំ​ផ្ទាល់។ លោក​ផ្តល់​មតិ​ថា អាជ្ញាធរ​ខេត្ត គួរ​បណ្ដុះ​គ្រាប់​ត្នោត​ឲ្យ​លាស់​សិន ទើប​យក​ទៅ​ដាំ។ លោក​ថា វិធានការ​នេះ​ងាយ​ស្រួល​ថែ​រក្សា តាម​ដាន​ពី​ពលរដ្ឋ​នៅ​តំបន់​នោះ។ លោក​បន្ត​ថា ការ​បណ្ដុះ​គ្រាប់​ពូជ​ត្នោត គឺ​ជា​ជម្រើស​ល្អ​ដែល​ធានា​ថា ការ​ដាក់​ដាំ​នោះ​អាច​មាន​ប្រសិទ្ធភាព។ លោក សន ជ័យ យល់​ថា រដ្ឋាភិបាល​គួរ​តែ​បំផុស​គំនិត​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ឲ្យ​ចូលរួម​ដាំ​ដើម​ត្នោត​ឲ្យ​បាន​ច្រើន ដើម្បី​រួម​ចំណែក​បង្កើន​សេដ្ឋកិច្ច​ជាតិ​នៅ​ថ្ងៃ​អនាគត និង​ជា​មូលដ្ឋាន​គ្រឹះ​នៃ​អត្តសញ្ញាណ​ជាតិ៖ «ការ​ដាំ​ដើម​ត្នោត យើង​ចង់​ឃើញ​ការ​យក​ចិត្ត​ទុក​ដាក់​ដាំ​ឡើង​វិញ ឲ្យ​ដល់​ដី​ខ្មែរ​ដល់​ណា ដាំ​ឡើង​វិញ ព្រោះ​ដើម​ត្នោត​ជា​អត្តសញ្ញាណ​ខ្មែរ​យើង​ដែរ»។

នៅ​ជិត​តំបន់​ដែល​មាន​ការ​ដាំ​ដើម​ត្នោត​នោះ អាជ្ញាធរ​ឡាវ ធ្លាប់​សង់​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​ដែល​មិន​ទាន់​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន ឋិត​ក្នុង​ចន្លោះ​បង្គោល​ព្រំដែន​លេខ​០៣៣ ដល់​លេខ​០៣៤ ក្នុង​ភូមិ​ដុងក្រឡ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៦។ បន្ទាប់​ពី​ឡាវ ផ្ដើម​សង់​ប៉ុស្តិ៍​នោះ សមត្ថកិច្ច​ព្រំដែន​របស់​កម្ពុជា បាន​ពង្រាយ​កម្លាំង​មិន​ឲ្យ​ឡាវ ដឹក​ជញ្ជូន​សម្ភារៈ​សំណង់​រឹង​ចូល​តំបន់​ចម្រូងចម្រាស​ព្រំដែន ដោយ​ឆ្លង​កាន់​ផ្លូវ​ជាតិ​របស់​កម្ពុជា ទេ ខណៈ​ប៉ុស្តិ៍​ដែល​ឡាវ ត្រៀម​សង់​នោះ​ជាប់​ផ្លូវ​ជាតិ​លេខ​៧ របស់​កម្ពុជា។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី យល់​ថា ការ​ដាំ​ដើម​ត្នោត​តាម​ព្រំដែន នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន ជាពិសេស​ជា​ភស្តុតាង​បន្ថែម​ដែល​បញ្ជាក់​អត្តសញ្ញាណ​ជាតិ។ លោក​យល់​ថា អាជ្ញាធរ​រដ្ឋាភិបាល​គួរ​លើក​ទឹក​ចិត្ត​ពលរដ្ឋ​នៅ​តាម​ព្រំដែន ចូលរួម​ថែទាំ តាម​ដាន និង​ចូលរួម​ដាំ​ដើម​ត្នោត៖ «ក៏ប៉ុន្តែ​ខ្ញុំ​ក៏​មិន​គាំទ្រ ប្រសិន​មាន​ការ​កាប់​ដើម​ត្នោត​ច្រើន ដែល​ជា​ព្រៃ​មាន​ជីវចម្រុះ មិន​ដែល​មាន​ប្រព័ន្ធ​អេកូឡូស៊ី បំផ្លាញ​ហើយ យើង​គ្រាន់​យក​ដើម​ត្នោត​មក​ដាំ ក៏​មិន​ល្អ​ដែរ។ យើង​ថែ​អ្វី​ដែល​មាន​ស្រាប់​មាន​តម្លៃ»។

ដើម​ត្នោត​ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​ដែល​រឹងមាំ ធន់​នឹង​អាកាសធាតុ និង​បញ្ជាក់​ពី​ដួង​ព្រលឹង​ជាតិ​ខ្មែរ។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មន្ត្រី​សង្គម​ស៊ីវិល ក៏​បារម្ភ​ពី​ការ​បាត់បង់​ដើម​ត្នោត​ដោយសារ​តែ​ឈ្មួញ​ជនជាតិ​វៀតណាម ឆ្លង​ដែន​ទិញ​ដើម​ត្នោត​នៅ​តាម​ខេត្ត​មួយ​ចំនួន ដូចជា ខេត្ត​ស្វាយរៀង និង​ខេត្ត​កំពង់ស្ពឺ ជាដើម។ សកម្មភាព​ជួញ​ដូរ​ដើម​ត្នោត​ទៅ​ក្រៅ​ប្រទេស​នោះ ជា​ទម្រង់​នៃ​ការ​បាត់បង់​អត្តសញ្ញាណ​ជាតិ ខណៈ​ដើម​ត្នោត​ត្រូវ​បាន​កាប់​បំផ្លាញ​យក​ដើម​ធ្វើ​ជំនួញ៕

No comments: