A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 June 2016

សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​ពិចារណា​ចំពោះ​គម្រោង​ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ


ដោយ ហ៊ុំ ចំរើន
2016-06-16

ទីលាន​ប្រជាធិបតេយ្យ ៦២០ ២០១៤
ប៉ូលិស​បាន​ដាក់​ពង្រាយ​បន្លា​លួស​ព័ទ្ធជុំវិញ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៤ បន្ទាប់​ពី​មាន​ការ​បណ្ដេញ​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ។
Photo: RFA


អង្គការ​សង្គម​ស៊ីវិល​ និង​សកម្មជន​ដីធ្លី​ ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​រាជធានី​​ភ្នំពេញ ប្ដូរ​តាំង​ទីលាន​ប្រជាធិបតេយ្យ​​បច្ចុប្បន្ន​ទៅ​ដាក់​ទី​កន្លែង​ថ្មី ​ឆ្ងាយ​ពី​ទីប្រជុំជន​ដែល​នឹង​បង្ក​ការ​លំបាក​ដល់​​​ការ​តវ៉ា​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ។ ក្ដី​បារម្ភ​នេះ​ កើត​មាន​បន្ទាប់​ពី​កាសែត​ក្នុង​ស្រុក​ចុះផ្សាយ​ថា​ អាជ្ញាធរ​រាជធានី​​ភ្នំពេញ​មាន​គម្រោង​ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ ទៅ​ដាក់​ទៅ​កន្លែង​ថ្មី​ក្នុង​ពេល​ឆាប់ៗ។

​​​​​​​​​​អង្គការ​សង្គម​ស៊ីវិល​ និង​សកម្មជន​ដីធ្លី ស្នើ​អោយ​អាជ្ញាធរ​ពិចារណា​អោយ​បាន​ត្រឹមត្រូវ​ឡើង​វិញ​ចំពោះ​គម្រោង​ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ​ពី​សំណាក់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ។

មន្ត្រី​បច្ចេកទេស​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) លោក​ អំ សំអាត មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មិថុនា ថា ទីលាន​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​ ជា​ទីកន្លែង​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​​ក្នុង​ការ​បញ្ចេញ​មតិ​តាម​បែប​ប្រជាធិបតេយ្យ ពីព្រោះ​នៅ​​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ។ លោក​បន្ថែម​​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ គួរ​សិក្សា​ឲ្យ​បាន​ច្បាប់​លាស់​ ប្រសិន​ជា​ចាំបាច់​ត្រូវ​ប្ដូរ​​ទីតាំង​ទី​​លាន​ប្រជាធិបតេយ្យ​ទៅ​ដាក់​ទី​កន្លែង​ថ្មី៖ «ខ្ញុំ​គិត​ថា ទីលាន​ប្រជាធិបតេយ្យ​ជា​ទី​កន្លែង​ដើម្បី​​ប្រជាពលរដ្ឋ​ជួបជុំ​គ្នា​​សម្ដែង​មតិ​ឲ្យ​សាធារណៈ​បាន​ដឹង​ពី​ទុក្ខ​កង្វល់​របស់​ពួកគាត់ ហើយ​ប្រសិន​បើ​អាជ្ញាធរ​យក​ទៅ​ដាក់​នៅ​កន្លែង​ស្ងាត់ ហើយ​នៅ​ឆ្ងាយ​ពី​មនុស្ស​រស់​នៅ​ គឺ​មិន​​​ល្អ​ឡើយ»។

អំ សំអាត ៦២០
លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កត នៃ​អង្គការ​លីកាដូ (LICADHO) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​០២ ខែ​តុលា ឆ្នាំ​២០១៥។ RFA




កាសែត​កោះសន្តិភាព​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឲ្យ​ដឹង​ថា​ អភិបាល​​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ទី​លាន​ប្រជាធិបតេយ្យ​សុំ​ឲ្យ​ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ដាក់​ទីតាំង​ថ្មី។ កាសែត​បាន​សរសេរ​​ទៀត​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​សុំ​ប្ដូរ​ទីតាំង​ថ្មី ដោយសារ​នៅ​ពេល​ប្រជាពលរដ្ឋ​តវ៉ា​បញ្ចេញ​មតិ​ម្ដងៗ មាន​ការ​ហ៊ោកញ្ជ្រៀវ​ និង​បង្ក​ភាព​​រញ៉េរញ៉ៃ​នៅ​តំបន់​នោះ។ ប៉ុន្តែ​លោក អំ សំអាត​ កត់សំគាល់​ថា ការ​បញ្ចេញ​របស់​ប្រជាពលរដ្ឋ​នៅ​ទីលាន​ប្រជាធិបតេយ្យ​បច្ចុប្បន្ន ពុំ​បាន​បង្ក​ការ​រំខាន​ដល់​ការ​រស់​នៅ​របស់​អ្នក​ស្រុក​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ តំណាង​សកម្មជន​ដីធ្លី​បឹងកក់ អ្នកស្រី ទេព វន្នី ថ្លែង​ថា អ្នកស្រី​មិន​គាំទ្រ​ចំពោះ​គម្រោង​ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​របស់​ពី​សំណាក់​​អាជ្ញាធរ​រាជធានី​ភ្នំពេញ ឡើយ។ អ្នកស្រី​បញ្ជាក់​​ថា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រហែល​ជា​ខ្លាច​ប្រជាពលរដ្ឋ​បញ្ចេញ​មតិ​ប៉ះពាល់​ដល់​សន្លឹក​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​នៅ​ឆ្នាំ​២០១៧​ និង​២០១៨ បាន​ជា​អាជ្ញាធរ​មាន​គំនិត​ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី៖ «សម្រាប់​ខ្ញុំ បើ​សិន​​រដ្ឋាភិបាល​ដាច់​ខាត​ត្រូវ​តែ​ផ្លាស់ប្ដូរ​នោះ ខ្ញុំ​សុំ​ឲ្យ​ដាក់​នៅ​ក្នុង​ទីក្រុង​​ដដែល ក៏ប៉ុន្តែ​សុំ​ឲ្យ​នៅ​ទីប្រជុំជន​ដែល​មាន​មនុស្ស​រស់​នៅ​អ៊ូអរ​ច្រើន»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ ខៀវ សុភ័គ មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​ទទួល​ដំណឹង​ពី​ការ​ប្ដូរ​ទី​តាំង​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ទៅ​ដាក់​នៅ​តំបន់​ណា​នៅ​ឡើយ។

សាលា​រាជធានី​ភ្នំពេញ បាន​បង្កើត​ទីលាន​ប្រជាធិបតេយ្យ​ដែល​មាន​ទីតាំង​នៅ​ក្បែរ​វត្តភ្នំ ខាង​លិច​ស្ពាន​នាគ។ ទីលាន​ប្រជាធិបតេយ្យ​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ដែល​មាន​ទំហំ​ទទឹង ៥៥​ម៉ែត្រ និង​បណ្ដោយ ១៩៨​ម៉ែត្រ (តាម​សាលាក្រុង​គឺ ៦០​ម៉ែត្រ គុណ​នឹង ២០០​ម៉ែត្រ)។ ទីលាន​នោះ​ត្រូវ​ប្រកាស​អោយ​ប្រើ​ប្រាស់​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ដោយ​លោក កែប ជុតិមា ដែល​កាល​នោះ​លោក​ជា​អភិបាល​ក្រុង​ភ្នំពេញ។

មាត្រា​២៨ នៃ​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី​ដែល​ប្រកាស​អោយ​អនុវត្ត​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ បាន​ចែង​ថា អាជ្ញាធរ​រាជធានី និង​ខេត្ត​នីមួយៗ ត្រូវ​បង្កើត​កន្លែង​បញ្ចេញ​មតិ​ជា​សាធារណៈ។ ច្បាប់​នេះ​ក៏​កំណត់​ចំនួន​អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​នេះ​គឺ​យ៉ាង​ច្រើន​បំផុត​ត្រឹម ២០០​នាក់។ កាល​ណោះ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ទីលាន​នេះ​គឺ​ជា​កន្លែង​ដែល​ពលរដ្ឋ​ខ្មែរ មិន​ថា​តែ​ក្នុង​ប្រទេស​ទេ គឺ​អ្នក​នៅ​ក្រៅ​ប្រទេស​ក៏​អាច​មក​បញ្ចេញ​មតិ​នៅ​ទី​នេះ​បាន​ដែរ៕

No comments: