A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 June 2016

ក្រសួង​មហាផ្ទៃ​ថា​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិន​គំរាម​កំហែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទេ


ដោយ ថា កិត្យា
2016-06-16

តវ៉ា​ច្បាប់​អង្គការ ៦២០
អង្គការ​សមាគម​លើក​បដា​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ-សមាគម នៅ​មុខ​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Uon Chhin


ក្រសួង​មហាផ្ទៃ អះអាង​ថា ការ​បង្កើត និង​អនុវត្ត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល មិន​មាន​បំណង​គំរាម​កំហែង និង​ដាក់​ទណ្ឌកម្ម​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​ដូច​ការ​ចោទ​ប្រកាន់​តាម​រយៈ​ការ​ផ្សព្វផ្សាយ​នូវ​បទសម្ភាសន៍​របស់​មជ្ឈដ្ឋាន​កាសែត​ក្នុង​ស្រុក កាល​ពី​ពេល​ថ្មីៗ​នេះ​ឡើយ។ រីឯ​សង្គម​ស៊ីវិល នៅ​តែ​បន្ត​ចាត់​ទុក​ថា មាត្រា​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​នេះ មាន​បញ្ហា​ដែល​ទាមទារ​ឲ្យ​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​ឡើង​វិញ។

ការ​បញ្ចេញ​ប្រតិកម្ម​ជា​ថ្មី​ទៀត​របស់​ក្រសួង​មហាផ្ទៃ នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៥ ខែ​មិថុនា បន្ទាប់​ពី​មាន​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន បាន​ធ្វើ​បទសម្ភាសន៍​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ បទសម្ភាសន៍​នោះ​បង្ហាញ​ថា មាត្រា​មួយ​ចំនួន​រំលោភ​លើ​មាត្រា​ជាច្រើន​នៃ​រដ្ឋធម្មនុញ្ញ និង​ចោទ​ថា ច្បាប់​នេះ​ងាយ​ស្រួល​ឲ្យ​រដ្ឋាភិបាល​រំលោភ​អំណាច តាម​រយៈ​ការ​ប្រើប្រាស់​មាត្រា​នានា ដើម្បី​គំរាម​កំហែង និង​ដាក់​ទណ្ឌកម្ម​ដល់​សកម្មជន​ដែល​ធ្វើ​ការ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​នេះ​គ្មាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ត្រឹមត្រូវ និង​មិន​សម​ហេតុផល ក្នុង​ចេតនា​មួលបង្កាច់​មក​លើ​រដ្ឋាភិបាល។ ទន្ទឹម​គ្នា​នេះ ក្រសួង​មហាផ្ទៃ អះអាង​ថា រដ្ឋាភិបាល​នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត និង​នៅ​តែ​ចាត់​ទុក​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ដៃគូ​មួយ​ដ៏​សំខាន់ និង​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​រួម​ចំណែក​កសាង​ប្រទេស​ជាតិ។



ថ្វីត្បិត​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា មិន​មាន​គោល​បំណង និង​គោលដៅ​ណា​មួយ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត និង​ការ​ធ្វើ​សកម្មភាព​របស់​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ក្តី ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា ច្បាប់​នេះ​មាន​ភាព​ចម្រូងចម្រាស​តាំង​ពី​មិន​ទាន់​អនុម័ត ដោយ​មាន​តែ​សមាជិក​រដ្ឋសភា​មក​ពី​បក្ស​កាន់​អំណាច​មក​ម្ល៉េះ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា ការ​ប្រតិកម្ម ឬ​ការ​បដិសេធ​ចំពោះ​របាយការណ៍ ឬ​ការ​រិះគន់​របស់​អ្នក​វិភាគ និង​សង្គម​ស៊ីវិល​ពី​សំណាក់​រដ្ឋាភិបាល​នោះ ហាក់​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ​នៅ​សង្គម​កម្ពុជា។ លោក អំ សំអាត នៅ​តែ​មើល​ឃើញ​ថា មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​គ្រប់គ្រង​អង្គការ និង​សមាគម មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​ឡើង​វិញ៖ «គួរ​តែ​មាន​ធ្វើ​វិសោធនកម្ម​ទៅ​លើ​មាត្រា​ខ្លះ ហើយ​ថ្មីៗ​នេះ យើង​ឃើញ​ហើយ​ថា មាន​អង្គការ​ដែល​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ចំនួន ត្រូវ​បាន​ខាង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លើក​ឡើង​ថា អង្គការ​ហ្នឹង គឺ​ត្រូវ​ពិនិត្យ​ទៅ​លើ​អព្យាក្រឹតភាព​នៃ​អង្គការ ហើយ​ពិនិត្យ​ឡើង​វិញ​នូវ​លក្ខន្តិកៈ ហើយ​ព្រមាន​ថា ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជាដើម។ ទាំង​នេះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព ឬ​ការ​អនុវត្ត​ការងារ​របស់​អង្គការ និង​សមាគម»។

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែង​ថា «ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ។ ក៏ប៉ុន្តែ​ក្រសួង​មហាផ្ទៃ ថា ជន​ណា​ក៏ដោយ មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​ដទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​ឡើយ»។

ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្តលេខា​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូងចម្រាស​នេះ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ពិនិត្យ និង​ប្រកាស​ថា ច្បាប់​នេះ គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ថា​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ត្រូវ​បាន​តាក់តែង​ឡើង​ជាង ១០​ឆ្នាំ​មក​ហើយ និង​បាន​ដាក់​ឲ្យ​ជជែក​គ្នា​នៅ​ឆ្នាំ​២០១១។ កាលណោះ ច្បាប់​នេះ​មាន ១១​ជំពូក និង ៥៨​មាត្រា ហើយ​បង្រួម​ទៅ​នៅ​សល់ ៩​ជំពូក និង ៣៤​មាត្រា​វិញ។ ក្រោយ​មក សេចក្តី​ព្រាង​ច្បាប់​នេះ​ហាក់​ត្រូវ​បាន​កែ​សម្រួល​ឡើង​វិញ​យ៉ាង​អាថ៌កំបាំង​ចន្លោះ​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ ដោយ​បង្កើន​ដល់ ៣៩​មាត្រា និង ៩​ជំពូក ហើយ​គ្មាន​ការ​ពិគ្រោះ​យោបល់​នោះ​ទេ។

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី បាន​រួម​កម្លាំង​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល តវ៉ា​ជំទាស់​នឹង​សេចក្ដី​ព្រាង​ច្បាប់​យ៉ាង​រំជើបរំជួល​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល ឬ​ពិនិត្យ​ពិភាក្សា​កែលំអ​មាត្រា​ខ្លះ។ ច្បាប់​នេះ​ចែង​ពី​ការ​បង្កើត ការ​ចុះ​បញ្ជី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង​បរទេស ពី​ធនធាន និង​ទ្រព្យ​សម្បត្តិ​របស់​សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល ពី​សិទ្ធិ​ផល​ប្រយោជន៍ និង​កាតព្វកិច្ច​របស់​សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល ពី​ការ​ផ្អាក​សកម្មភាព ការ​រំលាយ ការ​បញ្ចប់​សុពលភាព​អនុស្សរណៈ ការ​ចាត់​ចែង​ធនធាន និង​ទ្រព្យ​សម្បត្តិ​របស់​សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល ព្រម​ទាំង​អំពី​វិធានការ​រដ្ឋបាល ឬ​ទោស​បញ្ញត្តិ ជាដើម៕

No comments: