A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 June 2016

បទ​វិភាគ៖ ការ​ប្រៀបធៀប​របប​បច្ចុប្បន្ន​ទៅ​នឹង​របប​ខ្មែរ​ក្រហម (ភាគ​២)


បទ​វិភាគ៖ ការ​ប្រៀបធៀប​របប​បច្ចុប្បន្ន​ទៅ​នឹង​របប​ខ្មែរ​ក្រហម (ភាគ​២)
ដោយ ជុន ច័ន្ទបុត្រ
2016-06-16 

ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ស ស៊ន ២០១៦ ៨៥៥
សមត្ថកិច្ច​ចាប់​អ្នក​បុរីកីឡា លោកស្រី ស ស៊ន ដាក់​ឡាន ខណៈ​ស្លៀកពាក់​ខោ​អាវ​ខ្មៅ​តវ៉ា​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក និង​មន្ត្រី គ.ជ.ប នៅ​មុខ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Rann Samnang
 RFA/Rann Samnang



នរណា​ទៅ​នឹក​ស្មាន​ដល់​ថា នៅ​សតវត្ស​ទី​២១ នេះ​ទៅ​ហើយ ពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ក្រែង​គេ​លួច​តាមដាន​ស្ដាប់​ការ​និយាយ​ឆ្លើយឆ្លង​គ្នា​ប្រចាំ​ថ្ងៃ​ទៀត​នោះ? ការ​លួច​ថត​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ និង​សកម្មភាព​មួយ​ចំនួន​ដែល​អាជ្ញាធរ​កំពុង​អនុវត្តន៍​ពេល​នេះ ធ្វើ​អោយ​ស្រមោល​អតីតកាល​នៃ​របប​ខ្មែរ​ក្រហម​ដែល​កន្លង​ផុត​ទៅ​ជិត ៤០​ឆ្នាំ​ទៅ​ហើយ​នោះ ងើប​មក​លង​បន្លាច​ប្រជាពលរដ្ឋ​កម្ពុជា ជា​ថ្មី​ម្ដង​ទៀត។ ទន្ទឹម​នឹង​នេះ អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម ក៏​ចាប់​ផ្ដើម​ប្រៀបធៀប​របប​បច្ចុប្បន្ន​នេះ​ទៅ​នឹង​របប​ខ្មែរ​ក្រហម​ឡើង​វិញ​ដែរ។

បើ​និយាយ​ពី​ប្រព័ន្ធ​តុលាការ​ក្នុង​របប​ខ្មែរ​ក្រហម ការ​កាត់​ក្តី​គ្រប់​ប្រភេទ​មិន​បាច់​ឆ្លង​ការ​ជំនុំ​ជម្រះ​តាម​ច្បាប់​អ្វី​ទេ។ មិន​ថា​អង្គការ​លើ គឺ​កម្រិត​មេ​ដឹក​នាំ​ធំៗ ឬ​អង្គការ​ថ្នាក់​ក្រោម​ដែល​បាន​ដល់​ពួក​មេ​កង មេ​ក្រុម មេ​ភូមិ​ជាដើម​ទេ ពួក​គេ​សុទ្ធតែ​មាន​អំណាច​សម្រេច​ដាក់​ទណ្ឌកម្ម​ប្រជាជន​កម្រិត​ណា​ក៏​បាន។ ជន​ដែល​គេ​កាត់​ទោស​ថា ត្រូវ​កម្ទេច​ចោល​ក្នុង​របប​នោះ ភាគ​ច្រើន​សុទ្ធតែ​ត្រូវ​បាន​គេ​ចោទ​ថា​ជា​ពួក​ក្បត់​អង្គការ ជា​គិញ​សម្ងាត់ ឬ​ជា​ភ្នាក់ងារ​របស់​បរទេស​ជាដើម។ វិធីសាស្ត្រ​នៃ​ការ​សម្លាប់​វិញ ក៏​មាន​ច្រើន​បែប ច្រើន​សណ្ឋាន​ណាស់។ គេ​អាច​បញ្ជា​អោយ​ក្រុម​ឈ្លប​សម្លាប់​កូន​ក្មេង​ដោយ​ចាប់​បោក​ក្បាល​នឹង​គល់​ត្នោត ឬ​ក៏​គេ​វាយ​នឹង​ត្បូង​ចប​ជាដើម។ ជួនកាល គេ​ខ្ជិល​សម្លាប់​ខ្លួន​ឯង គេ​ប្រើ​អ្នក​ដែល​គេ​ចាត់​ទុក​ថា មាន​ទោស​អោយ​ជីក​រណ្ដៅ​កប់​ខ្លួន​ឯង​តែម្ដង។



បច្ចុប្បន្ន​នេះ គេ​មិន​កាត់​ទោស​មនុស្ស​ដោយ​ប្រើ​ត្បូង​ចប​ទៀត​ទេ។ សម័យ​នេះ ប្រព័ន្ធ​តុលាការ​មាន​គ្រប់​លំដាប់​ថ្នាក់ រាប់​តាំង​ពី​សាលា​ដំបូង សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល​ផង សម្រាប់​កាត់​ទោស​ជន​ជាប់​ចោទ។ លើស​ពី​នេះ​ទៅ​ទៀត ប្រព័ន្ធ​តុលាការ​គ្រប់​លំដាប់​ថ្នាក់​នា​សម័យ​នេះ មិន​សូវ​មាន​ការ​ខ្វែង​គំនិត​គ្នា​ទេ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្ដី។ ពួក​គាត់​ហាក់​ដូចជា​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​មក​ដូចៗ​គ្នា។ ភាគ​ច្រើន​តែ​សាលា​ដំបូង​សម្រេច​យ៉ាង​ណា​ហើយ ពេល​ទៅ​ប្ដឹង​បន្ត​នៅ​សាលា​ឧទ្ធរណ៍ ឬ​តុលាការ​កំពូល​នោះ លទ្ធផល​អាច​នៅ​ដដែល ឬ​ជួនកាល​អាច​ធ្វើ​អោយ​ផុង​ខ្លួន​ជាង​មុន​ទៀត​ផង។

ជន​ដែល​មាន​មតិ​ផ្ទុយ​នៅ​ក្នុង​សម័យ​នេះ មាន​ជាអាទិ៍ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក្រុម​សហជីព ក្រុម​អ្នក​តវ៉ា​ពី​ការ​រំលោភ​ជិះ​ជាន់​ផ្សេងៗ ដូចជា​អ្នក​តវ៉ា​ពី​សិទ្ធិ​លំនៅឋាន សកម្មជន​ការពារ​បរិស្ថាន​ជាដើម និង​ក្រុម​អ្នក​នយោបាយ​ផ្ទុយ​ពី​ក្រុម​អ្នក​កាន់​អំណាច រួម​ទាំង​អ្នក​កាសែត​មិន​ចំណុះ​រដ្ឋាភិបាល​ផង ក៏​នៅ​តែ​ត្រូវ​គេ​ចោទ​ថា ក្រុម​ជន​ដែល​បម្រើ​ផល​ប្រយោជន៍​បរទេស ឬ​ក៏​ភ្នាក់ងារ​បរទេស មិន​សូវ​ជា​ខុស​គ្នា​ពី​របប​ខ្មែរ​ក្រហម​ប៉ុន្មាន​ឡើយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ពេល​ដែល​អាជ្ញាធរ​ចាប់​ក្រុម​នេះ​ដាក់​គុក ពួក​គាត់​តែង​ជាប់​ទោស​ពី​បទ​ចោទ​ប្រកាន់​ផ្សេង​ទៅ​វិញ ដូចជា​បទ​ញុះញង់ ឬ​បទ​ផ្សាយ​ដំណឹង​មិន​ពិត​ជាដើម​ទៅ​វិញ។

ខុស​ពី​ប្រទេស​ដទៃ​ដែល​ខំ​ប្រឹង​ធ្វើ​អោយ​ស្ថាប័ន​តុលាការ​ឯករាជ្យ ដោយ​បែង​ចែក​ស្ថាប័ន​នេះ​អោយ​ដាច់​ចេញ​ពី​ការ​ទទួល​ឥទ្ធិពល​រដ្ឋាភិបាល​ នៅ​កម្ពុជា វិញ ប្រមុខ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ផ្សារ​ខ្លួន​ភ្ជាប់​ទៅ​នឹង​ស្ថាប័ន​ដ៏​សំខាន់​មួយ​នេះ។ លោក​តែង​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​ក្ដី​របស់​តុលាការ​ជានិច្ច។ មាន​ពេល​ខ្លះ បើ​លោក​មិន​លូក​ដៃ​ខ្លួន​ឯង​ទេ លោក​បញ្ជូន​បុត្រា​ផ្ទាល់​របស់​លោក​ទៅ​ជួយ​អន្តរាគមន៍ ទោះ​យប់​អធ្រាត្រ​យ៉ាង​ណា​ក៏​លោក​មិន​រាថយ​ឡើយ។

ទាក់ទង​នឹង​ការ​ដាក់​ផែនការ​វិញ នៅ​ក្នុង​របប​ខ្មែរ​ក្រហម អង្គការ​លើ​ដែល​ជា​ក្បាល​ម៉ាស៊ីន​រដ្ឋ មាន​ទម្លាប់​ដាក់​ផែនការ​ចុះ​មក​ថ្នាក់​ក្រោម​អោយ​អនុវត្ត ដូចជា​ផែនការ​ជីក​ព្រែក លើក​ទំនប់ ធ្វើ​ស្រែ​អោយ​បាន​ក្នុង​មួយ​ហិកតារ​បី ឬ​បួន​តោន​ជាដើម។ អ្នក​ដែល​ប្រកែក​មិន​ធ្វើ​តាម ឬ​ក៏​ធ្វើ​មិន​បាន​សម្រេច​តាម​ផែនការ​របស់​អង្គការ ត្រូវ​គេ​ចោទ​ថា ប្រឆាំង​នឹង​ទិសដៅ​របស់​អង្គការ​ដែល​ត្រូវ​បាន​គេ​យក​ទៅ​កសាង ឬ​កម្ទេច​ចោល។

ក្នុង​សម័យ​បច្ចុប្បន្ន មាន​ពេល​ខ្លះ ប្រមុខ​រដ្ឋាភិបាល​គឺ​ជា​អ្នក​ដាក់​ផែនការ​សម្រាប់​ខ្លួន​ឯង រួច​សច្ចា​ថា បើ​ធ្វើ​មិន​កើត​ដូច​ការ​សន្យា​ទេ​នឹង​កាត់​ក ឬ​កាត់​ដៃ​ខ្លួន​ឯង​ចោល​ជាដើម។ ក៏ប៉ុន្តែ​ការ​ដាក់​ផែនការ និង​ការ​សន្យា​ទាំង​នោះ ភាគ​ច្រើន​គឺ​គ្រាន់​តែ​ជា​ការ​សន្យា​ចោល​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ គឺ​សកម្មជន​ការពារ​បរិស្ថាន​មែន​ទែន​ឯ​ណោះ​ទៅ​វិញ​ទេ ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ចោល ឬ​ក៏​ចាប់​ដាក់​គុក។

នៅ​សម័យ​ខ្មែរ​ក្រហម ក្រោម​ហេតុផល​ថា ប្រែ​ក្លាយ​សង្គម​មួយ​អោយ​ស្មើ​ភាព​គ្នា មិន​មាន​ការ​បែងចែក​ស្រទាប់​វណ្ណៈ​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​អោយ​មើល​ទៅ​ឃើញ​ថា ពួក​អង្គការ​លើ​មិន​មាន​អ្វី​ខុស​ប្លែក​ពី​ប្រជាជន​សាមញ្ញ​ប៉ុន្មាន​ទេ។ ថ្វីត្បិតតែ​មេ​ដឹក​នាំ​របប​ខ្មែរ​ក្រហម រស់​នៅ​ក្នុង​ជីវភាព​មួយ​ខ្ពស់​ឆ្ងាយ​ជាង​ប្រជាជន​ធម្មតា​ក៏ដោយ ក៏​ពួក​គេ​ខំ​ប្រឹង​បង្ហាញ​ពី​ភាព​ស្មើ​ភាព​នេះ តាម​រយៈ​ការ​ស្លៀកពាក់ ឬ​ក៏​តាម​ការ​ហៅ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាដើម។

ពួក​មេ​ខ្មែរ​ក្រហម​ខំ​ស្លៀកពាក់​ខោ​អាវ​ខ្មៅ​អោយ​ដូច​ប្រជាជន​ទូទៅ​ដែរ។ ចំពោះ​ការ​ហៅ​វិញ ទោះ​ជា​មេ​ដឹក​នាំ​ថ្នាក់​ខ្ពស់​ផុត​លេខ​ក៏ដោយ ក៏​គេ​នៅ​តែ​តម្រូវ​អោយ​ហៅ​ថា សម​មិត្ត ឬ​ក៏​មិត្ត ដូច​គេ​ដូច​ឯង​ដែរ។ ពួក​ខ្មែរ​ក្រហម​អះអាង​ថា ពួក​គេ​ខំ​ប្រឹង​លុប​បំបាត់​វប្បធម៌​បញ្ជោរ បញ្ចើចបញ្ចើ ដែល​ធ្វើ​អោយ​មាន​ការ​បែងចែក​ស្រទាប់​វណ្ណៈ​ក្នុង​សង្គម។

ផ្ទុយ​ទៅ​វិញ នៅ​សម័យ​នេះ គេ​ហាក់​ខំ​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ទាំងអស់​ដើម្បី​បង្ហាញ​នូវ​ការ​បែង​ចែក​មួយ​អោយ​ដាច់​ស្រលះ​រវាង​វណ្ណៈ​អ្នក​ដឹក​នាំ និង​ក្រុម​អ្នក​គាំទ្រ​អ្នក​ដឹក​នាំ​ពី​ប្រជាជន​សាមញ្ញ​ធម្មតា និង​ពី​ក្រុម​អ្នក​ដែល​មាន​មតិ​ផ្ទុយ​ពី​អ្នក​ដឹក​នាំ។

ក្រុម​អ្នក​ដឹក​នាំ​សម័យ​នេះ ត្រូវ​បាន​គេ​លើក​តម្កើង​ថា ជា​អ្នក​ដែល​មាន​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​ផុត​កំពូល ហើយ​ត្រូវ​ទទួល​បាន​គោរមងារ​ជា "សម្ដេច​នេះ" ឬ "សម្ដេច​នោះ" ជាដើម។ រី​ឯ​អ្នក​ដែល​ដង្ហែ​តាម​ក្រុម​អ្នក​ដឹក​នាំ​នេះ ក៏​បាន​ទទួល​លាភសក្ការៈ យសស័ក្ដិ​សម្រាប់​ខ្លួន​ឯង និង​គ្រួសារ ទៅ​តាម​នោះ​ដែរ។ វណ្ណៈ​អ្នក​ដឹក​នាំ​មួយ​ចំនួន​នៅ​ក្នុង​សម័យ​នេះ មិន​ត្រឹម​តែ​មិន​ខំ​បន្ទាប​ខ្លួន​អោយ​ស្មើ​នឹង​ពលរដ្ឋ​សាមញ្ញ​ធម្មតា​ទេ គេ​ខំ​បង្អួត​រំលេច​ថា ខ្លួន​មាន​អំណាច និង​មាន​លទ្ធភាព​ធ្វើ​អ្វីៗ​បាន​ស្រេច​ចិត្ត​លើស​អ្នក​ផង​ទាំង​ពួង។

ឧទាហរណ៍ គេ​យក​រថយន្ត​រដ្ឋ​ដែល​មាន​ស្លាក​លេខ​រដ្ឋ​យ៉ាង​ច្បាស់​ក្រឡែត​ទៅ​ជិះ​បង្អួត​គេ​ឯង ទោះ​ជា​ក្រៅ​ម៉ោង​ធ្វើ​ការ​ក៏ដោយ។ មិន​ត្រឹមតែ​ជិះ​ខ្លួន​ឯង​ទេ លោក​ជំទាវ​នៅ​ផ្ទះ​ក៏​អាច​ប្រើ​អ្នក​បើកបរ​ដែល​ស៊ី​ប្រាក់​ខែ​រដ្ឋ បើក​ឡាន​រដ្ឋ ចាក់​សាំង​រដ្ឋ​នោះ ជូន​ទៅ​ផ្សារ ទៅ​បុណ្យ ឬ​ទៅ​ដើរ​លេង ធ្វើ​វា​ហី ហើយ​ហាក់​ដូចជា​ពោរពេញ​ទៅ​ដោយ​មោទនភាព​ទៀត​ផង។

មិន​បាច់​តែ​មន្ត្រី​ធំៗ និង​សាច់ញាតិ​ខ្លួន​ឯង​ទេ​ដែល​វាយ​ឫក​អោយ​លើស​គេ​លើស​ឯង សូម្បី​តែ​សម្ភារៈ​ប្រើប្រាស់​របស់​អ្នក​ធំ​សម័យ​នេះ​វិញ ក៏​ចេះ​វាយ​ឫក​អោយ​លើស​គេ​មិន​ចាញ់​ម្ចាស់​ប៉ុន្មាន​ឡើយ។ និយាយ​តែ​ពី​រឿង​រថយន្ត​នេះ​ដដែល​ទៅ​ចុះ រថយន្ត​ណា​ដែល​មាន​ស្លាក​លេខ "រដ្ឋ" "ខម" "នប" ឬ "រដ្ឋសភា" ជាដើម រថយន្ត​នោះ​ច្រើន​តែ​ច្រងេងច្រងាង ខ្លះ​ងងឹត​ភ្នែក​លែង​មើល​ឃើញ​ភ្លើង​សញ្ញា​ចរាចរណ៍ ឬ​អ្នកបើកបរ​សង្ខាង​ខ្លួន​តែម្ដង។ រី​ឯ​ប៉ូលិស​ចរាចរណ៍​តូចតាច​នៅ​តាម​ផ្លូវ​វិញ ក៏​ពួក​គាត់​ស៊ាំ​ទៅ​នឹង​ភាព​បំពាន​ច្បាប់​របស់​រថយន្ត​អ្នក​ធំ​ទាំង​នោះ​ទៅ​ហើយ។ មែន​ទែន​ទៅ តើ​អ្នក​ណា​ទៅ​ហ៊ាន​ចាប់​បង្ខំ​គាត់​អោយ​គោរព​ច្បាប់ បើ​លេង​សុទ្ធ​ដក​កាំភ្លើង​ចង្អុល​មុខ​ដូច្នេះ​នោះ?

ចំពោះ​ការ​ហៅ​វិញ ខុស​ពី​របប​ខ្មែរ​ក្រហម​ដែល​ខំ​លុប​បំបាត់​ចោល​ពាក្យ​បញ្ជោរ បញ្ចើចបញ្ចើ។ ពួក​អ្នក​ធំ​សម័យ​បច្ចុប្បន្ន ភាគ​ច្រើន​ស្រេក​ឃ្លាន​ណាស់​ការ​គោរព​បែប​នេះ។ ម្នាក់ៗ​ហាក់​ដូចជា​មាន​គំនិត​ស្រដៀង​គ្នា​ថា តម្លៃ​របស់​ពួកគាត់​គឺ​ឋិត​នៅ​លើ​ការ​ហៅ​ពី​ក្រៅ​នោះ​ឯង។ ដើម្បី​ធានា​អោយ​បាន​ថា មនុស្សម្នា​ហៅ​គោរមងារ​នៃ​មន្ត្រី​ធំៗ​នោះ​អោយ​បាន​ត្រឹមត្រូវ មិន​អាច​ខកខាន​បាន​នោះ គេ​បាន​ដាក់​ចេញ​នូវ​សេចក្ដី​ណែនាំ ការ​ដាក់​កំហិត និង​ដាក់​អវសានវាទ​ចំពោះ​ការ​ហៅ​គោរមងារ​នោះ​ទៀត​ផង។

ចំពោះ​សីលធម៌​រស់នៅ​របស់​កម្មាភិបាល​ខ្មែរក្រហម​វិញ ថ្វីត្បិតតែ​ពួកគេ​បាន​ធ្វើ​ទារុណកម្ម និង​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​អស់​ចង់​កន្លះ​នគរ​ក្តី ក៏​សំបក​ក្រៅ ពួកគេ​ខំ​ប្រកាន់ឫក​ធ្វើជា​ស្អាតស្អំ ហើយ​ហាក់​ដូចជា​យកចិត្តទុកដាក់​ណាស់​នឹង​ប្រជាជន។ ខ្មែរក្រហម​ណែនាំ​កម្មាភិបាល​របស់​គេ​កុំ​អោយ​បៀតបៀន​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​អោយ​បាន​ជា​ដាច់ខាត “សូម្បី​តែ​ម្ទេស​មួយ​ផ្លែ មិន​ត្រូវ​បេះ​ទេ មិត្ត​អើយ​ត្រូវ​ចាំ​អោយ​ជាក់” ជាដើម។

សម័យ​នេះ​គេ​មិន​បេះ​ទេ​ម្ទេស​មួយ​ផ្លែ គេ​យក​ដី​ទាំង​ស្រែ ឬ​ក៏​ព័ទ្ធ​យក​ចម្ការ​ទាំង​មូល​តែម្ដង។

នៅ​មាន​រឿង​មួយ​ទៀត​ដែល​អាច​លើក​មក​ប្រៀបធៀប​រវាង​របប​ខ្មែរក្រហម​នឹង​សម័យ​បច្ចុប្បន្ន​នេះ​ដែរ គឺ​រឿងរ៉ាវ​លើ​គ្រែ។ ពួក​ខ្មែរក្រហម​មធ្យ័ត​ណាស់​ចំពោះ​រឿង​នេះ។ ដើម្បី​តាមដាន​អោយ​ដឹង​ថា តើ​គូ​ស្វាមី​ភរិយា​ថ្មី​ដែល​អង្គការ​ទើប​នឹង​រៀបចំ​ទុក​ដាក់​អោយ​រួម​ដំណេក​ជាមួយ​គ្នា ឬ​ក៏​មិន​ចុះ​សម្រុង​នឹង​គ្នា ឬ​ក៏​ដើម្បី​តាម​ដាន​អោយ​ដឹង​ថា តើ​អ្នក​ណា​ទៅ​លួច​រួម​ស្នេហា​ជាមួយ​អ្នក​ណា​នោះ គេ​ប្រើ​កូន​ឈ្លប​អោយ​ដើរ​លួច​ស្ដាប់​តាម​ខ្ទម តាម​រោង​របស់​ប្រជាជន ដើម្បី​កត់ត្រា​ទុក​នូវ​សំឡេង​ជជែក​គ្នា ឬ​សំឡេង​រង្គើ​គ្រែ ឬ​មិន​រង្គើ​ជាដើម ដើម្បី​យក​ធ្វើជា​ភស្តុតាង​ដាក់​បន្ទុក។

បើ​គេ​ចាប់​បាន​ភស្តុតាង​ពី​ការ​មិន​ចុះ​សម្រុង​រួម​ដំណេក​ពី​សំណាក់​គូ​ណា​ដែល​អង្គការ​ផ្សំផ្គុំ​អោយ គេ​នឹង​យក​ទៅ​កសាង ឬ​វាយចោល​តែម្ដង។ ចំពោះ​ស្នេហា​លួចលាក់​វិញ បើ​អង្គការ​ដឹង អង្គការ​មិន​លើកលែងទោស​អោយ​ជា​ដាច់​ខាត។ គេ​ចាត់​ទុក​ថា នេះ​ជា​អំពើ​ខុស​សីលធម៌​ធ្ងន់ធ្ងរ ហើយ​ទាំង​ពីរ​នាក់​ត្រូវ​អង្គការ​យក​ទៅ​វាយចោល​ទាំង​ស្រី​ទាំង​ប្រុស​តែម្ដង។

នៅ​ក្នុង​សម័យ​នេះ​វិញ រឿង​លើ​គ្រែ​របស់​បុគ្គល​ឯកជន​ក៏​ត្រូវ​បាន​បក្ស និង​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ណាស់​ដែរ​ចំពោះ​អ្នក​ដែល​ត្រូវ​គេ​យក​ចិត្ត​ទុក​ដាក់។ ទោះបីជា​ប្រទេស​ជាតិ​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត បញ្ហា​ព្រំដែន​មិន​ទាន់​រៀបចំ​បាន​ដោយ​រលូន ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​មិន​ទាន់​ទប់ស្កាត់​បាន​នៅ​ឡើយ ។ល។ ក៏​រដ្ឋាភិបាល​មិន​ព្រងើយកន្តើយ​អូស​ក្រឡា​យូរ​ទេ​ក្នុង​រឿង​លើ​គ្រែ​នេះ។ រដ្ឋាភិបាល​បាន​ខិតខំ​ខ្នះខ្នែង​ចំណាយ​ធនធាន និង​ពេល​វេលា ព្រម​ទាំង​ប្រមែប្រមូល​កម្លាំង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​រឿង​លើ​គ្រែ​របស់​ជាតិ​ដ៏​សំខាន់​ចាំបាច់​ចំពោះ​មុខ​នេះ។

ដោយ​សម័យ​នេះ បច្ចេកវិទ្យា​រីកចម្រើន​ជាង​សម័យ​ខ្មែរក្រហម គេ​មិន​ចាំបាច់​ប្រើ​កូន​ឈ្លប​អោយ​ទៅ​ដើរ​លួច​ស្ដាប់​តាម​ខ្ទម តាម​រោង​ពេល​យប់​ទេ គេ​អាច​ប្រើ​ឧបករណ៍​លួច​ស្ដាប់ និង​ថត​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​របស់​បុគ្គល​ឯកជន​ពី​ចម្ងាយ​ពេល​ណា​ក៏បាន។

នៅ​ពេល​ដែល​រឿងរ៉ាវ​ស្នេហា​លួចលាក់​នេះ ត្រូវ​គេ​តាមដាន​ដឹង​ច្បាស់ ភាគី​ខាង​ស្រី​ភាគច្រើន​ត្រូវ​បាន​គេ​បាញ់​សម្លាប់ បាញ់​អោយ​របួស ឬ​ក៏​គេ​ចាក់​ទឹក​អាស៊ីដ​បំផ្លាញ​មុខមាត់​រាងកាយ​នាង​ចោល​តែម្ដង ពុំ​សូវ​មាន​សមត្ថកិច្ច​ណា​យក​ចិត្ត​ទុក​ដាក់​ខ្នះខ្នែង​រក​យុត្តិធម៌​អោយ​ឡើយ។ រី​ឯ​ខាង​ប្រុស​វិញ ភាគ​ច្រើន​គេ​ទុក​អោយ​រស់​នៅ​ធ្វើ​ការងារ​មាន​មុខ​មាន​មាត់​ដដែល អ្នក​ខ្លះ​ថែមទាំង​បាន​ឡើង​តំណែង​ទៀត​ផង លើកលែង​តែ​ភាគី​ខាង​ប្រុស​នោះ​ជា​អ្នក​នយោបាយ​ប្រឆាំង​ទើប​គេ​ចាប់​ផ្ដើម​ចាត់ការ​ខាង​ប្រុស​ម្ដង។ ឯ​ខាង​ស្រី​វិញ បើ​ទោះ​បី​ជា​នាង​ហាក់​ចូលរួម​ក្នុង​ល្បែង​ស្នេហា​លួចលាក់​នោះ​ដោយ​ខ្លួន​ឯង​ក៏ដោយ​ចុះ ក៏​នាង​ត្រូវ​បាន​គេ​លើកស្ទួយ ហើយ​ចាត់​ទុក​ជា​ជនរងគ្រោះ និង​ទទួល​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ជួយ​ការពារ​រក​យុត្តិធម៌​ពី​អង្គភាព​រដ្ឋ​យ៉ាង​ពេញ​ទំហឹង។

No comments: