A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 June 2016

បទ​វិភាគ៖ តើ​របប​បច្ចុប្បន្ន​ដូច​របប​ខ្មែរ​ក្រហម​ឬ​ទេ? (ភាគ​១)

បទ​វិភាគ៖ តើ​របប​បច្ចុប្បន្ន​ដូច​របប​ខ្មែរ​ក្រហម​ឬ​ទេ? (ភាគ​១)
ដោយ ជុន ច័ន្ទបុត្រ
2014-02-13  

ទួលស្លែង ៣០៥
សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មក​ពី​ខេត្ត​ព្រៃវែង ឈរ​មើល​រូបថត​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១១។
RFA/Leng Maly



ជា​រឿយៗ​អ្នក​ដែល​មិន​សប្បាយ​ចិត្ត​នឹង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​ប្រដូច​​​របប​​នេះ​ទៅ​នឹង​របប​ខ្មែរ​ក្រហម។ តើ​ការ​ប្រដូច​បែប​នេះ​សម​ហេតុ​សម​ផល​ដែរ​ឬ​ទេ?

ខាង​ក្រោម​នេះ​ជា​អត្ថបទ​វិភាគ​មួយ​ពិនិត្យ​មើល​ថា តើ​របប​បច្ចុប្បន្ន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​របប​ខ្មែរ​ក្រហម​ដូច​គ្នា ឬ​ខុស​គ្នា​យ៉ាង​ណា?

ដោយ​និយាយ​ផ្ទុយ​ពី​សម្ដី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែង​តែ​ក្រើន​រំលឹក​ប្រជាពលរដ្ឋ​អោយ​ប្រៀប​ធៀប​ជីវភាព​រស់​នៅ​សម័យ​បច្ចុប្បន្ន​ទៅ​នឹង​ជីវិត​កាល​ពី ៣៥​ឆ្នាំ​មុន ដើម្បី​អោយ​មើល​​ឃើញ​ថា របប​នេះ​គ្រាន់​បើ​ជាង​របប​ខ្មែរ​ក្រហម​នោះ អ្នក​ដែល​រង​ទុក្ខ​ដោយសារ​របប​បច្ចុប្បន្ន​ តែងតែ​ចោទ​ប្រកាន់​ថា សម័យ​តេជោ​ដូច​គ្នា ឬ​អ្នក​ខ្លះ​ថា អាក្រក់​ជាង​សម័យ​ខ្មែរ​ក្រហម​​ទៅ​ទៀត។ យើង​សាកល្បង​ពិនិត្យ​មើល​ទាំង​អស់​គ្នា ថា​តើ​ការ​ចោទ​ប្រកាន់​នេះ​មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ?

ជា​ដំបូង​យើង​ពិនិត្យ​មើល​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​នៃ​របប​ទាំង​ពីរ​នេះ​សិន។ ថ្វីត្បិតតែ​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា កម្ពុជា​ប្រជាធិបតេយ្យ របប​ខ្មែរ​ក្រហម​ប្រកាន់​លទ្ធិកុម្មុយនិស្ត​ផ្ដាច់ការ មិន​យក​ប្រជាពលរដ្ឋ​ជា​ធំ​នោះ​ទេ។ របប​ខ្មែរ​ក្រហម​គ្មាន​គណបក្ស​នយោបាយ​​ដទៃ​ណា​ក្រៅ​តែ​ពី​គណបក្ស​កុម្មុយនិស្ត​ដែល​កាន់​អំណាច​នោះ​ឡើយ។ របប​បច្ចុប្បន្ន​នេះ​វិញ ជា​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ជា​របប​សេរី​ពហុ​បក្ស។ រដ្ឋាភិបាល​កើត​ឡើង​ពី​ការ​បោះ​ឆ្នោត ដោយ​មាន​គណបក្ស​ជា​ច្រើន​ចូល​រួម​ប្រកួត​ប្រជែង ហើយ​បើ​តាម​ប្រសាសន៍​របស់​​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មាន​ទាំង​គណបក្ស​ប្រឆាំង មាន​ទាំង​គណបក្ស​បញ្ឆោត។ ក៏​ប៉ុន្តែ​ត្រង់​ថា ការ​បោះ​ឆ្នោត​នោះ​ត្រឹមត្រូវ ឬ​កេងបន្លំ​បែប​ណា​វា​ជា​រឿង​មួយ​ផ្សេង​ទៀត។



ចំពោះ​ការ​សិក្សា​រៀន​សូត្រ​វិញ ពួក​មេ​ខ្មែរ​ក្រហម​ភាគ​ច្រើន​បាន​ទៅ​រៀន​នៅ​បរទេស។ អ្នក​ខ្លះ​បាន​សញ្ញាបត្រ​បណ្ឌិត ហើយ​ត្រឡប់​មក​ស្រុក​វិញ​ទើប​ទៅ​ចូល​រួម​​ជាមួយ​ចលនា​តស៊ូ​នៅ​ក្នុង​ព្រៃ។ មេ​ដឹក​នាំ​​បច្ចុប្បន្ន​នេះ​វិញ ភាគ​ច្រើន​រៀន​បាន​បួន​ប្រាំ​ថ្នាក់ ហើយ​រត់​ចូល​ព្រៃ​តែម្ដង។ ពួក​គាត់​មិន​បាន​ទៅ​ចូល​រៀន​ក្នុង​ថ្នាក់​នៅ​បរទេស​ដូច​មេៗ​ដឹកនាំ​​ខ្មែរ​ក្រហម​ទេ។ ទាល់តែ​ពួកគាត់​បាន​ឡើង​កាន់​អំណាច​ហើយ ទើប​ពួក​បរទេស​គេ​នាំ​គ្នា​តម្រង់​ជួរ​​​យក​សញ្ញាបត្រ​បណ្ឌិត​មក​ជូន​ដល់​ផ្ទះ​តែម្ដង។

នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម សម្ដី​ទាំង​ឡាយ​របស់​មេ​ខ្មែរ​ក្រហម ឬ​អង្គការ ក្លាយ​ទៅ​ជា​មាគ៌ា​ដឹកនាំ​ដ៏​ភ្លឺ​ស្វាង ហើយ​អ្នក​ដែល​ហ៊ាន​សួរ​ដេញ​ដោល​ពី​សម្ដី​របស់​អង្គការ ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​អ្នក​មិន​ដើរ​តាម​មាគ៌ា​ដឹក​នាំ​ដ៏​ភ្លឺស្វាង​នោះ​ទេ ហើយ​ត្រូវ​គេ​យក​ទៅ​វាយ​ចោល។ នៅ​ក្នុង​សម័យ​នេះ​វិញ សម្ដី​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​របស់​អ្នក​ដឹក​នាំ​ដទៃ​ទៀត ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រសាសន៍​ប្រកប​​ដោយ​គតិ​បណ្ឌិត និង​បញ្ញាញាណ​ដ៏​ខ្ពង់ខ្ពស់។ ដោយ​សម្ដី​របស់​លោក​នាយក​រដ្ឋមន្រ្តី​ពោរពេញ​ទៅ​ដោយ​គតិ​និង​បញ្ញា​ខ្ពស់​ដូច្នេះ សម្ដី​ដែល​ផ្សេង​ពី​លោក គឺ​ជា​សម្ដី​អគតិ សម្ដី​ល្ងង់​ខ្លៅ ថោកទាប។ ជន​ទាំង​ឡាយ​ណា​ដែល​និយាយ​អ្វី​ខុស​ពី​សម្ដី​លោក ក៏​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ក្រុម​ជន​អគតិ ជន​ល្ងង់ខ្លៅ ជន​ថោកទាប។

ចំពោះ​ភាសា​វិញ ក្នុង​សម័យ​ខ្មែរ​ក្រហម ពាក្យ​ខ្មែរ​មួយ​ចំនួន​មាន​ន័យ​បញ្ច្រាស​ទៅ​វិញ។ ឧទាហរណ៍​ពាក្យ​ថា យក​ទៅ​កសាង ឬ​យក​ទៅ​រៀន​សូត្រ មិន​មែន​មាន​ន័យ​ថា មាន​សំណាង​បាន​ទៅ​រៀន​សូត្រ​ដូច​ន័យ​ដែល​យើង​បាន​ស្គាល់​នោះ​ទេ។ ប្រសិន​បើ​អង្គការ​យក​ទៅ​រៀន​សូត្រ ឬ​យក​ទៅ​កសាង គឺ​មាន​ន័យ​ថា យក​ទៅ​កម្ទេច​ចោល។ ក្នុង​សម័យ​តេជោ​នេះ គេ​មិន​សូវ​ឃើញ​មាន​ការ​ប្រើ​ប្រាស់​ពាក្យ​អោយ​បញ្ច្រាស​ផ្ទុយ​ពី​ន័យ​ដើម​ទាំង​ស្រុង​ដូច​កាល​សម័យ ប៉ុល ពត ទេ គេ​គ្រាន់​តែ​ដូរ​ន័យ​ខ្លះៗ។

ពាក្យ​ដែល​យើង​ធ្លាប់​ឮ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​ជា​ញឹកញាប់ ដូច​ជា​ពាក្យ​ថា "កាពារ​រដ្ឋធម្មនុញ្ញ" ជា​ឧទាហរណ៍ មិន​មែន​មាន​ន័យ​បញ្ច្រាស​ថា រំលាយ​រដ្ឋ​ធម្មនុញ្ញ​នោះ​ទេ។ ពាក្យ​ការពារ​នៅតែ​មាន​ន័យ​ថា ការពារ​ដដែល គ្រាន់​តែ​មិន​ការពារ​រដ្ឋធម្មនុញ្ញ តែ​ការពារ​អំណាច​ផ្តាច់ការ។ បើ​គេ​និយាយ​ថា រដ្ឋាភិបាល​​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ គឺ​មាន​ន័យ​ថា ត្រូវ​បាញ់​សម្លាប់ បាញ់ ត្រូវ​ចាប់​មនុស្ស​ដាក់​គុគ ចាប់ ដើម្បី​ការពារ​អំណាច។ អ្នក​ណា​ក៏​ដោយ​អោយ​តែ​ធ្វើ​សកម្មភាព​អ្វី​មួយ​ដែល​អាច​អោយ​មេដឹកនាំ​គិត​ថា អាច​ប៉ះពាល់​ដល់​ការ​កាន់​អំណាច​របស់​ខ្លួន​អ្នក​នោះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ពី​សំណាក់​អាជ្ញាធរ​ក្រោម​ពាក្យ​ថា ដើម្បី "ការពារ​រដ្ឋ​ធម្មនុញ្ញ" នេះ​ឯង។

នៅ​មាន​ពាក្យ​មួយ​ចំនួន​ទៀត​ដែល​កំពុង​ពេញ​និយម​ក្នុង​វណ្ណៈ​មេដឹកនាំ​បច្ចុប្បន្ន នោះ​គឺ​ពាក្យ "អភិវឌ្ឍន៍"។ ពាក្យ​នេះ​ក៏​មាន​ន័យ​ក្លាយ​ពី​ន័យ​ដើម​ច្រើន​ដែរ។ ប្រសិន​បើ​មាន​ថៅកែ​ណា​ចង្អុល​ទីតាំង​ណា​​​​ដែល​មាន​មនុស្ស​រស់​នៅ​ថា​ជា​តំបន់​អភិវឌ្ឍន៍ អ្នក​រស់​នៅ​តំបន់​នោះ​ប្រញាប់​បបួល​កូន​ចៅ​នាំ​គ្នា​វេច​បង្វេច​ទៅ​រក​ដើម​ឈើ​ជ្រក​អោយ​ហើយ​ទៅ។ បើ​ចង្អុល​ចំ​ដី​ព្រៃ​ណា​ថា​ជា​តំបន់​អភិវឌ្ឍន៍​វិញ មិន​យូរ​មិន​ឆាប់ ព្រៃ​នោះ​នឹង​ក្លាយ​ជា​ទី​វាល​រហោស្ថាន​ដូច​ជា​ព្រៃឡង់​ជាដើម។

ចំពោះ​ប្រជាជន​វិញ នៅ​សម័យ​ខ្មែរ​ក្រហម​គេ​ចែក​ជា​ពីរ​ប្រភេទ គឺ​ប្រជាជន​ចាស់​និង​ប្រជាជន​ថ្មី។ ប្រជាជន​​ចាស់ គឺ​ជា​អ្នក​ដែល​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ក្ដោបក្ដាប់​មុន ឬ​ដែល​ខ្មែរ​ក្រហម​ហៅ​ថា រំដោះ​បាន​មុន។ រី​ឯ​ប្រជាជន​ថ្មី គឺ​ជា​អ្នក​ដែល​ខ្មែរ​ក្រហម​ទើប​វាយ​ដណ្ដើម​បាន​តាម​ក្រោយ នៅ​ពេល​ដែល​ពួក​គេ​វាយ​រំលំ​របប​លោក​សេនា​ប្រមុខ លន់ នល់ នៅ​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​១៩៧៥។ ដូច្នេះ​ហើយ​បាន​ជា​ជួនកាល​គេ​ហៅ​ប្រជាជន​ថ្មី​ថា ពួក ១៧​មេសា។

នៅ​ក្នុង​សម័យ​តេជោ​នេះ ប្រជាពលរដ្ឋ​សាមញ្ញ​ខ្លួន​ឯង​ហាក់​ដូច​ជា​មិន​មាន​ការ​បែងចែក​ក្រុម​បក្ស​ទេ។ ថ្វីត្បិតតែ​ពួកគាត់​អាច​មាន​ទស្សនៈ​គាំទ្រ​បក្ស​ផ្សេង​គ្នា​ក៏ដោយ ពួក​គាត់​រស់​នៅ​ក្នុង​ស្រុក​ភូមិ​​ដោយ​សុខសាន្ត​​ជាមួយ​គ្នា។ តាម​ពិត​គឺ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ទេ ដែល​ព្យាយាម​បែងចែង​តាម​ដាន​ប្រជាជន​​ថា ជា​ក្រុម​គាំទ្រ​គណបក្ស​នេះ ឬ​គណបក្ស​នោះ។ បើ​ពិនិត្យ​អោយ​មែន​ទែន​ទៅ ការ​បែងចែក​ពួក​ក្រុម​ហាក់​មាន​ទៅ​លើ​វណ្ណៈ​អ្នកដឹក​នាំ​ឯ​ណោះ​ទៅ​វិញ​ទេ គឺ​មាន​ការ​បែង​ចែក​យ៉ាង​ហោច​ណាស់​បី​ក្រុម គឺ​មាន​ក្រុម​អ្នក​ចាស់ អ្នក​ថ្មី និង​អ្នក​លក់​ខ្លួន។

អ្នក​ចាស់​គឺ​ជា​ក្រុម​អ្នក​ដែល​បាន​រត់​ទៅ​វៀតណាម រួច​ចូល​រួម​បង្កើត​​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ថ្ងៃ ២​ធ្នូ ដើម្បី​ចូល​មក​វាយ​បណ្ដេញ​ពួក​ខ្មែរ​ក្រហម។ អ្នក​ចាស់​​ភាគ​ច្រើន​មាន​តំណែង​ធំ​គ្រាក់ៗ និង​មាន​តំណែង​ដឹក​នាំ​សំខាន់ៗ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​ថ្មី​គឺ​ជា​អ្នក​ដែល​បាន​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​ក្រោយ​ថ្ងៃ​៧ មករា។ អ្នក​ថ្មី​អាច​មាន​តំណែង​ធំៗ​​​សំខាន់ៗ ក្នុង​បក្ស​និង​ក្នុង​រដ្ឋាភិបាល​​បាន​ខ្លះ​ដែរ។ រី​ឯ​ចំណាត់​ថ្នាក់​ទី​បី គឺ​ពួក​អ្នក​លក់​ខ្លួន​វិញ គឺ​ជា​ក្រុម​អ្នក​នយោបាយ​ដែល​​លោក​នាយករដ្ឋមន្ត្រី​អូស​ទាញ​បាន​ពី​គណបក្ស​នយោបាយ​ដទៃ តាម​ការ​ផ្តល់​លុយ​កាក់ ​ឬ​តំណែង។ ក្រុម​អ្នក​លក់​ខ្លួន​នេះ មិន​សូវ​​មាន​មុខ​តំណែង​ដែល​មាន​ឥទ្ធិពល​ក្នុង​រដ្ឋាភិបាល ឬ​មាន​ឱកាស​ចូល​ជ្រៅ​ទៅ​​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។

ចំពោះ​ស្ថាប័ន​ព្រះមហាក្សត្រ​វិញ របប​ខ្មែរ​ក្រហម​មិន​ត្រូវ​ការ​ស្ដេច​ទេ។ សម្ដេច​ព្រះ នរោត្តម សីហនុ ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ឃុំ​ព្រះកាយ​នៅ​ក្នុង​ព្រះបរមរាជវាំង នា​រាជធានី​ភ្នំពេញ។ ពួក​ខ្មែរ​ក្រហម​ចាត់​ទុក​ថា របប​សក្តិភូមិ​ជា​របប​ជិះជាន់ ធ្វើ​ស្រែ​លើ​ខ្នង​រាស្ត្រ។ ផ្ទុយ​ទៅ​វិញ របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​តម្កើង​​ព្រះ​មហាក្សត្រ។ តាម​ពិត​គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​នេះ​ហើយ​ ដែល​បាន​លើក​សម្តេច​​ព្រះ នរោត្តម សីហនុ ​ជា​ព្រះមហាក្សត្រ ដោយ​មិន​បាច់​អោយ​ព្រះអង្គ​ពិបាក​នឹង​ចូល​ប្រកួត​ប្រជែង​​ក្នុង​ការ​បោះ​ឆ្នោត ឬ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ឡើយ។

ផ្ទុយ​ពី​ពួក​ខ្មែរ​ក្រហម​ដែល​ចាត់​ទុក​ថា ព្រះមហាក្សត្រ​គ្មាន​ប្រយោជន៍ លោក​នាយករដ្ឋមន្ត្រី ហ៊ុន​សែន ចាត់​ទុក​ថា ស្ថាប័ន​ព្រះមហាក្សត្រ​ជា​គន្លឹះ​មួយ​ជាពិសេស​ក្នុង​ការ​ដណ្ដើម​សន្លឹក​ឆ្នោត។ ដូច្នេះ​ហើយ​បាន​ជា​លោក​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​ព្រះ​បរម​រាជវាំង​ខ្លាំង​ណាស់ រហូត​ដល់​ទៅ​ចាត់​អោយ​មាន​មន្រ្តី​​ជាន់​ខ្ពស់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ចាំ​ហែហម​ជួយ​តាម​ដាន​មើល​កិច្ចការ​របស់​ព្រះអង្គ​ផង។

លោក​​នាយករដ្ឋមន្ត្រី​ខ្លួន​ឯង​វិញ ​ក៏​ធ្លាប់​មាន​ប្រសាសន៍​ជា​សាធារណៈ​ដែរ​ថា លោក​នឹង​តាម​ការពារ​ស្ថាប័ន​ព្រះ​មហាក្សត្រ​ជា​រៀង​ដរាប រហូត​ដល់​ពេល​ណា​ដែល​​ព្រះ​មហាក្សត្រ​ឈប់​ធ្វើ​តាម​បញ្ជា​លោក ទើប​លោក​​រំលាយ​ចោល។

ចំណែក​វិស័យ​សាសនា​វិញ របប​ខ្មែរ​ក្រហម​មិន​អនុញ្ញាត​អោយ​មាន​សាសនា​អ្វី​ទាំង​អស់។ ព្រះសង្ឃ​ត្រូវ​​ពួក​​ខ្មែរ​​ក្រហម​ចាប់​ផ្សឹក ហើយ​បញ្ជូន​ទៅ​អោយ​ធ្វើ​ការងារ​តាម​ការដ្ឋាន។ សម័យ​តេជោ ព្រះពុទ្ធ​សាសនា​​មាន​ការវិវត្តន៍​ប្លែក​គួរ​អោយ​ចាប់​អារម្មណ៍។ ព្រះភិក្ខុសង្ឃ រួម​ទាំង​សម្តេច​សង្ឃ​ផង អាច​ដើរ​ឃោសនា​អោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន ដោយ​មិន​ត្រូវ​បាន​ចាត់​ទុក​ថា ខុស​នឹង​ពុទ្ធោវាទ​ទេ។ ឯ​ព្រះសង្ឃ​ដែល​មិន​ឃោសនា​អោយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​​ងាក​មក​រួម​ដៃ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​​ការ​ស្វែង​រក​យុត្តិធម៌​សង្គម ត្រូវ​អាជ្ញាធរ​ចាត់​ទុក​ថា ជា​ព្រះសង្ឃ​ក្លែងក្លាយ មិន​គោរព​ប្រតិបត្តិ​តាម​គន្លង​​ព្រះពុទ្ធ​សាសនា ហើយ​ត្រូវ​គេ​ចាប់​ដាក់​គុក ឬ​ដេញ​វាយ​ទាំង​មិន​ទាន់​សឹក។

រាជធានី​ភ្នំពេញ​វិញ កាល​ពី​សម័យ​ខ្មែរ​ក្រហម​គ្មាន​ប្រជាពលរដ្ឋ​ធម្មតា​រស់​នៅ​ទេ។ ខ្មែរ​ក្រហម​ដេញ​ប្រជាជន​ចេញ​អស់​អោយ​ទៅ​ធ្វើ​ការ​នៅ​ឯ​ស្រែ។ រាជធានី​ភ្នំពេញ សម័យ​ឥឡូវ មាន​មនុស្ស​រស់​នៅ​កក​ស្ទះ។ មិន​មាន​ការ​​បណ្តេញ​មនុស្ស​ចេញ​ទាំង​អស់​ដូច​សម័យ ប៉ុល ពត ទេ គេ​ដេញ​តែ​តំបន់​ដែល​ត្រូវ​អភិវឌ្ឍន៍​​ដោយ​ដុំៗ ដូចជា​តំបន់​បឹងកក់ បុរីកីឡា និង​ដី​ក្រហម​ជាដើម។ និយាយ​ពី​ការ​អភិវឌ្ឍ​វិញ កុំ​ទៅ​យក​សម័យ​ខ្មែរ​ក្រហម​មក​ប្រដូច​នឹង​សម័យ​នេះ​​អោយ​សោះ។ សម័យ​ខ្មែរ​ក្រហម​ភ្នំពេញ ស្ងាត់ច្រៀប គ្មាន​កា​រអភិវឌ្ឍ​អ្វី​​ទាំង​អស់។

ក្នុង​សម័យ​តេជោ គេ​អភិវឌ្ឍន៍​គ្មាន​សល់​ចន្លោះ​ណា​មួយ​ដុំ​ទេ។ ដី​សួន​​ច្បារ​ក៏​អភិវឌ្ឍន៍​អោយ​ទៅ​ជា​​ផ្ទះ​ល្វែង ជា​ធនាគារ។ បឹង​ធម្មជាតិ​ដែល​មាន​មនុស្ស​រស់​នៅ​ក្បែរៗ​មាត់​បឹង ក៏​គេ​បណ្តេញ​មនុស្ស​ចេញ រួច​​ចាក់ដី​លុបបឹង ដើម្បី​អភិវឌ្ឍន៍​ទាំង​ស្រុង​តែម្ដង។ សាលារៀន មន្ទីរ​ពេទ្យ រោងកុន រោង​ល្ខោន​ជាតិ ក៏​ត្រូវ​គេ​អភិវឌ្ឍន៍​អោយ​ទៅ​ជា​ផ្ទះល្វែង ជា​កន្លែង​ម៉ាស្សា ការ៉ាអូខេ កាស៊ីណូ ឬ​​ជា​ផ្ទះ​បន​ជា​ដើម។

ខ្មែរ​ក្រហម​មិន​មាន​លុយ​ចាយ​ទេ។ ថ្វី​ត្បិត​តែ​គេ​មាន​បោះ​ពុម្ព​លុយ​មែន តែ​គេ​មិន​ដែល​បញ្ចេញ​អោយ​ប្រជាពលរដ្ឋ​ចាយ​ឡើយ។ ក្នុង​សម័យ​តេជោ​វិញ លុយ​ប្រភេទ​ណា​ក៏​មាន​ដែរ។ លុយ​រៀល លុយ​ដុល្លា​ចាយ​ពេញ​ក្រុង។ លុយ​បាត លុយ​ដុង ចាយ​ពេញ​ប្រទេស។ ហើយ​បើ​និយាយ​អំពី​សិទ្ធិ​ក្នុង​ការ​ផ្សាយ​និង​ទទួល​ព័ត៌មាន​វិញ របប​ខ្មែរ​ក្រហម​មិន​អនុញ្ញាត​អោយ​មាន​សោះ​តែ​ម្តង។ របប​នោះ​គ្មាន​វិទ្យុ ទូរទស្សន៍ ឬ​កាសែត​ណា​ក្រៅ​ពី​របស់​អង្គការ​ទេ។

សម័យ​តេជោ​វិញ វិទ្យុ​ ទូរទស្សន៍ កាសែត​ឯកជន​មាន​ព្រោងព្រាត​រាប់​មិន​អស់ ហើយ​អាច​សរសេរ​សរសើរ​ពី​សម្ដេច​បាន​ដោយ​សេរី។ អ្នក​កាសែត​ណា ឬ​ស្ថាប័ន​ព័ត៌មាន​ណា​ដែល​មិន​សរសេរ​សរសើរ​សម្ដេច​ត្រូវ​គេ​ចាត់​ទុក​ថា ជា​អ្នក​កាសែត​ប្រឆាំង ជា​ក្រុម​អគតិ ឬ​ជា​ក្រុម​អ្នក​នៅ​បរទេស​មិន​សូវ​យល់​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា ​សរសេរ​ដើម្បី​តែ​បន្ទច់បង្អាក់​ដំណើរ​អភិវឌ្ឍន៍​របស់​សង្គម​ជាតិ។ បើ​សរសេរ​រិះគន់​ខ្លាំង​គេ​ចាប់​ដាក់​គុគ ឬ​បាញ់​ចោល​តែម្ដង។

ការ​ធ្វើ​បាតុកម្ម​តវ៉ា​ក៏​មិន​អនុញ្ញាត​អោយ​មាន​ដែរ​ក្នុង​សម័យ ប៉ុល ពត។ សម័យ​នេះ​គេ​អនុញាត្តិ​អោយ​មាន​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ខ្លះ ដើម្បី​អោយ​ស្រប​ទៅ​នឹង​និយមន័យ​នៃ​សង្គម​ប្រជាធិបតេយ្យ។ ក៏​ប៉ុន្តែ​ប្រសិន​​បើ​ការ​ធ្វើ​បាតុកម្ម​នោះ បែប​កក្រើក​រញ្ជួយ​បន្តិច បាតុករ​ទាំង​នោះ​លែង​ត្រូវ​គេ​ចាត់​ទុក​ថា ជា​បាតុករ​​ទៀត​ហើយ គេ​បង្កើត​ឈ្មោះ​ថ្មី​ថា​ជា​ក្រុម​ជន​អនាធិបតេយ្យ រួច​គេ​បាញ់​សម្លាប់​ចោល​តែម្ដង ក្រោម​ហេតុផល​ថា ដើម្បី​​រក្សា​សណ្តាប់ធ្នាប់​និង​សុវត្តិភាព​សង្គម។

នៅ​សម័យ​ខ្មែរ​ក្រហម ស្ថាប័ន​មួយ​ចំនួន​ដូចជា​កាកបាទ​ក្រហម​ជាដើម ត្រូវ​ខ្មែរ​ក្រហម​បំបិទ​មិន​អោយ​មាន។ ក្នុង​សម័យ​តេជោ​ លោក​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​ចំពោះ​ស្ថាប័ន​មួយ​នេះ រហូត​ដល់​លើក​តម្កើង​ភរិយា​របស់​លោក​ជា​មេដឹកនាំ​ទៀត​ផង។ តាំង​តែ​ពី​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​បាន​ឡើង​ដឹកនាំ​មក កាកបាទ​​ក្រហម​បាន​រីក​ចម្រើន​ខ្លាំង​ណាស់ ហើយ​បន្តិច​ម្តងៗ កាកបាទ​ក្រហម​កម្ពុជា បាន​បំពេញ​មុខងារ​បន្ថែម​លើស​ពី​នាទី​របស់​ខ្លួន រហូត​សឹង​ក្លាយ​ជា​សេនាធិការ​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាង​មាន​ប្រសិទ្ធភាព។

ដោយ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​​​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ដូច្នេះ កាកបាទ​ក្រហម​កម្ពុជា ល្បី​រន្ទឺ​ណាស់។ មាន​អ្នក​និពន្ធ​មួយ​ចំនួន​ខំ​បូជា​ប្រាជ្ញា​ស្មារតី​និង​កម្លាំង​កាយ​ចិត្ត​ទាំង​អស់​ដែល​ខ្លួន​មាន ដើម្បី​និពន្ធបទ​ចម្រៀង និង​សរសេរ​បទ​យកការណ៍​លើក​សរសើរ​ពី​ស្នាដៃ​របស់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ក្នុង​ការ​ដឹក​នាំ​ស្ថាប័ន​ដ៏​អស្ចារ្យ​មួយ​នេះ។ អ្នក​ខ្លះ​ខំ​សរសេរ និង​ខំ​ផ្សាយ​លើក​សរសើរអំ​ពី​កាកបាទ​ក្រហម​កម្ពុជា រហូត​ដល់​ធ្លាក់​ខ្លួន​ពី​អ្នក​និពន្ធ​ទៅ​ជា​បាន​ងារ​ជា​ឯកឧត្ដម​ទៅ​វិញ។ ហើយ​ប្រហែល​ដោយ​ជឿ​ជាក់​​ក្នុង​ការ​ដឹកនាំ​របស់​សម្តេច​គតិ​ព្រឹទ្ធ​​បណ្ឌិត​នេះ​ដែរ ឈ្មួញ​អ្នក​រក​ស៊ី​ធំៗ​មួយ​ចំនួន ក៏​តម្រង់​ជួរ​គ្នា​ខ្ចប់​លុយ​​មក​ជួយ​កាកបាទ​ក្រហម​កម្ពុជា ទោះ​ជា​មាន​ការ​អំពាវនាវ ឬ​មិន​មាន​ក្តី។ ពួក​ឈ្មួញ​ទាំង​នោះ​មាន​ហាក់​ទឹក​ចិត្ត​ជ្រះ​ថ្លា​ណាស់​ ពួក​គ្មាន​ចង់​បាន​អ្វី​ក្រៅ​តែ​ពី​បាន​​ឈរ​ថត​ជា​មួយ​សម្តេច​​គតិ​ព្រឹទ្ធ​បណ្ឌិត ដើម្បី​ផ្តិត​ពង្រីក​​យក​ទៅ​តាំង​​ហាង​របស់​ខ្លួន គ្រាន់​​តែ​អោយ​គេ​ឯង​គោរព​បូជា​តែ​ប៉ុណ្ណោះ។

នេះ​គឺ​ជា​ការ​សាកល្បង​ប្រៀបធៀប​មួយ​ចំនួន​ពី​សម័យ​ខ្មែរ​ក្រហម​និង​សម័យ​តេជោ។ តើ​របប​ទាំង​ពីរ​នេះ​ដូច​គ្នា ឬ​ខុស​គ្នា​យ៉ាង​ណា​នោះ សូម​លោក​អ្នក​ស្ដាប់​សម្រេច​ចិត្ត​ខ្លួន​ឯង​ចុះ៕

No comments: