A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 8 June 2016

អាជ្ញាធរ​សង្កាត់​វាលវង់​ឃាត់​ខ្លួន​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ប្រមូល​ស្នាម​មេដៃ


ដោយ ខែ សុណង
2016-06-07

សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​វាលវង់ ហែម ហាង ២០១៦ ៨៥៥
សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​វាលវង់ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ហែម ហាង ដែល​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​ពេល​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Phann Yasy
 RFA/Phann Yasy


ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ទៅ​ជួប​ជុំ​គ្នា​ប៉ុស្តិ៍​សង្កាត់​វាលវង់ ខណ្ឌ​៧មករា ដើម្បី​គាំទ្រ និង​ទាមទារ​ឲ្យ​ដោះ​លែង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​វាលវង់ ម្នាក់ ដែល​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​នៅ​ពេល​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ នៅ​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា។ សកម្មភាព​ប្រមូល​ស្នាម​មេដៃ​នៅ​លើ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​នេះ ក្នុង​គោល​បំណង​ស្នើ​ឲ្យ​ស្ថាប័ន​ជាតិ គោរព​ឲ្យ​បាន​ពេញលេញ​នូវ​អភ័យ​ឯកសិទ្ធិ​សភា​របស់​តំណាង​រាស្ត្រ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មេ​ដឹក​នាំ​គណបក្ស​នយោបាយ មន្ត្រី​សង្គម​ស៊ីវិល និង​អគ្គលេខាធិការ​រង គ.ជ.ប។

មន្ត្រី​សិទ្ធិ​មនុស្ស ហៅ​ការ​រារាំង និង​ការ​ឃាត់​ខ្លួន​អ្នក​ប្រមូល​ស្នាម​មេដៃ​នេះ ថា​ជា​ការ​បំភិតបំភ័យ និង​រំលោភ​សិទ្ធិ។

អាជ្ញាធរ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ បាន​ឃាត់​ខ្លួន​មន្ត្រី​ក្រុម​ប្រឹក្សា​សង្កាត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ជាង ៣​ម៉ោង ហើយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ផ្ដិត​មេដៃ​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ទើប​ដោះ​លែង​វិញ។



ពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា សង្កាត់​វាលវង់ លោកស្រី សោម សុម៉ាលី អះអាង​នៅ​ថ្ងៃ​ទី​៧ មិថុនា ថា សកម្មភាព​រារាំង និង​ចាប់​ខ្លួន​អ្នកស្រី ហែម ហាង ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​វាលវង់ ពី​សំណាក់​អាជ្ញាធរ​សង្កាត់ និង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​វាលវង់ គឺ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោកស្រី​បន្ត​ថា ការ​ឃាត់​ខ្លួន​នេះ ក៏​ជា​ការ​បំបាក់​ស្មារតី​ដល់​ពលរដ្ឋ​ឲ្យ​លែង​ហ៊ាន​ធ្វើ​សកម្មភាព​នានា​ត​ទៅ​ទៀត៖ «ប្រតាយប្រតប់​ជាមួយ​សមត្ថកិច្ច ហៅ​គាត់​ឲ្យ​ឡើង​ម៉ូតូ គាត់​អត់​ឡើង។ គាត់​អត់​អ៊ីចឹង​ទៅ។ គាត់​ហៅ​ប៉ូលិស​គ្នា​គាត់​ឡើង​ច្រើន ឲ្យ​ចាប់​ទៅ ឲ្យ​ចាប់​ទៅ! ឃើញ​ប៉ូលិស​មួយ​ធាត់​នោះ​ចាប់​ក្រៀក​ក​គាត់​ដាក់​ក្រោម​ក្លៀក ហើយ​ប៉ូលិស​ពីរ​នាក់​ទៀត​ចាប់​បង្ខំ​គាត់​ឲ្យ​ឡើង​ម៉ូតូ ហើយ​ទាញ​ជើង​គាត់​ហែក​ទាំង​សង​ខាង»។

ក្នុង​ពេល​ឃាត់​ខ្លួន​អ្នកស្រី ហែម ហាង ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​វាលវង់ សាកសួរ​នៅ​ក្នុង​ការិយាល័យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាលវង់ អ្នកស្រី​មាន​អាការៈ​មិន​ស្រួល​ខ្លួន និង​ក្អួត​ចង្អោរ ហើយ​បាន​រត់​ចេញ​ទៅ​ខាង​ក្រៅ​បន្ទប់​សាកសួរ​ជា​ច្រើនសា។

ជុំវិញ​ការ​ឃាត់​ខ្លួន​នេះ ប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាលវង់ លោក ប៉ិក ប្សណឆសក្ខ បាន​បដិសេធ​អត្ថាធិប្បាយ៖ «ឲ្យ​ទៅ​វិញ​ឥឡូវ​ហើយ មេ​មក​ដល់​ឥឡូវ​ហើយ»។

ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​នគរបាល​រដ្ឋបាល​វាលវង់ បាន​ដោះ​លែង​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​វាលវង់ វិញ​នៅ​ម៉ោង​ប្រមាណ​ជាង ១​រសៀល​នៅ​ថ្ងៃ​ដដែល។

អ្នកស្រី ហែម ហាង អះអាង​ថា ប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាលវង់ បាន​បង្ខំ​ឲ្យ​គាត់​ផ្ដិត​មេដៃ​លើ​កិច្ចសន្យា​ឈប់​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​នេះ​ត​ទៅ​ទៀត និង​គំរាម​ថា​នឹង​បម្រុង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ទៀត​ផង។ អ្នកស្រី​បន្ត​ថា អ្នកស្រី​មិន​ខ្លាច​ចំពោះ​ការ​គំរាម​កំហែង​នេះ​ទេ។ អ្នកស្រី​បាន​ហៅ​សកម្មភាព​នេះ ថា​ជា​ការ​រំលោភ​សិទ្ធិ​អ្នកស្រី​ជា​មន្ត្រី​ក្រុម​ប្រឹក្សា​សង្កាត់៖ «មីង​បាន​ចុះ​ធ្វើ​ផ្ដិត​មេដៃ​នេះ មីង​អត់​មាន​បាន​ចុះ​ធ្វើ​កន្លែង​សាធារណៈ ឬ​ទីកន្លែង​ប្រជុំជន ឬ​ទីផ្សារ​ទេ។ ខ្ញុំ​បាន​ធ្វើ​នៅ​ផ្ទះ​សកម្មជន​គណបក្ស។ ខ្ញុំ​អត់​បាន​ធ្វើ​ខុស​អ៊ីចឹង គាត់​ចាប់​ខ្ញុំ​ទៅ បើ​សិន​ខ្ញុំ​ជា​អ្នក​ខ្សោយ​បេះដូង គឺ​ខ្ញុំ​គាំង​បេះដូង​ងាប់​បាត់។ គាត់​ហែក​ជើង​ហែក​ដៃ ធ្វើ​ដូច​ខ្ញុំ​ទោស​ឧក្រិដ្ឋ​អ៊ីចឹង»។

នៅ​ក្នុង​ញត្តិ​ផ្ដិត​មេដៃ​នោះ ធ្វើ​ឡើង​ដើម្បី​ហែ​ញត្តិ​ទៅ​ព្រះបរមរាជវាំង រក​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ឲ្យ​ស្ថាប័ន​ជាតិ​គោរព​ឲ្យ​បាន​ពេញលេញ​នូវ​អភ័យ​ឯកសិទ្ធិ​សភា​របស់​តំណាង​រាស្ត្រ បញ្ឈប់​ការ​រុក​កួន​តាម​ផ្លូវ​តុលាការ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មេ​ដឹក​នាំ​គណបក្ស​នយោបាយ មន្ត្រី​សង្គម​ស៊ីវិល និង​អគ្គលេខាធិការ​រង គ.ជ.ប។

ជុំវិញ​ការ​រារាំង និង​ការ​ឃាត់​ខ្លួន​អ្នក​ប្រមូល​ស្នាម​មេដៃ​នេះ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ក៏​មាន​បញ្ហា​ដូច​គ្នា ដូចជា​នៅ​ខេត្ត​កំពង់ធំ កំពង់ចាម ស្ទឹងត្រែង និង​ខេត្ត​ស្វាយរៀង ជាដើម។

នៅ​ថ្ងៃ​ដដែល នៅ​ឯ​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង មាន​សេចក្ដី​រាយការណ៍​មក​ថា ជំទប់​ទី​២ ឃុំ​ធ្លក គឺ​លោក គង់ ស៊ីយាន ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​អធិការ​ស្រុក ដោយ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ត​ទៅ​ទៀត។

អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ដែល​បាន​ឃ្លាំ​មើល​ករណី​នេះ ចាត់​ទុក​ថា​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស និង​សេរីភាព​បញ្ចេញ​មតិ។ លោក​ថា ការ​យក​ក្រដាស​ស្នាម​មេដៃ​នោះ​បញ្ជូន​ទៅ​តុលាការ រឹត​តែ​ជា​ការ​គំរាម​កំហែង​មួយ៖ «បើ​យើង​គិត​មើល​ទៅ​តាម​អ្វី​ដែល​គាត់​ស្នើ​សុំ​ក្នុង​ក្រដាស​នេះ ពលរដ្ឋ​គ្រប់​រូប​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ទាមទារ ក្នុង​ការ​ធ្វើ​ញត្តិ​ទៅ​ឲ្យ​ស្ថាប័ន​ណា​មួយ ទៅ​ឲ្យ​ប្រមុខ​រដ្ឋ​មួយ​អន្តរាគមន៍។ គាត់​មាន​សិទ្ធិ​ចូលរួម មាន​សិទ្ធិ​បញ្ចេញ​មតិ មាន​សិទ្ធិ​អី​ទាំងអស់។ នេះ​ជា​ករណី​មួយ​បំភិតបំភ័យ​ដល់​ពលរដ្ឋ»។

កាល​ពី​ថ្ងៃ​ទី​៥ មិថុនា ជំទប់​ទី​២ ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្ត​ស្វាយរៀង គឺ​អ្នកស្រី សាន សំអឿន ក៏​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​ឲ្យ​ធ្វើ​កិច្ចសន្យា​ដូច​គ្នា​ដែរ។

ចំណែក​នៅ​ខេត្ត​កោះកុង ឯណោះ​វិញ នៅ​ល្ងាច​ថ្ងៃ​ទី​៧ មិថុនា ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ស្រែអំបិល លោក សេង សៅ ក៏​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​នៅ​អធិការ​ស្រុក ឲ្យ​បញ្ឈប់​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ដូច​គ្នា​ដែរ៕

No comments: