A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 8 June 2016

សង្គម​ស៊ីវិល​ខេត្ត​កំពង់ចាម​ថា​ការ​បាត់​ដំណឹង​ស្រី​មុំ​អាច​ប៉ះពាល់​យុត្តិធម៌​សម្រាប់​ជន​ជាប់​ចោទ



សង្គម​ស៊ីវិល​ខេត្ត​កំពង់ចាម​ថា​ការ​បាត់​ដំណឹង​ស្រី​មុំ​អាច​ប៉ះពាល់​យុត្តិធម៌​សម្រាប់​ជន​ជាប់​ចោទ
ដោយ សូត សុខប្រាថ្នា
2016-06-07

ខុម ចាន់តារាទី ហៅ ស្រី​មុំ ៨៥៥ ២០១៦
អ្នកនាង ខុម ចាន់តារាទី ហៅ ស្រី​មុំ (ស្ដាំ) ឆ្លើយ​សំណួរ​អ្នក​កាសែត ក្រោយ​ចេញ​​ពី​បន្ទប់​សាកសួរ​របស់​​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៦។
 RFA/Phann Yasy



មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​កំពង់ចាម សម្ដែង​ក្តី​ងឿងឆ្ងល់​ចំពោះ​ការ​បាត់​ដំណឹង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ នៅ​មួយ​រយៈពេល​ចុង​ក្រោយ ដែល​ជា​តួអង្គ​សំខាន់​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ជាប់​ឃុំ និង​ជាប់​បណ្ដឹង។ ការ​បាត់​ដំណឹង​នេះ ក្រោយ​ពេល​មាន​ការ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ជា​បន្តបន្ទាប់ និង​ស្រប​ពេល​ដំណើរ​ការ​ក្តី​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។ ចំណែក​ក្រុម​គ្រួសារ​អ្នក​នាង ស្រី​មុំ ផ្ទាល់ ក៏​មិន​ដែល​បាន​ទទួល​ដំណឹង​ពី​កូន​ដូច​គ្នា។

ក្រោយ​ពេល​ចាប់​ខ្លួន​មេ​ឃុំ​ស្រក មក​ពី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ចាម និង​មន្ត្រី​សង្គម​ស៊ីវិល ព្រម​ទាំង​មន្ត្រី គ.ជ.ប ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ក្តី​ក្ដាំ​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ជា​បន្តបន្ទាប់​មក ដំណឹង​របស់​នាង​ត្រូវ​បាន​បាត់​សូន្យ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក-ភូមិ​របស់​នាង និង​ក្រុម​គ្រួសារ ស្រី​មុំ ព្រម​ទាំង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​បាន​តាម​ដាន​រឿង​នេះ មិន​បាន​ដឹង​ឡើយ​ពី​វត្តមាន​របស់​នាង។ ពលរដ្ឋ​ខ្លះ​នៅ​ក្នុង​ឃុំ​ស្រក ហាក់​ខ្លាច​រអា​ចំពោះ​ការ​និយាយ​អំពី​រឿង ស្រី​មុំ បើ​ទោះ​បី​ជា​ពួក​គាត់​បាន​ដឹង​រឿង​នោះ​ក៏ដោយ។

ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ល្ពាក ឃុំ​ស្រក អ្នកស្រី ឈុន យ៉េង ឲ្យ​ដឹង​ថា មុន​ពេល​មាន​ការ​ចាប់​ខ្លួន​មេ​ឃុំ ស៊ាង ចែត អ្នក​ភូមិ​ធ្លាប់​ឃើញ​នាង ស្រី​មុំ មក​លេង​ផ្ទះ​ម្តងម្កាល ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​មេ​ឃុំ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ជា​បន្តបន្ទាប់​មក​នោះ គឺ​អ្នកស្រី​មិន​ដែល​ឃើញ​នាង ស្រី​មុំ មក​លេង​ផ្ទះ​ទៀត​ទេ។ អ្នកស្រី​យល់​ថា នាង​អាច​រស់នៅ​ភ្នំពេញ​ច្រើន​ជាង ព្រោះ​នាង​ធ្លាប់​បាន​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​កាល​ពី​ពេល​កន្លង​មក៖ «គេ​អត់​ដែល​មក​ផ្ទះ​ផង មិន​ដឹង​ថា​គេ​នៅ​ភ្នំពេញ ឬ​គេ​នៅ​ណា មិន​ដែល​បាន​និយាយ​គ្នា​ផង»។



អ្នកស្រី​បន្ត​ថា អ្នក​ភូមិ​ភាគ​ច្រើន​គេ​អាណិត​លោក​មេ​ឃុំ ស៊ាង ចែត ដ្បិត​ពួក​គេ​យល់​ថា ការ​ចាប់​ខ្លួន​មេ​ឃុំ គឺ​ជា​រឿង​អយុត្តិធម៌។ ចំណែក ស្រី​មុំ វិញ អ្នក​ភូមិ​ជាច្រើន​មិន​សូវ​មាន​ក្តី​អាណិត​ប៉ុន្មាន​ទេ។

មិន​ខុស​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត អ្នកស្រី ប៉ិច អៀ និយាយ​ថា ដ្បិតតែ​អ្នកស្រី​រស់នៅ​ក្បែរ​ខាង​គ្នា​ក៏ដោយ ប៉ុន្តែ​អ្នកស្រី​មិន​ធ្លាប់​ឃើញ​នាង ស្រី​មុំ មក​លេង​ផ្ទះ​ទៀត​ឡើយ៖ «មិន​ដឹង​គេ​យក​ទៅ​ណាៗ អត់​ដឹង​ផង បើ​គេ​អត់​ដែល​មក​ផ្ទះ​ផង»។

អ្នក​នាង ខុម ចាន់តារាទី មាន​អាយុ ២៥​ឆ្នាំ រៀន​បាន​ថ្នាក់​ទី​៤ ធ្លាប់​រៀប​អាពាហ៍ពិពាហ៍​ម្តង​កាល​ពី​ឆ្នាំ​២០១៤ ហើយ​រួម​រស់​ជាមួយ​ស្វាមី​បាន​មួយ​រយៈពេល​ខ្លី ក្រោយ​មក​ក៏​បែក​បាក់​គ្នា​ទៅ​វិញ។ ក្រោយ​ពេល​ផ្ទុះ​រឿង​អាស្រូវ​ស្នេហា​តាម​រយៈ​ខ្សែ​អាត់​សំឡេង ដែល​គេ​សង្ស័យ​ថា​ជា​សំឡេង​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ជាមួយ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នាង​ធ្លាប់​បម្រើ​ការងារ​នៅ​ហាង​កាត់​សក់​មួយ​នៅ​រាជធានី​ភ្នំពេញ។ ម្ដាយ​នាង ស្រី​មុំ ត្រូវ​ជា​ជីទួតមួយ​ជាមួយ​ក្រុម​គ្រួសារ​លោក​មេ​ឃុំ ស៊ាង ចែត គឺ​ជាប់​សាច់​ឈាម​ខាង​ប្រពន្ធ។

ម្តាយ​អ្នក​នាង ស្រី​មុំ អ្នកស្រី ស៊ាន លន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ មិថុនា ថា មក​ទល់​ពេល​នេះ ក្រុម​គ្រួសារ​អ្នកស្រី​មិន​ដែល​ទទួល​បាន​ដំណឹង​ពី​កូនស្រី​ឡើយ ព្រោះ​មិន​ដែល​បាន​ទាក់ទង​គ្នា។ អ្នកស្រី​បញ្ជាក់​ថា មិន​ដឹង​ថា​នាង​នៅ​ទីណា? ហើយ​ក៏​មិន​បាន​ដឹង​ថា នាង​រស់​នៅ​មាន​សុវត្ថិភាព​ដែរ​ឬ​អត់​ទេ?៖ «អត់​អី​ទេ! បើ​គេ​ថា​កុំ​ឲ្យ​ព្រួយ​បារម្ភ​អី​ផង។ ប៉ុន្តែ​ដល់​ពេល​នេះ​ទៅ គេ​លែង​ឲ្យ​ទាក់ទង លែង​និយាយ​តប​មក គេ​ថា​មិន​បាច់​ព្រួយ​បារម្ភ​ពី​គេ​ទេ»។

កាល​ពី​ខែ​ឧសភា អ្នកស្រី​ធ្លាប់​រៀបរាប់​ថា ក្រោយ​ពេល​កូនស្រី​មាន​រឿងរ៉ាវ​មក គាត់​មាន​ជំងឺ​ពិសា​បាយ​មិន​បាន សម្រាន្ត​មិន​លក់ ព្រោះ​ចេះ​តែ​បារម្ភ​ពី​សុខ​ទុក្ខ​កូនស្រី​រហូត ប៉ុន្តែ​បញ្ហា​ទាំង​នោះ អ្នកស្រី​បញ្ជាក់​ម្តង​ទៀត​ថា អ្នកស្រី​បាន​ជាសះស្បើយ​ហើយ ព្រោះ​គាត់​ឈប់​គិតគូរ​រឿង​កូនស្រី​ទៀត​ហើយ គិត​តែ​រឿង​សុខភាព និង​ទុក​ពេល​សម្រាប់​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​វិញ។

សំណុំ​រឿង ស្រី​មុំ បាន​ធ្វើ​ឲ្យ​មេ​ឃុំ​ស្រក ព្រម​ទាំង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ.ជ.ប មួយ​រូប ត្រូវ​ជាប់​ឃុំ​នៅ​ពន្ធនាគារ ក្រោយ​ពេល​មាន​ការ​បញ្ចេញ​លិខិត​ចំហ​សរសេរ​រៀបរាប់​លម្អិត​អំពី​ដំណើរ​រឿង​របស់​នាង។ ក្នុង​លិខិត​នោះ អះអាង​ថា ជា​លិខិត​របស់​នាង ស្រី​មុំ ស្រប​ពេល​កន្លង​មក នាង​ធ្លាប់​បាន​លើក​ឡើង​ថា នាង​មិន​សូវ​ចេះ​អក្សរ​ខ្មែរ​ផង​នោះ។ បច្ចុប្បន្ន​អ្នក​ទាំង​នោះ ត្រូវ​ជាប់​ឃុំ​ដោយ​រង់ចាំ​ថ្ងៃ​ជំនុំ​ជម្រះ ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី និង​រួម​គំនិត​សូកប៉ាន់​សាក្សី។

មន្ត្រី​អាដហុក ៤​នាក់ នី ចរិយា ៦២០
ពី​ឆ្វេង៖ អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។ RFA


សំណុំ​រឿង​កំពុង​បន្ត​តាម​នីតិវិធី​មិន​ទាន់​បញ្ចប់​ផង ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​វត្តមាន​អ្នក​នាង ស្រី​មុំ បង្ហាញ​មុខ​នៅ​តុលាការ ឬ​នៅ​ទី​សាធារណៈ​ទៀត​ឡើយ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ទាំង ៦​នាក់​នោះ​មក។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​មន្ត្រី​មូលដ្ឋាន​គណបក្ស​ប្រឆាំង មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​មន្ត្រី គ.ជ.ប ផង ដំណឹង​របស់​អ្នក​នាង ខុម ចាន់តារាទី ត្រូវ​បាន​បាត់​សូន្យ។ បញ្ហា​នេះ លោក​បារម្ភ​ថា ដំណើរ​ការ​ស្វែងរក​ការ​ពិត​អាច​នឹង​មាន​ភាព​ស្រអាប់ ឬ​មាន​ភាព​មិន​ត្រឹមត្រូវ​ជាដើម៖ «ក្នុង​រឿង​ក្តី​នីមួយៗ បើ​បាត់​ភាគី​ណា​មួយ អ៊ីចឹង​ធ្វើ​ឲ្យ​ដំណើរ​ក្តី​ទៅ​មុខ​ដូច​គ្នា​ហ្នឹង ព្រោះ​គេ​អាច​កាត់​កំបាំង​មុខ​កាត់​អី​បាន ទោះ​បី​ចុង​ចម្លើយ​ក៏ដោយ ដើម​បណ្ដឹង​ក៏ដោយ គេ​អាច​កាត់​កំបាំង​មុខ​បាន។ ប៉ុន្តែ​ធ្វើ​ឲ្យ​ដូច​ខ្ញុំ​លើក​ឡើង​ខាង​ដើម​ថា ភាព​ស្រអាប់​នៃ​យុត្តិធម៌ វា​ធ្វើ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ​ពិបាក​ទទួល​យក»។


មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Saut Sokprathna


លោក​បន្ថែម​ថា ដើម្បី​ធានា​បាន​នូវ​យុត្តិធម៌​ទាំង​សង​ខាង ដំណើរ​រឿង​ក្តី​ទាំង​មូល​ត្រូវ​មាន​វត្តមាន​ទាំង​ដើម​ចោទ និង​ចុង​ចោទ ពុំ​មែន​ធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​ដើម​បណ្ដឹង ឬ​ជន​រងគ្រោះ​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃ​ទី​៦ មិថុនា។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មេធាវី​ការពារ​ក្តី​ឲ្យ​មេ​ឃុំ ស៊ាង ចែត លោក សំ សុគង់ ឲ្យ​ដឹង​ថា កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា លោក​បាន​ដាក់​លិខិត​ស្នើសុំ​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​អញ្ជើញ​នាង ស្រី​មុំ មក​សាកសួរ​បន្ថែម​នៅ​តុលាការ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា នាង​មក​កាន់​តុលាការ ឬ​មិន​មក​នោះ​ទេ។ លោក​បន្ត​ថា ដោយសារ​ខាង​ក្រុម​មេធាវី​លោក​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ ដូច្នេះ​លោក​មិន​បាន​ដឹង​ដំណឹង​អំពី​នាង ស្រី​មុំ ឬ​ភាគី​ជន​រងគ្រោះ​ឡើយ។ លោក​យល់​ថា សំណុំ​រឿង​នេះ តួអង្គ​សំខាន់ គឺ​ដើម​បណ្ដឹង ឬ​ជន​រងគ្រោះ ហើយ​ប្រសិន​គ្មាន​វត្តមាន​នាង ស្រី​មុំ ដំណើរ​ការ​ក្តី គឺ​មិន​មាន​ន័យ​អ្វី​ទេ៖ «អ៊ីចឹង​ខ្ញុំ​គិត​ថា បើ​សិន​ជា​អវត្តមាន ឬ​មិន​ឃើញ​ជន​រងគ្រោះ​នៅ​ពេល​នីតិវិធី​តុលាការ​ទេ ខ្ញុំ​គិត​ថា​ការ​ដែល​ដំណើរ​ការ​នីតិវិធី​ទៅ​ហ្នឹង គឺ​មិន​មាន​ន័យ​អី​ទេ ដោយសារ​តែ​ជន​រងគ្រោះ​ហ្នឹង គាត់​មិន​បាន​ធ្វើ​ជា​សាក្សី​សំខាន់​នៅ​ក្នុង​រឿង​ហ្នឹង»។

ទោះ​បី​យ៉ាង​ណា មេធាវី​ការពារ​ក្តី​ឲ្យ​មេ​ឃុំ ស៊ាង ចែត ដដែល​អះអាង​ថា ប្រសិន​នៅ​ក្នុង​ដំណាក់​កាល​ជំនុំ​ជម្រះ​លើ​អង្គ​សេចក្តី​នៅ​តែ​មិន​មាន​វត្តមាន​ដើម​បណ្ដឹង ឬ​ជន​រងគ្រោះ ក្រុម​មេធាវី​លោក នឹង​ដាក់​លិខិត​ស្នើ​ទៅ​តុលាការ​បន្ថែម​ទៀត ធ្វើ​យ៉ាង​ណា​ត្រូវ​កោះ​ហៅ​នាង ស្រី​មុំ មក​សាកសួរ​នៅ​មុខ​អង្គ​ជំនុំ​ជម្រះ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​អ្នក​ជាប់​ឃុំ​ទាំងអស់​នោះ៕

No comments: