A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 8 June 2016

ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម​ខ្លាច​អាជ្ញាធរ​ខ្មែរ​ចាប់​បញ្ជូន​ទៅ​វៀតណាម​វិញ


ដោយ យាង សុជាមេត្តា
2016-06-07

ម៉ុងតាញ៉ា-វៀតណាម ២០១៦ ៨៥៥
ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta
 RFA/Yeang Socheametta


ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម បារម្ភ​ខ្លាច​អាជ្ញាធរ​ខ្មែរ​ចាប់​បញ្ជូន​ខ្លួន​ពួក​គេ​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ។ ការ​បារម្ភ​ជា​ថ្មី​ទៀត​នេះ នៅ​ពេល​នាយក​មន្ទីរ​នគរបាល​ខេត្ត​យ៉ាឡាយ (Gia Lai) ប្រទេស​វៀតណាម បាន​ចុះ​មក​ដល់​កន្លែង​ស្នាក់នៅ​របស់​ជនជាតិ​ម៉ុងតាញ៉ា នៅ​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា ក្នុង​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

នេះ​ជា​លើក​ទី​មួយ​ដែល​មាន​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​នៃ​ខេត្ត​យ៉ាឡាយ របស់​វៀតណាម មក​ដល់​អគារ​ស្នាក់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ដើម្បី​សួរ​នាំ​ពួក​គេ។

ជនជាតិ​ម៉ុងតាញ៉ា ឲ្យ​ដឹង​ថា ពេល​មន្ត្រី​នគរបាល​វៀតណាម ចុះ​សួរ​នាំ​ពួក​គេ ក៏​មាន​វត្តមាន​មន្ត្រី​នគរបាល​កម្ពុជា និង​មន្ត្រី​អង្គការ​សហប្រជាជាតិ ផង​ដែរ។



ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​អគារ​ស្នាក់នៅ​ដែល​ជា​ផ្ទះ​ល្វែង ៣​ខ្នង​ជាប់​គ្នា​នៅ​ក្នុង​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ នៅ​រសៀល​ថ្ងៃ​ទី​៧ មិថុនា ជនជាតិ​ម៉ុងតាញ៉ា ដែល​ភាគ​ច្រើន​ចេះ​និយាយ​ភាសា​វៀតណាម ឲ្យ​ដឹង​ថា ពេល​នាយក​មន្ទីរ​នគរបាល​ខេត្ត​យ៉ាឡាយ ចុះ​ជួប​ពួក​គេ មន្ត្រី​នគរបាល​រូប​នេះ​បាន​និយាយ​លួង​លោម​ឲ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ប្រទេស​វៀតណាម វិញ ដោយ​សន្យា​ថា​នឹង​មិន​ធ្វើ​បាប​ពួក​គេ​ឡើយ។

ទោះ​ជា​បែប​នេះ​ក្តី ជនជាតិ​ម៉ុងតាញ៉ា ជិត ១៥០​នាក់​នោះ​និយាយ​ថា ពួក​គេ​មិន​ជឿ​លើ​សម្ដី​លួង​លោម​បញ្ចុះ​បញ្ចូល​របស់​មន្ត្រី​នគរបាល​រូប​នោះ​ឡើយ។ ពួក​គេ​យល់​ថា នេះ​គ្រាន់​តែ​ជា​ល្បិច​របស់​រដ្ឋាភិបាល​វៀតណាម ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​ពេល​ទៅ​ដល់​ប្រទេស​វៀតណាម ហើយ ពួក​គេ​អាច​ប្រឈម​នឹង​ការ​ធ្វើ​បាប ឬ​ការ​ចាប់​ដាក់​គុក​ដោយ​អាជ្ញាធរ​វៀតណាម ក៏​ថា​បាន។

ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ទាំងអស់​នេះ​ដែល​កន្លង​មក​តែង​បារម្ភ​ខ្លាច​អាជ្ញាធរ​ខ្មែរ​ចាប់​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ​នោះ និយាយ​ថា ពេល​នេះ​ពួក​គេ​រឹត​តែ​បារម្ភ​ជាង​ពេល​មុន​ទៀត ដោយ​ហេតុ​ថា នគរបាល​វៀតណាម បាន​ស្គាល់​កន្លែង​ស្នាក់នៅ​របស់​ពួក​គេ​អស់​ហើយ ខ្លាច​ថ្ងៃ​ណា​មួយ​ពិសេស​នៅ​ពេល​យប់ នគរបាល​វៀតណាម មក​ចាប់​ពួក​គេ​ច្រក​ចូល​ឡាន​នាំ​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម វិញ។ ពេល​នោះ ពួក​គេ​ប្រាកដ​ជា​មិន​បាន​សុខ​ឡើយ។

ពួក​គេ​ចាត់​ទុក​ការ​ចុះ​មក​ដល់​កន្លែង​ស្នាក់នៅ​ដោយ​នគរបាល​វៀតណាម ពេល​នេះ ថា​ជា​ការ​គំរាម​កំហែង​មួយ។ ពួក​គេ​ទទូច​សុំ​រដ្ឋាភិបាល​កម្ពុជា កុំ​ឲ្យ​ចាប់​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​វៀតណាម វិញ និង​ស្នើ​ឲ្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ជួយ​ធ្វើ​យ៉ាង​ណា ឲ្យ​ពួក​គេ​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន ដើម្បី​អាច​ឲ្យ​ពួក​គេ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣។

ប្រធាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុខវិជ្ជា មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ពី​ការ​ចុះ​ជួប​ជនជាតិ​ម៉ុងតាញ៉ា ដោយ​នគរបាល​វៀតណាម ឡើយ៖ «ខ្ញុំ​អត់​ដែល​ទទួល​បាន​ព័ត៌មាន​អី​ទេ ព្រោះ​ខាង​នេះ រឿង​គឺ​ថ្នាក់ Politics (នយោបាយ) ថ្នាក់​ដឹក​នាំ​លោក​ជជែក​គ្នា តែ​ខាង​ពួក​ខ្ញុំ​មន្ត្រី​អនុវត្ត អត់​ដែល​ដឹង​កិច្ចការ​ហ្នឹង ខាង UN គេ​មិន​ដែល​មាន​ទាក់ទង​ទេ គ្រាន់​តែ​ថា​ឲ្យ​កម្ពុជា អនុវត្ត​តាម​គោលការណ៍​ច្បាប់​ដែល​កម្ពុជា មាន​អនុលោម​ទៅ​តាម​ច្បាប់​អន្តរជាតិ»។

ចំណែក​មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​ប្រចាំ​តំបន់​របស់ យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) អ្នកស្រី វីវៀន តាន់ (Vivian Tan) បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី​៧ មិថុនា ថា មន្ត្រី យូ.អិន.អេច្ឆ.ស៊ី.អ ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​ចុះ​ទៅ​ជួប​ជនជាតិ​ម៉ុងតាញ៉ា ដើម្បី​ចែក​អំណោយ​ដល់​ជនជាតិ​ម៉ុងតាញ៉ា ទាំងអស់​នោះ។ ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា អង្គការ​សហប្រជាជាតិ មិន​មែន​ជា​អ្នក​រៀបចំ ហើយ​ក៏​មិន​គាំទ្រ​ការ​ចុះ​ជួប​នោះ​ដែរ ប៉ុន្តែ​ការ​ដែល​មាន​មន្ត្រី​របស់ យូ.អិន.អេច្ឆ.ស៊ី.អ ចុះ​ទៅ​ជាមួយ​នគរបាល​វៀតណាម គឺ​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ប៉ុណ្ណោះ។ អ្នកស្រី​បន្ថែម​ថា គ្មាន​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ណា​មួយ គួរ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ជួប​តំណាង​រដ្ឋាភិបាល ដែល​ពួក​គេ​ចោទ​ថា ជា​អ្នក​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួក​គេ​នោះ​ទេ។

ឆ្លើយ​នឹង​សំណួរ​ទាក់ទង​ការ​បារម្ភ​របស់​ជនជាតិ​ម៉ុងតាញ៉ា ចំពោះ​ការ​ចាប់​បញ្ជូន​ខ្លួន​ទៅ​វៀតណាម វិញ អ្នកស្រី វីវៀន តាន់ អះអាង​ថា គ្មាន​ជន​ណា​ម្នាក់​គួរ​ត្រូវ​គេ​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​ទីកន្លែង​ដែល​ជីវិត និង​សេរីភាព​របស់​ពួក​គេ​ជួប​នឹង​គ្រោះថ្នាក់​នោះ​ឡើយ។

ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ឬ​វៀតណាម ហៅ​ថា ងើយ ទឿង (người Thượng) គឺ​ជា​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ក្នុង​តំបន់​ភ្នំ​ក្នុង​ខេត្ត​យ៉ាឡាយ (Gia Lai) ខេត្ត​ដាក់ឡាក់ (Dak Lak) និង​ខេត្ត​កនតុំ (Kon Tum) ដែល​ឋិត​នៅ​ប៉ែក​កណ្ដាល​ប្រទេស​វៀតណាម ជាប់​ព្រំប្រទល់​នឹង​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី របស់​កម្ពុជា។

ចាប់​ពី​ចុង​ឆ្នាំ​២០១៤ មក មាន​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ជាង ២០០​នាក់ បាន​នាំ​គ្នា​រត់​កាត់​ព្រៃ​ឆ្លង​ដែន​ចូល​ទឹក​ដី​កម្ពុជា ជា​បន្តបន្ទាប់ ដើម្បី​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​វៀតណាម និង​ដើម្បី​ឲ្យ​អង្គការ​សហប្រជាជាតិ ជួយ។ ក្នុង​ចំណោម​ពួក​គេ​ទាំងអស់​នោះ ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ។ ប៉ុន្តែ​មាន ១៣​នាក់​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ទទួល​ស្គាល់​ថា មាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​២០១៦។ ពួក​គេ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ បញ្ជូន​ទៅ​កាន់​ប្រទេស​ហ្វីលីពីន (Philippines) កាល​ពី​ថ្ងៃ​ទី​២៧ ឧសភា កន្លង​ទៅ។ ចំណែក​ជនជាតិ​ម៉ុងតាញ៉ា ១៩៤​នាក់​ផ្សេង​ទៀត កំពុង​ស្ថិត​ក្នុង​ការ​កំណត់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ដោយ​អាជ្ញាធរ​ខ្មែរ​នៅ​ឡើយ។ អ្នកស្រី វីវៀន តាន់ ឲ្យ​ដឹង​ថា ពួក​គេ​មួយ​ចំនួន​បាន​ឆ្លង​កាត់​ការ​សម្ភាស​ដើម្បី​កំណត់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​រួច​ហើយ តែ​អ្នកស្រី​មិន​ទាន់​ឲ្យ​ដឹង​ពី​លទ្ធផល​នោះ​ឡើយ។

កន្លង​មក អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​រិះគន់​ប្រទេស​វៀតណាម ដែល​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​ម៉ុងតាញ៉ា។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កុំ​ឲ្យ​ចាប់​បញ្ជូន​ខ្លួន​ពួក​គេ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ៕

No comments: