A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 16 June 2016

គ្រួសារ​ស្ត្រី​ចាញ់​បោក​មេ​ខ្យល់​រៀបការ​ទៅ​ចិន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​សង្គ្រោះ​កូន​ស្រី​មក​វិញ


ដោយ ថា កិត្យា

ស្ត្រី​ចាញ់​បោក​មេខ្យល់​ទៅ​ចិន ៦២០
ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Saut Sokprathna


អាណាព្យាបាល​ស្ត្រី​ខ្មែរ​ដែល​អះអាង​ថា កូន​ស្រី​បាន​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​​ជាមួយ​បុរស​ជនជាតិ​ចិន បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ជួយ​សង្គ្រោះ និង​បញ្ជូន​កូន​ស្រី​ពី​ប្រទេស​ចិន វិល​មក​កម្ពុជា វិញ។ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ថា កំពុង​សហការ​ជាមួយ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល​វេលា។

មូលហេតុ​បណ្ដាល​ឲ្យ​ស្ត្រី​ខ្មែរ​ដែល​រៀបការ និង​ទៅ​រស់​នៅ​ប្រទេស​ចិន ចង់​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​នោះ ដោយសារ​ទទួល​រង​ទារុណកម្ម និង​ធ្វើ​បាប​ស្ទើរ​សព្វ​បែប​យ៉ាង​ពី​សំណាក់​ជនជាតិ​ចិន ដែល​បាន​យក​ទៅ។

​លោកស្រី មឿក អាន រស់​នៅ​ឃុំ​ស្មោងខាងជើង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ដែល​ត្រូវជា​ម្ដាយ​ស្ត្រី​ខ្មែរ​រង​គ្រោះ​ឈ្មោះ បួ សំអូន រៀបរាប់​ថា កូន​ស្រី​របស់​​គាត់​ត្រូវ​មេ​ខ្យល់​ឆបោក​នាំ​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន រយៈពេល​បី​ឆ្នាំ​ហើយ។ លោកស្រី​បន្ត​ថា កូន​ស្រី​របស់​គាត់​បាន​បាត់​ដំណឹង​សូន្យឈឹង ហើយ​ទើប​មាន​ទំនាក់ទំនង​ឡើង​វិញ ដោយ​ប្រាប់​ឲ្យ​ម្ដាយ​ប្ដឹង​ទៅ​អាជ្ញាធរ​ដើម្បី​ជួយ​សង្គ្រោះ​ត្រឡប់​មក​ស្រុក​កំណើត​វិញ៖ «ប្ដី​ធ្វើ​បាប​ណាស់ ហើយ​ម្ដាយ និង​ឪ​ក្មេក​ជាដើម វាយ​ធ្វើ​បាប​គ្នា​មួយ​ថ្ងៃ​បី​ដង ហើយ​ខាំ​ដៃ។ ឥឡូវ​នេះ​គ្នា​ឡេឡឺ​ហើយ។ គេ​ចាប់​បញ្ច្រក​ថ្នាំ​អី​ទេ នាំ​ឲ្យ​បាក់​ធ្មេញ​មុខ​អស់​ហើយ»។

​លោកស្រី​រៀបរាប់​ថា មូលហេតុ​ដែល​កូន​ស្រី​សម្រេច​ចិត្ត​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នោះ ព្រោះ​លង់​ជឿ​តាម​មេ​ខ្យល់​ថា បាន​លុយ​កាក់​ច្រើន​សម្រាប់​ជួយ​គ្រួសារ ខណៈ​ពួក​គាត់​កំពុង​មាន​ជីវភាព​ក្រ​ខ្សត់។



​លោកស្រី មឿក អាន បាន​បញ្ជាក់​ថា គាត់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​តាំង​ពី​ភូមិ-ឃុំ រហូត​ដល់​ខេត្ត និង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ផង​ដែរ ដើម្បី​ជួយ​ពន្លឿន​ការ​សង្គ្រោះ​កូន​ស្រី​របស់​គាត់​ឲ្យ​បាន​មក​ស្រុក​ខ្មែរ​វិញ។

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​ខេត្ត​ព្រៃវែង បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា។

​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី មាន​ប្រសាសន៍​ថា អាដហុក កំពុង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល​វេលា៖ «អាដហុក នឹង​ទាក់ទង​ទៅ​ស្ថាប័ន​នានា ដើម្បី​ជួយ​អន្តរាគមន៍​ឲ្យ​ជន​រងគ្រោះ​បាន​ត្រឡប់​មក​វិញ​ឆាប់ៗ គឺ​យើង និង​រដ្ឋាភិបាល ជួយ​ជន​រងគ្រោះ​ដូច​គ្នា។ ខាង​រដ្ឋាភិបាល​គាត់​ជួយ​តាម​រយៈ​ខ្សែ​រយៈ​របស់​គាត់ ហើយ​ខាង​យើង​ក៏​ទាក់ទង​ជាមួយ​គាត់ ដើម្បី​រុញ​រឿង​នេះ ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ជន​រងគ្រោះ​មក​វិញ​រហ័ស​ដោយ​សុវត្ថិភាព»។

​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លើក​ឡើង​ថា កត្តា​សំខាន់​ដែល​នាំ​ឲ្យ​ស្ត្រី​ខ្មែរ​នៅ​តែ​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ ឬ​យក​ប្ដី​ជនជាតិ​ចិន នោះ គឺ​ផ្ដើម​ចេញ​ពី​ភាព​ក្រីក្រ ខ្វះ​ការ​អប់រំ ការ​ទួល​យក​ព័ត៌មាន​មិន​គ្រប់គ្រាន់ ខ្វះ​ទីផ្សារ​ការងារ​ក្នុង​ស្រុក ការ​ជំពាក់​បំណុល​ធនាគារ និង​មួយ​ផ្នែក​ទៀត គឺ​ការ​ស្រមើស្រមៃ​របស់​ស្ត្រី​ទាំង​នោះ ថា​នឹង​បាន​ប្ដី​សម​ប្រកប​ជាដើម។

អ្នកស្រី​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​ទាល់​តែ​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ និង​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់៖ «សំខាន់ គឺ​ធ្វើ​ឲ្យ​គ្រួសារ​គាត់​ល្អ​ជាង​មុន ហើយ​ពួក​គាត់​មាន​ប្រាក់​ខែ​សមរម្យ ហើយ​តម្លៃ​កសិផល ហើយ​គាត់​ធ្វើ​ស្រែ​មិន​ធ្វើ​តាម​យថាផល។ អ៊ីចឹង​គឺ​កាលណា​គាត់​មាន​ប្រាក់​ចំណូល​គ្រប់គ្រាន់ គឺ​ពួក​គាត់​លែង​ចំណាក​ស្រុក​ហើយ»។

​មន្ត្រី​សិទ្ធិ​មនុស្ស​រាយការណ៍​ថា ស្ត្រី​ខ្មែរ​ភាគ​ច្រើន​ដែល​ត្រូវ​បាន​មេ​ខ្យល់​លួង​លោម​នាំ​ខ្លួន​ទៅ​លក់​ឲ្យ​បុរស​ជនជាតិ​ចិន ទិញ​ធ្វើ​ប្រពន្ធ ឬ​ទិញ​ទុក​សម្រាប់​ធ្វើ​ខ្ញុំ​បម្រើ​នៅ​ក្នុង​គ្រួសារ​ជនជាតិ​ចិន តែង​តែ​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​ផ្លូវ​កាយ ផ្លូវ​ចិត្ត ផ្លូវ​ភេទ បង្អត់​អាហារ ការ​ឃុំ​ខ្លួន​ឲ្យ​នៅ​តែ​ក្នុង​បន្ទប់ និង​ការ​បង្ខំ​ឲ្យ​ធ្វើការ​ផ្ទះ​ដូចជា​ទាសករ ជាដើម។

​ជុំវិញ​បញ្ហា​នេះ ក្រសួង​ការ​បរទេស កន្លង​មក​បាន​អំពាវនាវ​ដល់​ឪពុក​ម្ដាយ អាណាព្យាបាល និង​ស្ត្រី​ខ្មែរ​ដែល​ជា​ជន​ងាយ​រងគ្រោះ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ កុំ​បន្ត​ចាញ់​បោក​តាម​ការ​អូស​ទាញ​បញ្ចុះបញ្ចូល​ពី​សំណាក់​មេ​ខ្យល់ ដែល​ប៉ុនប៉ង​នាំ​មនុស្ស​ទៅ​ធ្វើ​ការ ឬ​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន ដោយ​សន្យា​ថា នឹង​ទទួល​បាន​លាភសក្ការៈ ប្រាក់កាស​ជាច្រើន​ឲ្យ​សោះ៕

No comments: