A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 16 June 2016

បក្ស​ប្រឆាំង​ស្នើ​អាល្លឺម៉ង់​ឲ្យ​ជួយ​អន្តរាគមន៍​​​វិបត្តិ​នយោបាយ​នៅ​កម្ពុជា


ដោយ ម៉ម មុនីរតន៍
2016-06-15

កឹម សុខា ២០១៦ ៨៥៥
ប្រធាន​ស្ដីទី​គណបក្សប្រឆាំង លោក កឹម សុខា (ស្ដាំ) ជួប​រដ្ឋមន្ត្រី​ក្រសួង​កិច្ច​សហប្រតិបត្តិការ សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ នៃ​ប្រទេស​អាល្លឺម៉ង់ (Germany) លោក ហ្គឺត មូល័រ (Gerd Muller) (ឆ្វេង) នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១៦។ RFA/Morm Moniroth
 RFA/Morm Moniroth



មេដឹកនាំ​គណបក្ស​ប្រឆាំង​អះអាង​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បច្ចុប្បន្ន កំពុង​មាន​ភាព​ដុនដាប​ដែល​អាច​នឹង​ឈាន​ទៅ​រក​វិបត្តិ​ផ្នែក​នយោបាយ។ ការ​ថ្លែង​បែប​នេះ ក្នុង​ពេល​ដែល​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង ជួប​ទ្វេភាគី​ជា​មួយ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​ប្រទេស​អាល្លឺម៉ង់ (Germany)។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​ប្រទេស​អាល្លឺម៉ង់ ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​បញ្ហា​កំពុង​ប្រឈម​ដែល​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា គឺ​ជា​វិបត្តិ​នយោបាយ​ដែល​កំពុង​មាន​ស្ថានភាព​អាប់អួ​ទៅៗ។

ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​កិច្ច​ប្រជុំ​បិទទ្វារ​បាន​បិទ​បញ្ចប់​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​អះអាង​ថា នៅ​ក្នុង​ជំនួប​ទ្វេភាគី​គឺ​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ កម្ពុជា​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​ស្មុគស្មាញ និង​ឧបសគ្គ​បំផុត ជា​ពិសេស​ការ​មិន​ចុះ​សម្រុង​នឹង​គ្នា​ផ្នែក​នយោបាយ។ មិន​តែ​ប៉ុណ្ណោះ គណបក្ស​នយោបាយ​ទាំង​ពីរ​មក​ដល់​ពេល​នេះ​ទៅ​ហើយ គឺ​នៅ​មិន​ទាន់​អាច​អង្គុយ​លើ​តុ​ចរចា ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ដែល​កំពុង​មាន​ភាព​ប្រេះឆា​នេះ​បាន​នៅ​ឡើយ​ទេ។



លោក យឹម សុវណ្ណ ចាត់​ទុក​ជំនួប​ទ្វេ​ភាគី​នៅ​ពេល​នេះ​ថា នឹង​អាច​ជួយ​ស្ដារ​ស្ថានភាព​នយោបាយ​ដែល​កំពុង​មាន​វិបត្តិ​​នៅ​ពេល​នេះ​បាន​មួយ​ផ្នែក។ លោក​បន្ត​ថា «ប្រទេស​អាល្លឺម៉ង់ ក៏ដូចជា​សហគមន៍​អន្តរជាតិ និង​សហគមន៍​អឺរ៉ុប មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជា​ចុង​ក្រោយ លោក​បាន​និយាយ​ពាក្យ​យ៉ាង​ខ្លី​បំផុត​ថា ស្ថានទូត​អាល្លឺម៉ង់ នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​ដាន​ស្ថានការណ៍​ដែល​វិវឌ្ឍន៍​ទៅ​ភាព​គ្រោះ​ថ្នាក់​នេះ។ គាត់​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា សិទ្ធិ​មនុស្ស និង​សិទ្ធិ​គណបក្ស​ប្រឆាំង ត្រូវ​តែ​បាន​ការពារ»។

ជំនួប​ទ្វេ​ភាគី​ដែល​ប្រើ​ពេល​មិន​បាន​មួយ​ម៉ោង​ស្រួលបួល​ផង​នោះ រដ្ឋមន្ត្រី​ក្រសួង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​របស់​ប្រទេស​អាល្លឺម៉ង់ លោក ហ្គឺត មូល័រ (Gerd Muller) សន្យា​ថា នឹង​ពិនិត្យ​យ៉ាង​ល្អិតល្អន់​អំពី​បញ្ហា និង​ព័ត៌មាន​លម្អិត​ក្នុង​រយៈពេល​នៃ​ការ​បំពេញ​ទស្សនកិច្ច​នេះ ហើយ​ដាក់​របាយការណ៍​ជូន​បណ្ដា​ប្រទេស​ទាំង ២៨ នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ ប្រតិភូ​ប្រទេស​អាល្លឺម៉ង់ ដែល​បំពេញ​ទស្សនកិច្ច​​នេះ ក៏​នឹង​ជួប​សន្ទនា​ដែរ​ជាមួយ​រដ្ឋាភិបាល។

ជុំវិញ​វិបត្តិ​នយោបាយ​នេះ កន្លង​ទៅ​សហភាព​អឺរ៉ុប​ បាន​ព្រមាន​កាត់​ជំនួយ​មក​កម្ពុជា។ ទាំង​សហគមន៍​អន្តរជាតិ មាន​ស្ថានទូត​សហរដ្ឋអាមេរិក ព្រម​ទាំង​សហភាព​អឺរ៉ុប​ជាដើម សុទ្ធ​តែ​យល់​ឃើញ​ថា ស្ថានភាព​នៅ​កម្ពុជា ផ្ដើម​ចេញ​ពី​ជម្លោះ​នយោបាយ គឺ​មិន​អំណោយ​ផល​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍​ជា​និច្ច​ចំពោះ​កិច្ច​សន្ទនា​ផ្នែក​នយោបាយ។ ក៏ប៉ុន្តែ​លោក ហ៊ុន សែន បាន​ព្រមាន​បិទ​ផ្លូវ​ចរចា ប្រសិន​បើ​ការ​ចរចា​ក្នុង​ដំណោះស្រាយ​នយោបាយ​នោះ ក្ដោប​លើ​យុត្តាធិការ​របស់​តុលាការ និង​លើក​យក​សំណុំ​រឿង​អ្នក​ជាប់​ឃុំ​មក​ដាក់​សម្ពាធ​លើ​ដៃ​គូ។

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បក្ស​នយោបាយ​ទាំង​ពីរ​ហាក់​មើល​មុខ​គ្នា​លែង​ចំ​ទៅ​ហើយ។ក្រោយ​ពី​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ត្រូវ​ជាប់​បណ្ដឹង​តាម​ផ្លូវ​តុលាការ​ជា​ហូរហែ​មក បញ្ហា​ការ​ខ្វែង​គំនិត​គ្នា​ផ្លូវ​នយោបាយ​បាន​​ក្លាយ​ជា​ចំណោទ​ដ៏​ស្មុគស្មាញ និង​បាន​រុញ​ច្រាន​ស្ថានការណ៍​បង្ក​ទៅ​ជា​តានតឹង​ឡើងៗ។

ជា​ញឹកញាប់​បក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​តែង​ប្រើប្រាស់​តុលាការ​ធ្វើ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​រុញ​ឲ្យ​បក្ស​ប្រឆាំង​ឲ្យ​ចុះ​ខ្សោយ។ ប៉ុន្តែ​រដ្ឋាភិបាល​វិញ តែង​ច្រាន​ចោល​ជានិច្ច ហើយ​យល់​ឃើញ​ថា បក្ស​ប្រឆាំង​ទៅ​វិញ​ទេ​គឺ​ជា​អ្នក​បង្ក​បញ្ហា។

អ្នក​ឃ្លាំមើល​ការ​វិវត្ត​នយោបាយ​យល់​ឃើញ​ថា ប្រសិន​បើ​បក្ស​ទាំង​ពីរ​នៅ​តែ​ប្រកាន់​ជំហរ​បែប​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ចុះ​ខ្សោយ។ ម្យ៉ាង​វិញ​ទៀត ជម្លោះ​នេះ​នឹង​ជះ​ឥទ្ធិពល​កាន់​តែ​អាក្រក់​ទៅ​ដល់​វិស័យ​សេដ្ឋកិច្ច ទេសចរណ៍ និង​ការ​វិនិយោគ។

ជុំវិញ​ជំនួប​ទ្វេ​ភាគី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា វិញ គណបក្ស​ប្រឆាំង​ក៏​បាន​ស្នើ​ឲ្យ​ប្រទេស​អាល្លឺម៉ង់ លើក​យក​បញ្ហា​របស់​កម្ពុជា ដែល​កំពុង​ប្រឈម​នេះ ដាក់​បញ្ចូល​ទៅ​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​ក្នុង​ក្របខ័ណ្ឌ​ជា​អន្តរជាតិ រួច​បញ្ចូល​បក្ស​នយោបាយ​ទាំង​ពីរ​នេះ​ផង។

ឆ្លើយ​តប​សំណើ​របស់​បក្ស​ប្រឆាំង​នេះ លោក យឹម សុវណ្ណ បញ្ជាក់​ថា ប្រតិភូ​អាល្លឺម៉ង់ សន្យា​ថា នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ក្នុង​កិច្ច​អន្តរាគមន៍​របស់​ខ្លួន​ទៅ​តាម​សំណើ​របស់​បក្ស​សង្គ្រោះ​ជាតិ៕

No comments: