A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 7 June 2016

ACU បដិសេធ​មិន​ចាត់​ការ​បណ្ដឹង​ថ្មី​ដែល​ប្ដឹង​លោក កឹម សុខា និង​មន្ត្រី​គ.ជ.ប ៤​រូប



ACU បដិសេធ​មិន​ចាត់​ការ​បណ្ដឹង​ថ្មី​ដែល​ប្ដឹង​លោក កឹម សុខា និង​មន្ត្រី​គ.ជ.ប ៤​រូប
ដោយ ម៉ម មុនីរតន៍
2016-06-06

ឱម យ៉ិនទៀង ២០១៦ ៨៥៥
ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង (រូប​កណ្ដាល) ស្ដាប់​សាក្សី​ផ្ដល់​ចម្លើយ​លើ​បណ្ដឹង​របស់​ខ្លួន នា​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃ​ទី៦ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Morm Moniroth
 RFA/Morm Moniroth


ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​បដិសេធ​ភ្លាមៗ​មិន​ចាត់​វិធានការ​ប្រឆាំង​លោក កឹម សុខា លើ​បណ្ដឹង​របស់​ស្ត្រី​ឈ្មោះ កែវ សុវណ្ណារី ដែល​អះអាង​ថា​ជា​ស្ត្រី​កំណាន់​របស់​លោក កឹម សុខា។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ បណ្ដឹង​របស់​លោក រស់ សារ៉ុម ដែល​ជា​ប្រធាន​សមាគម​ជ័យ​លាភី​បញ្ញាជន​កម្ពុជា វិញ ដែល​ប្ដឹង​មន្ត្រី គ.ជ.ប ៤​រូប ក៏​អង្គភាព​នេះ​មិន​ចាត់​វិធានការ​ដែរ។

ការ​លិច​មុខ​ជា​ថ្មី​ទៀត​នៅ​ពេល​នេះ​របស់​លោកស្រី កែវ សុវណ្ណារី ដែល​ជាប់​ទាក់ទិន​រឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា កាល​ពី ៤​ឆ្នាំ​មុន​នោះ បាន​អង្រួន​សង្វៀន​ឆាក​នយោបាយ​ឲ្យ​កក្រើក​ឡើង​វិញ ខណៈ​សំណុំ​រឿង​ថ្មី​របស់​លោក កឹម សុខា ជាមួយ​អ្នក​នាង ខុម ចាន់តារាទី នៅ​មិន​ទាន់​បាន​ស្ងប់​នៅ​ឡើយ​ផង​នោះ។

ប៉ុន្តែ​ការ​បង្ហាញ​វត្តមាន​ជា​ថ្មី​ឡើង​វិញ​របស់​លោកស្រី កែវ សុវណ្ណារី និង​ម្ដាយ​នៅ​ពេល​នេះ គឺ​ពុំ​មែន​ដូច​មុន​ទៀត​ឡើយ ពោល​គឺ​ត្រូវ​អម​ដោយ​មនុស្ស​មួយ​ក្រុម​ដែល​ជា​ក្រុម​យុវជន​របស់​លោក ស្រី ចំរើន វិញ​ម្ដង។ គេ​សង្កេត​មើល​ទៅ ក្រុម​នេះ​ហាក់​ដូចជា​ប្រយ័ត្នប្រយែង​ណាស់​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ជួប​អ្នក​កាសែត។



យ៉ាង​ណា ការ​ចំណាយ​ពេល​ប្រមាណ ៤​ម៉ោង ដែល​ជជែក​ដេញដោល​ផ្ទាល់​មាត់ លោក ឱម យ៉ិនទៀង បាន​ទម្លាក់​ចោល​បណ្ដឹង​ទាំង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ក្នុង​ចំណោម​បណ្ដឹង​ដទៃ​ទៀត​ដែល​អង្គភាព​នេះ​លើក​យក​មក​ជំនុំ​ជម្រះ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មិថុនា។

ថ្លែង​នៅ​ចំពោះ​មុខ​អង្គ​ប្រជុំ​នា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មិថុនា លោក ឱម យ៉ិនទៀង និយាយ​ថា សំណុំ​រឿង​ដែល​ប្ដឹង​ឲ្យ​អង្គភាព​ចាត់​វិធានការ​លើ​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង ក្រោម​បទ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នោះ គឺ​វា​ផ្ទុយ​ពី​អ្វី​ដែល​អង្គភាព​នេះ​ត្រូវ​ដំណើរ​ការ​ក្ដី​ទៅ​វិញ។ លោក​បន្ត​ថា បើ​ពិនិត្យ​លើ​អង្គ​ហេតុ​ក្នុង​សំណុំ​រឿង​នេះ គឺ​រក​ពុំ​ឃើញ​ធាតុ​ផ្សំ​នៃ​បទល្មើស ដែល​ចាត់​ទុក​ថា​ជា​ប្រភេទ​នៃ​ទម្រង់​អំពើ​ពុក​រលួយ​ណា​មួយ​នោះ​ទេ។ លោក​បន្ត​ថា «ចំពោះ​មុខ​ភ្លាមៗ​នេះ អង្គភាព​យល់​ឃើញ​ថា អង្គភាព​មិន​អាច​យក​បណ្ដឹង​នេះ​ចាត់ការ​បាន​ទេ ព្រោះ​មិន​មាន​ជាប់​ទាក់ទង​ផ្ទាល់​រឿង​សមត្ថកិច្ច។ បើ​ថា​ពាក់ព័ន្ធ​ផ្ទាល់​ទៀត ក៏​យើង​បើក​ការ​ចោទ​ប្រកាន់​មិន​បាន​ទៀត ដោយសារ​ឯកឧត្ដម កឹម សុខា គាត់​នៅ​មាន​អភ័យ​ឯកសិទ្ធិ»។

ហេតុផល​ដែល​ស្ត្រី​ឈ្មោះ កែវ សុវណ្ណារី ប្ដឹង​លោក កឹម សុខា នៅ​ពេល​នេះ​ទៀត គឺ​ចោទ​ប្រកាន់​ថា ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទាក់ទង​រឿង​កាល​ពី ១៧​ឆ្នាំ​មុន គឺ​មុន​លោក កឹម សុខា បាន​ល្បី​ឈ្មោះ​នៅ​ពេល​នេះ។ លោកស្រី កែវ សុវណ្ណារី ចោទ​ប្រកាន់​ថា អនុប្រធាន​បក្ស​ប្រឆាំង បាន​ល្បួង​គ្រួសារ​លោកស្រី​ឲ្យ​លក់​ផ្ទះ​មួយ​កន្លែង​នៅ​ម្ដុំ​វាល​ស្បូវ ក្នុង​តម្លៃ​ជាង ១​ម៉ឺន​ដុល្លារ ដើម្បី​ដំណើរ​ការ​គណបក្ស កាល​ណោះ​គឺ​គណបក្ស​សិទ្ធិ​មនុស្ស។

បើ​ទោះ​ជា​មាន​ការ​បដិសេធ​បែប​នេះ​ពី​លោក ឱម យ៉ិនទៀង ក៏ដោយ​ចុះ លោកស្រី សំ ផល្លា ដែល​អះអាង​ថា​ត្រូវ​ជា​ម្ដាយ​ក្មេក​ចុង​របស់​លោក កឹម សុខា នោះ បាន​ចោទ​ប្រកាន់​ថា តាម​ពិត លោក កឹម សុខា នៅ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​មនុស្ស​មួយ​ជាន់​ទៀត ក្នុង​ពេល​លោក​ទៅ​សហរដ្ឋ​អាមេរិក​ម្ដងៗ។ លោកស្រី​បន្ត​ថា ការ​ចេញ​ដំណើរ​ម្ដងៗ គឺ​លោក កឹម សុខា បាន​ធានា​មនុស្ស​ចេញ​ក្នុង​ម្នាក់​យក​កម្រៃ​ជើងសា ២​ម៉ឺន​ដុល្លារ ជា​ថ្នូរ​បាន​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក។ លោកស្រី​បន្ត​ថា «ចា៎! មាន​តើ! ឯកឧត្ដម។ គាត់​លើក​មុន​គាត់​ធ្លាប់​យក​មនុស្ស​ចេញ​ទៅ​ក្រៅ​ប្រទេស។ គាត់​ទៅ​ជា​លេខា​ផ្ទាល់​គាត់​អ៊ីចឹង​ទៅ។ គាត់​យក​ទៅ​ម្នាក់ ២​ម៉ឺន​ដុល្លារ​អ៊ីចឹង​ទៅ»។

ជុំវិញ​រឿង​នេះ លោក ឱម យ៉ិនទៀង សន្យា​ថា​នឹង​ពិនិត្យ​លើ​សំណុំ​រឿង​នេះ ហើយ​ស្នើ​ឲ្យ​មាន​កិច្ច​សហការ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។

ក្រៅ​ពី​នេះ​វិញ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​ទាត់​ចោល​បណ្ដឹង​ដាច់​ដោយឡែក​មួយ​ផ្សេង​ទៀត​ដែរ​របស់​លោក រស់ សារ៉ុម ដែល​ជា​ប្រធាន​សមាគម​ជ័យ​លាភី​បញ្ញាជន​កម្ពុជា។ លោក​ចាត់​ទុក​ថា បើ​បទ​ចោទ​ដោយ​គ្រាន់​តែ​សំអាង​ថា ការ​តែង​តាំង​មាន​ជាប់​សែស្រឡាយ​បក្ខពួក ឬ​សង្ស័យ​ការ​ជួប​ជុំ​របស់​មន្ត្រី គ.ជ.ប នោះ គឺ​វា​ពុំ​មែន​ជា​ដែន​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​ដំណើរ​ការ​ឡើយ។ លោក​បន្ត​ថា «ការ​ពិភាក្សា​ថ្នាក់​ដឹក​នាំ​រវាង គ.ជ.ប ជាមួយ​អគ្គលេខាធិការ​ខ្លួន​ក្នុង​ការ​រៀបចំ​តែង​តាំង។ វា​ជា​ច្បាប់ វា​ជា​ការ​តម្រូវ។ វា​ជា​គោលការណ៍​តម្លាភាព មិន​អាច​ចោទ​ថា​ជា​ការ​បែង​ចែក​អំណាច​គ្នា។ ពិត​ថា​អ្នក​នេះ​បង​ប្អូន​អ្នក​នេះ ប៉ុន្តែ​ឥត​មាន​ចូល​ទៅ​ក្នុង​មាត្រា​៥ នៃ​ច្បាប់​នៃ​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​នៃ គ.ជ.ប ទេ»។

ពាក្យ​បណ្ដឹង​របស់​សមាគម​ជ័យ​លាភី​បញ្ញាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​២ ខែ​មិថុនា គឺ​ប្ដឹង​មន្ត្រី គ.ជ.ប ចំនួន ៤​រូប ក្នុង​នោះ​មាន​លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន អនុប្រធាន និង​មន្ត្រី​ពីរ​រូប​ទៀត គឺ​លោក ម៉ៅ សុភារិទ្ធ និង​លោក ហង្ស ពុទ្ធា។

បណ្ដឹង​ដែល​ចោទ​ប្រកាន់​ថា មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ទាំង ៤​រូប​នេះ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នោះ ត្រូវ​បាន​លោក ឱម យ៉ិនទៀង បដិសេធ​មិន​ដំណើរ​ការ​ភ្លាមៗ ដោយ​សំអាង​ថា រក​ពុំ​ឃើញ​ធាតុ​ផ្សំ​នៃ​បទល្មើស​ដែល​ចាត់​ចូល​ក្នុង​ទម្រង់​នៃ​អំពើ​ពុក​រលួយ​ឡើយ៕

No comments: