A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 7 June 2016

ស្ត្រី​៧នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​សង្កាត់​ព្រៃស​ត្រូវ​បាន​ដោះលែង​វិញ


ដោយ រ៉ាន់ សំណាង
2016-06-06

ចាប់​ខ្លួន​សកម្មជន​ដីធ្លី យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ៨៥៥
សកម្មភាព​របស់​សមត្ថកិច្ច​ខណ្ឌ​ដង្កោ ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ដាក់​លើ​រថយន្ត បញ្ជូន​ទៅ​អធិការដ្ឋាន ក្នុង​ពេល​សកម្មជន​ដីធ្លី​ទាំង​នោះ ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក្រោយ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Rann Samnang
 RFA/Rann Samnang


ក្រុម​ស្ត្រី​សកម្មជន​ដីធ្លី ៦​នាក់ និង​អ្នក​សារព័ត៌មាន​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ១​នាក់ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​ពួក​គេ​ព្រម​ផ្ដិត​មេដៃ​ឈប់​ធ្វើ​សកម្មភាព​ណា​ដែល​ផ្ទុយ​ពី​ច្បាប់ នៅ​ល្ងាច​ថ្ងៃ​ទី​៦ មិថុនា។ ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដង្កោ ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ដដែល​នេះ​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។

ស្ត្រី​សកម្មជន​ដីធ្លី ៦​នាក់ និង​អ្នក​សារព័ត៌មាន​ពលរដ្ឋ ១​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដង្កោ រាប់​សិប​នាក់ ចាប់​ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ពីរ​កន្លែង​ផ្សេង​គ្នា គឺ​មួយ​កន្លែង​នៅ​តាម​ផ្លូវ​ក្រោយ​គុក​ព្រៃ​ស និង​មួយ​កន្លែង​ទៀត នៅ​ពី​មុខ​ច្រក​ចូល​គុក​ព្រៃ​ស។

សកម្មជន​ដីធ្លី ៦​នាក់​នោះ​មាន ៤​នាក់​មក​ពី​សហគមន៍ ៣​មករា គឺ​លោកស្រី ជុំ ង៉ាន់ លោកស្រី យ៉ិន ស្រ៊ីន លោកស្រី សោម សុម៉ាលី លោកស្រី ង៉ូវ ណារី ហើយ​លោកស្រី ច្រាយ នីម មក​ពី​សហគមន៍​ថ្ម​គោល អេស.អូ.អេស (S.O.S) ហើយ​និង​កញ្ញា អ៊ឹម ស្រីទូច មក​ពី​បណ្ដាញ​ស្ត្រី​អតីត​អ្នក​បឹងកក់។ ចំណែក​កញ្ញា ហឹម ស្រីមុំ ដែល​ជា​អ្នក​សារព័ត៌មាន​ពលរដ្ឋ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដែរ ខណៈ​នាង​ប្រើ​ទូរស័ព្ទ​ថត​សកម្មភាព​ចាប់​ខ្លួន​ស្ត្រី​ពីរ​នាក់​នៅ​មុខ​គុក​ព្រៃ​ស។



លោកស្រី ច្រាយ នីម ថ្លែង​ប្រាប់​អាស៊ីសេរី ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ថា សមត្ថកិច្ច​តម្រូវ​ឲ្យ​ពួក​គាត់​ផ្ដិត​មេដៃ​លើ​កំណត់​ហេតុ ដោយ​ត្រូវ​បញ្ឈប់​ធ្វើ​សកម្មភាព​ណា​ដែល​ផ្ទុយ​ពី​ច្បាប់ និង​ធ្វើ​ឲ្យ​ខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ៖ «គេ​ដាក់​ទី​១ ការ​ធ្វើ​សកម្មភាព​តវ៉ា​ហ្នឹង​ត្រូវ​សុំ​ច្បាប់​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ ឬ​អាជ្ញាធរ​ជា​មុន ដោយ​មិន​ប្រើ​ហិង្សា ហើយ​ឈប់​តវ៉ា​សកម្មភាព​ផ្សេងៗ​ចឹង។ យើង​សូម​ឲ្យ​កែ​តម្រូវ គាត់​ព្រម​កែ ឈប់​ធ្វើ​សកម្មភាព​តវ៉ា​ណា​ដែល​ខុស​នឹង​ច្បាប់ កែ​កន្លែង​ហ្នឹង។ យើង​ព្រម​ផ្ដិត​មេដៃ។ យើង​មើល​ទៅ​វា​អត់​មាន​ដាក់​សម្ពាធ​ឈប់​សកម្មភាព​រាល់​ថ្ងៃ​ច័ន្ទ​អាវ​ខ្មៅ អត់​ទេ»។

វិទ្យុ​អាស៊ីសេរី ព្យាយាម​ស្វែងរក​ការ​បំភ្លឺ​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​នេះ​ពី​អភិបាល​ខណ្ឌ​ដង្កោ លោក នុត ពុធដារ៉ា និង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ជិន ប៊ុនធឿន ដោយ​ទូរស័ព្ទ​លោក​ទាំង​ពីរ​បាន​ត្រឹម​តែ​ហៅ​ចូល តែ​មិន​មាន​អ្នក​លើក។

ចំណែក​អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ថា​ជា​ការ​បំពាន​សិទ្ធិ​មនុស្ស៖ «ចំណុច​នេះ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរ​តែ​មាន​ជា​វិធានការ​វិជ្ជមាន បំពេញ​កាតព្វកិច្ច​វិជ្ជមាន​ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចង់​បញ្ចេញ​មតិ​របស់​គេ​ហ្នឹង គឺ​អាច​ធ្វើ​ទៅ​បាន ហើយ​រដ្ឋាភិបាល​ត្រូវ​ទទួល​ស្ដាប់ គេ​ចង់​បាន​អ្វី​រឿង​ហ្នឹង ហើយ​បើ​កាល​គេ​យល់​ថា​អយុត្តិធម៌ តើ​រដ្ឋាភិបាល​គួរ​ឆ្លើយ​តប​យ៉ាង​ណា​ទៅ​នឹង​អ្វី​ដែល​គេ​ចង់​បាន»។

នេះ​ជា​លើក​ទី​បី​ហើយ​ដែល​សមត្ថកិច្ច​បាន​បង្ក្រាប​លើ​អ្នក​តវ៉ា​ក្នុង​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដែល​ប៉ុនប៉ង​ប្រមូល​ផ្ដុំ​សម្ដែង​មតិ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស តាម​បទបញ្ជា​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៨ ឧសភា។ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​សកម្មជន​ដីធ្លី ៥​នាក់​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​ធ្វើ​ការ​សាកសួរ​ធ្វើ​កំណត់​ហេតុ អប់រំ​អស់​រយៈពេល ១​ថ្ងៃ​ពេញ ខណៈ​ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ចំណុច​ស្ដុប​ផ្សារ​ដើម​គ។

ទោះ​ជា​យ៉ាង​ណា ក្រុម​ស្ត្រី​សកម្មជន​ដីធ្លី នៅ​តែ​ប្រកាន់​ជំហរ​ថា ពួក​គាត់​នឹង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​សកម្មភាព​តវ៉ា​ដោយ​ពាក់​អាវ​ខ្មៅ​រាល់​ថ្ងៃ​ច័ន្ទ​ត​ទៅ​ទៀត លុះត្រា​តែ​មាន​ការ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​នាក់ និង​មន្ត្រី គ.ជ.ប ១​នាក់​ដោយ​គ្មាន​លក្ខខណ្ឌ៕

No comments: