A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 7 June 2016

សកម្មជន​ការពារ​ព្រៃ​ឈើ​ថា​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​តែ​កើត​មាន


ដោយ យាង សុជាមេត្តា
2016-06-06

កាប់​ឈើ​ព្រៃ​ឡង់ ២០១៦ ៨៥៥
ប្រជា​សហគមន៍​ព្រៃ​ឡង់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ចុះ​ល្បាត​ព្រៃ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ រូបថត​សហគមន៍​ព្រៃ​ឡង់
 រូបថត​សហគមន៍​ព្រៃ​ឡង់


សកម្មជន​ការពារ​ព្រៃ​ឈើ​លើក​ឡើង​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់ កំពុង​តែ​កើត​មាន​នៅ​ឡើយ​ក្នុង​ប្រទេស​កម្ពុជា។ ការ​លើក​ឡើង​ដូច​នេះ​របស់​សកម្មជន​បរិស្ថាន ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រកាស​នៅ​ក្នុង​ទិវា​បរិស្ថាន​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៥ មិថុនា ថា សកម្មភាព​កាប់​ឈើ​ដោយ​ខុស​ច្បាប់​លែង​មាន​ទៀត​ហើយ។

សកម្មជន​ការពារ​ព្រៃ​ឈើ​លើក​ឡើង​ថា មិន​ត្រឹម​តែ​នៅ​មាន​សកម្មភាព​កាប់​ឈើ​ដោយ​ខុស​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សកម្មជន​មួយ​ចំនួន​ថែម​ទាំង​ត្រូវ​បាន​ជន​ល្មើស​គំរាម​បាញ់​សម្លាប់​ទៀត​ផង។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់​ទាំង ៤​ខេត្ត គឺ​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ធំ ផ្សព្វផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ មិថុនា ថា សកម្មភាព​កាប់​បំផ្លាញ​ឈើ​ដោយ​ជន​អនាធិបតេយ្យ និង​ក្រុមហ៊ុន​អាជីវកម្ម​អារ​ឈើ កំពុង​កើត​មាន​ជា​ហូរហែ ហើយ​សកម្មភាព​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡង់ កំពុង​កើត​មាន​ខ្លាំងក្លា​ដដែល។



រាជ​រដ្ឋាភិបាល​កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា បាន​ដាក់​តំបន់​មួយ​ចំនួន​ជា​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ព្រៃ​ឈើ ក្នុង​នោះ​ក៏​មាន​តំបន់​ព្រៃ​ឡង់​ផង​ដែរ។ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ស្នើ​ឲ្យ​សកម្មជន​ការពារ​បរិស្ថាន ពលរដ្ឋ និង​សហគមន៍ ចូលរួម​សហការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ការពារ​តំបន់​ព្រៃ​ការពារ​ទាំងអស់​នោះ​កុំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ខុស​ច្បាប់។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់​អះអាង​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ទាំង​នោះ នៅ​តែ​កើត​មាន​ឡើង​រហូត​មក​ទល់​បច្ចុប្បន្ន។ ពួក​គេ​ថា ក្នុង​មួយ​ថ្ងៃៗ​ឈើ​ជាច្រើន​ម៉ែត្រ​គូប​ត្រូវ​បាន​គេ​ដឹក​ដោយ​គោយន្ត និង​រថយន្ត​កែច្នៃ ចេញ​ពី​ក្នុង​តំបន់​ព្រៃ​ឡង់។ លើស​ពី​នេះ នៅ​ពេល​សហគមន៍​ចាប់​បាន និង​ដក​ហូត​ឧបករណ៍​កាប់​ឈើ​របស់​ជន​ល្មើស ជន​ល្មើស​ថែម​ទាំង​ប្រើ​អាកប្បកិរិយា សម្ដី​ប្រមាថ និង​គំរាម​បាញ់​សម្លាប់​ប្រជា​សហគមន៍​ដោយ​កាំភ្លើង​កែច្នៃ​របស់​ពួក​គេ​ថែម​ទៀត​ផង។ បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ មើល​ឃើញ​ថា ទង្វើ​ទាំងអស់​នេះ ជន​ល្មើស​ហាក់​មិន​ខ្លាច​ច្បាប់​បន្តិច​ណា​សោះ​ឡើយ។

សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក ហឿន សុភាព មាន​ប្រសាសន៍​ថា ដោយសារ​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​នៅ​មិន​ទាន់​តឹងរ៉ឹង ទើប​ធ្វើ​ឲ្យ​បទល្មើស​កាប់​ឈើ​នៅ​តែ​បន្ត​កើត​មាន។ លោក ហឿន សុភាព អះអាង​ថា ពេល​ខ្លះ​បណ្ដាញ​សហគមន៍​ចាប់​បាន​វត្ថុ​តាង​ពី​ជន​ល្មើស ហើយ​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច ប៉ុន្តែ​ពុំ​ឃើញ​មាន​ចំណាត់​ការ​អ្វី​ជាក់លាក់​ពី​សមត្ថកិច្ច​ឡើយ។ លោក ហឿន សុភាព ដាក់​ការ​សង្ស័យ​ថា ជន​ល្មើស​ទាំង​នោះ​អាច​មាន​ខ្នង​ក្រាស់​នៅ​ការពារ​ពី​ក្រោយ ទើប​សមត្ថកិច្ច​មិន​ហ៊ាន​ចាត់​វិធានការ៖ «ការ​ស្រាវជ្រាវ​ក្រុម​ពួក​យើង​ឃើញ​ថា បទល្មើស​ការ​បំផ្លាញ​ព្រៃ​ឈើ​នៅ​តែ​កើត​មាន ទោះ​បី​រដ្ឋាភិបាល​បាន​ដាក់​ព្រៃ​ជា​តំបន់​ព្រៃ​ការពារ​ក៏ដោយ ប៉ុន្តែ​វា​អត់​ទាន់​មាន​ចំណាត់​ការ​អី​តឹងរ៉ឹង​ផ្លូវ​ច្បាប់»។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​សហការ​របស់​បណ្ដាញ​សហគមន៍ ដើម្បី​ចូលរួម​លុប​បំបាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។ លោក​ស្នើ​ឲ្យ​សហគមន៍ ផ្តល់​ព័ត៌មាន​បទល្មើស​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ចាត់​វិធានការ។ លោក សៅ សុភាព បញ្ជាក់​ថា ក្រសួង​នឹង​ការពារ​បណ្ដាញ​សហគមន៍​ទាំង​នោះ បើ​ព័ត៌មាន​ដែល​ពួក​គេ​ផ្តល់​ទៅ​ឲ្យ​សមត្ថកិច្ច​ជា​ព័ត៌មាន​ពិត៖ «ការ​សហការ​គ្នា គឺ​ត្រូវ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ទិសដៅ​យើង​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ទាំង​ក្នុង​ពេល​នេះ និង​ក្នុង​ពេល​ខាង​មុខ»។

អង្គការ​ឃ្លាំ​មើល​ព្រៃ​ឈើ​ពិភពលោក (Global Forest Watch) រក​ឃើញ​ថា ព្រៃ​ឈើ​នៅ​កម្ពុជា ប្រមាណ ១​លាន ៥​សែន​ហិកតារ ត្រូវ​បាន​គេ​កាប់​បំផ្លាញ​នៅ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០១ មក។ អង្គការ​នេះ​រក​ឃើញ​ថា រហូត​មក​ទល់​ពេល​នេះ កម្ពុជា មាន​គម្រប​ព្រៃ​ឈើ​ប្រមាណ ៧​លាន ៥​សែន​ហិកតារ ឬ​ស្មើ​ប្រមាណ ៤១​ភាគរយ​នៃ​ផ្ទៃ​ដី​សរុប​របស់​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ក្រសួង​កសិកម្ម ថា​សព្វថ្ងៃ កម្ពុជា មាន​គម្រប​ព្រៃ​ឈើ​ប្រមាណ ៥០​ភាគរយ​នៃ​ផ្ទៃ​ដី​សរុប។

បញ្ហា​ប្រឈម​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ជា​បន្ទាន់ ដក​ហូត​ឧបករណ៍​កាប់​ឈើ បិទ​បញ្ចប់​ការ​ទិញ​លក់​ឈើ និង​បិទ​អាជីវកម្ម​ឈើ និង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំងអស់​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់៕

No comments: