A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 13 May 2016

ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​ខ្សាច់​បន្លំ​កាយ​យក​រ៉ែ​មាស​នៅ​តំបន់​អភិរក្ស​ជលផល​ខេត្ត​រតនគិរី

ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​ខ្សាច់​បន្លំ​កាយ​យក​រ៉ែ​មាស​នៅ​តំបន់​អភិរក្ស​ជលផល​ខេត្ត​រតនគិរី
លោក រដ្ឋា វិសាល
2016-05-12

ផែនទី​ខេត្ត​រតនគិរី ៦២០
ផែនទី​ខេត្ត​រតនគិរី។
Photo: RFA



អ្នក​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ចិន ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ខ្សាច់​ថ្ម​នៅ​ទន្លេ​សេសាន​ខេត្ត​រតនគិរី បាន​រត់​គេច​ពី​ការដ្ឋាន​របស់​ខ្លួន បន្ទាប់​ពី​ក្រុម​មន្ត្រី​ជំនាញ​ខេត្ត ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​ក្រុមហ៊ុន ខណៈ​មាន​សេចក្តី​រាយការណ៍​ថា ក្រុមហ៊ុន​នេះ​កំពុង​ប្រើប្រាស់​គ្រឿងចក្រ​ធ្វើ​អាជីវកម្ម​កាយ​យក​ដី​កោះ​មក​រែង​យក​មាស​ទៅ​វិញ។

មន្ត្រី​ស្រុក​អណ្ដូងមាស អះអាង​ថា ការដ្ឋាន​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​មួយ​កន្លែង​ឋិត​នៅ​ចំណុច​កោះ​ខ្យង ក្នុង​ភូមិ​ដាល ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ត្រូវ​បង្ក្រាប​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា។ ផ្ទុយ​ទៅ​វិញ មន្ត្រី​ជំនាញ​បញ្ជាក់​ថា កម្មករ​ខ្មែរ និង​ជនជាតិ​ចិន ដែល​បំពេញ​ការងារ​ក្នុង​ការដ្ឋាន បាន​រត់​គេច​ខ្លួន​ប្រមាណ ២​ម៉ោង​មុន​ពេល​មន្ត្រី​ជំនាញ​ទៅ​ដល់​ការដ្ឋាន​នោះ។

សមាជិក​សហគមន៍​ជលផល​ភូមិ​ដាល លោក រចំ តើម បញ្ជាក់​ថា ក្រុមហ៊ុន​ចិន នេះ​មាន​ឈ្មោះ​ថា ឆាយ ជីហ៊ាង បាន​មក​បោះ​ទីតាំង​នៅ​តំបន់​នោះ​តាំង​ពី​ខែ​មេសា។ ក្រុមហ៊ុន​នេះ​បាន​ប្រើ​គ្រឿងចក្រ​ដឹក​ជញ្ជូន​ដី​ធ្វើ​ផ្លូវ​បិទ​ទន្លេ​ត្រើយ​ម្ខាង​នៃ​កោះ​ខ្យង ហើយ​ប្រើប្រាស់​គ្រឿងចក្រ​កាយ​យក​ដី​ខ្សាច់​នៅ​លើ​កោះ ដឹក​ជញ្ជូន​មក​ស្តុក​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​ដែល​បំពាក់​ដោយ​ម៉ាស៊ីន​រែង​ខ្សាច់ ដែល​គេ​សង្ស័យ​ថា ជា​វិធី​បន្លំ​រែង​ចម្រាញ់​យក​មាស។ លោក​បន្ត​ថា ការដ្ឋាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ បង្ក​ផល​ប៉ះពាល់​តំបន់​អភិរក្ស​អន្លង់​ត្រី​ពង​កូន​របស់​សហគមន៍ ធ្វើ​ឲ្យ​ទឹក​ល្អក់ និង​បង្ហូរ​សារជាតិ​កខ្វក់​ចូល​ទៅ​ក្នុង​ទន្លេ៖ «ខ្ញុំ​ធ្លាប់​ឃើញ​គេ​ធ្វើ​មាស​ខ្នាត​តូចៗ​ដែរ ព្រោះ​មាន​កញ្ច្រែង​ពី​ក្រោម ហើយ​មាន​ប្រដាប់​សម្រាប់​ចាប់​មាស​ខ្សាច់​ហ្នឹង​ហូរ​ដោយ​ខ្សាច់​ក្រួស​ហូរ​ដោយ​ក្រួស។ បិទ​ទន្លេ​ម្ខាង​បិទ​ផ្លូវ​ទឹក​អ៊ីចឹង»។



នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មេសា មន្ត្រី​ជំនាញ​ខណ្ឌ​ជលផល និង​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​រតនគិរី បញ្ជាក់​ដូច​គ្នា​ថា មន្ត្រី​ជំនាញ​ទាំង​ពីរ​អង្គភាព​នេះ ចាត់​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ទីតាំង​នោះ​ហើយ។

មន្ត្រី​តំណាង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​រតនគិរី លោក គឹម ស៊ីណាត បញ្ជាក់​ថា ការដ្ឋាន​នោះ​មាន​គ្រឿងចក្រ និង​ម៉ាស៊ីន​រែង​ខ្សាច់​ដែល​គេ​សង្ស័យ​ថា ម៉ាស៊ីន​នេះ​រែង​ខ្សាច់​ដើម្បី​យក​មាស។ លោក​ទទួល​ស្គាល់​ថា តំបន់​កោះ​ខ្យង​ជា​តំបន់​មាន​រ៉ែ​មាស​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​រុក​រក​ជា​លក្ខណៈ​គ្រួសារ។ លើស​ពី​នោះ​ទៀត តំបន់​នោះ​ជា​កន្លែង​អភិរក្ស​ធនធាន​ជលផល។ ហេតុ​នេះ ការ​ធ្វើ​អាជីវកម្ម​ណា​មួយ​នៅ​តំបន់​នោះ ត្រូវ​មាន​ការ​ឯកភាព​ពី​ក្រសួង​កសិកម្ម៖ «ទោះ​បី​មាន​ការ​អនុញ្ញាត​ពី​ស្ថាប័ន​រ៉ែ​ក៏ដោយ វា​ខុស​ច្បាប់​ជលផល ព្រោះ​ការ​ជីក​កកាយ​យក​ត្បូង​ខ្សាច់​រ៉ែ​ហ្នឹង ឋិត​ក្នុង​ដែន​នេសាទ ហើយ​ដែន​នេសាទ​នេះ​ប្រគល់​ឲ្យ​សហគមន៍​ទៀត»។

ចំណែក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថាន បញ្ជាក់​ដែរ​ថា គ្រឿងចក្រ​ដែល​បន្សល់​ទុក​នៅ​ការដ្ឋាន​ក្រុមហ៊ុន មួយ​ផ្នែក​ធំ​គឺ​ជា​គ្រឿងចក្រ​ធ្វើ​អាជីវកម្ម​ខ្សាច់ ក៏ប៉ុន្តែ​លោក​បដិសេធ​មិន​ដឹង​ពី​ភាព​ជាក់ស្តែង​នៃ​អាជីវកម្ម​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​នោះ​ទេ។ លោក​បន្ត​ថា ក្រុមហ៊ុន​នេះ​ធ្វើ​សកម្មភាព​ជីក​យក​ខ្សាច់​មុន​ពេល​មន្ត្រី​ជំនាញ​ផ្តល់​ការ​អនុញ្ញាត។ ហេតុ​នេះ មន្ត្រី​ជំនាញ នឹង​ធ្វើ​របាយការណ៍​ទៅ​ក្រសួង​រ៉ែ និង​ថាមពល ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​គ្រឿងចក្រ​ក្រុមហ៊ុន​នេះ៖ «ឧបករណ៍​ទាំងអស់​ជា​ឧបករណ៍​ធ្វើ​អាជីវកម្ម​ខ្សាច់ ក៏ប៉ុន្តែ​គេ​ធ្វើ​អ្វី​ស្អី​ទៀត ខ្ញុំ​អត់​ឃើញ។ ខ្ញុំ​អត់​ទាន់​សន្និដ្ឋាន​ថា​ម៉េច​ដែរ។ អ៊ីចឹង​យើង​ធ្វើ​របាយការណ៍​ទៅ​សមត្ថកិច្ច​ថ្នាក់​ជាតិ។ អ៊ីចឹង​យើង​អញ្ជើញ​ថ្នាក់​ជាតិ​ចុះ​មក​វាយ​តម្លៃ»។

ទាក់ទិន​ករណី​នេះ​ដែរ អភិបាល​ស្រុក​អណ្ដូងមាស លោក ផាត់ សម្បត្តិ ថ្លែង​បញ្ជាក់​ថា សមត្ថកិច្ច​បាន​បង្ក្រាប​ទីតាំង​នោះ​ហើយ ក៏ប៉ុន្តែ​លោក​មិន​បញ្ជាក់​ពិស្ដារ​ពី​ហេតុ​ផល​នៃ​ការ​បង្ក្រាប​នោះ​មក​ពី​កត្តា​អ្វី​នោះ​ទេ៖ «យើង​ចាប់។ យើង​ឲ្យ​ផ្អាក អត់​ឲ្យ​ធ្វើ​ទៀត​ទេ។ មាន​ខាង​ជំនាញ​រ៉ែ​គេ​ឲ្យ​ឃាត់។ គេ​ឲ្យ​ផ្អាក»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អភិរក្ស​ផ្នែក​បរិស្ថាន​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង លោក មៀច មាន ចាត់​ទុក​សកម្មភាព​ក្រុមហ៊ុន​ចិន នេះ​ថា​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​អភិរក្ស​តំបន់​ត្រី​មេ​ពូជ និង​បិទ​ច្រក​ទឹក​ទន្លេ ប៉ះពាល់​តំបន់​អភិរក្ស។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ស៊ើប​អង្កេត​ករណី​នេះ​ជា​បន្ទាន់ ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុមហ៊ុន និង​អ្នក​ពាក់ព័ន្ធ៕

No comments: