ដោយ ថា កិត្យា
2016-05-12

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខង (ជួរមុខខាងស្ដាំ) និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក តូ ឡឹម (To Lam) ចុះហត្ថលេខាលើឯកសារបំពេញបន្ថែមនៃផែនការសហប្រតិបត្តិការឆ្នាំ២០១៦ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។ RFA/Yang Chandara
RFA/Yang Chandara
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្តឲ្យក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បន្តកិច្ចសហប្រតិបត្តិការលើអ្វីដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី១១ ខែឧសភា។
ទន្ទឹមគ្នានេះ លោក ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ឲ្យប្រទេសទាំងពីរ យកចិត្តទុកដាក់លើការតភ្ជាប់ខាងវិស័យសេដ្ឋកិច្ច រួមមានទឹក ផ្លូវ និងវិស័យទេសចរណ៍។ នេះបើតាមជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក អ៊ាង សុផល្លែត ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបរវាងលោក ហ៊ុន សែន និងលោក តូ ឡឹម (To Lam) រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នៅព្រឹកថ្ងៃទី១២ ខែឧសភា នៅវិមានសន្តិភាព។
កាលពីថ្ងៃទី១១ ឧសភា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខង និងលោក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានជួបសន្ទនាគ្នា និងចុះហត្ថលេខាលើឯកសារបំពេញបន្ថែមនៃផែនការសហប្រតិបត្តិការឆ្នាំ២០១៦ ពាក់ព័ន្ធទៅនឹងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើស សំដៅបម្រើផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ ជំនួបនោះ ក្រសួងនគរបាលវៀតណាម ក៏បានសន្យាផ្តល់ជំនួយសម្ភារៈ និងបច្ចេកទេសដល់នគរបាលជាតិកម្ពុជា ដើម្បីសហការគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍៕
1 comment:
This event is a Yuon assimilation ploy to smoothly swallow our country . Kampuchear krom start to exist in main Kampuchea again,beware of this unbroken relationship with this croc neighbor .
Post a Comment