A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Friday 13 May 2016
ពលរដ្ឋជាង៦០០គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់នៅខេត្តកំពង់ចាម
ដោយ សូត សុខប្រាថ្នា
2016-05-12
ផ្ទះពលរដ្ឋនៅឃុំសណ្ដែក ស្រុកបាធាយ ដែលរលំដោយសារខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី ២១ ចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥។
Provided Photo
គ្រោះធម្មជាតិខ្យល់កន្ត្រាក់មួយកាលពីរសៀលថ្ងៃទី១១ ខែឧសភា បណ្ដាលឱ្យលំនៅឋានរបស់ពលរដ្ឋជាង ៦០០ខ្នង នៅក្នុងស្រុក២ នៃខេត្តកំពង់ចាម រងផលប៉ះពាល់។ អាជ្ញាធរខេត្តលើកឡើងថា ពួកគេកំពុងត្រៀមជំនួយមនុស្សធម៌មួយចំនួនសម្រាប់ជួយពលរដ្ឋរងគ្រោះជាបណ្ដោះអាសន្ន។
ប្រជាពលរដ្ឋពីរស្រុក នៅខេត្តកំពង់ចាម រួមមានស្រុកបាធាយ ៥៥៩គ្រួសារ និងស្រុកស្ទឹងត្រង់ ចំនួនជាង ៦០គ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់។ ពលរដ្ឋនៅស្រុកបាធាយ ខ្លះខូចខាតផ្ទះសម្បែងស្ទើរទាំងស្រុង ហើយនាំគ្នាធ្វើរោងស្នាក់នៅជាបណ្ដោះអាសន្ន។ អ្នកខ្លះមិនមានប្រាក់ដើម្បីសាងសង់ផ្ទះឡើងវិញឡើយ ម្យ៉ាងកំពុងប្រឈមបញ្ហាខ្វះស្បៀងអាហារសម្រាប់ហូបចុកទៀតផង។
ពលរដ្ឋនៅឃុំសណ្ដែក មួយរូប អ្នកស្រី ឡេក ហៀប ឱ្យដឹងថា កាលពីរសៀលថ្ងៃទី១១ ខែឧសភា គ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្ដាលឱ្យផ្ទះអ្នកស្រីខូចខាតស្ទើរទាំងស្រុង និងបណ្ដាលឱ្យសមាជិកគ្រួសារគាត់ពីរនាក់រងរបួសផង។ អ្នកស្រីថា ពួកគាត់ត្រូវរស់ក្រោមផ្ទះបណ្ដោះអាសន្ន ទម្រាំមានប្រាក់សាងសង់ផ្ទះឡើងវិញ ប៉ុន្តែអ្នកស្រីមិនសូវមានសង្ឃឹមថា អាចមានលទ្ធភាពធ្វើផ្ទះដោយខ្លួនឯងទេ ពីព្រោះបច្ចុប្បន្នកំពុងប្រឈមការខ្វះខាតស្ទើរសព្វបែបយ៉ាងក្នុងគ្រួសារ៖ «ដេកក្រោមផ្ទះលិចទាំងអស់ទទឹកខោអាវ ទទឹកស្រូវ។ និយាយមានតែស្រូវម៉ែ ស្រូវខ្ញុំអត់មានផង ខ្ញុំអស់សល់អង្ករបីគីឡូ»។
បាតុភូតខ្យល់កន្ត្រាក់ កើតឡើងនៅខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី១១ ខែឧសភា បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋនៅស្រុកបាធាយ ៥៥៩ខ្នង រងផលប៉ះពាល់ ក្នុងនោះ ១៣២ខ្នងប៉ះពាល់ធ្ងន់ធ្ងរ និងខូចខាតតិចតួចជាង ៤០០ខ្នង។ ចំណែកផ្ទះ ៦៤ខ្នងផ្សេងទៀតនៅស្រុកស្ទឹងត្រង់ ក៏រងផលប៉ះពាល់ដែរ។
ស្នងការនគរបាលខេត្តកំពង់ចាម លោក បែន រ័ត្ន មានប្រសាសន៍នៅថ្ងៃទី១២ ខែឧសភា ថា គ្រោះធម្មជាតិកើតឡើងពេលនេះ មិនបណ្ដាលឱ្យពលរដ្ឋណាម្នាក់បាត់បង់ជីវិតនោះទេ ប៉ុន្តែមានពលរដ្ឋម្នាក់នៅស្រុកស្ទឹងត្រង់ រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និង ៣នាក់ផ្សេងទៀតរងរបួសស្រាល។ លោកបញ្ជាក់ថា អាជ្ញាធរបានត្រៀមកម្លាំងជាង ២០០នាក់ ដើម្បីជួយសម្រួលការលំបាក និងរៀបចំផ្ទះសម្បែងជាបណ្ដោះអាសន្នជូនប្រជាពលរដ្ឋ៖ «សំខាន់គឺយើងបានណែនាំញឹកញាប់ គឺបញ្ហារន្ទះបាញ់។ បញ្ហារន្ទះបាញ់ហ្នឹងញឹកញាប់ណាស់ ម្សិលមិញ ម្សិលម្ង៉ៃហ្នឹងក៏មានដែរ»។
ជាមួយគ្នានេះ អភិបាលស្រុកបាធាយ លោក ឡោ ចាន់លី បញ្ជាក់ថា អាជ្ញាធរខេត្តក៏បានត្រៀមស្បៀង និងសម្ភារៈសង្គ្រោះបន្ទាន់មួយចំនួនដើម្បីចែកជូនប្រជាពលរដ្ឋសម្រាប់ដោះស្រាយបញ្ហាប្រឈមចំពោះមុខ នៅថ្ងៃទី១៣ ខែឧសភា៖ «ព្រឹកមិញមួយថ្ងៃហ្នឹង យើងបានចុះរុះរើផ្ទះដែលបានដួលទាំងស្រុងហ្នឹងរួចរាល់អស់ហើយ ហើយស្អែកនេះ ឯកឧត្ដមអភិបាលខេត្តនឹងនាំយកអំណោយមួយចំនួន»។
ខ្យល់កន្ត្រាក់ប៉ះពាល់ប្រជាពលរដ្ឋនៅស្រុកបាធាយ មានចំនួន ៤ឃុំ រួមមានឃុំត្រប់ ឃុំក្រសាំង ឃុំទំនប់ និងឃុំសណ្ដែក។
ជំទប់ទី១ ឃុំសណ្ដែក លោក កឹម ញ៉ក់ មើលឃើញថា បញ្ហាប្រឈមចំពោះមុខរបស់ប្រជាពលរដ្ឋ គឺពួកគេភាគច្រើនមិនមានថវិកាដើម្បីជួសជុលផ្ទះឡើងវិញ និងបញ្ហាហូបចុកជាដើម៖ «អំពាវនាវដល់អង្គការ និងសប្បុរសជនមួយចំនួន អ្នកដែលមានដើមទុនធំៗ ជួយផ្ដល់ជាសម្ភារៈ ដូចជាតង់ ស្បៀងអាហារដល់ពួកគាត់»។
ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកបាធាយ ពេលនេះ មួយចំនួនជាពលរដ្ឋដែលធ្លាប់រងគ្រោះដោយសារខ្យល់កន្ត្រាក់ម្ដងរួចមកហើយកាលពីឆ្នាំកន្លងទៅ។ អ្នកភូមិខ្លះលើកឡើងថា ពួកគាត់មិនបានរកស៊ីដើម្បីឱ្យរីកចម្រើនក្នុងគ្រួសារនោះទេ ប៉ុន្តែជាការខិតខំរកស៊ីសម្រាប់តែធ្វើផ្ទះនៅប៉ុណ្ណោះ។ ជាងនេះទៀត ពលរដ្ឋខ្លះកំពុងព្រួយបារម្ភខ្លាចក្រែងមានបាតុភូតអាក្រក់នេះកើតឡើងជាថ្មីម្ដងទៀត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment