A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 13 May 2016

ពលរដ្ឋ​ជិត​១​ម៉ឺន​នាក់​ដាក់​ពាក្យ​ប្រឡង​នៅ​ខេត្ត​កំពង់ឆ្នាំង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ

ពលរដ្ឋ​ជិត​១​ម៉ឺន​នាក់​ដាក់​ពាក្យ​ប្រឡង​នៅ​ខេត្ត​កំពង់ឆ្នាំង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ
ដោយ ជិន ជេដ្ឋា
2016-05-12

ប្រឡង​ទៅ​កូរ៉េ ២០១៦ ៨៥៥
ពលរដ្ឋ​ដាក់​ពាក្យ​ប្រឡង​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Chin Chetha
 RFA/Chin Chetha


រយៈពេល​បួន​ថ្ងៃ​នៃ​ការ​ចែក​ពាក្យ​ប្រឡង​សមត្ថភាព​ភាសា​កូរ៉េ នៅ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​មាន​ឱកាស​ទៅ​ធ្វើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ មាន​មនុស្ស​ដាក់​ពាក្យ​ជិត ១​ម៉ឺន​នាក់ (៨.៥០០​នាក់)។ មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ យល់​ថា រដ្ឋាភិបាល​គួរ​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន ជា​ជាង​មើល​ឱកាស​ការងារ​នៅ​ក្រៅ​ប្រទេស។

អង្គភាព​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​ក្រសួង​មុខ​របរ និង​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ សហការ​ជាមួយ​គណៈកម្មាធិការ​បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​ទៅ​បរទេស នៃ​ក្រសួង​ការងារ​កម្ពុជា ប្រកាស​ថា ពលករ​ពលការិនី​ខ្មែរ​ដែល​ត្រូវ​ប្រឡង​ជាប់​នៅ​ក្នុង​វគ្គ​ទី​១៣ ឆ្នាំ​២០១៦ នេះ មាន​ជិត ១​ម៉ឺន​នាក់ ក្នុង​នោះ វិស័យ​ឧស្សាហកម្ម ៤.៧០០​នាក់ សំណង់ ១​ពាន់​នាក់ និង​វិស័យ​កសិកម្ម ៣.៧០០​នាក់។

ប្រធាន​មណ្ឌល​ចែក​ពាក្យ​ប្រឡង​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សិរី វិបុល ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​សំឡេង​ថា ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១២ ខែ​ឧសភា គឺ​មាន​ពលករ​ពលការិនី​ចំនួន ៨.៥០០​នាក់ ដែល​អ្នក​ដាក់​ពាក្យ​ភាគ​ច្រើន​មក​ពី​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង។ កំពង់ឆ្នាំង គឺ​ជា​មណ្ឌល​ចែក​ពាក្យ​ប្រឡង​មួយ​ក្នុង​ចំណោម​បី​ទីតាំង​ផ្សេង​ទៀត គឺ​នៅ​ភ្នំពេញ តាកែវ និង​កំពង់ចាម។



ជាង​ផ្សារ​ដែក​ម្នាក់​មក​ពី​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង លោក អៀន គង់ មាន​ប្រសាសន៍​ថា លោក​សុខ​ចិត្ត​បោះបង់​ការងារ​ផ្សារ​ដែក​ចោល ហើយ​ទៅ​ធ្វើ​ការងារ​នៅ​កូរ៉េ ដែល​លំបាក​ជាង​នេះ​ក៏​សុខ​ចិត្ត ព្រោះ​ផ្សារ​ដែក​ទទួល​បាន​ប្រាក់​ឈ្នួល ១០០​ដុល្លារ មិន​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​បាន។ បើ​មាន​សំណាង​ប្រឡង​ជាប់ និង​ចេញ​ទៅ​ធ្វើ​ការ​បាន​ប្រាក់​ខែ​ច្រើន លោក​ស៊ូ​ឃ្លាត​ប្រពន្ធ​កូន​មួយ​រយៈ​សិន៖ «នៅ​នេះ​មាន​ប្រាក់​ខែ​តែ ១០០​ដុល្លារ មើល​ទៅ​អត់​គ្រប់​ចាយ​ខ្លួន​ឯង​ផង។ ឃើញ​គេ​ដាក់​ពាក្យ ចង់​រៀន និង​ដាក់​ពាក្យ​ក្រែងលោ​បាន​ទៅ ព្រោះ​នៅ​នេះ​លំបាក​រក​ការងារ​ធ្វើ​ដែរ។ អ៊ីចឹង​ប្រថុយៗ​ក្រែងលោ​បាន​ទៅ»។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា សង្កេត​ឃើញ​ថា ការ​បញ្ជូន​ពលករ​តាម​រយៈ​រដ្ឋ​ទៅ​រដ្ឋ​នេះ មាន​ភាព​ប្រសើរ​ជាង​ការ​បញ្ជូន​តាម​រយៈ​ភាគី​ទី​៣ ឬ​ក្រុមហ៊ុន​បញ្ជូន​ពលករ ដែល​កើត​មាន​បញ្ហា​ច្រើន។ ប៉ុន្តែ​ប្រព័ន្ធ​បញ្ជូន​ពលករ​នេះ ក៏​មាន​បញ្ហា​យឺតយ៉ាវ​បញ្ជូន​បេក្ខជន​បេក្ខនារី​ដែល​ប្រឡង​ជាប់ ចេញ​ទៅ​ធ្វើ​ការ​ដែរ ដែល​បញ្ហា​នេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ៖ «មាន​ការ​ពិត​កម្រិត​ណា ខ្ញុំ​មិន​ហ៊ាន​អះអាង​ទេ ប៉ុន្តែ​នេះ​ជា​ការ​លើក​ឡើង​របស់​ពលករ។ គាត់​ត្អូញត្អែរ​ថា អ្នក​ដែល​ប្រឡង​ជាប់​មុន គួរ​តែ​ត្រូវ​បាន​ទៅ​មុន អ្នក​ដែល​ប្រឡង​ជាប់​ក្រោយ តែ​ជាក់ស្ដែង​អ្នក​ដែល​ប្រឡង​ជាប់​ក្រោយ បាន​ទៅ​មុន​អ្នក​ដែល​ប្រឡង​ជាប់​មុន។ ប្រជាពលរដ្ឋ​ជាប់​ពីរ​លាន​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ភាគ​ច្រើន​ជា​កម្មករ​មិន​សូវ​មាន​ជំនាញ​ទេ ពិសេស​អត់​សូវ​ចេះ​ភាសា។ ដល់​អ៊ីចឹង គាត់​ងាយ​នឹង​រងគ្រោះ​ដោយសារ​ការ​ជួញ​ដូរ ឬ​កេង​ប្រវ័ញ្ច​កម្លាំង​ពលរដ្ឋ។ល។»។

យ៉ាង​ណា ប្រធាន​មណ្ឌល​ចែក​ពាក្យ​ប្រឡង​សមត្ថភាព​ភាសា​កូរ៉េ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សិរី វិបុល បដិសេធ​ថា ឱកាស​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ យឺតយ៉ាវ មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ​នោះ​ទេ ព្រោះ​ក្រសួង បាន​បញ្ជូន​ឈ្មោះ​អ្នក​ប្រឡង​ជាប់​ទាំងអស់​ទៅ​ភាគី​កូរ៉េ ប៉ុន្តែ​ការ​ចេញ​ទៅ​ធ្វើ​ការ​មុន ឬ​ក្រោយ​គ្នា​នោះ គឺ​អាស្រ័យ​ទៅ​លើ​ការ​ជ្រើសរើស​របស់​ថៅកែ​នៅ​សាធារណរដ្ឋ​កូរ៉េ ផ្ទាល់៕

No comments: