A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 13 May 2016

លោក ហ៊ុន សែន ថា​មិន​ឲ្យ​បក្ស​ប្រឆាំង​បាន​សុខ​ទេ​បើ​បក្ស​នេះ​មិន​ឲ្យ​គ្រួសារ​លោក​បាន​សុខ


ដោយ ថា កិត្យា
2016-05-12

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/Brach Chev


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា មិន​ឲ្យ​គណបក្ស​ប្រឆាំង​បាន​សុខ​ទេ ប្រសិន​បើ​បក្ស​មួយ​នេះ​មិន​ឲ្យ​គ្រួសារ​របស់​លោក​បាន​សុខ​ដែរ​នោះ។ ចំណែក​គណបក្ស​ប្រឆាំង ថា​មិន​ដែល​ប្រឌិត​រឿង​ថោកទាប​នាំ​ឲ្យ​គ្រួសារ​លោក ហ៊ុន សែន ឈឺ​ចាប់​នោះ​ទេ ខណៈ​អ្នក​វិភាគ​ចង់​ឃើញ​ថា អ្នក​នយោបាយ​គិត​រឿង​ប្រយោជន៍​ជាតិ និង​នាំ​ក្តី​សុខ​ជូន​ប្រជាពលរដ្ឋ ធំ​ជាង​គ្រួសារ​ផ្ទាល់​ខ្លួន។

ការ​ប្រកាស​ចង​គំនុំ​សងសឹក​ជា​ថ្មី​ទៀត​ពី​សំណាក់​លោក ហ៊ុន សែន នេះ បន្ទាប់​ពី​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​លាប​ពណ៌ និង​ចោទ​ថា​ជា​កូន​របស់​ថ្នាក់​ដឹក​នាំ​វៀតណាម ម្នាក់​ជាមួយ​នឹង​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា លោក ហ៊ុន សែន ថា ការ​ចោទ​ប្រកាន់​នេះ​នាំ​ឲ្យ​គ្រួសារ​របស់​លោក​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង៖ «ហ៊ុន ម៉ាណែត ហៅ​ខ្ញុំ​ពូ​ពីរ​ខែ មិន​ឲ្យ​ខ្ញុំ​ចូល​ទៅ​ជិត​ម្តាយ​គេ​នោះ​ទេ។ ទាល់​តែ​ដេក​លក់ ទើប​ខ្ញុំ​មាន​លទ្ធភាព។ នេះ​គឺ​ជា​រឿង​អាណោចអាធ័ម ប៉ុន្តែ​ខ្ញុំ​អត់​នឹក​ថា ក្រុម​ប្រឆាំង​អាច​ធ្វើ​អំពើ​ថោកទាប​បែប​នេះ​បាន​ទេ។ ដូច្នេះ ខ្ញុំ​ក៏​ត្រូវ​ប្រកាន់​ឥរិយាបថ​មួយ ព្រោះ​ខ្ញុំ​បាន​និយាយ​ហើយ​ថា បើ​គេ​មិន​ឲ្យ​ខ្ញុំ​សុខ ខ្ញុំ​ក៏​មិន​ឲ្យ​អ្នក​ឯង​សុខ​ដែរ»។



ក្នុង​ឱកាស​នោះ លោក ហ៊ុន សែន ក៏​ចោទ​ថា បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នៅ​អាមេរិក គឺ​ជា​ការ​រៀបចំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែរ។ លោក ហ៊ុន សែន ផ្ដាំ​ផ្ញើ​ទៅ​បក្ស​ប្រឆាំង​ថា ប្រសិន​បើ​ចង់​លេង​ជាមួយ​លោក​នោះ លោក​កំដរ​លេង​ដល់​ទី​បញ្ចប់។

ភ្លាមៗ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ឧសភា បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​ប្រឌិត​ព័ត៌មាន​ថា កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​ជា​កូន​ប្រុស​របស់​មេ​ដឹក​នាំ​វៀតណាម។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដែល​ប្រឌិត​រឿង​ថោកទាប​នាំ​ក្តី​សៅហ្មង​ឲ្យ​គណបក្ស​ទាំង​ពីរ និង​នាំ​ក្តី​ឈឺផ្សា​ឲ្យ​ប្រទេស​ជាតិ ឬ​គ្រួសារ​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ។

លើស​ពី​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​យល់ព្រម​សហការ​ជាមួយ​បក្ស​កាន់​អំណាច ដើម្បី​ស្វែងរក​អ្នក​ដែល​ប្រឌិត​រឿង​លោក ហ៊ុន ម៉ាណែត ហើយ​បង្ហោះ​តាម​ហ្វេសប៊ុក (Facebook) នោះ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ដែរ៖ «រាជ​រដ្ឋាភិបាល​ដែល​លោក​មាន​សមត្ថកិច្ច និង​ស្ថាប័ន​ជាច្រើន​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ស្រាវជ្រាវ គួរ​តែ​ស្រាវជ្រាវ​ដើម្បី​កុំ​ឲ្យ​ហ្មងសៅ​នឹង​គ្នា ព្រោះ​ការងារ​ជាតិ​សំខាន់​ជា​ចម្បង។ យើង​មិន​ចង់​ឲ្យ​បុគ្គល​ណា​មួយ​ដែល​ផ្សព្វផ្សាយ ហើយ​ធ្វើ​ការ​ចោទ​ប្រកាន់​ថា ចេញ​ពី​គណបក្ស​ប្រឆាំង​នេះ នាំ​ឲ្យ​រំខាន​ដល់​ការងារ​ដែល​យើង​ត្រូវ​ធ្វើ​ក្នុង​ប្រទេស»។

កន្លង​មក អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​អនាមិក​មួយ​ចំនួន បាន​យក​រូបថត​កាត់​ត​ដែល​មាន​រូប​លោក ហ៊ុន ម៉ាណែត និង​រូប​អតីត​មេ​ដឹក​នាំ​កុម្មុយនីស្ត​របស់​ប្រទេស​វៀតណាម ឈ្មោះ ឡេ ឌឺកថូ (Le Duc Tho) ផ្ទឹម​គ្នា ដោយ​មាន​សេចក្ដី​អត្ថាធិប្បាយ​ថា លោក ហ៊ុន ម៉ាណែត ជា​កូន​របស់​លោក ឡេ ឌឺកថូ ជាមួយ​នឹង​អ្នកស្រី ប៊ុន រ៉ានី។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​វិភាគ និង​សង្គម​ស៊ីវិល​មួយ​ចំនួន តែង​សម្ដែង​ជា​ចម្ងល់​ថា ហេតុ​ម្ដេច​អ្នក​នយោបាយ​កម្ពុជា និយម​យក​រឿងរ៉ាវ​ឯកជន​ផ្ទាល់​ខ្លួន​មក​ធ្វើ​ការ​ដោះស្រាយ​នៅ​ចំពោះ​មុខ និង​ខ្លាំង​ជាង​រឿង​ជាតិ​ប្រជាជន?

លោក កែម ឡី អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ លើក​ឡើង​ថា សម្ដី​របស់​លោក ហ៊ុន សែន ដែល​ថា​មិន​ឲ្យ​អ្នក​ណា​បាន​សុខ បើ​គេ​មិន​ឲ្យ​គ្រួសារ​បាន​សុខ​នោះ គឺ​ជា​វប្បធម៌​សងសឹក ដែល​គប្បី​បោះបង់​ចោល ហើយ​ត្រូវ​ធ្វើ​ការ និង​ជជែក​គ្នា​ក្នុង​បំណង​ស្វែងរក​សេចក្តី​សុខ​សម្រាប់​ប្រជាជន និង​ប្រទេស​ជាតិ​រួម​គ្នា៖ «យើង​ធ្វើ​អ្នក​ធំ ហើយ​ចង់​សុខ​ខ្លួន​ឯង គឺ​ប្រជាពលរដ្ឋ​អត់​សុខ​ទេ ព្រោះ​យើង​ត្រូវ​ប្រមូល​ធនធាន​ពី​រដ្ឋ តែ​បើ​យើង​ធ្វើ​ធំ ហើយ​ធ្វើ​ម៉េច​ក៏ដោយ​ឲ្យ​តែ​ប្រជាពលរដ្ឋ​បាន​សុខ នោះ​គឺ​យើង​មាន​សេចក្តី​សុខ​ហើយ»។

លោក កែម ឡី បន្ថែម​ថា អ្នក​ដែល​ធ្វើ​ទុក្ខបុកម្នេញ​ដល់​លោក ហ៊ុន សែន នោះ គឺ​ក្រុម​អ្នក​ដែល​រាយការណ៍​ខុស អ្នក​លើក​ជើង និង​ឧកញ៉ា​មួយ​ចំនួន​ដែល​កាប់​ព្រៃ​ឈើ ប្លន់​ដី​រាស្ត្រ រួម​ទាំង​មន្ត្រី​មួយ​ចំនួន​ដែល​ជួញ​ដូរ​គ្រឿង​ញៀន និង​ឃុបឃិត​ជាមួយ​ចោរ​ជាដើម​ឯណោះ​ទៅ​វិញ​ទេ។ ដោយឡែក​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ខាង​សិទ្ធិ​មនុស្ស និង​គណបក្ស​ប្រឆាំង​ដែល​ធ្វើ​សកម្មភាព​ការពារ​ព្រំដែន ការពារ​ព្រៃ​ឈើ មិន​មែន​ជា​អ្នក​ធ្វើ​ទុក្ខបុកម្នេញ​លោក ហ៊ុន សែន នោះ​ទេ ពោល​គឺ​ពួក​គាត់​ជា​អ្នក​ជួយ​តាម​រយៈ​ការ​បញ្ចេញ​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​កែលំអ​ប៉ុណ្ណោះ។

No comments: