A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 20 May 2016

ពលរដ្ឋ​រស់នៅ​ព្រំដែន​ខេត្ត​ស្ទឹងត្រែង​ថា​ពលរដ្ឋ​ឡាវ​ជាង​៣០០​នាក់​ឆ្លង​ដែន​ចូល​ដី​ខ្មែរ


ដោយ ម៉ែន សុធីរ
2016-05-19

ព្រំដែន ឡាវ ៨៥៥ ២០១៦
តំបន់​ចម្រូងចម្រាស​ដែល​ឡាវ បាន​ចាក់​គ្រឹះ​ដើម្បី​សាងសង់​ប៉ុស្តិ៍​ព្រំដែន ឋិត​នៅ​ភូមិ​ដុងក្រឡ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២១ មេសា ឆ្នាំ​២០១៦
 RFA/Men Sothyr


ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ឡាវ អះអាង​ថា ពលរដ្ឋ​ឡាវ ជាង ៣០០​នាក់ បាន​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​នៅ​តំបន់​ដី​ព្រៃ​សហគមន៍​ព្រៃ​រ៉ូង ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។ ពលរដ្ឋ​ឡាវ ទាំង​នោះ ឆ្លង​ដែន​ដើម្បី​មក​បេះ​ផ្សិត​ធម្មជាតិ និង​ប្រមូល​អនុផល​ព្រៃ​ឈើ និង​បរបាញ់​សត្វ​ព្រៃ។ អ្នក​ភូមិ​ថា ក្រៅ​ពី​ពលរដ្ឋ​ឡាវ ឆ្លង​ដែន​ខុស​ច្បាប់ ក៏​មាន​ករណី​ទាហាន​ឡាវ នៅ​តែ​បន្ត​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​នៅ​ពេល​យប់ ដើម្បី​បរបាញ់​សត្វ​ព្រៃ និង​បាញ់​គោ​ក្របី​អ្នក​ភូមិ​យក​សាច់។

ជនជាតិ​ដើម​ភាគ​តិច​ខិះ រស់នៅ​ឃុំ​ស្រែសំបូរ និង​ឃុំ​ព្រែកមាស អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​ព្រំដែន​នោះ​បារម្ភ​ថា ការ​ឆ្លង​ដែន​របស់​ពលរដ្ឋ​ឡាវ ចូល​ដី​ខ្មែរ​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​ព្រំដែន និង​បង្ក​ផល​ប៉ះពាល់​សន្តិសុខ និង​ជីវភាព​របស់​ពលរដ្ឋ។



ប្រធាន​សហគមន៍​ព្រៃ​រ៉ូង ស្រុក​សៀមប៉ាង លោក ទា សន ឲ្យ​ដឹង​ថា អ្នក​ភូមិ​ប្រទះ​ឃើញ​ពលរដ្ឋ​ឡាវ ជា​ក្រុមៗ​ជិះ​គោយន្ត​ឆ្លង​ចូល​ដី​ព្រៃ​សហគមន៍​ដើម្បី​បេះ​ផ្សិត និង​ប្រមូល​អនុផល​ព្រៃ​ឈើ​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា។ លោក​បន្ត​ថា សមាជិក​សហគមន៍ និង​មន្ត្រី​អាវុធហត្ថ បាន​រារាំង​ពលរដ្ឋ​ឡាវ នោះ​មិន​ឲ្យ​ឆ្លង​ដែន​ចូល​ដី​ខ្មែរ តែ​ពួក​គេ​នៅ​តែ​មានៈ​ឆ្លង​ចូល។ លោក​ចាត់​ទុក​ថា បន្លែ​ធម្មជាតិ និង​ផ្សិត​ព្រៃ​ជាដើម​ដែល​ដុះ​ក្នុង​ព្រៃ​តាម​រដូវ​កាល គឺ​ជា​របរ​បន្ទាប់​បន្សំ​របស់​ជនជាតិ​ដើម​ភាគ​តិច ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ លើស​ពី​នេះ​ទៀត ការ​ឆ្លង​ដែន​ចូល​មក​បេះ​បន្លែ​ព្រៃ​ក្នុង​ព្រៃ​សហគមន៍ ក៏​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​អ្នក​ភូមិ​ទៀត​ផង។ លោក​ថា នៅ​រដូវ​ភ្លៀង​កក់​ខែ​ឆ្នាំ​នេះ ផ្សិត​ស្បែក​ដែល​ដុះ​ជា​លក្ខណៈ​ធម្មជាតិ គឺ​មាន​តម្លៃ​ខ្ពស់​ប្រៀបធៀប​នឹង​បន្លែ​ធម្មជាតិ​ផ្សេង​ទៀត​បាន​ដុះ​ស្អេកស្កះ​នៅ​តំបន់​ព្រៃ​សហគមន៍៖ «បញ្ហា​ព្រៃ​សហគមន៍​ខ្ញុំ​បញ្ហា​ព្រៃ​ឈើ ប្រព័ន្ធ​ជីវចម្រុះ​វា​អស់​ហើយ​ដោយសារ​ឡាវ។ ខ្មែរ​យើង​អ្នក​ការពារ ដល់​ឡាវ វា​អ្នក​យក»។

លោក ទា សន បញ្ជាក់​ទៀត​ថា មិន​ត្រឹម​តែ​ពលរដ្ឋ​ឡាវ ចូល​មក​ទឹក​ដី​ខ្មែរ​ប្រមូល​អនុផល​ព្រៃ​ឈើ​ប៉ុណ្ណោះ​ទេ ទាហាន​ឡាវ ក៏​នៅ​តែ​បន្ត​លួច​ឆ្មក់​ចូល​ដី​ខ្មែរ​នៅ​ពេល​យប់ ហើយ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ដូច​ពលរដ្ឋ​ឡាវ ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។ លោក​ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត ត្រូវ​តែ​ចាត់​វិធានការ​ទប់ស្កាត់​ករណី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​អធិបតេយ្យភាព​តាម​តំបន់​ព្រំដែន និង​រក្សា​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ៖ «ឈើ​ព្រៃ​អស់​ហើយ សង្ឃឹម​សត្វ​តិចតួច​ដើម្បី​បន្ត​ពូជ ដល់​ឡាវ វា​ចូល​មក​មាន​បន្ត​ពូជ​អី​ទៀត។ បើ​មិន​ចឹង​ទេ ព្រៃ​សហគមន៍​ខ្ញុំ​រលាយ​ហើយ​គ្មាន​អី​ទេ»។

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់​យ៉ាង​ខ្លី​ថា អាជ្ញាធរ​ខេត្ត​បាន​ទទួល​ព័ត៌មាន​ករណី​នេះ​ហើយ។ លោក​ថា អាជ្ញាធរ​នឹង​អន្តរាគមន៍​រឿង​នេះ ដោយ​ចាត់​វិធានការ​ឲ្យ​សមត្ថកិច្ច​ព្រំដែន​ចុះ​ទៅ​ទប់ស្កាត់​បន្ទាន់៖ «ថ្នាក់​ដឹក​នាំ​ខេត្ត​លោក​ដឹង​ហើយ លោក​បាន​ចាត់​វិធានការ​ហើយ។ ឲ្យ​សមត្ថកិច្ច​ព្រំដែន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ជាក់ស្តែង»។

កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ប្រជា​សហគមន៍​ព្រៃ​រ៉ូង ប្រទះ​ឃើញ​ទាហាន​ឡាវ ជាង ១០​នាក់ បាន​ឆ្លង​ចូល​ដី​ខ្មែរ​ត្រង់​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣១ បង្គោល​លេខ​៣២ និង​បង្គោល​លេខ​៤២ ចំណុច​ព្រៃ​រ៉ូង បឹង​ក្ដួច អូរឫស្សី និង​អូរ​ព្រាល ដើម្បី​បរបាញ់​សត្វ​ព្រៃ និង​បាញ់​សត្វ​ពាហនៈ​អ្នក​ស្រុក។

សហគមន៍​អះអាង​ថា បន្ទាប់​ពី​មាន​ទាហាន​ឡាវ ឆ្លង​ចូល​ដី​ខ្មែរ​តាំង​ពី​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន អ្នក​ភូមិ​ចំនួន​ពីរ​ឃុំ គឺ​ឃុំ​ស្រែសំបូរ និង​ឃុំ​ព្រែកមាស បាត់​គោ​ក្របី​យ៉ាង​ហោច​ណាស់ ១០០​គ្រួសារ ក្នុង​នោះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារៗ​បាត់​គោ​ក្របី​ចាប់​ពី ១​ក្បាល​ដល់​ជាង ២០​ក្បាល។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល កត់​សម្គាល់​ថា ការ​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​របស់​ប្រជាជន​ឡាវ និង​ទាហាន​ឡាវ ធ្លាប់​កើត​មាន​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ។ លោក​អំពាវនាវ​ឲ្យ​តម្រួត​ព្រំដែន​ខ្មែរ ទប់ស្កាត់​ករណី​នេះ​ចៀសវាង​បង្ក​ផល​ប៉ះពាល់​ជីវភាព​រស់នៅ​ពលរដ្ឋ​ខ្មែរ ជាពិសេស​ការ​ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់ ដែល​ខេត្ត​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រមព្រៀង​មិន​ឲ្យ​មាន​ការ​ឆ្លង​ដែន​ខុស​ច្បាប់​កន្លង​មក៖ «យើង​ឃើញ​ថា​ជនជាតិ​ឡាវ មក​បរបាញ់​សត្វ ឬ​ចូល​មក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់ ចូល​មក​កាប់​ឈើ​ចាប់​អី​តាំង​ពី​មុន​មក​ដូចជា​មាន​ភាព​ធូរ​រលុង ដូចជា​មិន​មាន​ចំណាត់​ការ​អី»។

កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៥ ពលរដ្ឋ​ខ្មែរ ១១​នាក់​ត្រូវ​ទាហាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន ៨​ថ្ងៃ បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ឆ្លង​ដែន​កាប់​ឈើ​ក្នុង​ទឹក​ដី​ឡាវ។ បន្ទាប់​ពី​មាន​ការ​ឃុំ​ខ្លួន ទាហាន​ឡាវ បាន​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ ដោយ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់ និង​បង់​ប្រាក់​ក្នុង​ម្នាក់ ៧០០​ដុល្លារ​ដើម្បី​ជា​ថ្នូរ​នៃ​ការ​ដោះ​លែង។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ចាត់​ទុក​ការ​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ដោយ​ពលរដ្ឋ​ឡាវ នៅ​តាម​ព្រំដែន ថា​ជា​ករណី​ខុស​ច្បាប់។ ដូច្នេះ អាជ្ញាធរ​ខេត្ត​ត្រូវ​ចាត់​វិធានការ​បន្ទាន់ អន្តរាគមន៍​រឿង​នេះ​ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ជីវភាព​រស់នៅ​ពលរដ្ឋ។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​កាតព្វកិច្ច​ទាហាន​ការពារ​ព្រំដែន ដើម្បី​ឆ្លើយ​តប​ការ​បារម្ភ​របស់​ពលរដ្ឋ និង​ដើម្បី​ការពារ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ផង៖ «ការ​បណ្តែតបណ្តោយ គឺ​ជា​ការ​ធ្វេសប្រហែស​មួយ​របស់​អាជ្ញាធរ​ខេត្ត ដែល​បណ្តោយ​ឲ្យ​មាន​ការ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់។ រឿង​នេះ​ដូចជា​ជំងឺ​ចឹង។ យើង​ព្យាបាល​ទាន់​វា​នៅ​តិចៗ»។

សហគមន៍​ព្រៃ​រ៉ូង ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា មន្ត្រី​អាវុធហត្ថ ៣​នាក់ ប្រទះ​ឃើញ​ទាហាន​ឡាវ ៥​នាក់​ចូល​ដី​ខ្មែរ​នៅ​ចំណុច​វាល​គ្រាល ឋិត​នៅ​បរិវេណ​ដី​ព្រៃ​សហគមន៍​ព្រៃ​រ៉ូង ស្រុក​សៀមប៉ាង។ បន្ទាប់​ពី​ប្រទះ​ឃើញ​យោធា​ឡាវ ចូល​ដី​ខ្មែរ មន្ត្រី​អាវុធហត្ថ​គ្រោង​ព័ទ្ធ​ចាប់​ខ្លួន​អនុវត្ត​ច្បាប់ តែ​ត្រូវ​ទាហាន​ឡាវ យក​កាំភ្លើង​បាញ់​រះ​ដើម្បី​ដោះ​ខ្លួន។

កាល​ពី​ចុង​ឆ្នាំ​២០១៣ មាន​ករណី​ទាហាន​ឡាវ បាញ់​ពលរដ្ឋ​ខ្មែរ​របួស​ធ្ងន់ ព្រម​ទាំង​ចាប់​ដាក់​គុក​ជាង ១០​នាក់ ពេល​ពលរដ្ឋ​ខ្មែរ​ចូល​ព្រៃ​កាប់​ឈើ​ក្នុង​ទឹក​ដី​ឡាវ៕

1 comment:

Anonymous said...

khmers are so busy exiting to thailand for works , while neighbors are busy invading the country... soon it will be like the US where illegals people from the south move in , demand gov 's assistance , demand gov to change the laws and make them legal citizens , demand free healthcare , protesting and wave their country flag in the streets against TRump who want to kick them out and claiming that this land now belong to them... what do politicians do , give them what they want so they/politicians can continue to keep their jobs while they continue to reap millions of dollars from lobbyists [ a form of bribe , only they call it campaign contribution ].. now spanish is the second language of the land and it has been predicted that in future spanish people will be the majority -- white , black and asian combined will be the minority.