A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 20 May 2016

សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ចំពោះ​ប្រឆាំង​ការ​ចរាចរ​អង្ករ​ខុស​


សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ចំពោះ​ប្រឆាំង​ការ​ចរាចរ​អង្ករ​ខុស​ច្បាប់
ដោយ អ៊ុំ រង្សី
2016-05-19

អង្ករ ផ្កា​រំដួល ៨៥៥ ២០១៦
ស្រូវ និង​អង្ករ​ផ្កា​រំដួល ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Tha Kitya


សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​យល់​ថា លំហូរ​អង្ករ​ពី​ប្រទេស​ជិត​ខាង គឺ​ជា​បញ្ហា​ចម្បង​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់ ព្រោះ​វា​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​កសិករ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ ទាំង​សង្គម​ស៊ីវិល និង​បក្ស​នយោបាយ ជំរុញ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល អនុវត្ត​ច្បាប់​ឲ្យ​តឹងរ៉ឹង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចរាចរ​អង្ករ​ខុស​ច្បាប់​នៅ​តាម​ច្រក​ព្រំដែន​ឲ្យ​មាន​ប្រសិទ្ធភាព។

សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង លើក​ឡើង​ថា ការ​បន្ត​ទម្លាប់​នាំ​ចូល​អង្ករ និង​អនុវត្ត​ច្បាប់​មិន​បាន​តឹងរ៉ឹង​របស់​អាជ្ញាធរ​តាម​ព្រំដែន វា​មិន​ត្រឹម​តែ​បន្ត​គំរាម​កំហែង​ដល់​ការ​រីក​លូត​លាស់​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ វា​ក៏​គំរាម​កំហែង​ដល់​ទីផ្សារ​ស្រូវ​កសិករ និង​សេដ្ឋកិច្ច​ជាតិ​ខ្លាំង​ផង​ដែរ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា​ដើម្បី​អភិវឌ្ឍន៍​កសិកម្ម និង​ប្រព័ន្ធ​ចិញ្ចឹម​ជីវិត លោក សួន សេង កត់​សម្គាល់​ថា កន្លង​មក រដ្ឋាភិបាល​បាន​បង្កើត​យន្តការ​ច្រើន​ក្នុង​ការ​គ្រប់គ្រង​ចំណី​អាហារ ឬ​ទំនិញ និង​ទប់ស្កាត់​ការ​នាំ​ចូល​ខុស​ច្បាប់ ប៉ុន្តែ​លោក​ថា ការ​អនុវត្ត​ជាក់ស្ដែង​នៅ​ពុំ​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ ដោយសារ​តែ​មាន​អំពើ​ពុក​រលួយ និង​អភិបាល​កិច្ច​គ្មាន​ប្រសិទ្ធភាព។ លើស​ពី​នេះ លោក​ថា ការ​គ្រប់គ្រង​ការ​ត្រួត​ពិនិត្យ​អង្ករ​នាំ​ចូល​ពី​បរទេស ក៏​នៅ​មាន​ភាព​ធូរ​រលុង​នៅ​ឡើយ៖ «បើ​សិន​ជា​រដ្ឋាភិបាល​គាត់​បាន​ពង្រឹង​គ្រប់​ច្រក​ព្រំដែន​ដែល​ធ្វើ​ឡើង​តាម​ច្រក​ព្រំដែន​តូចៗ ពង្រឹង​អភិបាល​កិច្ច​ល្អ ធ្វើ​ឲ្យ​គាត់​គិត​ពី​ផល​ប្រយោជន៍​របស់​កសិករ ឲ្យ​គាត់​ចេះ​ការពារ​ពី​ការ​ប្រកួត​ប្រជែង​ខាង​ក្រៅ ទើប​អាច​ជួយ​រក​ទីផ្សារ​ឲ្យ​កសិករ​បាន​ពិត​ប្រាកដ»។



ពាក់ព័ន្ធ​នឹង​លំហូរ​អង្ករ​ពី​ក្រៅ​ប្រទេស​នេះ​ដែរ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ក៏​បាន​ឲ្យ​ដឹង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក ខណៈ​លោក​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ពេល​ថ្មីៗ​ថា តាម​របាយការណ៍​ដែល​លោក​ទទួល​នៅ​ឆ្នាំ​២០១៥ កម្ពុជា បាន​នាំ​ចូល​អង្ករ​ជាង ១​លាន​តោន ខណៈ​អង្ករ​កម្ពុជា បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជាង ៥០​ម៉ឺន​តោន​ប៉ុណ្ណោះ។

លោក​ដាក់​ការ​សង្ស័យ​ថា បញ្ហា​នេះ​កើត​ឡើង​ដោយសារ​មន្ត្រី​នៅ​តាម​ព្រំដែន​ឃុបឃិត​ជាមួយ​ឈ្មួញ ដើម្បី​នាំ​ចូល​អង្ករ​ខុស​ច្បាប់។ លោក​បន្ត​ថា បញ្ហា​នេះ​មិន​ត្រឹម​តែ​ជា​ក្តី​បារម្ភ​ដល់​ទិសដៅ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ប៉ុណ្ណោះ​ទេ បញ្ហា​នេះ​ក៏​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​ទទួល​បាន​ទីផ្សារ​គ្មាន​តម្លាភាព​ផង​ដែរ។

លោក យ៉ែម បុញ្ញឫទ្ធិ យល់​ថា ដើម្បី​ជៀសវាង​លំហូរ​អង្ករ​ខុស​ច្បាប់​មក​កម្ពុជា លោក​បាន​ស្នើ​រដ្ឋាភិបាល ត្រូវ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ការ​នាំ​ចូល​ទំនិញ​នៅ​តាម​ច្រក​នានា​តាម​ព្រំដែន ត្រូវ​ពង្រីក​ការ​ត្រួត​ពិនិត្យ​ផលិតផល​ខុស​ច្បាប់​ដល់​ថ្នាក់​មូលដ្ឋាន និង​ត្រូវ​ដាក់​ទោសទណ្ឌ​ទៅ​លើ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដែល​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល​អង្ករ​ខុស​ច្បាប់។

ក្នុង​ឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន ឲ្យ​ដឹង​ថា ករណី​ទប់ស្កាត់​លំហូរ​អង្ករ​ពី​ក្រៅ​ប្រទេស មិន​មែន​ជា​ដែន​សមត្ថកិច្ច​របស់​ក្រសួង​កសិកម្ម នោះ​ឡើយ វា​ជា​តួនាទី​របស់​ក្រសួង​ពាណិជ្ជកម្ម។ ប៉ុន្តែ​ក្រសួង​កសិកម្ម នឹង​ខិតខំ​បង្កើន​ការ​ស្រាវជ្រាវ និង​រិះរក​បច្ចេកទេស​ថ្មីៗ​ដើម្បី​បង្កើន​ប្រសិទ្ធភាព គុណភាព​នៃ​ការ​ផលិត​ពូជ​ដល់​កសិករ ដើម្បី​សម្រេច​ទិសដៅ​នាំ​ចេញ​អង្ករ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កែន រដ្ឋា ដើម្បី​ដឹង​ពី​វិធានការ​ទប់ស្កាត់​លំហូរ​អង្ករ​ខុស​ច្បាប់​បាន​ឡើយ នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា។

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​កសិករ​កន្លង​មក ធ្លាប់​អះអាង​ថា លំហូរ​អង្ករ​ខុស​ច្បាប់​ពី​ប្រទេស​វៀតណាម យ៉ាង​គំហុក បាន​ធ្វើ​ឲ្យ​រោង​ម៉ាស៊ីន​មួយ​ចំនួន​នៅ​កម្ពុជា មិន​អាច​ប្រកួត​ប្រជែង​បាន ហើយ​សម្រេច​ចិត្ត​បិទ​ទ្វារ​អាជីវកម្ម​របស់​ខ្លួន៕

No comments: