A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 25 May 2016

ក្រសួង​មហាផ្ទៃ​ធានា​ថា​ដំណើរការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌


ដោយ សាន សែល
2016-05-25 rfa

អាឡាំង ដូស ព្រុំ សុខា ៨៥៥
រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ លោក ព្រុំ សុខា (ស្ដាំ) ជួប​ជាមួយ​តំណាងមូលនិធិ ខូហ្វី អាណាន់ (Kofi Annan) លោក អាឡាំង ដូស (Alan Doss) នា​ក្រសួង​មហាផ្ទៃ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦។
 RFA/Cheu Sideth


ក្រសួង​មហាផ្ទៃ ធានា​ចំពោះ​មុខ​តំណាង​មូលនិធិ ខូហ្វី អាណាន់ (Kofi Annan) នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ថា ការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​ពេល​ខាង​មុខ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​រដ្ឋធម្មនុញ្ញ។ ទោះបីជា​យ៉ាង​ណា តំណាង​មូលនិធិ ខូហ្វី អាណាន់ ចង់​ឃើញ​ស្ថាប័ន គ.ជ.ប ធ្វើ​ការងារ​ដោយ​ឯករាជ្យ។

បន្ទាប់​ពី​កិច្ចប្រជុំ​បិទទ្វារ​រយៈពេល​ជិត ២​ម៉ោង នៅ​ក្រសួង​មហាផ្ទៃ មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​នេះ​រៀបរាប់​ពី​ស្នាដៃ​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​សម្របសម្រួល​ដំណើរ​ការ​បោះឆ្នោត ដោយ​គ្មាន​ហិង្សា កាល​ពី​ការ​បោះឆ្នោត​នៅ​ពេល​កន្លង​ទៅ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ លោក ព្រំ សុខា ដែល​ជួប​ជាមួយ​តំណាង​លោក ខូហ្វី អាណាន់ ជំនួស​លោក ស ខេង មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នេះ​ថា ក្រសួង​របស់​លោក​នឹង​ជួយ​ជ្រោមជ្រែង​រក្សា​បរិយាកាស​ការ​បោះឆ្នោត​ឲ្យ​មាន​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ត្រឹមត្រូវ៖ «ផ្អែក​លើ​បទពិសោធន៍​ល្អ​នេះ យើង​នឹង​បន្ត​ពង្រឹង​បន្ត​ទៅ​ទៀត។ ការងារ​នេះ មិន​ត្រឹម​តែ​ធ្វើ​ត្រឹម​ក្រសួង​មហាផ្ទៃ ឬ​គណៈកម្មការ​ទេ យើង​ធ្វើ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ប្រជាពលរដ្ឋ គណបក្ស​នយោបាយ និង​អ្នក​នយោបាយ ចូលរួម​ដំណើរ​ការ​នេះ»។



លោក ព្រុំ សុខា មិន​បាន​បញ្ជាក់​ពី​ចំនួន​នៃ​កងកម្លាំង​សុខ​សន្តិសុខ ដែល​នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​ក្នុង​ដំណើរការ​បោះ​ឆ្នោត​នោះ​ទេ។

ប្រទេស​កម្ពុជា នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

អាឡាំង ដូស ៨៥៥ ២០១៦
តំណាង​មូលនិធិ ខូហ្វី អាណាន់ (Kofi Annan) លោក អាឡាំង ដូស (Alan Doss) ឆ្លើយ​សំណួរ​អ្នក​កាសែត​ក្រោយ​ពេល​ជួប​ជាមួយ​តំណាង​ក្រសួង​មហាផ្ទៃ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth


តំណាង​មូលនិធិ ខូហ្វី អាណាន់ លោក អាឡាំង ដូស (Alan Doss) បាន​ហៅ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា គឺ​ទស្សនកិច្ច​ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​ជួប​ជជែក​ជាមួយ​ភាគី​ក្រសួង​មហាផ្ទៃ។

លោក អាឡាំង បដិសេធ​មិន​បរិយាយ​ពី​ករណី លោក នី ចរិយា អគ្គលេខាធិការ​រង​របស់ គ.ជ.ប ដែល​កំពុង​ជាប់​ឃុំ​នៅ​ពេល​អ្នក​សារព័ត៌មាន​ជជីក​សួរ។ តែ​លោក អាឡាំង ថ្លែង​ប្រាប់​រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ លោក ព្រុំ សុខា ថា មូលនិធិ ខូហ្វី អាណាន់ ចង់​ឃើញ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ធ្វើ​ការងារ​ដោយ​ឯករាជ្យ និង​មិន​លំអៀង៖ «ដូច្នេះ ខ្ញុំ​គិត​ថា វា​មាន​សារសំខាន់​ដូច​ដែល​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ យល់​ស្រប​ថា គ.ជ.ប មាន​តួនាទី​សំខាន់​ដើម្បី​បំពេញ ហើយ​វា​ជា​ការ​ពិត​ណាស់ គ.ជ.ប ត្រូវ​ជា​ស្ថាប័ន​ឯករាជ្យ ដើម្បី​បម្រើ​ប្រជាជន​ទូទៅ»។

​តំណាង​មូលនិធិ ខូហ្វី អាណាន់ រូប​នេះ ក៏​បាន​ជជែក​ពី​ភាព​ចាំបាច់​នៃ​លិខិត​សម្គាល់​អត្តសញ្ញាណ​សម្រាប់​អ្នក​បោះឆ្នោត​ដែល​លោក​ថា វា​មាន​សារសំខាន់​ខ្លាំង ពិសេស​សម្រាប់​យុវជន​ដោយ​លោក​ហៅ​ប្រទេស​កម្ពុជា ថា​ជា​ប្រទេស​សម្រាប់​យុវជន។

លោក ព្រុំ សុខា ស្វាគមន៍​ចំពោះ​ការ​ចូលរួម​របស់​មូលនិធិ ខូហ្វី អាណាន់ ដើម្បី​ធានា​គុណភាព​នៃ​ការ​បោះឆ្នោត ហើយ​លោក​យល់​ថា ការ​បោះឆ្នោត​នេះ​ហើយ​ដែល​នឹង​ធានា​ស្ថិរភាព សន្តិភាព និង​ការ​អភិវឌ្ឍ ស្រប​តាម​ក្រម​ខណ្ឌ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ​បក្ស និង​នីតិរដ្ឋ។

អ្នក​ដែល​នឹង​ចូល​រួម​ការ​បោះឆ្នោត​មាន​ចំនួន​ប្រមាណ ៩​លាន​នាក់ នៃ​ប្រជាជន​កម្ពុជា សរុប​ជាង ១៥​លាន​នាក់។ លោក ព្រុំ សុខា បញ្ជាក់​ថា មក​ដល់​ពេល​នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១​លាន​នាក់ ដែល​មិន​ទាន់​ទទួល​បាន​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត ហើយ​លោក​ថ្លែង​ថា ក្រសួង​មហាផ្ទៃ នឹង​ព្យាយាម​ផ្ដល់​ឯកសារ​ឲ្យ​ពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគាត់​មាន​សិទ្ធិ​បោះ​ឆ្នោត៕

No comments: