A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 25 May 2016

សមត្ថកិច្ច​ខេត្ត​បាត់ដំបង​រារាំង​សកម្មជន​បក្ស​ប្រឆាំង​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ


ដោយ ហ៊ុំ ចំរើន
2016-05-25 rfa

ស្នាម​មេដៃ បាត់ដំបង ២០១៦ ៨៥៥
ស្នាម​មេដៃ​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​បាន។ រូបថត​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦ RFA/Hum Chamroeun
 RFA/Hum Chamroeun


សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង សម្រេច​ផ្អាក​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ជា​បណ្ដោះអាសន្ន។ ការ​ផ្អាក​យុទ្ធនាការ គឺ​ដោយសារ​សមត្ថកិច្ច​ខេត្ត​បាត់ដំបង បាន​រារាំង​សកម្មជន​គណបក្ស​នេះ​ពេល​ចុះ​ប្រមូល​ស្នាម​មេដៃ​ជា​បន្តបន្ទាប់។ គណបក្ស​ប្រឆាំង ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ស្នើ​ទៅ​ព្រះមហាក្សត្រ ជួយ​ធ្វើ​ព្រះរាជ​អន្តរាគមន៍​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប និង​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ១៥​រូប ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ភ្នំព្រឹក អ្នកស្រី នី ភឿន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​ទីស្នាក់ការ​គណបក្ស​នា​ខេត្ត​បាត់ដំបង ថ្ងៃ​ទី​២៥ ឧសភា ថា មន្ត្រី​នគរបាល​ស្រុក​ភ្នំព្រឹក នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា បាន​បង្ខំ​អ្នកស្រី​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​បន្ត​ទៀត។ អ្នកស្រី​អះអាង​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ ធ្វើ​ឡើង​ ដោយ​ពុំ​មាន​ការ​បង្ខិតបង្ខំ​ឡើយ៖ «ហើយ​តែ​ប៉ុណ្ណឹង​គេ​ចោទ​ខ្ញុំ​ថា​ធ្វើ​ការ​អូស​ទាញ​ពលរដ្ឋ​ចូល​បក្ស បាន​ជា​គេ​ចាប់​ខ្ញុំ​នោះ។ ហើយ​ថែម​ទាំង​គំរាម​ខ្ញុំ​ថា បើ​បំភ្លឺ​ត្រូវ​ដោះ​លែង តែ​បើ​បំភ្លឺ​ខុស ឃុំ​ខ្លួន ២៤​ម៉ោង»។



ឆ្លើយ​តប​នឹង​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក លោក សុង សុភ័ក្រ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​អាជ្ញាធរ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង បញ្ឈប់​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ដោយសារ​លោក​ព្រួយ​បារម្ភ​ក្រែង​សកម្មភាព​នេះ​បន្ត​យូរ​ទៅ នឹង​បង្ក​អសន្តិសុខ​នៅ​ក្នុង​សង្គម​ជាតិ​នៅ​ពេល​ខាង​មុខ៖ «ព្រោះ​អី​ជួនកាល​គាត់​មិន​បាន​ប្រាប់​ប្រជាពលរដ្ឋ ដូច​ដែល​គាត់​និយាយ​ឯណា។ តាម​ពិត​គាត់​ប្រាប់​ក្នុង​ន័យ​ផ្សេង​អី​ទៅ។ ហើយ​ប្រជាពលរដ្ឋ​គាត់​មិន​យល់​ពី​ការងារ​នេះ គាត់​បាន​ផ្ដិត​ចូលរួម​ទៅ។ អ៊ីចឹង​បាន​ថា​ឲ្យ​នីតិវិធី»។

សមត្ថកិច្ច​រារាំង​សកម្មជន​គណបក្ស​ប្រឆាំង មិន​ឲ្យ​ប្រមូល​ស្នាម​មេដៃ​នេះ កើត​ឡើង​នៅ​គ្រប់​ស្រុក​ក្នុង​ខេត្ត​បាត់ដំបង។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​មោងឫស្សី ម្នាក់​ទៀត គឺ​លោក អ៊ុត ជឿន ថ្លែង​ថា មន្ត្រី​នគរបាល​ស្រុក​មោងឫស្សី បាន​ឃាត់​សកម្មជន​របស់​លោក​ចំនួន​បី​នាក់ យក​ទៅ​សាកសួរ​ប្រមាណ ២​ម៉ោង ខណៈ​ពួក​គេ​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ម៉ាណោក ឃុំ​តាលាស់ ស្រុក​មោងឫស្សី កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា៖ «នៅ​ពេល​យើង​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ យើង​បាន​ប្រាប់​ហេតុផល​ទៅ​គាត់ និង​បាន​អាន​ឯកសារ​ឲ្យ​គាត់​ស្ដាប់។ ដល់​អ៊ីចឹង គាត់​យល់ ហើយ​ចូលរួម​ដោយ​គាត់​យល់​ថា មន្ត្រី​សិទ្ធិ​មនុស្ស​ធ្លាប់​ជួយ​ពួក​គាត់​ពី​មុន​មក»។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ដោយ​ពុំ​មាន​ការ​បង្ខិតបង្ខំ ដើម្បី​ស្នើ​ទៅ​ព្រះមហាក្សត្រ​អន្តរាគមន៍​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប និង​មន្ត្រី​នយោបាយ​ជាប់​ពន្ធនាគារ​ព្រៃ​ស គឺ​ពុំ​ខុស​ច្បាប់​ឡើយ៖ «ការ​ដែល​ផ្ដិត​ស្នាម​មេដៃ​ដោយ​ស្ម័គ្រ​ចិត្ត​នេះ វា​អត់​ឃើញ​មាន​ច្បាប់​អី​ចែង​ថា​មាន​បទល្មើស​អី​សោះ! អ៊ីចឹង​អ្នក​ដែល​ទៅ​ចាប់​ទៅ​ឃាត់​ខ្លួន ឬ​ក៏​ទៅ​គំរាម​កំហែង​គេ​ទេ ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ទៅ​វិញ»។

គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​តាំង​ពី​ថ្ងៃ​ទី​១៦ ឧសភា។ តាម​គម្រោង គណបក្ស​នេះ​នឹង​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ឲ្យ​បាន​ពី ២០ ទៅ ៣០​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៧​សែន ៤​ម៉ឺន​នាក់ (៧៤៤.៥២០​នាក់) ក្នុង​ខេត្ត​បាត់ដំបង៕

No comments: