A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 25 May 2016

ភរិយា​បុរស​ដែល​ស្លាប់​ក្រោយ​ចាក់​ថ្នាំ​នៅ​គ្លីនិក​ឃឹមរ៉ានី​កំពុង​ស្វែងរក​យុត្តិធម៌


ដោយ ខែ សុណង
2016-05-25  rfa

ប្រពន្ធ ឡាំ តៅគង់ ៨៥៥
អ្នកស្រី សុខ រដ្ឋមនី ប្រពន្ធ​សព ឡាំ តៅគង់ ដែល​ស្លាប់​ក្រោយ​ចាក់​ថ្នាំ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ឃឹម រ៉ានី ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦។
 RFA/Ou Banung


គ្រួសារ​សព​បុរស​ដែល​ស្លាប់​នៅ​ពេល​ចាក់​ថ្នាំ​នៅ​មន្ទីរ​សម្រាក​ព្យាបាល ឃឹម រ៉ានី កំពុង​រង់ចាំ​ចំណាត់​ការ​របស់​ប៉ូលិស​ខណ្ឌ​ទួលគោក ដើម្បី​បញ្ជូន​សំណុំ​រឿង​បន្ត​ទៅ​តុលាការ តាម​បណ្ដឹង​របស់​គ្រួសារ​សព។

ភរិយា​សព គឺ​អ្នកនាង សុខ រដ្ឋមនី ថ្លែង​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ថា ពួកគាត់​កំពុង​រង់ចាំ​ចំណាត់​ការ​របស់​សមត្ថកិច្ច​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ឃឹម រ៉ានី។ អ្នកនាង​បន្ត​ថា ក្រុម​គ្រួសារ​គាត់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ភ្លាមៗ​ក្នុង​ថ្ងៃ​ដដែល ​បន្ទាប់​ពី​ស្វាមី​អ្នកនាង​បាន​ស្លាប់។

គាត់​បញ្ជាក់​ថា ក្រុម​គ្រួសារ​នាង​មិន​ទាន់​ពេញ​ចិត្ត​ទាំង​ស្រុង​ចំពោះ​ចំណាត់​ការ​ក្រសួង​សុខាភិបាល ចំពោះ​ការ​បិទ​មន្ទីរ​សម្រាក​ព្យាបាល​នេះ​ប៉ុណ្ណោះ​ទេ គឺ​ស្នើ​ឲ្យ​ស្ថាប័ន​យុត្តិធម៌​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​ចំពោះ​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​នេះ ដែល​ធ្វេស​ប្រហែស​ចំពោះ​ការ​ព្យាបាល​អ្នក​ជំងឺ៖ «ពេល​ព្រឹក​ហ្នឹង​គឺ​គាត់​សន្និដ្ឋាន​វា​គាត់​គាំង​បេះដូង យើង​ទទួល​យក​អត់​បាន ព្រោះ​បុគ្គល​ហ្នឹង​យើង​អត់​ដែល​ឈឺ​អី​ដែល​ទាក់ទង​បេះដូង ពេល​ព្រឹក​ក៏​គាត់​អត់​មាន​ចុក​អី​បេះដូង​ដែរ ឈឺ​តែ​ខ្នង​ម្ដុំ​ទេ ទៅ​ជា​មាន​បញ្ហា​អ៊ីចឹង​ពួក​ខ្ញុំ​អត់​អស់​ចិត្ត​ទេ។ ឥឡូវ​ពួក​ខ្ញុំ​កំពុង​ឲ្យ​ខាង​ពេទ្យ​វៀតណាម យក​ឯកសារ​ពេទ្យ​គាត់​ពី​មុន​មក​យក​មក​បញ្ជាក់ ព្រោះ​អី​គាត់​ឧស្សាហ៍​ទៅ​ពិនិត្យ​សុខភាព​ណាស់ (Check Up)។ ខ្ញុំ​នឹង​ប្រមូល​ឯកសារ​ពេទ្យ​យក​មក​ដើម្បី​ដាក់​បន្ទុក​លើ​ហ្នឹង។ ខ្ញុំ​ទៅ​មន្ទីរពេទ្យ​ហ្នឹង​ពេល​ថ្ងៃ​ហើយ​ដើម្បី​ធ្វើ​ពិធី​ហៅ​ព្រលឹង​ប្ដី​ខ្ញុំ​ពី​នោះ​មក ខ្ញុំ​ឃើញ​ពេទ្យ​ហ្នឹង​នៅ​បើ​ទ្វារ​ដដែល​មាន​ឡាន​ពេទ្យ​មាន​បុគ្គលិក​នៅ​ហ្នឹង ហើយ​មនុស្ស​នៅ​ពាក់​អាវ​ពេទ្យ​ទៀត។ នេះ​ហៅ​ថា បិទ​ជា​ផ្លូវ​ការ ឬ​យ៉ាង​ម៉េច​ដែរ? គ្លីនិក​ហ្នឹង​ថា រឿង​ប៉ុណ្ណឹង​បិទ​គេ​គេ​អយុត្តិធម៌»។



វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក​អធិការ​ខណ្ឌ​ទួលគោក ដើម្បី​សួរ​អំពី​បញ្ហា​នេះ​ បាន​ទេ​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា។

ក្រសួង​សុខាភិបាល​បាន​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​ ឃឹម រ៉ានី នៅ​រាជធានី​ភ្នំពេញ បន្ទាប់​យុវជន​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​ទៅ​ចាក់​ថ្នាំ​នៅ​ទី​នោះ និង​មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ក្រសួង​សុខាភិបាល បាន​សេចក្ដី​សម្រេច​មួយ សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ឃឹម រ៉ានី ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៣១៥ សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។ លិខិត​បញ្ជាក់​ថា មូល​ហេតុ​នៃ​ការ​បិទ​នេះ ដោយសារ​មន្ទីរ​សម្រាក​ព្យាបាល​នេះ បាន​បង្ក​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​លើក​ច្រើន​សា មិន​គោរព​តាម​កិច្ច​សន្យា​របស់​ខ្លួន​នៅ​ពេល​ដាក់​ពាក្យ​ស្នើសុំ​បើក​មន្ទីរ​សម្រាក​ព្យាបាល និង​មិន​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

ប៉ុន្តែ​ការ​បិទ​នេះ​បន្ទាប់​ពី​មាន​ការ​ផ្អើល និង​ក្រុម​គ្រួសារ​សព​ដាក់​ពាក្យ​បណ្ដឹង កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ជុំវិញ​ករណី​បុរស​វ័យ ២៨​ឆ្នាំ ឈ្មោះ ឡាំ តៅគង់ រស់នៅ​សង្កាត់​ច្រាំងចំរេះ​ទី​១ ខណ្ឌ​ឫស្សីកែវ ជា​បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​សាវីម៉ិច បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់​ពី​បាន​ចាក់​ថ្នាំ​នៅ​គ្លីនិក ឃឹម រ៉ានី ចំនួន ២​ម្ជុល​បណ្ដាល​ឲ្យ​តែ​ជន​រងគ្រោះ​ប្រកាច់​បែក​ពពុះ​មាត់ ដោយ​គ្រាន់​តែ​អាការៈ​ឈឺ​ខ្នង៕

No comments: