A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 19 May 2016

សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​ដែល​ឃ្លាំ​មើល​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ

សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​ដែល​ឃ្លាំ​មើល​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ
ដោយ សូត សុខប្រាថ្នា
2016-05-18


មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Saut Sokprathna
RFA/Saut Sokprathna



សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស លើក​ឡើង​ថា ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​មិន​បណ្ដាល​ឲ្យ​សង្គម​វឹកវរ​ឡើយ។ អាជ្ញាធរ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បែង​ចែក​គណៈកម្មការ​ដើម្បី​តាម​ដាន​សកម្មភាព​ប៉ុនប៉ង​នាំ​ឲ្យ​សង្គម​ជាតិ​វឹកវរ ពិសេស​យុទ្ធនាការ​អាវ​ពណ៌​ខ្មៅ​តែ​ម្តង។

សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​បង្កើត​គណៈកម្មការ​ដើម្បី​បង្ការ និង​ទប់ស្កាត់​មិន​ឲ្យ​មាន​សកម្មភាព​ប៉ុនប៉ង​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ពី​សំណាក់​អាជ្ញាធរ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺ​ជា​ការ​ខ្លាច​ជ្រុល​ហួស​ហេតុ។ ពួក​គេ​លើក​ឡើង​ថា សកម្មភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​អហិង្សា ពុំ​មាន​អ្វី​ខុស​ច្បាប់​ឡើយ ហើយ​វា​ក៏​មិន​បណ្ដាល​ឲ្យ​សង្គម​ជាតិ​ធ្លាក់​ក្នុង​ភាព​វឹកវរ​ដែរ។



មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​ប្រមូល​ផ្តុំ​គ្នា​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ ដើម្បី​សម្ដែង​មតិ​ឲ្យ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​រូប គឺ​ជា​សិទ្ធិ​សេរីភាព​ដ៏​ត្រឹមត្រូវ​របស់​ពលរដ្ឋ​ទាំង​នោះ ដែល​គាំទ្រ​ដោយ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា។ បន្ថែម​ពី​នេះ​ទៀត ការ​សម្ដែង​មតិ​ដោយ​អហិង្សា​របស់​ពួក​គាត់ វា​មិន​អាច​ក្លាយ​ជា​បដិវត្តន៍​អ្វី​ឡើយ។ លោក​ថា ចំណាត់​ការ​បែប​នេះ ជា​ការ​បំបាក់​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ទៅ​វិញ៖ «វិធានការ​នេះ​វា​ផ្ទុយ​ទៅ​នឹង​ច្បាប់​ជាតិ​ហើយ ព្រោះ​ថា​សេរីភាព​ដែល​បើក​ជាង ៣០​ឆ្នាំ​នេះ ត្រូវ​បាន​ប្រមូល​ផ្តុំ​ឲ្យ​រួម​តូច​ទៅ​វិញ»។

ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​លីកាដូ ពេល​នេះ បន្ទាប់​ពី​គណៈ​បញ្ជាការ​ស្រុក​មេមត់ បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ហើយ​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ឧសភា បាន​សម្រេច​បែង​ចែក​វេន​ប្រចាំ​ការ​របស់​ថ្នាក់​ដឹក​នាំ​ស្រុក​មេមត់ ដោយ​មាន​សមាសភាព​ចម្រុះ​សម្រាប់​បង្ការ និង​ទប់ស្កាត់​សកម្មភាព​ប៉ុនប៉ង​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម ពិសេស​ចលនា​ស្លៀកពាក់​ខ្មៅ​តែ​ម្តង។

អាជ្ញាធរ​ស្រុក បាន​បែង​ចែក​ក្រុម​ឃ្លាំ​មើល​ស្ថានភាព​ទូទាំង​ស្រុក​មេមត់ ជា​បី​ក្រុម​ធំៗ ដោយ​មាន​សមាសភាព​ចម្រុះ​រាប់​តាំង​ពី​អភិបាល​រង​ស្រុក អធិការ​រង​ស្រុក មេ​បញ្ជាការ​រង​ស្រុក ហើយ​មួយ​ក្រុមៗ​មាន​គ្នា​សរុប​ជិត ១០​នាក់។

សមាជិក​ទាំង​បី​ក្រុម​មាន​តួនាទី​ត្រៀម​កម្លាំង​ប្រចាំ​បញ្ជា ដើម្បី​ទប់ស្កាត់​សកម្មភាព​ចលនា​ស្លៀកពាក់​ខ្មៅ។ បន្ថែម​ពី​នេះ ត្រូវ​តាម​ដាន​សភាពការណ៍​ជា​ប្រចាំ​ចំពោះ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ជួប​ជុំ​គ្នា និង​ធ្វើ​ការ​ផ្សព្វផ្សាយ​បំផុសបំផុល ញុះញង់​ឲ្យ​មាន​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ ព្រម​ទាំង​កៀរគរ​កម្លាំង​ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​ជន​សង្ស័យ​មួយ​ចំនួន ដែល​តុលាការ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន ហើយ​បញ្ជា​នេះ នឹង​អនុវត្ត​រហូត​ដល់​មាន​គោលការណ៍​ណែនាំ​ថ្មី។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​មេមត់ និង​ជា​ប្រធាន​គណៈកម្មការ​នេះ លោក ចេង ប៊ុណ្ណារ៉ា ដើម្បី​សួរ​បញ្ជាក់​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ ឧសភា។

ទោះ​បី​ជា​បែប​នេះ​ក្តី កាល​ពី​ពេល​កន្លង​ទៅ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ លោក ហាក់ សុខមករា ធ្លាប់​មាន​ប្រសាសន៍​ថា យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​មន្ត្រី គ.ជ.ប គឺ​ជា​រឿង​នយោបាយ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្ត​ប្រកាស​ចាត់​វិធានការ​ចំពោះ​ពលរដ្ឋ​ទាំង​នោះ​ទៅ​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ទៀត។

កាល​ពី​ថ្ងៃ​ទី​១០ ឧសភា ប្រជាពលរដ្ឋ​ជាច្រើន​សហគមន៍​នៅ​ស្រុក​មេមត់ នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល និង​តុលាការ ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប ដែល​កំពុង​ជាប់​ឃុំ។ យុទ្ធនាការ​នោះ ប្រជា​សហគមន៍​ធ្វើ​ឡើង​ដោយ​អហិង្សា​លើ​ដី​ចម្ការ​របស់​ខ្លួន ដោយ​លើក​ជា​បដា​មាន​អត្ថន័យ​ផ្សេងៗ ហើយ​ពួក​គាត់​បញ្ជាក់​ថា វា​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ឬ​ជា​ការ​ធ្វើ​បដិវត្តន៍​អ្វី​ឡើយ ប៉ុន្តែ​ជា​ការ​សម្ដែង​ភាព​មិន​ពេញ​ចិត្ត​ចំពោះ​រឿង​អយុត្តិធម៌​ប៉ុណ្ណោះ។

លោក ប៊ូ វីរៈ យល់​ថា អាជ្ញាធរ​គប្បី​បង្កើត​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដីធ្លី ឬ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ គឺ​ល្អ​ជាង​បង្កើត​កម្លាំង​អាជ្ញាធរ​រដ្ឋ ដើម្បី​តាម​ដាន​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ពេល​នេះ។ លោក​ថា ចំណាត់​ការ​របស់​អាជ្ញាធរ វា​មិន​ត្រឹម​តែ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ផ្ទុយ​ពី​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​ទៀត​ផង៕

No comments: