A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 19 May 2016

ក្រុម​អ្នក​ឃ្លាំ​មើល​ទទូច​ឲ្យ​យុវជន​ ចៀសវាង​ធ្វើ​ខ្លួន​ជា​ឧបករណ៍​នយោបាយ


18 ឧសភា 2016 voa

    ហ៊ាន សុជាតា


រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (REUTERS/Pring Samrang)



ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ យល់​ថា​យុវជន​ទាំង​នេះ​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជ្រុល​ចំពោះ​រឿង​ផ្ទាល់ខ្លួន​របស់​អ្នក​នយោបាយ​ ច្រើន​ជាង​ពិចារណា​ទៅ​លើ​គោល​នយោបាយ​គណបក្ស។
ភ្នំពេញ —

ថ្វី​បើ​យុវជន​គឺ​ជា​តួអង្គ​សំខាន់​ជាង​គេ​មួយ​ក្នុង​ចំណោម​តួអង្គ​សំខាន់ៗ​ក្នុង​ការ​តម្រង់​ទិស​សង្គម ​ឲ្យ​ឈាន​ដល់​ការ​ផ្លាស់​ប្ដូរ​នយោបាយ​ជា​វិជ្ជមាន​ក្ដី ក៏​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ ដែល​ឃ្លាំ​មើល​មើល​ការ​បោះ​ឆ្នោត​ និង​សកម្ម​ភាព​យុវជន​នៅ​កម្ពុជា លើក​ឡើង​ថា​សកម្មភាព​នយោបាយ​របស់​យុវជន​ ទាម​ទារ​នូវ​សុចរិត​ភាព​ និង​ត្រូវ​ធានា​ថា​ សកម្មភាព​របស់​ពួកគេ​មិនមែន​ជា​ល្បែង​នយោបាយ។

លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ ខុម​ហ្វែ្រល​ លើក​ឡើង​ថា​ វា​ជា​តួនាទី​របស់​យុវជន​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ ដូចជា​ទាក់ទង​ជាមួយ​អ្នក​នយោបាយ​ ឬ​ក៏​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ទៅលើ​អ្នក​នយោបាយ​ ក៏​ប៉ុន្តែ​លោក​ដាស់​តឿន​ថា​ សកម្មភាព​ទាំង​នោះ ​គប្បី​ធ្វើឡើង​ដោយ​ឆន្ទៈ​សុចរិត។

«គ្រាន់​តែ​យុវជន​សំខាន់​ ធ្វើ​ម៉េច​ឲ្យ​ការ​ចូលរួម​ហ្នឹង​ ព្រោះ​យើង​ទើប​តែ​ចាប់​ផ្ដើម​ ធ្វើ​ម៉េច​ត្រូវ​បង្ហាញ​ពី​សុចរិត​ភាព​ តម្លា​ភាព​នៅ​ក្នុង​សកម្មភាព​ដែល​យើង​ធ្វើ​អញ្ចឹង​ប្រាកដ​ជា​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​អ្នក​នយោបាយ។ ដោយ​ប្រើ​ការ​តស៊ូ​មតិ​ និង​ការ​បញ្ចេញ​យោបល់ ធ្វើ​ម៉េច​ឲ្យ​កិច្ច​ការ​នយោបាយ​ដើរ​ឲ្យ​ចំ​ផ្លូវ​ត្រូវ»។



គេ​សង្កេត​ឃើញ​ថា​ ការ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​នីតិកាល​ទី​៥​កាល​ពី​ឆ្នាំ​២០១៣​ គឺ​ជា​ចំណុច​របត់​មួយ​នៃ​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​ និង​ចលនា​របស់​យុវជន​កម្ពុជា។
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខរដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខរដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)


ការ​ផ្លាស់​ប្ដូរ​នេះ​ ធ្វើ​ឡើង​តាមរយៈ​ការ​សម្ដែង​មតិ​ការ​ចូលរួម​សកម្ម​ភាព​នយោបាយ​ជា​ចំហ​ ការ​ពិភាក្សា​អំពី​នយោបាយ​នៅ​ទី​សាធារណៈ​ជា​ដើម​ ដែល​និន្នាការ​ទាំង​នេះ​ គេ​កម្រ​ប្រទះ​ឃើញ​ក្នុង​អាណត្តិ​មុនៗ។ ចលនា​បែប​នេះ​នឹង​កាន់​តែ​មាន​សារៈសំខាន់​ថែម​ទៀត​ សម្រាប់​ការ​បោះឆ្នោត​ ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ​និង​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​ខាង​មុខ។

ចាប់​តាំង​ពី​ដើម​ខែ​មីនា ​ឆ្នាំ​២០១៦​មក ក្រុម​យុវជន​កម្ពុជា​មួយ​ចំនួន​ដែល​អះអាង​ថា​ខ្លួន​ឯករាជ្យ ដឹក​នាំ​ដោយ​កញ្ញា​ ធី​ សុវណ្ណថា​ និង​លោក​ ស្រី ចំរើន ​បាន​ធ្វើ​សកម្មភាព​ជា​បន្ត​បន្ទាប់ ដើម្បី​ទាមទារ​ឲ្យ​លោក​ កឹម សុខា​ ចុះ​ចេញ​ពី​តំណែង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រុម​យុវជន​ទាំង​នេះ​ជា​រឿយៗ​ បាន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាប័ន​កំពូលៗ​ ធ្វើ​សិក្ខាសាលា​ ឬ​កិច្ច​ពិភាក្សា​នានា​ ព្រម​ទាំង​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ ទាមទារ​ដក​លោក​ កឹម សុខា​ ចេញ​ពី​តំណែង​ជាដើម។

ពួក​គេ​អះអាង​ថា លោក​ កឹម ​សុខា ប្រព្រឹត្ត​អំពើ​អសីលធម៌​ ដែល​ប៉ះពាល់​ដល់​វប្បធម៌​កម្ពុជា​ និង​ជា​គំរូ​អាក្រក់​ដល់​យុវជន។ ក៏​ប៉ុន្តែ​ សកម្មភាព​ដោយ​ចំពោះ​របស់​ក្រុម​យុវជន​ទាំង​នេះ​ ហាក់​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ ជា​ការ​បង្ក​ចលាចល​ដល់​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​ ជាជាង​គាំ​ទ្រ​ថា ​នេះ​ជា​ការ​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​យុវជន។

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ យល់​ថា​យុវជន​ទាំង​នេះ​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជ្រុល​ចំពោះ​រឿង​ផ្ទាល់ខ្លួន​របស់​អ្នក​នយោបាយ​ ច្រើន​ជាង​ពិចារណា​ទៅ​លើ​គោល​នយោបាយ​គណបក្ស។

លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិក ឲ្យ​ដឹង​ថា ​ការ​ចូលរួម​នយោបាយ​របស់​យុវជន​គឺ​ជា​សិទ្ធិ​របស់​ពួកគេ។ ប៉ុន្តែ ​លោក​ទទូច​កុំ​ឲ្យ​ពួក​គេ​យក​រឿង​បុគ្គល​មក​លាយ​ឡំ​នឹង​រឿង​នយោបាយ។

លោក​ សំ គន្ធាមី​ យល់​ថា​យុវជន ​គប្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ឃ្លាំមើល​ការ​អនុវត្ត​គោល​នយោបាយ​រដ្ឋាភិបាល​ជា​អាទិភាព​វិញ។ រីឯ ​ការ​រិះគន់​ឯកជន​ភាព​របស់​អ្នក​នយោបាយ​ គួរ​ធ្វើ​ឡើង​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​វិញ។

«យុវជន​គួរ​តែ​ជួយ​ផ្តល់​ព័ត៌មាន​ទៅ​ដល់​អ្នក​បោះឆ្នោត​ ឲ្យ​អ្នក​បោះឆ្នោត​ទាំង​អស់​ចូលរួម​ក្នុង​ក្នុង​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ ជួយ​អប់រំ​ជួយ​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​បោះ​ឆ្នោត​វិញ​ ជា​ការ​ល្អ​ជាង។ នេះ​ជា​តម្រូវ​ការ​ចាំបាច់​របស់​សង្គម​យើង។ យោបល់​ខ្ញុំ​បច្ចុប្បន្ន​នេះ​ អ្នក​នយោបាយ​ជា​រឿង​បន្ទាប់​បន្សំ​។ ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ លោក​ត្រូវ​ឃ្លាំ​មើល​ស្ថាប័ន​រដ្ឋ​កំពូល​ទាំង​៣​ឲ្យ​បាន​ជិត​ស្និត»។

លោក​ ជាង ​សុខា​ នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍ​ធនធាន​យុវជន ឬ​ YRDP ​បាន​ឲ្យ​ដឹង​ថា យុវជន​គួរ​តែ​ចូលរួម​ក្នុង​នយោបាយ​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់ ចៀស​វាង​ក្លាយ​ខ្លួន​ជា​ឧបករណ៍​នយោបាយ​ក្នុង​រូបភាព​ណា​មួយ។

​លោក​បន្ត​ថា​ សកម្មភាព​នយោបាយ​របស់​យុវជន​ គួរ​តែ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​សុខុមាលភាព​ក្នុង​សង្គម​ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ លោក​បន្ថែម​ថា ការ​ការពារ​ធនធាន​ធម្មជាតិ ទីផ្សារ​ការងារ​ ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​អំពើ​ពុករលួយ​ទៅ​វិញ​ទេ​ ដែល​គួរ​តែ​មាន​ចលនា​ចូលរួម​ផុលផុស​ពី​សំណាក់យុវជន​នោះ។

«សកម្មភាព​យុវជន​ទាំង​អស់ គួរ​តែ​ឈរ​លើ​មូលដ្ឋាន​ដើម្បី​ឲ្យ​ប្រទេស​យើង​ធ្វើ​ដំណើរ​ទៅ​មុខ​ឈាន​ទៅ​រក​នីតិរដ្ឋ​ ជាជាង​យើង​ធ្វើ​សកម្មភាព​ទៅ​តាម​អារម្មណ៍​ ឬ​ការ​បញ្ជារ​របស់​អ្នក​ដែល​មាន​អំណាច។​ មិន​មែន​ជា​នយោបាយ​បែប​នឹង​ទេ វា​ជា​ល្បែង​នយោបាយ​ មាន​ន័យ​ថា​ សកម្មភាព​ដែល​ធ្វើ​ដើម្បី​ប៉ែង​ជើង​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​សង្គម​ខ្មែរ។ នយោបាយ​បែប​ហ្នឹង​ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​ជាមួយ​យុវជន​ ខ្ញុំ​មិន​ចង់​ឃើញ​យុវជន​ប្រលូក​ក្នុង​រឿង​បែប​ហ្នឹង​ទេ​ ព្រោះ​វា​អត់​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​ដល់​ប្រជាជន​ទូទៅ»។​


រូបឯកសារ៖ ​អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)


រូបឯកសារ៖ ​អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ អះអាង​ថា យុវជន​គួរ​តែ​អនុវត្ត​សិទ្ធិ​នយោបាយ​ក្នុង​រូប​ភាព​ឃ្លាំ​មើល​ដំណើរការ​វិវត្តន៍​នៃ​សង្គម​ ពោល​គឺ​យុវជន​ត្រូវ​ឃ្លាំ​មើល​អ្នក​នយោបាយ​ទាំង៣​ដំណាក់​កាល​នៃ​ការ​បោះឆ្នោត​ គឺ​មុន​ពេល​បោះឆ្នោត​ អំឡុង​ពេល​បោះឆ្នោត​ និង​ក្រោយ​ការ​បោះឆ្នោត។

ពួកគេ លើក​ឡើង​ថា មុន​ពេល​បោះឆ្នោត​ យុវជន​ត្រូវ​តាមដាន​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការងារ​របស់​រដ្ឋាភិបាល។ លើស​ពី​ការ​តាម​ដាន​ គាត់​ត្រូវ​ចូលរួម​ធ្វើ​សកម្មភាព​ដើម្បី​ទាមទារ​ឲ្យ​អ្នក​នយោបាយ​ធ្វើ​អ្វី​ ដែល​បាន​សន្យា​ និង​បាន​កំណត់​ក្នុង​គោល​នយោបាយ​គណបក្ស។

ក្នុង​ពេល​បោះឆ្នោត​ យុវជន​អាច​ដើរតួ​ជា​អ្នក​បោះឆ្នោត ​ អ្នក​ឈរ​ឈ្មោះ​បោះឆ្នោត ​ឬ​ដើរតួ​ជា​អ្នក​សង្កេត​ការណ៍​បោះឆ្នោត។ រីឯ​ ក្រោយ​ពេល​បោះ​ឆ្នោត​ យុវជន​ត្រូវ​ឃ្លាំ​មើល​អ្នក​នយោបាយ​ឲ្យ​កាន់​តែ​ដិត​ដល់​ថែម​ទៀត​ ដើម្បីទាមទារ​ឲ្យ​អ្នក​ជាប់​ឆ្នោត​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ។

គិត​មក​ត្រឹម​ឆ្នាំ​២០១៤​នេះ​ ចំនួន​យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥ឆ្នាំ​ដល់​២៩ឆ្នាំ​ នៅ​កម្ពុជា​មាន​ចំនួន​ប្រមាណ​៥លាន​នាក់។​ ចំនួន​នេះ​ស្មើ​នឹង​៣០%​នៃ​ចំនួន​ប្រជាជន​សរុប​ និង​មាន​ការ​កើន​ឡើង​ដល់​៤០%​នៅ​ឆ្នាំ​២០២០។

ចំនួន​យុវជន​នេះ ​ត្រូវ​បាន​គេ​ជឿជាក់​ថា នឹង​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​ចំពោះ​លទ្ធផល​បោះឆ្នោត​នៅ​ឆ្នាំ២០១៧​ និង​២០១៨​ខាង​មុខ។

ក៏​ប៉ុន្តែ​ ចំណោទ​បញ្ហា​ស្ថិត​នៅ​ត្រង់​ថា ​តើ​យុវជន​ខ្លួន​ឯង​មាន​លទ្ធភាព​ទាញ​យក​ផល​ប្រយោជន៍​បាន​កម្រិត​ណា​ពី​អ្នក​នយោបាយ​ ដើម្បី​ទទួល​បាន​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ជាក់ស្ដែង​របស់​ពួកគេ​ និង​អភិវឌ្ឍ​សង្គម​ជា​វិជ្ជមាន​នោះ៕

No comments: