រដ្ឋាភិបាលព្រួយបារម្ភអំពីការកើនឡើងបរិមាណសំរាម
ដោយ អ៊ុំ រង្សី
2016-05-18
សិក្ខាសាលាស្ដីពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងសំរាមនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។
RFA/Cheu Sideth
មន្ត្រីក្រសួងបរិស្ថាន លើកឡើងថា សំរាមនៅតែបង្កជាក្តីបារម្ភដល់សុខភាពរបស់មនុស្ស និងជះឥទ្ធិពលដល់បញ្ហាបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។ តួលេខរបស់ក្រសួងបរិស្ថាន ឲ្យដឹងថា គិតចាប់ពីឆ្នាំ២០១០ បរិមាណសំរាមទូទាំងប្រទេសបានកើនឡើងជាង ៥០% ភាគរយ ខណៈទីលានចាក់សំរាមមិនទាន់មានបច្ចេកទេសគ្រប់គ្រងបានត្រឹមត្រូវនៅឡើយ។
មន្ត្រីក្រសួងបរិស្ថាន ចាត់ទុកកំណើនប្រជាជននៅក្នុងទីក្រុង គឺជាមូលហេតុសំខាន់មួយដែលធ្វើឲ្យមានកំណើនបរិមាណសំរាមជារៀងរាល់ថ្ងៃ។
ថ្លែងក្នុងសិក្ខាសាលាស្ដីពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងសំរាមនៅថ្ងៃទី១៨ ខែឧសភា ដែលមានយុវជនចូលរួមជិត ១០០នាក់ អនុប្រធានការិយាល័យនាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃក្រសួងបរិស្ថាន លោក ដែក វិមានរស្មី មានប្រសាសន៍ថា ការកើនឡើងបរិមាណសំរាមទូទាំងប្រទេសជាង ៥០% បើគិតចាប់ឆ្នាំ២០១០ មកនោះ ដោយសារកំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច។ លោកឲ្យដឹងថា ការកើនឡើងបរិមាណសំរាមនៅទីក្រុងភ្នំពេញ គឺជាក្តីបារម្ភជាងគេ បើធៀបនឹងបណ្ដាខេត្តនានា ព្រោះក្នុង១ថ្ងៃៗ មានរហូតជាង ២ពាន់តោន។ បន្ថែមពីលើនេះ លោកថា ទីលានចាកសំរាមជើងឯក ដែលស្ថិតនៅក្នុងខណ្ឌដង្កោ ដែលជាទីតាំងចាក់សំរាមធំជាងគេ និងពេញមុនការគ្រោងទុក៖ «រាល់ថ្ងៃនេះ ទីលានចាក់សំរាមយើងនឹងពេញនៅឆ្នាំ២០២០ ដែលកន្លងមកយើងបានប៉ាន់ប្រមាណថា វានឹងពេញនៅឆ្នាំ២០៣៣ តែវាបែរជាត្រូវពេញមុន ១៣ឆ្នាំ ខណៈទីលានយើងគ្មានបច្ចេកទេសត្រឹមត្រូវ ព្រោះទីលានចាក់សំរាមយើងជាទីលាន លំហ គ្មានការបិទបាំងគ្មានបច្ចេកទេស ដែលវាធ្វើឲ្យមានជ្រាបទឹកក្រោមដីប៉ះពាល់ដល់សុខភាពប្រជាជន ភាយចេញនូវឧស្ម័នផ្ទះកញ្ចក់ និងទឹកក្រោមដីដែលបង្កប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ»។
របាយការណ៍របស់ក្រសួងបរិស្ថាន ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជននៅប្រទេសកម្ពុជា បង្ហាញថា នៅក្នុងឆ្នាំ២០១៥ សំរាម សំណល់រឹង ទីប្រជុំជន ដែលបានចាក់នៅទីលានចាក់សំរាមចំនួន ៧៦កន្លែង ទូទាំងប្រទេស មានប្រមាណជាង ១លានតោន (១.១៧៧.៦៧៥តោន)។ ចំនួននេះកើនឡើងជាង ៥០% បើធៀបនឹងឆ្នាំ២០១០ ដែលមានត្រឹមតែជិត ៦០ម៉ឺនតោន (៥៧០.៦៧៥តោន) ខណៈសំណល់ដែលបានកែច្នៃបានត្រឹមតែជាង ១០ម៉ឺនតោន (១៦២.៤៣០តោន) ប៉ុណ្ណោះ។
ស្ថាបនិកសាលាដូង និងផ្ទះសំរាម លោក អ៊ុក វ៉ាន់ដេរ ដែលចូលរួមក្នុងសិក្ខាសាលាដែរនោះយល់ថា ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់សំរាមឲ្យមានប្រសិទ្ធភាពទៅបាន លោកជំរុញឲ្យរដ្ឋាភិបាលគួរតែគិតទៅលើការអប់រំមនុស្សឲ្យយល់ថា សំរាមមានប្រយោជន៍ និងត្រូវដោះស្រាយប្រព័ន្ធគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ៖ «ទីមួយគាត់ខ្វះបច្ចេកទេស និងចំណេះដឹង ទី២ គាត់ខ្ជិលច្រអូស បន្តិចផលដែលធ្វើឲ្យគាត់មិនព្រមស្វែងយល់ និងសិក្សាពីគុណប្រយោជន៍របស់សំរាម យកមកកែច្នៃជាដើម តែបើសិនជារដ្ឋាភិបាលធ្វើសកម្មភាពបង្កើតការកែច្នៃណាមួយ បង្រៀនពួកគាត់ឲ្យចេះ កែច្នៃ និងទាញប្រយោជន៍ពីសំរាមទៅ ខ្ញុំជឿថា ១០ឆ្នាំខាងមុខ កម្ពុជានឹងអាចដោះស្រាយសំរាមបានហើយ»។
អនុប្រធានការិយាល័យនាយកដ្ឋាន គ្រប់គ្រងសំណល់រឹង នៃក្រសួងបរិស្ថាន លោក ដែក វិមានរស្មី អះអាងថា ដើម្បីដោះស្រាយបញ្ហាសំរាមក្រសួងកំពុងជំរុញការងារអនុវត្តអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ ជាងនេះទៀត ក្នុងឆ្នាំ២០១៦ នេះ ក្រសួងបានត្រៀមថវិកាជាង ៨០០លានរៀល ឬស្មើប្រមាណ ១៥ម៉ឺនដុល្លារអាមេរិក បែកចែកទៅដល់ថ្នាក់មូលដ្ឋានចំនួន ២៥ខេត្ត ក្រុង រាជធានី ដើម្បីអនុវត្តការងារគ្រប់គ្រងសំរាមដោយផ្ទាល់៕
No comments:
Post a Comment