A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 25 May 2016

មន្ត្រី​ក្រសួង​យុត្តិធម៌​ច្រាន​ចោល​ការ​អះអាង​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ


ដោយ សុ ជីវី
2016-05-25  rfa

ជិន ម៉ាលីន ៨៥៥ ២០១៦
អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/Yeang Socheametta


មន្ត្រី​ក្រសួង​យុត្តិធម៌ ច្រាន​ចោល​ការ​អះអាង​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) ដែល​ថា មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប ដែល​កំពុង​ជាប់​ឃុំ​ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ត្រូវ​ចាត់​ទុក​ថា​ជា​អ្នក​ទោស​មនសិការ។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ បញ្ជាក់​ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា បណ្ដាញ​របស់​អង្គការ​នេះ​កំពុង​ធ្វើ​យុទ្ធនាការ​គាំទ្រ​ញត្តិ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង ៥​នាក់ ដែល​អង្គការ​នេះ​ហៅ​ថា​ជា​អ្នក​ទោស​មនសិការ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ចាត់​ទុក​ការ​លើក​ឡើង​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ គឺ​ជា​សេរីភាព​របស់​អង្គការ​នេះ​ក្នុង​ការ​បញ្ចេញ​មតិ និង​បង្ហាញ​ទស្សនៈ​របស់​ខ្លួន ប៉ុន្តែ​ទស្សនៈ​នោះ​គឺ​ខុស​ស្រឡះ​ពី​បទដ្ឋាន​ច្បាប់​នៅ​កម្ពុជា។



អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​ឧសភា ថា មន្ត្រី​សមាគម​អាដហុក និង​មន្ត្រី គ.ជ.ប ដែល​កំពុង​ជាប់​ឃុំ ពុំ​មែន​ជា​អ្នក​ទោស​មនសិការ ឬ​អ្នក​ទោស​នយោបាយ​ឡើយ គឺ​ពួក​គេ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​របស់​កម្ពុជា ទៅ​វិញ​ទេ។ លោក​ថា ការ​ទាមទារ​ដោយ​ញត្តិ ដោយ​ស្នាម​មេដៃ ពុំ​មាន​ឥទ្ធិពល​ចំពោះ​ដំណើរ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​ឡើយ៖ «ចឹង​ការ​អនុវត្ត​នីតិវិធី​នេះ​ជា​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស។ ចំណែក​ការ​ស្វែងរក​មេដៃ ការ​ធ្វើ​ញត្តិ​ធ្វើ​អី គឺ​ជា​សិទ្ធិ​របស់​ពួក​គាត់។ ជា​ទស្សនៈ​របស់​ខ្ញុំ នោះ​គ្រាន់​តែ​ជា​ទស្សនៈ​របស់​គាត់ តែ​ការ​សម្រេច​គឺ​នៅ​លើ​ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ហើយ​ដែល​ពុំ​មាន​ជន​ណា ឬ​បុគ្គល​ណា​អាច​ដាក់​សម្ពាធ​តាម​រយៈ​ញត្តិ ឬ​ក៏​បាន​ស្នាម​មេដៃ»។

អ្នក​ស្រាវជ្រាវ​ពី​ប្រទេស​កម្ពុជា របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ លោក ចន ខហ្វឡាន (John Coughlan) ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី ថា មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​មន្ត្រី គ.ជ.ប ដែល​កំពុង​ជាប់​ឃុំ​ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ត្រូវ​ចាត់​ទុក​ថា​ជា​អ្នក​ទោស​មនសិការ។ លោក ខហ្វឡាន លើក​ឡើង​ថា ស្ថានភាព​នៃ​អ្នក​ទាំង ៥​នាក់​នេះ ត្រូវ​គ្នា​នឹង​លក្ខខណ្ឌ​នៃ​ប្រភេទ​អ្នក​ទោស​មនសិការ ក៏​ដោយសារ​តែ​ពួក​គេ​ត្រូវ​ចាប់​ឃុំ​ខ្លួន​ព្រោះ​តែ​ការងារ​ការពារ​សិទ្ធិ​មនុស្ស ធ្វើ​ការ​ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​គាំពារ​អ្នក​រងគ្រោះ​ដោយសារ​ការ​រំលោភ​សិទ្ធិ​មនុស្ស។ លោក​ថា អង្គការ​លើក​លែង​ទោស​អន្តរជាតិ នឹង​ស្នើ​ឲ្យ​បណ្ដាញ​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៧​លាន​នាក់ ឲ្យ​ចូលរួម​ទាមទារ​ទៅ​អាជ្ញាធរ​កម្ពុជា ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង ៥​នាក់​នោះ​ជា​បន្ទាន់ និង​ពុំ​មាន​លក្ខខណ្ឌ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ បាន​ចេញ​ផ្សាយ​ក្នុង​គេហទំព័រ​របស់​ខ្លួន​នូវ​បញ្ជី​អ្នក​ជាប់​ទោស ដែល​អង្គការ​នេះ​ចាត់​ទុក​ថា​ជា​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា។ ក្នុង​ចំណោម​មនុស្ស​ចំនួន ២៩​នាក់​នោះ ក៏​ត្រូវ​រាប់​បញ្ចូល​អ្នក​ទាំង ៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​នេះ​ដែរ។ ក្រោយ​ការ​ផ្សព្វផ្សាយ​របស់​អង្គការ​លីកាដូ ក្រសួង​យុត្តិធម៌ បាន​ព្រមាន​អង្គការ​នេះ​ឲ្យ​ត្រួត​ពិនិត្យ​វិជ្ជាជីវៈ​របស់​ខ្លួន។

លោក ជិន ម៉ាលីន ឲ្យ​ដឹង​ថា ក្រសួង​កំពុង​ពិនិត្យ​លទ្ធភាព​ច្បាប់​ចំពោះ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​អង្គការ​លីកាដូ៖ «ចឹង​បើ​យើង​រក​ឃើញ​ថា ការ​បំផ្លើស បំភ័ន្ត ការ​បំភ័យ ការ​ក្លែង​ព័ត៌មាន នេះ​ដោយ​មាន​ចេតនា​ទុច្ចរិត ឬ​ក៏​មាន​អ្វី​នៅ​ពី​ក្រោយ ឬ​ភាព​លម្អៀង​នយោបាយ ឬ​ក៏​មាន​ការ​ពាក់ព័ន្ធ​នឹង​នយោបាយ។ នោះ​គាត់​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​តាម​ច្បាប់។ ទី​១ គឺ​ច្បាប់​ស្ដីពី​អង្គការ​សមាគម​ដែល​កំណត់​ថា អិន.ជី.អូ (NGOs) ទាំងអស់​ត្រូវ​តែ​អព្យាក្រឹត្យ​ចំពោះ​គណបក្ស​នយោបាយ។ ទី​២ អាច​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​ព្រហ្មទណ្ឌ នៅ​ពេល​ដែល​រក​ឃើញ​ធាតុ​ផ្សំ​គ្រប់គ្រាន់ ដែល​បាន​កំណត់​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ»។

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​មន្ត្រី​សមាគម​អាដហុក ចំនួន ៤​នាក់ គឺ​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ដ និង​អ្នកស្រី លឹម មុន្នី និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា កាល​ពី​ថ្ងៃ​ទី​២ ឧសភា។ បុគ្គលិក​សមាគម​អាដហុក ៤​រូប​នោះ ត្រូវ​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី ដែល​ត្រូវ​បាន​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ចោទ​ប្រកាន់​ថា អ្នក​ទាំង​នេះ​ព្យាយាម​ល្បួង​ឲ្យ​ផ្ដល់​សក្ខីកម្ម​ក្លែង​ទៅ​ដល់​តុលាការ។ ចំណែក​លោក នី ចរិយា ត្រូវ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​ដដែល​នេះ៕

No comments: