A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 25 May 2016

បទ​វិភាគ៖ ខ្មែរ​ពឹង​បរទេស​ឲ្យ​ជួយ​ជា​ការ​មិន​រៀន​សូត្រ​ពី​ប្រវត្តិសាស្ត្រ​ឬ​យ៉ាង​ណា?


ដោយ យាង សុជាមេត្តា
2016-05-25  rfa

បាន គីមូន ៨៥៥ ២០១៦
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៃ​កិច្ចប្រជុំ​កំពូល​មនុស្សធម៌​ពិភពលោក កាល​ពី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦ នា​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី (Turkey)។
 AFP


ការ​ដែល​ខ្មែរ​ឈ្លោះ​ជាមួយ​ខ្មែរ ហើយ​ទៅ​ពឹង​បរទេស​អោយ​មក​ជួយ​អន្តរាគមន៍ កើត​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ។ ការ​ទៅ​ពឹង​បរទេស ជា​ពិសេស​ប្រទេស​ដែល​មាន​ព្រំដែន​ជិត​ខាង​​កម្ពុជា អោយ​មក​ចូល​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្មែរ បាន​ធ្វើ​អោយ​ប្រទេស​កម្ពុជា រួម​តូច​ទៅៗ រហូត​នៅ​សល់​ទំហំ​ដែល​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ។

រហូត​មក​ទល់​នឹង​សតវត្ស​ទី​២១ នេះ​ទៅ​ហើយ ក៏​អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​រត់​ទៅ​រក​កិច្ច​អន្តរាគមន៍​បរទេស​អោយ​មក​ជួយ​ខ្មែរ​ដដែល។ ថ្មីៗ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​រត់​ទៅ​ពឹង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ឲ្យ​ស្នើ​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បើក​កិច្ច​ប្រជុំ​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា ពិសេស​គឺ​បញ្ហា​រំលោភ​បំពាន​សិទ្ធិមនុស្ស​ប្រព្រឹត្ត​ដោយ​គណបក្ស​កាន់​អំណាច។ សាមសិប​ប្លាយ​ឆ្នាំ​មុន អ្នក​នយោបាយ​ខ្មែរ​ក៏​ធ្លាប់​ទៅ​ពឹង​ប្រទេស​វៀតណាម អោយ​មក​ជួយ​វាយ​បណ្ដេញ​ក្រុម​ខ្មែរ​ម្ខាង​ទៀត​ដែរ។

តើ​ការ​រត់​រក​បរទេស​ឲ្យ​មក​ជួយ​ដោះស្រាយ​បញ្ហា​របស់​ខ្មែរ​នេះ​ជា​ការ​ដែល​អ្នក​នយោបាយ​ខ្មែរ​មិន​រៀន​សូត្រ​ពី​ប្រវត្តិសាស្ត្រ ឬ​យ៉ាង​ណា?

ថ្វី​ត្បិត​តែ​ការ​ដែល​បក្ស​ប្រឆាំង​រត់​ទៅ​រក​បរទេស ពិសេស​ប្រទេស​ប្រជាធិបតេយ្យ​ឲ្យ​មក​ជួយ​ដោះស្រាយ​បញ្ហា​របស់​ខ្មែរ មិន​មាន​អ្វី​ជា​រឿង​ថ្មី​មែន ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នៅ​ត្រង់​ថា ហេតុ​អ្វី​បាន​ជា​បក្ស​ប្រឆាំង​រត់​ទៅ​រក​បរទេស​ឲ្យ​ជួយ ខណៈ​ដែល​ខ្មែរ​កំពុង​មាន​រដ្ឋាភិបាល ឬ​មេដឹកនាំ​ដែល​តែង​អះអាង​ថា ដឹកនាំ​កម្ពុជា អោយ​ក្លាយ​ជា​ប្រទេស​នីតិរដ្ឋ គោរព​លទ្ធិប្រជាធិបតេយ្យ​សេរី ជា​អ្នក​ពូកែ​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ​តាម​រយៈ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ ឬ​ប្រកាស​ឲ្យ​គេ​ឯង​មក​រៀន​សូត្រ​ពី​របៀប​ដឹកនាំ​របស់​ខ្លួន​ថែម​ទៀត​នោះ។



តាម​ពិត​រឿង​រត់​រក​បរទេស​ឲ្យ​មក​ជួយ​ខ្មែរ​របស់​បក្ស​ប្រឆាំង​ពេល​នេះ មើល​ទៅ​វា​ក៏​គ្មាន​អ្វី​គួរ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចម្លែក​ចិត្ត​នោះ​ដែរ ព្រោះ​គេ​នៅ​ចាំ​បាន​ថា នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​កាន់កាប់​ប្រទេស​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ មេដឹកនាំ​កំពូលៗ​មួយ​ចំនួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯង​ផង ក៏​បាន​រត់​ចោល​តួនាទី និង​ប្រទេស​របស់​ខ្លួន​ទៅ​ពឹង​វៀតណាម ឲ្យ​មក​ជួយ​វាយ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ខ្មែរ​ក្រហម។ ការ​រត់​ទៅ​ពឹង​ពាក់​វៀតណាម ពេល​នោះ ដោយ​ហេតុ​តែ​លោក ហ៊ុន សែន និង​បក្ខពួក​ខ្លួន​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​រាល់​ថ្ងៃ​ថា រដ្ឋាភិបាល​ខ្មែរ​ក្រហម​បាន​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ធ្ងន់ធ្ងរ មាន​តាំង​ពី​ការ​កាប់​សម្លាប់ ការ​ចាប់​ចង ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួសកម្លាំង ឬ​ការ​បង្អត់​អាហារ​ឲ្យ​ដាច់​ពោះ​ស្លាប់​ជាដើម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ស្រដៀង​ទៅ​នឹង​បក្ស​ប្រឆាំង​ដែល​កំពុង​រត់​រក​ឲ្យ​បរទេស​ជួយ​ក្នុង​ពេល​បក្ស​កាន់​អំណាច​ថា កម្ពុជា​គ្មាន​បញ្ហា​នោះ ការ​រត់​ទៅ​ឲ្យ​ប្រទេស​វៀតណាម ជួយ​របស់​លោក ហ៊ុន សែន និង​បក្សពួក​របស់​គាត់ ក៏​ស្រប​ពេល​ដែល​មេដឹកនាំ​ខ្មែរ​ក្រហម​ពេល​នោះ​តែង​អួត​ប្រាប់​ពលរដ្ឋ​ខ្មែរ​សឹងតែ​រាល់​ថ្ងៃ​ថា ក្រោម​ការដឹកនាំ​របស់​ខ្លួន​កម្ពុជា មាន​ការ​រីកចម្រើន មិន​ដែល​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ដូចជា​ថា កម្ពុជា​ប្រជាធិបតេយ្យ​ដ៏​រុងរឿង មហិមា និង ជយោ! បក្ស​កុម្មុយនិស្ត​កម្ពុជា ដ៏​ត្រឹមត្រូវ និង​ភ្លឺស្វាង មហា​អស្ចារ្យ មហា​លោត​ផ្លោះ ជាដើម។

បើ​ស្ដាប់​តែ​តាម​ការឃោសនា និង​ការ​អួតអាង​របស់​ពួក​ខ្មែរក្រហម​ពេល​នោះ គេ​មិន​ដឹង​ឡើយ​ថា របប​ខ្មែរ​ក្រហម​អាក្រក់​ប៉ុណ្ណា​នោះ​ទេ បើ​មួយ​ថ្ងៃៗ​គេ​ឮ​សុទ្ធ​តែ​ពាក្យ​ថា​មហា​រុង​រឿង មហា​ភ្លឺស្វាង មហា​អស្ចារ្យ ឬ​មហា​លោត​ផ្លោះ​អ៊ីចឹង​នោះ តែ​តាម​ពិត វា​គឺ​ជា​របប​កាប់​សម្លាប់​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​គ្មាន​ត្រា​ប្រណី។ ថ្វីបើ​មេដឹកនាំ​ខ្មែរក្រហម​ខំប្រឹង​អួតអាង​យ៉ាង​ណា​ក្តី ការ​ពិត​វា​នៅ​តែ​ជា​ការ​ពិត គឺ​អ្វីៗ​មិន​អាច​លាក់កំបាំង​ពី​ភ្នែក​របស់​ពលរដ្ឋ​ខ្មែរ​បាន​ឡើយ ពិសេស​ពី​ភ្នែក​របស់​ក្រុម​លោក ហ៊ុន សែន ដែល​រត់​ទៅ​រក​ឲ្យ​វៀតណាម ជួយ។

ទោះជា​បែបនេះ​ក្ដី គណបក្ស​ប្រជាជន​កម្ពុជា ដែល​កន្លង​មក​ធ្លាប់​រត់​ទៅ​ពឹង​បរទេស​ឲ្យ​ជួយ​ដោយសារ​តែ​ខ្មែរ​គ្នា​ឯង​ធ្វើ​បាប​នោះ ពេល​បាន​ឡើង​កាន់​អំណាច ក្រុម​នេះ​តែង​រិះគន់​បក្ស​ប្រឆាំង​ទៅ​វិញ​ថា ឲ្យ​តែ​មាន​បញ្ហា​ប្រូច ឲ្យ​តែ​មាន​បញ្ហា​ប្រុយ​ចោល​ពលរដ្ឋ គឺ​មិន​ហ៊ាន​នៅ​ប្រឈម​នឹង​បញ្ហា​ឡើយ ឬ​ថា ឲ្យ​តែ​មាន​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ ចូលចិត្ត​រត់​ទៅ​រក​បរទេស​ឲ្យ​ជួយ មិន​ព្រម​ចូល​មក​អង្គុយ​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​ជាដើម។

ជាក់ស្ដែង ក្រោយ​ការ​ស្នើ​របស់​បក្ស​ប្រឆាំង​ឲ្យ​លោក បាន គីមូន ឲ្យ​ប្រទេស​ហត្ថលេខី​ទីក្រុង​ប៉ារីស កោះ​ប្រជុំ​ជា​បន្ទាន់​ដោះស្រាយ​បញ្ហា​របស់​កម្ពុជា អ្នកនាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន ថ្លែង​ចាត់​ទុក​ការ​ស្នើ​របស់​បក្ស​ប្រឆាំង​ថា ជា​រឿង​ហែកហួរ​ផ្ទៃក្នុង​របស់​កម្ពុជា ខុស​ពី​ការពិត។

លើស​ពី​នេះ កន្លង​មក​គេ​ក៏​តែង​ឮ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដែរ​ថា គ្មាន​បរទេស​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​នោះ​ទេ ហើយ​ក៏​គ្មាន​បរទេស​ណា​ស្គាល់​ខ្មែរ​ជាង​ខ្មែរ​នោះ​ដែរ គឺ​មានតែ​ខ្មែរ​ទេ​ដែល​ស្គាល់​រឿង​ខ្មែរ​ច្បាស់​ជាង​នរណាៗ​ទាំង​អស់។ តាម​រយៈ​ការ​ថ្លែង​នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា លោក ហ៊ុន សែន ប្រហែល​ជា​មិន​ចូលចិត្ត​ឲ្យ​បរទេស​ចូល​មក​លូកដៃ​ក្នុង​កិច្ចការ​របស់​ខ្មែរ​នោះ​ទេ ប៉ុន្តែ​ការ​ថ្លែង​ដូច​នេះ​របស់​លោក ហ៊ុន សែន លោក​ហាក់​ដូចជា​ភ្លេច​ថា ខ្លួន​លោក​ផ្ទាល់​ធ្លាប់​រត់​ទៅ​រក​វៀតណាម ឲ្យ​ចូល​ផ្ដួល​រំលំ​ខ្មែរ​ក្រហម​នៅ​ពេល​ខ្មែរ​ក្រហម​ធ្វើ​បាប។ ប៉ុន្តែ​មកដល់​ចំណុច​នេះ តើ​គេ​ត្រូវ​បន្ទោស​លើ​ក្រុម​លោក ហ៊ុន សែន ដែល​រត់​ទៅ​ឲ្យ​វៀតណាម​ជួយ ឬ​គេ​ត្រូវ​បន្ទោស​ការដឹកនាំ​របស់​ខ្មែរក្រហម​ដែល​ដឹកនាំ​មិនបាន​ល្អ ធ្វើ​ឲ្យ​ខ្មែរ​ឈឺចាប់ ហើយ​នៅ​ទីបំផុត គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​ឲ្យ​ខ្មែរ​រត់​ទៅ​ពឹង​បរទេស​ឲ្យ​ជួយ​ដូច​ក្រុម​លោក ហ៊ុន សែន នោះ​?

​លោក ហ៊ុន សែន ធ្លាប់​និយាយ​ថា បើ​របប​ខ្មែរ​ក្រហម​មិន​មាន​ការ​កាប់​សម្លាប់ ឬ​ធ្វើ​បាប​ពលរដ្ឋ​ខ្លួន​ឯង​នោះ​ទេ លោក​ក៏​មិន​ចាំបាច់​អ្វី​ដែល​ត្រូវ​រត់​ទៅ​រក​ប្រទេស​វៀតណាម ជួយ​នោះ​ដែរ ព្រោះ​លោក​ថា ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម គឺ​ជា​ការ​ផ្សង​គ្រោះថ្នាក់​ខ្លាំង​ណាស់ គឺ​ផ្សង​គ្រោះថ្នាក់​ទាំង​ជាមួយ​ទាហាន​ខ្មែរក្រហម និង​ជាមួយ​ទាហាន​របស់​វៀតណាម ដោយសារតែ​​វៀតណាម អាច​គិត​ថា ក្រុម​លោក​គឺ​ជា​ទាហាន​ដែល​ខ្មែរ​ក្រហម​បញ្ជូន​ទៅ​ដើម្បី​យក​ការសម្ងាត់​ពី​ប្រទេស​វៀតណាម។ គ្រោះថ្នាក់​មួយ​ទៀត​នោះ គឺ​វៀតណាម អាច​ចាប់​បញ្ជូន​ពួក​លោក​មក​ឲ្យ​ខ្មែរ​ក្រហម​វិញ ពេល​នោះ​លោក​ប្រាកដជា​ត្រូវ​ពួក​ខ្មែរក្រហម​សម្លាប់​ចោល​ជា​មិន​ខាន ដោយសារ​តែ​ក្បត់​អង្គការ។

តាម​ការ​អះអាង​របស់​លោក ហ៊ុន សែន នេះ អាច​ឲ្យ​គេ​ពិបាក​បន្ទោស​ក្រុម​លោក ហ៊ុន សែន ណាស់ ប៉ុន្តែ​អ្នក​ដែល​គេ​ត្រូវ​ស្ដីបន្ទោស​នោះ គឺ​ពួក​មេដឹកនាំ​ខ្មែរ​ក្រហម​ទៅ​វិញ​ទេ ដែល​ដឹក​នាំ​មិន​ល្អ​ធ្វើ​បាប​តែ​ខ្មែរ​គ្នា​ឯង ហើយ​ឲ្យ​ខ្មែរ​រត់​ទៅ​ពឹង​បរទេស។

ងាក​មក​មើល​បក្ស​ប្រឆាំង​វិញ គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​ដែល​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ទទួល​ការ​ចំអក​របស់​មន្ត្រី​បក្ស​កាន់​អំណាច​នៅ​ពេល​និយាយ​ថា លោក​មិន​ហ៊ាន​នៅ​ក្នុង​ប្រទេស​ប្រឈម​នឹង​បញ្ហា ពិសេស​នៅ​ពេល​មាន​ភាព​តានតឹង​ជាមួយ​បក្ស​កាន់​អំណាច​ម្ដងៗ​នោះ លោក សម រង្ស៊ី ក៏​តែង​លើក​ឡើង​ថា អ្វី​ដែល​លោក​កំពុង​ធ្វើ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​បាន​និរទេស​ព្រះ​កាយ​ទៅ​គង់​នៅ​ក្រៅ​ប្រទេស ក្រោយ​ពេល​ព្រះអង្គ​ត្រូវ​បាន​គេ​ទម្លាក់​ពី​អំណាច ហើយ​ក៏​មិន​ខុស​អី​ពី​លោក ហ៊ុន សែន ដែល​រត់​ទៅ​រក​វៀតណាម ជួយ​ក្នុង​ពេល​ខ្មែរ​ក្រហម​កាន់​អំណាច។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ភាព​ខុស​គ្នា​រវាង លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ឬ​បក្ស​ប្រឆាំង​ដែល​អំពាវនាវ​ឲ្យ​បរទេស​ជួយ​ខ្មែរ​ពេល​នេះ​នៅ​ត្រង់​ថា លោក ហ៊ុន សែន បាន​រត់​ទៅ​រក​ប្រទេស​វៀតណាម ដែល​ធ្លាប់​រំលោភ​បំពាន​ខ្មែរ ធ្លាប់​ប្លន់​យក​ទឹកដី​ខ្មែរ​ស្ទើរ​មួយ​ចំហៀង​នគរ​ឲ្យ​មក​ជួយ។ លើស​ពី​នេះ ពេល​លោក ហ៊ុន សែន រត់​ទៅ​ពឹង​វៀតណាម នោះ គឺ​ដើម្បី​ឲ្យ​វៀតណាម ចូល​មក​ផ្ដួល​រំលំ​ពួក​ខ្មែរក្រហម​ដោយ​ប្រើ​កម្លាំង​យោធា​តែម្ដង។ ប៉ុន្តែ​សម្រាប់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ​វិញ គឺ​រត់​រក​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ ពិសេស​នោះ គឺ​មិន​មែន​ទៅ​ពឹង​បរទេស​ឲ្យ​មក​ប្រើ​កម្លាំងយោធា​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​នោះ​ឡើយ គឺ​ឲ្យ​មក​ជួយ​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ការ​គាប​សង្កត់​របស់​បក្ស​កាន់​អំណាច។

វា​អាច​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​បក្ស​ប្រឆាំង​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ​នៅ​ពេល​នេះ ព្រោះ​ថា គឺ​តួអង្គ​អង្គការ​សហប្រជាជាតិ​នេះ​ឯង​ដែល​បាន​ចូល​មក​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​១៩៩៣ ជា​ការ​បោះឆ្នោត​មួយ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​លក្ខណៈ​សេរី និង​ត្រឹមត្រូវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ទៅ​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ភាគី​ជម្លោះ​ទាំង​អស់​របស់​កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត រួម​ទាំង​មហា​អំណាច​ផង ព្រមព្រៀង​គ្នា​អនុវត្ត។

ប៉ុន្តែ​នៅ​ពេល​នេះ បក្ស​ប្រឆាំង​មើល​ឃើញ​ថា គណបក្ស​កាន់​អំណាច​មិន​បាន​អនុវត្ត​ទៅ​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ​ឡើយ បើ​ទោះ​ជា​វា​មាន​កំណើត​ជិត ២៥​ឆ្នាំ​មក​ហើយ​ក្ដី។ ជាក់ស្ដែង​សមាជិក​បក្ស​ប្រឆាំង​ជា​ច្រើន​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន ខណៈ​មេ​បក្ស​ប្រឆាំង​ទាំង​២ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​អាច​ប្រឈម​ការ​ចាប់​ខ្លួន​ដូចគ្នា។ ក្រៅ​ពី​នោះ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប អ្នក​វិភាគ ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន ខ្លះ​ទៀត​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ។ ចំណែក​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ជា​ហូរហែ។ នេះ​មិន​ទាន់​រាប់​បញ្ចូល​រឿង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ២​នាក់​ដែល​ត្រូវ​បាន​បាតុករ​គាំទ្រ​បក្ស​កាន់​អំណាច​វាយ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ក្នុង​ពេល​កន្លង​មក​នោះ​ផង។

ម្យ៉ាង រដ្ឋាភិបាល​នៅ​តែ​ចោទ​ប្រកាន់​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ថា ប៉ុនប៉ង​ផ្ដួល​រំលំ​ខ្លួន បើ​ទោះ​ជា​គេ​ដឹង​គ្រប់​គ្នា​ថា បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល គ្មាន​កម្លាំង​ទ័ព​ឯណា​អាច​ទៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​បាន​នោះ​ក្តី។ លើស​ពី​នេះ លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​ដាច់​ណាត់​ថា បើ​នរណា​មិន​ឲ្យ​គ្រួសារ​លោក​បាន​សុខ លោក​ក៏​មិន​អោយ​អ្នក​នោះ​បាន​សុខ​ដូច​គ្នា។ ប្រឈម​នឹង​បញ្ហា​ទាំង​អស់​នេះ​ហើយ ទើប​បក្ស​ប្រឆាំង​ចាំបាច់​ត្រូវ​ស្វែង​រក​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រោះ​ថា បើ​ពឹង​លើ​រដ្ឋាភិបាល​ឲ្យ​បន្ធូរដៃ​ហាក់​មិន​មាន​សង្ឃឹម​ឡើយ។

ក្នុង​ពេល​ដែល​អ្នក​នយោបាយ​ខ្មែរ​កំពុង​ប្រឈម​នឹង​ការ​បែកបាក់ ហើយ​រហូត​ដល់​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ត្រូវ​បង្ខំ​ចិត្ត​ស្នើ​ឲ្យ​បរទេស​ជួយ​ដូច​នេះ ធ្វើ​ឲ្យ​គេ​នឹក​ទៅ​ដល់​ព្រះរាជ​បន្ទូល​ផ្ដាំផ្ញើ​ចុង​ក្រោយ​របស់​អតីត​ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​កូន​ចៅ ជាពិសេស​គឺ​អ្នក​នយោបាយ​ខ្មែរ​តែម្ដង ឲ្យ​ចេះ​ស្រឡាញ់​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​អាច​ឲ្យ​ខ្មែរ​ក្លាយ​ជា​ជាតិ​មួយ​ខ្លាំង​ឡើង​វិញ ជាពិសេស​កុំ​ឲ្យ​បរទេស​មើល​ងាយ​ខ្មែរ។

តាម​ពិត​ស្មារតី​រួម​រួមគ្នា​ដើម្បី​កុំ​ឲ្យ​បរទេស​មើល​ងាយ​នេះ ធ្លាប់​ត្រូវ​បាន​សម្ដេច​ព្រះ នរោត្តម សីហនុ អនុវត្ត​ជាមួយ​លោក ហ៊ុន សែន រួច​មក​ហើយ​ដែរ នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​កាល​ណោះ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាញ់​ឆ្នោត​គណបក្ស​ហ៊្វុនស៊ិនប៉ិច តែ​មិន​ព្រម​ទទួល​យក​លទ្ធផល​បោះឆ្នោត។ ប៉ុន្តែ​ដើម្បី​កុំ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា​បន្ត​ទៀត ព្រះអង្គ​បាន​សម្របសម្រួល​ឲ្យ​មាន​ការ​ចែក​អំណាច​គ្នា រហូត​ឈាន​ដល់​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ដែល​មាន​នាយករដ្ឋមន្ត្រី​២ ក្នុង​ពេល​តែមួយ គឺ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជា​នាយករដ្ឋមន្ត្រី​ទី​១ និង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី​២។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ស្មារតី​បង្រួបបង្រួម​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ ហាក់​ត្រូវ​បាន​អ្នក​នយោបាយ​ខ្មែរ​បំភ្លេច​ចោល បើ​ទោះ​ជា​អ្នក​ខ្លះ​ធ្លាប់​ទទួល​បាន​ផលប្រយោជន៍​ពី​ស្មារតី​បង្រួបបង្រួម​ជាតិ​របស់​អតីត​ព្រះមហាក្សត្រ​ក្ដី៕

No comments: