អង្គការអន្តរជាតិថាសកម្មជនការពារបរិស្ថាននៅកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់
ដោយ អ៊ូ បាណុ
សកម្មជនការពារព្រៃឡង់ កញ្ញា ផន សុភ័ក្រ្ភ រងរបួសជើងខាងឆ្វេង ដោយសារជនមិនស្គាល់មុខលបកាប់នឹងពូថៅពីរកន្លែងផ្សេងគ្នាត្រង់ប្រអប់ជើងខាងឆ្វេង និងក្រោមជង្គង់ ពេលនាងកំពុងសម្រាកក្នុងព្រៃដើម្បីល្បាតព្រៃឡង់ កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។ រូបភាពដោយយុវជនការពារព្រៃឡង់
រូបភាពដោយយុវជនការពារព្រៃឡង់
បណ្ដាញការពារសកម្មជនបរិស្ថានពិភពលោកមួយឈ្មោះ Not 1 More ឬហៅកាត់ថា អិន.វ័ន.អិម (N 1 M) ប្រកាសនៅថ្ងៃ១៩ មេសា ថា សកម្មជនការពារបរិស្ថាននៅកម្ពុជា កំពុងប្រឈមមុខនឹងហានិភ័យខ្ពស់។
បណ្ដាញ អិន.វ័ន.អិម (N 1 M) ឲ្យដឹងថា កន្លងមកនេះនៅកម្ពុជា មានសកម្មជនបរិស្ថានមួយចំនួនត្រូវបានគេលបវាយប្រហារ និងចាប់ដាក់ពន្ធនាគារ ក្នុងនោះរួមមាន កញ្ញា ផន សុភ័ក្ត្រ ត្រូវបានគេលបកាប់ប្រអប់ជើងដោយកាំបិតផ្គាក់ បន្ទាប់ពីរូបនាង និងសមាជិកក្រុមខ្លួន ដកហូតយករណារយន្តពីអ្នកកាប់ឈើខុសច្បាប់មួយក្រុម។ សកម្មជនការពារបរិស្ថាន ៣រូបរបស់អង្គការចលនាមាតាធម្មជាតិ ត្រូវបានជាប់ពន្ធនាគារ បន្ទាប់ពីពួកគេព្យាយាមការពារព្រៃកោងកាងពីការកាប់បំផ្លាញ។
ថ្មីៗនេះ ម្ចាស់ពានរង្វាន់ The Goldman Environmental Prize ឆ្នាំ២០១៦ និងជាទីប្រឹក្សាស្ថាបនិករបស់ អិន.វ័ន.អិម (N 1 M) គឺលោក អ៊ូច ឡេង ក៏ធ្លាប់ទទួលរងការគំរាមសម្លាប់កាលពីប៉ុន្មានខែមុននេះដែរ។ លោក អ៊ូច ឡេង បានប្រើពេលវេលាជាង ២ទសវត្សរ៍ ប្រថុយជីវិតក្នុងការការពារព្រៃឈើនៅកម្ពុជា។
បណ្ដាញ អិន.វ័ន.អិម (N 1 M) បញ្ជាក់ទៀតថា នឹងជួយការពារសុវត្ថិភាព លោក អ៊ូច ឡេង ហើយនិងបង្កើតចលនាទាមទារដោះលែងសកម្មជនការពារបរិស្ថាន ៣រូបរបស់អង្គការចលនាមាតាធម្មជាតិ និងទាមទារឲ្យរដ្ឋាភិបាល មានយុទ្ធនាការការពារសកម្មជនបរិស្ថានដទៃទៀតដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បណ្ដាញ អិន.វ័ន.អិម (N 1 M) ឲ្យដឹងថា នៅឆ្នាំ២០១៤ មានសកម្មជនការពារបរិស្ថានជុំវិញពិភពលោក ចំនួន ១១៦នាក់ ត្រូវបានសម្លាប់ ហើយនៅក្នុងឆ្នាំ២០១៥ គឺជាឆ្នាំដែលសកម្មជនការពារបរិស្ថាន ត្រូវបានសម្លាប់ច្រើនជាងគេ ដោយគិតជាមធ្យមមានសកម្មជនបរិស្ថាន ៣នាក់ត្រូវបានសម្លាប់ជារៀងរាល់សប្ដាហ៍។
បណ្ដាញ អិន.វ័ន.អិម (N 1 M) គឺជាអង្គការដែលបម្រើផលប្រយោជន៍ដល់សហគមន៍ ដោយចុះឈ្មោះជាផ្លូវការនៅប្រទេស អេកូស ស្ថិតក្រោមជំនួយរបស់សហរដ្ឋអាមេរិក៕
No comments:
Post a Comment