A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 20 April 2016

កញ្ញា ស្រី​មុំ អំពាវនាវ​រក​យុត្តិធម៌​បន្ទាប់​ពី​ចូល​ខ្លួន​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ

កញ្ញា ស្រី​មុំ អំពាវនាវ​រក​យុត្តិធម៌​បន្ទាប់​ពី​ចូល​ខ្លួន​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ
ដោយ ខែ សុណ


ខុម ចាន់តារាទី ហៅ ស្រី​មុំ ៨៥៥ ២០១៦
កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ (ស្ដាំ) ឆ្លើយ​សំណួរ​អ្នក​កាសែត ក្រោយ​ចេញ​​ពី​បន្ទប់​សាកសួរ​របស់​​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៦។
 RFA/Phann Yasy


ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​បញ្ចប់​ការ​សាកសួរ កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ នៅ​ថ្ងៃ​អង្គារ ទី​១៩ ខែ​មេសា ដែល​ត្រូវ​បាន​គេ​ចោទ​ថា មាន​ស្នេហា​លួច​លាក់​ជាមួយ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​សាកសួរ បាន​ប្រើ​ពេល​ជា​ច្រើន​ម៉ោង យោង​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​ក្រសួង​មហាផ្ទៃ ពាក់ព័ន្ធ​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ តាម​បណ្ដឹង​របស់ កញ្ញា ធី សុវណ្ណថា។

ទាំង​មេធាវី និង​កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ បាន​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន បន្ទាប់​ពី​តុលាការ​បញ្ចប់​ការ​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មេសា ដោយ​នាង​អំពាវនាវ​ឲ្យ​រក​យុត្តិធម៌​ចំពោះ​រឿង​នេះ។

កញ្ញា ខុម ចាន់តារាទី បាន​ដើរ​សំដៅ​យ៉ាង​លឿន​ចូល​រថយន្ត មិន​ចង់​ឲ្យ​អ្នក​សារព័ត៌មាន​សួរ​នាំ​នាង​នោះ​ទេ។ នាង​បាន​ត្រឹម​បដិសេធ​ថា នាង​ឆ្លើយ​តែ​ការ​ពិត​ប្រាប់​ទៅ​តុលាការ ប៉ុន្តែ​នាង​មិន​អត្ថាធិប្បាយ​ឡើយ​ថា នាង​ប្រាប់​ពី​រឿង​អ្វី​ខ្លះ​ដល់​តុលាការ​នោះ​ទេ៖ «ខ្ញុំ​អត់​មាន​និយាយ​អី​ច្រើន​ទេ ព្រោះ​ថា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ គឺ​ការ​ពិត និង​រក​ភាព​យុត្តិធម៌​ឲ្យ​ខ្ញុំ​តែ​ប៉ុណ្ណឹង​ទេ»។



ប៉ុន្តែ​មេធាវី​ការពារ​ក្ដី​នៃ​សមាគម​អាដហុក (ADHOC) អ្នកស្រី ទ្រី ឈូន មាន​ប្រសាសន៍​បន្ទាប់​ពី​តុលាការ​បញ្ចប់​ការ​សាកសួរ​ថា អ្នកស្រី​សង្ឃឹម​ថា កូន​ក្ដី​អ្នកស្រី​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ ពីព្រោះ​កូន​ក្ដី​របស់​អ្នកស្រី​ជា​ជន​រងគ្រោះ ហើយ​កូន​ក្ដី​អ្នកស្រី ក៏​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​ដូច​របាយការណ៍​ដែល​ផ្ដល់​ឲ្យ​ដោយ​នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដែរ។ អ្នកស្រី​បញ្ជាក់​ថា ការ​សាកសួរ​របស់​តុលាការ បាន​ផ្ដោត​លើ​បញ្ហា​សំខាន់​ពីរ គឺ​រឿង​ខ្សែ​អាត់​សំឡេង និង​រឿង​ទំនាក់ទំនង​រវាង​កូន​ក្ដី​អ្នកស្រី និង​បុគ្គល​ម្នាក់​ទៀត។ ដ្បិត​តែ​ថា​ការ​សាកសួរ​ជុំវិញ​បញ្ហា​ទាំង​ពីរ​នេះ​ក្ដី ប៉ុន្តែ​អ្នកស្រី​មិន​និយាយ​លម្អិត​ថា​យ៉ាង​ណា​នោះ​ទេ៖ «សំណួរ​ដែល​សំខាន់ គឺ​តំណាង​អយ្យការ​បាន​តាំង​ច្រើន​ពាក់ព័ន្ធ​ទៅ​លើ​ខ្សែ​អាត់​សំឡេង និង​ការ​ទំនាក់ទំនង​រវាង​កូន​ក្ដី​ខ្ញុំ និង​អ្នក​ពាក់ព័ន្ធ ដូចជា​មិន​មាន​ការ​ដាក់​បន្ទុក​អី​ទេ ព្រោះ​តុលាការ​បាន​បង្ហាញ​នូវ​ភស្តុតាង​ខ្លះៗ​ដែល​តុលាការ​មាន ដើម្បី​ធ្វើ​ការ​បញ្ជាក់​ចំពោះ​កូន​ក្ដី​ខ្ញុំ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ មេសា។

ថ្វីត្បិតតែ កញ្ញា ស្រី​មុំ និង​មេធាវី​របស់​នាង មិន​ផ្ដល់​អត្ថាធិប្បាយ​លម្អិត​ពី​បញ្ហា​នេះ ប៉ុន្តែ​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល បាន​ចុះ​ផ្សាយ​ថា ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ប្រាប់​ថា កញ្ញា ស្រី​មុំ បាន​ឆ្លើយ​សារភាព​ទទួល​ស្គាល់​ខ្សែ​អាត់​ដែល​បែក​ធ្លាយ​តាម​ហ្វេសប៊ុក (Facebook) ជា​សំឡេង​ពិត​ដែល​សន្ទនា​រវាង​នាង​ជាមួយ លោក កឹម សុខា។ នៅ​ក្នុង​អំឡុង​ពេល​សាកសួរ កញ្ញា ស្រី​មុំ បាន​ស្នើ​ឲ្យ​តំណាង​អយ្យការ​ជួយ​រក​យុត្តិធម៌​ឲ្យ​រូប​នាង​តាម​ផ្លូវ​ច្បាប់។

ចំណែក​នៅ​ខាង​ក្រៅ​របង​តុលាការ ក៏​មាន​យុវជន​មួយ​ចំនួន​រង់ចាំ​ស្ដាប់​លទ្ធផល​សាកសួរ​ដែរ។

យុវជន ស្រី ចំរើន ដែល​តែង​តាម​រំខាន និង​ទាមទារ​ឲ្យ លោក កឹម សុខា បកស្រាយ​រឿង​នេះ​កន្លង​មក​នោះ បាន​ថ្លែង​ថា ពួក​គេ​ចង់​ដឹង​ពី​ដំណើរ​សាច់​រឿង​ដែល កញ្ញា ស្រី​មុំ ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ ហើយ​ស្នើ​ឲ្យ​តុលាការ ចាត់​វិធានការ​តាម​ច្បាប់​ដើម្បី​បញ្ចប់​រឿង​ដែល​ពាក់ព័ន្ធ លោក កឹម សុខា ដែល​ជា​បុគ្គល​សាធារណៈ។

ករណី​បញ្ចេញ​ខ្សែ​អាត់​សំឡេង និង​ការ​ចោទ​ប្រកាន់ កញ្ញា ស្រី​មុំ នេះ ត្រូវ​បាន​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា ជា​រឿង​រៀបចំ​ផ្នែក​នយោបាយ​ដែល​មាន​ផែនការ​ច្បាស់លាស់ ដើម្បី​វាយ​បំបាក់​ប្រជាប្រិយភាព​គណបក្ស​ប្រឆាំង។

រីឯ​អ្នក​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ឆ្លើយ​សារភាព​ថា​សំឡេង​ពិត ឬ​មិន​ពិត​នោះ​ទេ។

នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ មាន​ប្រសាសន៍​ថា ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ត្រូវ​ប្រើ​តួនាទី​របស់​ខ្លួន​ប្រកប​ដោយ​តម្លាភាព យុត្តិធម៌ និង​រក្សា​នូវ​សេចក្ដី​ថ្លៃថ្នូរ​របស់​ជីវិត​ជា​ឯកជន ហើយ​ជន​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ ត្រូវ​ចូលរួម​ទទួល​ខុស​ត្រូវ និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​យក​ស្ត្រី​ជា​កម្មវត្ថុ ដើម្បី​ទាញ​យក​ប្រយោជន៍​នយោបាយ៖ «នរណា​ពាក់ព័ន្ធ​រឿង​នេះ គួរ​តែ​ចេញ​មុខ​មក​ជួយ​ឆ្លើយ ដើម្បី​កុំ​ឲ្យ​នារី​ក្មេង​មួយ​នេះ​ទទួល​បាន​នូវ​សម្ពាធ​ទម្ងន់​តែ​ម្នាក់​ឯង។ លើ​ឯកឧត្ដម កឹម សុខា ឬ​មួយ​អ្នក​ណា​ដែល​បង្កើត​រឿង​ហ្នឹង ក៏​ត្រូវ​តែ​ចេញ​មក​ដោះស្រាយ និង​បញ្ឈប់​ការងារ​អស់​នេះ»។

កាល​ពី​ថ្ងៃ​ទី​១១ មីនា នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បាន​កោះ​ហៅ កញ្ញា ស្រី​មុំ ម្ដង​រួច​មក​ហើយ​ឲ្យ​ចូល​ខ្លួន​តាម​បណ្ដឹង​របស់ កញ្ញា ធី សុវណ្ណថា ដែល​ប្ដឹង​ពី​បទ​បរិហារ​កេរ្តិ៍ ឲ្យ​រក​ម្ចាស់​សំឡេង​សន្ទនា​ដែល​គេ​អះអាង​ថា​ជា​ការ​សន្ទនា​ជាមួយ លោក កឹម សុខា៕

No comments: