អាជ្ញាធរអប្សរាគ្រោងចំណាយប្រាក់ប្រហែល១លានដុល្លារជួសជុលប្រាសាទក្នុងខេត្តសៀមរាប
ដោយ ហង្ស សាវយុត
2016-04-19
ខ្លោងទ្វារនៃប្រាសាទអង្គរធំ ជាកន្លែងដែលមានកំពែងបែកបាក់ ហើយមន្ត្រីអាជ្ញាធរអប្សរាកំពុងជួសជុល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth
មន្ត្រីអាជ្ញាធរអប្សរា ទទួលបន្ទុកការពារ និងថែរក្សាប្រាសាទបុរាណក្នុងខេត្តសៀមរាប ឲ្យដឹងថា ក្នុងឆ្នាំ២០១៦ នេះ គេមានផែនការជួសជុលប្រាសាទបុរាណ និងកំពែងអតីតរាជធានីដែលខូចខាត ឲ្យប្រសើរឡើងវិញចំនួន ២០គម្រោង។
គម្រោងទាំងនេះសម្រាប់កែលំអជាបន្ទាន់ចំពោះហេដ្ឋារចនាសម្ព័ន្ធ និងប្រាសាទបុរាណទាំងឡាយណាដែលបែកបាក់ និងទ្រុឌទ្រោម ដោយសារតែអាយុកាលយូរអង្វែង ព្រមទាំងមានការបំផ្លាញដោយគ្រោះធម្មជាតិ ជាដើម។
ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរអប្សរា បានបើកឲ្យដំណើរការជួសជុលកំពែងទីក្រុងអង្គរធំប៉ែកខាងជើងចំនួន ៤កន្លែងប្រវែងប្រហែល ៨០ម៉ែត្រ ដែលជាកំពែងអាទិភាពចាំបាច់ក្នុងចំណោមកំពែងអតីតរាជធានីដែលបែកបាក់ប្រមាណជាង ២០កន្លែងផ្សេងទៀត។
កំពែងអតីតទីក្រុងអង្គរធំធ្វើពីថ្មបាយក្រៀម មានកម្រាស់ ១ម៉ែត្រ អមដោយជម្រាលដីកម្រាស់ជាង ៧០ម៉ែត្រនោះ គឺបានរងការខូចខាតជាច្រើនកន្លែង ដោយព្យុះកេតសាណាបំផ្លាញកាលពីឆ្នាំ២០១១ កន្លងទៅ។
ស្ថាបត្យករដែលគ្រប់គ្រងបច្ចេកទេសក្នុងការជួសជុលកំពែងអតីតទីក្រុងអង្គរធំនោះ គឺលោក ម៉ៅ សុខនី។ លោកមានប្រសាសន៍កាលពីព្រឹកអង្គារ ទី១៩ ខែមេសា ថា កំពែងនៃទីក្រុងអង្គរធំ បានកសាងឡើងតាំងពីសតវត្សទី១២ នៃគ្រិស្តសករាជ ដោយរចនាសម្ព័ន្ធនៃកំពែងទីក្រុងបុរាណនេះ កសាងនៅខាងក្នុងដោយដី និងខាងក្រៅយកថ្មបាយក្រៀមធ្វើជាជញ្ជាំង។ បច្ចុប្បន្ន ដីដែលនៅខាងក្នុង បានជ្រាលរុញថ្មបាយក្រៀម បណ្ដាលឲ្យនៅពេលមានភ្លៀង គឺដីហូរច្រោះ ធ្វើឲ្យពុក និងដួលរលំជញ្ជាំងខ្លះរបស់កំពែង។
លោក ម៉ៅ សុខនី ពន្យល់ថា ជញ្ជាំងថ្មបាយក្រៀមដែលមានកម្រាស់ ១ម៉ែត្រ ហើយកម្ពស់ពី ៦ម៉ែត្រទៅ ៧ម៉ែត្រនោះ គឺងាយនឹងដួលរលំនៅតាមកន្លែងជាច្រើន ដែលត្រូវការជួសជុល និងកែលំអឡើងវិញទៅតាមលំនាំដើម៖ «កន្លែងដែលយើងហើយទីពីរនេះសាច់ថ្មវាគុណភាពអន់ ដល់ពេលវាដួលហ្នឹង វាពុកផុយ ហើយយើងអាចយកមកប្រើវិញបានតែ ៥% ទេ»។
បច្ចុប្បន្ន មន្ត្រីជំនាញកំពុងដំណើរការជួសជុលកំពែងអតីតទីក្រុងអង្គរធំដែលខូចខាតនេះចំនួន ៤កន្លែង ដោយគេរំពឹងថា នឹងត្រូវប្រើពេលរហូតដល់ទៅ ២ឆ្នាំទើបបញ្ចប់។
ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោក លី វណ្ណា មានប្រសាសន៍ថា ការជួសជុលកំពែងទីក្រុងអង្គរធំនេះ គឺជាគម្រោងមួយក្នុងចំណោមគម្រោងចំនួន ២០ ដែលអាជ្ញាធរអប្សរាត្រូវអនុវត្តទៅលើការជួសជុលកំពែង បង្កាន់ដៃបុរាណ និងប្រាសាទបុរាណជាច្រើនទៀតនៅក្នុងឆ្នាំ២០១៦៖ «២០គម្រោងដែលខ្ញុំជម្រាបអំបាញ់មិញហ្នឹង គឺជាគម្រោងទូទៅ ក្នុងនោះមានជួសជុលកំពែងអង្គរធំចំនួន ៤កន្លែង ៤គម្រោងធំៗ មាននៅក្រុមប្រាសាទរលួស នៅលលៃ នៅបាគង»។
មន្ត្រីអាជ្ញាធរអប្សរា ឲ្យដឹងថា ក្នុងឆ្នាំ២០១៦ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នឹងត្រូវចំណាយប្រាក់ប្រហែលកន្លះលានដុល្លារអាមេរិក សម្រាប់គម្រោងជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរ និងប្រហែលកន្លះលានដុល្លារទៀត សម្រាប់គម្រោងជួសជុលប្រាសាទនៅក្រៅតំបន់អង្គរ៕
No comments:
Post a Comment