A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday, 20 April 2016
មន្ត្រីពន្ធនាគារបដិសេធការចោទថាបិទសិទ្ធិសេរីភាពមន្ត្រីបក្សប្រឆាំងជួបគ្នាក្នុងគុក
ដោយ ម៉ម មុនីរតន៍
2016-04-19
(ពីឆ្វេង) មន្ត្រីគណបក្សសង្គ្រោះជាតិ លោក ហុង សុខហួរ លោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន។
Photo: RFA
មន្ត្រីពន្ធនាគារព្រៃស ដែលថ្លែងសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ ៣រូបរបស់គណបក្សសង្គ្រោះជាតិ ក្នុងនោះមាន លោក ហុង សុខហួរ លោក អ៊ុំ សំអាន និងលោក មាជ សុវណ្ណារ៉ា ត្រូវបានគេបំបិទសិទ្ធិសេរីភាពមិនឲ្យជួបមុខគ្នានៅក្នុងពន្ធនាគារ។ ដោយឡែកសកម្មជនដទៃទៀតក្រៅពីនោះ គឺអាចប្រាស្រ័យទាក់ទងគ្នាបានជាធម្មតាដូចអ្នកទោសដទៃទៀតដែរ។
ឆ្លើយតបរឿងនេះ មន្ត្រីនាំពាក្យពន្ធនាគារនៃក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នេះ។
បើទោះបីជាមានការបដិសេធបែបនេះក៏ដោយចុះ មន្ត្រីពន្ធនាគារអះអាងថា មន្ត្រីជាន់ខ្ពស់ទាំង ៣រូបរបស់បក្សប្រឆាំង គឺមិនត្រូវបានគេអនុញ្ញាតឲ្យជួបគ្នាឡើយចាប់តាំងពី លោក អ៊ុំ សំអាន ត្រូវបានគេឃុំខ្លួនរួចមក ខុសពីអ្នកទោសដទៃទៀតដែលពួកគេអាចមានពេលជួបទាក់ទងគ្នាបាន។
អ្នកនាំពាក្យពន្ធនាគារនៃក្រសួងមហាផ្ទៃ ច្រានចោលនូវការអះអាងរបស់មន្ត្រីឆ្មាំគុកព្រៃសនេះ ក្រោយពីព័ត៌មានត្រូវបានគេទម្លាយឲ្យដឹងថា ទាំង លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ត្រូវគេចេញបញ្ជាពីថ្នាក់លើ ហាមមិនឲ្យជួបមុខគ្នា ឬប្រាស្រ័យទាក់ទងអ្វីទាំងអស់នៅក្នុងគុកព្រៃស។ រីឯសកម្មជនគណបក្សសង្គ្រោះជាតិ ផ្សេងទៀត ពួកគេអាចជួបគ្នាបានធម្មតា។
មន្ត្រីពន្ធនាគារព្រៃស ដែលថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងកាលពីថ្ងៃទី១៦ មេសា ថា មន្ត្រីជាន់ខ្ពស់ទាំង ៣រូបរបស់បក្សប្រឆាំងនេះ គឺខាងនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ចេញគោលការណ៍ដាច់ខាតមិនឲ្យជួបមុខគ្នាឡើយ។ បើទោះបីជាបែបណា ការចេញបម្រាមនៅពេលនេះ គេមិនដឹងថា ធ្វើឡើងក្នុងហេតុផលអ្វីឲ្យប្រាកដនៅឡើយទេ។
ឆ្លើយតបរឿងនេះ មន្ត្រីនាំពាក្យពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បដិសេធថា ក្រសួងមិនមានគោលការណ៍ណាមួយក្នុងការរឹតត្បិតសិទ្ធិសេរីភាព ដូចការចោទប្រកាន់នេះទេ ក៏ប៉ុន្តែអ្វីដែលក្រសួងត្រូវអនុវត្តនោះ នៅត្រង់ថា អ្នកដែលមានសាលក្រមហើយ និងជនសង្ស័យត្រូវឃុំនៅទីតាំងខុសគ្នាប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត រាល់អ្នកដែលត្រូវជាប់ឃុំទាំងអស់ ក្រោយពីត្រូវបញ្ជូនទៅឃុំខ្លួនហើយ គឺតែងអនុវត្តគោលការណ៍តែមួយ និងសិទ្ធិតែមួយដូចគ្នា មិនមានការបែងចែកថាបក្សប្រឆាំង ឬមិនប្រឆាំងទេ។ លោកបន្តថា «មិនមែនជាការពិតទេ ព្រោះនេះជានីតិវិធីនៃអ្នកដែលកាត់ទោស ហើយគេទុកដោយឡែក។ ចំណែកអ្នកដែលមិនទាន់កាត់ទោស ហើយគេទុកដោយឡែក។ គាត់លើកឡើងហ្នឹងវាដូចយើងហ្នឹងប្រឡូកប្រឡាក់គ្នា»។
ថ្វីបើ លោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ត្រូវគេឃុំខ្លួនក្នុងអគារតែមួយ គឺអគារ A ប៉ុន្តែនៅបន្ទប់ផ្សេងគ្នា ក៏អ្នកទាំងពីរនៅតែមិនអាចជួបមុខគ្នាបានដែរ ខណៈ លោក មាជ សុវណ្ណារ៉ា ត្រូវគេឃុំខ្លួននៅក្នុងអគារផ្សេង គឺអាគារ B។
គិតមកដល់ពេលនេះ ចំនួនមន្ត្រី និងសកម្មជនគាំទ្របក្សសង្គ្រោះជាតិ ជាប់ឃុំបានកើនដល់ ១៦នាក់ហើយ បន្ទាប់ពីបក្សនយោបាយទាំងពីរមិនត្រូវរ៉ូវគ្នា។ អង្គការផ្នែកសិទ្ធិមនុស្ស ចាត់ទុកថា ការប្រកួតប្រជែងដោយមិនស្មើភាពគ្នាផ្នែកនយោបាយនេះ នឹងធ្វើឲ្យបក្សកាន់អំណាចកាន់តែបាក់ស្រុតប្រជាប្រិយភាព និងអស់ការគាំទ្របន្ថែមទៀតទៅវិញទេ។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) យល់ឃើញថា ការដាក់កំហិតមិនឲ្យមន្ត្រីជាន់ខ្ពស់ទាំង ៣រូបរបស់បក្សប្រឆាំងបានជួបមុខគ្នានេះ ប្រហែលជារដ្ឋាភិបាលបារម្ភក្នុងហេតុផលនយោបាយ ច្រើនជាងការបែងចែកជាប្រភេទទណ្ឌិត ឬជនសង្ស័យ។ លោកបន្តថា ការធ្វើដូចនេះ គឺជាការបំបិទសិទ្ធិសេរីភាពដែលគាំពារដោយច្បាប់។ លោកបន្តថា «អ្វីដែលជាការលើកឡើងនេះ វាគ្រាន់តែជាការលើកឡើងនូវហេតុផលផ្សេងៗគ្នាទេ ប៉ុន្តែហេតុផលពីក្រោយខ្នងបំផុត គេមិនចង់ឲ្យអ្នកសំខាន់ៗដែលជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងហ្នឹង បានជួបជុំគ្នា ហើយមានការជជែកគ្នានោះទេបាទ»។
ជុំវិញបម្រាមចុងក្រោយរបស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ នេះ ត្រូវបានអង្គការផ្នែកសិទ្ធិមនុស្សយល់ឃើញថា គឺជាការដកសិទ្ធិសេរីភាពដ៏ធ្ងន់ធ្ងររបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង។ ម្យ៉ាងវិញទៀត អ្នកជាប់ឃុំទាំងអស់ រកឃើញថា នៅតែពុំទាន់មានទោសនៅឡើយ ពីព្រោះសាលក្រមដែលបានសម្រេចហើយដោយតុលាការក្រុងភ្នំពេញក្នុងពេលកន្លងទៅចំពោះមន្ត្រីបក្សប្រឆាំងមួយចំនួន គឺពុំមែនជាសាលក្រមស្ថាពរទេ ពួកគេនៅតែអាចប្រើប្រាស់សិទ្ធិយ៉ាងពេញលេញ ដើម្បីជួបមុខគ្នាបាន ដែលមិនត្រូវហាមប្រាមដូចនេះឡើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment