អាជ្ញាធរខែត្រស្ទឹងត្រែងផ្ដួចផ្ដើមបង្កើតរមណីយដ្ឋាន៤កន្លែងថ្មីទៀត
ដោយ ម៉ែន សុធីរ
2016-04-19
ទេសចរលេងកម្សាន្តនៅរមណីយដ្ឋានទឹកជូរកេងកង់ ស្ថិតនៅភូមិវាលខ្សាច់ នៃឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ដែលទើបត្រូវបានបង្កើតថ្មី។ រូបថតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦
RFA/Men Sothyr
អាជ្ញាធរខែត្រស្ទឹងត្រែង បានបង្កើតរមណីយដ្ឋានថ្មីចំនួន ៤កន្លែងបន្ថែមទៀត ដើម្បីទាក់ទាញការចាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ មន្ត្រីមន្ទីរទេសចរណ៍អះអាងថា ចំនួនភ្ញៀវទេសចរណ៍នៅឆ្នាំនេះ កើនឡើងជាងឆ្នាំមុនទ្វេដង ខណៈសក្ដានុពលរមណីយដ្ឋានធម្មជាតិខែត្រនេះបានកើនឡើង។
ប្រធានមន្ទីរទេសចរខែត្រស្ទឹងត្រែង សម្ដែងការសាទរ បន្ទាប់ពីចំនួនភ្ញៀវទេសចរច្រើនមកកម្សាន្តខែត្រនេះក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។
ប្រធានមន្ទីរទេសចរណ៍ខែត្រស្ទឹងត្រែង លោក អ៊ុន ប៉ោសឿន មានប្រសាសន៍ថា រមណីយដ្ឋានច្រើនអាចផ្ដល់ជម្រើសច្រើនជូនភ្ញៀវទេសចរក្នុងស្រុក និងបរទេស។ លោកថា គោលបំណងនៃការបង្កើតរមណីយដ្ឋាននេះ ដើម្បីទាក់ទាញភ្ញៀវទេសចរដែលជាប្រភពប្រាក់ចំណូលដល់ពលរដ្ឋនៅមូលដ្ឋានតាមរយៈការផ្ដល់សេវាកម្ម ការលក់ម្ហូបអាហារ និងលក់សម្ភារអនុស្សាវរីយ៍ជាដើម។
លោកចាត់ទុកការបង្កើតរមណីយដ្ឋានថ្មីនោះ ថាជាជំហានជោគជ័យថ្មីមួយទៀតសម្រាប់មន្ទីរទេសចរណ៍ និងដៃគូអភិវឌ្ឍន៍នៅមូលដ្ឋាន ដែលជាផ្នែកមួយចូលរួមបម្រើផលប្រយោជន៍ឯកជន ឬពលរដ្ឋនៅខែត្រស្ទឹងត្រែង៖ «បង្កើនប្រាក់ចំណូលឲ្យគាត់ក៏បង្កើនការងារជូនគាត់ទៀត ហើយមួយផ្នែកទៀតគំនិតរបស់គាត់ គឺគាត់យល់មួយផ្នែកទៅលើជួយថែរក្សាអនាម័យបរិស្ថាន នាំឲ្យមានកំណើនភ្ញៀវទេសចរនាំឲ្យមាននូវចំណូលដល់ពួកគាត់ដែរ»។
លោកបន្តថា មន្ទីរបានរៀបចំវិធានការសំខាន់ មានជាអាទិ៍ រៀបចំសណ្ដាប់ធ្នាប់ពង្រឹងគុណភាពសេវាកម្ម ការពារផលប៉ះពាល់បរិស្ថាន សុវត្ថិភាពភ្ញៀវទេសចរ និងកំណត់តម្លៃនៃម្ហូបអាហារសមរម្យ។ លោកថា រមណីយដ្ឋានដែលទាក់ទាញភ្ញៀវទេសចរក្នុងខែត្រស្ទឹងត្រែង គឺរមណីយដ្ឋានកោះខ្សាច់សេកុង រមណីយដ្ឋានអេកូទេសចរណ៍ព្រះរំកិល និងរមណីយដ្ឋានបុប្ផាភ្លុក។
លោកបន្តថា ខែត្រស្ទឹងត្រែង មានទន្លេខ្វាត់ខ្វែង ដែលផ្ដល់សក្ដានុពលវិស័យទេសចរណ៍សំបូរបែបអមដោយទឹកហូរធម្មជាតិសម្រាប់បម្រើវិស័យទេសចរ។
តួលេខរបស់មន្ទីរទេសចរណ៍ខែត្រស្ទឹងត្រែង ឲ្យដឹងថា ភ្ញៀវទេសចរមកទស្សនាខែត្រស្ទឹងត្រែង អំឡុងពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល ៤ថ្ងៃ ឆ្នាំ២០១៦ មានចំនួន ៤៥.០០0នាក់ កើនឡើង ៤៩ភាគរយធៀបនឹងឆ្នាំ២០១៥។ ចំណែកភ្ញៀវបរទេសចំនួន ៤១៩នាក់កើនឡើង ៩៧ភាគរយធៀបឆ្នាំ២០១៥។
នាយករដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ លោក ថៃ អ៊ី ចាត់ទុករមណីយដ្ឋានថ្មីស្រឡាងទាំងនោះថា មិនត្រឹមតែបង្កើតបរិយាកាសរីករាយដល់ពលរដ្ឋទេ ថែមទាំងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋនៅមូលដ្ឋានតាមរយៈការលក់សម្ភារៈ និងអាហារហូបចុកជាដើម។ តែយ៉ាងណាលោកចង់ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមថែរក្សាបរិស្ថាន អនាម័យ ដើម្បីបញ្ចៀសផលប៉ះពាល់បរិស្ថាននានា។
លោកថា រមណីយដ្ឋានទឹកជូរកេងកង់ នៅស្រុកថាឡាបរិវ៉ាត់ ដែលទើបបង្កើតថ្មី អាជ្ញាធរគ្រោងនឹងរៀបចំបង្កើតជាសហគមន៍៖ «យើងនឹងសួរពលរដ្ឋនៅសហគមន៍ តែគាត់ចងចង់ ឬមិនចង់ចង? តើបើគាត់មិនចង់ចងទេ យើងនឹងរៀបចំក្រុមអ្នកធ្វើវិនិយោគឲ្យគាត់មានផែនការរៀបចំ ផែនការគ្រប់គ្រងទាំងម្ហូបអាហារឲ្យមានលក្ខណៈធម្មតាវិញ»។
រមណីយដ្ឋានទើបបង្កើតឡើងថ្មីនៅឆ្នាំ២០១៦ រួមមានរមណីយដ្ឋាន សាមឃួយថ្មដារ ឬ អូរវែង រមណីយដ្ឋានទឹកជ្រោះជូរចាប រមណីយដ្ឋានកោះខ្សាច់សេកុង និងរមណីយដ្ឋានទឹកជូរកេងកង់។
ខេត្តស្ទឹងត្រែង មានរមណីយដ្ឋានអេកូទេសចរណ៍ចំនួន ២៧កន្លែង ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន ៧កន្លែង ដែលផ្តល់សក្ដានុពលខ្លាំង គឺរមណីយដ្ឋានធម្មជាតិបុប្ផាភ្លុក រមណីយដ្ឋានអូរឫស្សីកណ្ដាល សហគមន៍អេកូទេសចរណ៍ឃុំព្រះរំកិល សហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ រមណីយដ្ឋានកោះខ្សាច់សេកុង សហគមន៍អេកូទេសចរណ៍វើនសៀន និងសហគមន៍អេកូទេសចរណ៍អាហារត្មាត៕
No comments:
Post a Comment