A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 15 April 2016

ស្ថានភាព​តាម​វត្តអារាម​​មួយ​ចំនួន​​នៅ​​ភ្នំពេញ


ដោយ អ៊ុំ រង្សី
2016-04-14 rfa













ទិដ្ឋភាព​នៅ​តាម​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ មេសា។

​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា នេះ នៅ​តាម​ទី​វត្ត​អារាម​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ មាន​ប្រជាពលរដ្ឋ​​ច្រើន​កុករ នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ។ ចំណែក​នៅ​​ទី​​រមណីយដ្ឋាន​សំខាន់ៗ​មួយ​ចំនួន ដូចជា​វត្តភ្នំ​ជាដើម ក៏​ត្រូវ​បាន​​រៀបចំ​​​កម្មវិធី​កម្សាន្ត​សម្រាប់​ស្វាគមន៍ និង​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​នេះ​ដែរ។



ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ អះអាង​ថា ទោះបីជា​នៅ​តាម​ទី​វត្ត​អារាម​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ មិន​សូវ​ឃើញ​មាន​រៀបចំ​តុបតែង​ភ្លើង​ពណ៌ និង​បង្កើត​កម្មវិធី​កម្សាន្ត​ដូចជា​សិល្បៈ និង​ល្បែង​ប្រជាប្រិយ ដើម្បី​អបអរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ក្តី ក៏​នៅ​តាម​ទី​វត្ត​អារាម​ទាំង​នោះ​មិន​មាន​ភាព​ស្ងប់ស្ងាត់​ដូច​ឆ្នាំ​មុន​នោះ​ទេ។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន​នាំ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ទួលសន្តិវ័ន ហៅ វត្ត​ទួលអស់លោក លោកស្រី ពេជ្រ ថាវី បាន​សង្កេត​ឃើញ​ថា ឆ្នាំ​នេះ​ពលរដ្ឋ​រស់​នៅ​ទីក្រុង​ភ្នំពេញ មក​វត្ត​ច្រើន​ជាង​ឆ្នាំ​មុន។ កត្តា​នេះ លោកស្រី​យល់​ថា មក​ពី​ពលរដ្ឋ​នៅ​ភ្នំពេញ នៅ​តែ​គិត​ថា ការ​ទៅ​វត្ត​ពេល​បុណ្យ​ចូល​ឆ្នាំ​ជា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​មួយ ដែល​ត្រូវ​បាន​អនុវត្ត​តាម​លំអាន​តាំង​ពី​ដូនតា​មក។ លោកស្រី​ក៏​សង្កេត​ឃើញ​ដែរ​ថា ឆ្នាំ​នេះ ទោះ​ជា​តាម​វត្ត​មិន​សូវ​ឃើញ​មាន​រៀបចំ​តុបតែង​ភ្លើងពណ៌ និង​បង្កើត​កម្មវិធី​កម្សាន្ត ដូចជា​សិល្បៈ និង​ល្បែង​ប្រជាប្រិយ ប៉ុន្តែ​លោកស្រី ឃើញ​មាន​ការ​រៀបចំ​សណ្ដាប់ធ្នាប់​បាន​ល្អ​ជាង​ឆ្នាំ​មុន៖ «ឆ្នាំ​នេះ ខ្ញុំ​មើល​ឃើញ​សណ្ដាប់ធ្នាប់​វា​ប្រសើរ​ជាង​មុន មើល​ទៅ​គណៈកម្មការ​វត្ត​គេ​រៀបចំ​បាន​ល្អ មិន​ឲ្យ​មាន​ក្មេង​ចូល​រញ៉េរញ៉ៃ។ បើ​ឆ្នាំ​មុន​វិញ ខ្ញុំ​ទៅ​វត្ត​ខ្លះ​មាន​ក្មេង​រត់​លេង​ពេញ អ៊ីចឹង​ហើយ​អ្នក​នៅ​ភ្នំពេញ បើ​គេ​ឃើញ​វត្ត​ដែល​មាន​សណ្ដាប់ធ្នាប់​ល្អ​គេ​ចង់​ទៅ​ណាស់ ហេតុ​នេះ​សូម​ឲ្យ​តាម​វត្ត​នីមួយៗ​ត្រូវ​យក​ចិត្ត​ដាក់​ចំណុច​នេះ​ឲ្យ​ខ្លាំង»។

​ទន្ទឹមគ្នា​នេះ​ដែរ ជា​ពុទ្ធសាសនិក​ម្នាក់​ទៀត លោក ច្រែង សឿន វ័យ​ជាង ៧០​ឆ្នាំ ដែល​បាន​មក​វត្ត​ទួលសង្កែ ក្នុង​ខណ្ឌ​ឫស្សីកែវ បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​លោក​សង្កេត​ឃើញ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ មិន​ត្រឹមតែ​មនុស្ស​ចាស់​មក​ធ្វើ​បុណ្យ​ច្រើន​ប៉ុណ្ណោះ​ទេ ក្នុង​នោះ​វត្តមាន​យុវជន​មក​ធ្វើ​បុណ្យ​នៅ​ទី​វត្ត​អារាម​ច្រើន​ជាង​មុន​ផង​ដែរ៖ «ខ្ញុំ​សង្កេត​ឃើញ បើ​ធៀប​នឹង​ឆ្នាំ​មុន គឺ​ឆ្នាំ​នេះ ទាំង​ក្មេង​ស្រី ក្មេង​ប្រុស ចេះ​មក​ធ្វើ​បុណ្យ​ជាង​មុន គេ​យល់​ដឹង​បាន​ច្រើន»។

ចំណែក​ឯ​យុវជន លី ពិសិទ្ធ ដែល​ដៃ​ម្ខាង​កាន់​ផ្កាឈូក និង​ដៃ​ម្ខាង​កាន់​ធូប ដើម្បី​យក​ទៅ​ថ្វាយ​ព្រះ​ក្នុង​វត្ត​ព្រះពុទ្ធឃោសាចារ្យ ក្នុង​ខណ្ឌ​ដូនពេញ បាន​និយាយ​ដែរ​ថា ទោះ​ជា​ឆ្នាំ​នេះ​មាន​ពលរដ្ឋ​មក​កាន់​ទី​វត្ត​អារាម​ច្រើន​ក្ដី ប៉ុន្តែ​លោក​សោកស្ដាយ​ដែល​វត្ត​មួយ​ចំនួន​មិន​បាន​រៀបចំ​កម្មវិធី​កម្សាន្ត​ដើម្បី​ទាក់ទាញ​យុវជន។ លោក​ចង់​ឃើញ​អាជ្ញាធរ​រៀបចំ​ល្បែង​ប្រជាប្រិយ ដូចជា​បោះ​អង្គញ់ ទាញព្រ័ត្រ ដណ្ដើម​ស្លឹក​ឈើ និង​រាំ​កម្សាន្ត ដើម្បី​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​កុំ​ឲ្យ​បាត់បង់។

ស្រប​ពេល​ដែល​យើង​ឃើញ​នៅ​តាម​វត្ត​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ មាន​ពលរដ្ឋ​មក​ធ្វើ​បុណ្យ​ច្រើន​កុះករ ដោយ​ឡែក​នៅ​តាម​ទី​រមណីយដ្ឋាន​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ក៏​មាន​ពលរដ្ឋ​មក​លេង​ច្រើន និង​អាជ្ញាធរ​បង្កើត​ឲ្យ​មាន​ល្បែង​កម្សាន្ត​នានា។

​ទាក់ទិន​នឹង​រឿង​នេះ​ដែរ ជា​អាចារ្យ​ធំ​ប្រចាំ​វត្ត​ទួលសន្តិវ័ន ហៅ​វត្ត​ទួលអស់លោក លោក អ៊ុក សន្ធឹក មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មក​ធ្វើ​បុណ្យ​ច្រើន​ជាង​ឆ្នាំ​មុន​នេះ មក​ពី​តាម​វត្ត​នីមួយៗ ទាំង​ព្រះចៅ​អធិការ​វត្ត ព្រម​ទាំង​ព្រះអង្គ និង​គណៈកម្មការ​វត្ត​ទាំង​អស់ បាន​ត្រៀម​រៀបចំ​សម្អាត​ទីធ្លា ត្រៀម​បម្រុង​កន្លែង​សម្រាប់​ពុទ្ធបរិស័ទ​ប្រារព្ធ​ពិធី​ផ្សេងៗ តាម​ផ្លូវ​ព្រះពុទ្ធសាសនា។ លោក​បន្ថែម​ទៀត​ថា ប្រការ​សំខាន់​ជាង​នេះ គឺ​ការ​រៀបចំ​នៅ​ទី​វត្ត​ឱ្យ​មាន​សណ្ដាប់ធ្នាប់ និង​វិន័យ​ល្អ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​បុណ្យ និង​បង្កើត​ការ​ទុក​ចិត្ត​របស់​ពុទ្ធ​បរិស័ទ៖ «សន្តិសុខ ​ខណ្ឌ​បាន​បញ្ជា​មក​សង្កាត់ ហើយ​សង្កាត់​បាន​បញ្ជូន​ប្រជា​ការពារ​មក​រក្សា​សណ្ដាប់ធ្នាប់ ការពារ​សន្តិសុខ​សុវត្ថិភាព​បង​ប្អូន​អ្នក​ធ្វើ​បុណ្យ​មិន​ឲ្យ​បងប្អូន​ ព្រួយ​បារម្ភ និង​បាត់បង់​ទ្រព្យសម្បត្តិ​ណា​មួយ​ឡើយ ដោយ​ឡាន ម៉ូតូ។ ឡាន​វិញ ខាង​វត្ត​ក៏​មាន​រៀបចំ​ឲ្យ​មាន​កន្លែង​ទុក​ដាក់ និង​ផ្ងើ​ត្រឹមត្រូវ ហើយ​វត្ត​មិន​ឲ្យ​យក​លុយ​ពី​បងប្អូន​អ្នក​ធ្វើ​បុណ្យ​ដាច់ខាត គឺ​គោលបំណង​ដើម្បី​ឲ្យ​បងប្អូន​នាំ​គ្នា​មក​ធ្វើ​បុណ្យ​ឲ្យ​បាន​ច្រើន»។

ពលរដ្ឋ​រស់​នៅ​ទីក្រុង​ភ្នំពេញ អះអាង​ដែរ​ថា ទោះ​បី​ជា​មាន​ពលរដ្ឋ​មក​ធ្វើ​បុណ្យ​ច្រើន​កុះករ​មក​កាន់​ទី​វត្ត​អារាម​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ច្រើន​ក្ដី ក៏​មាន​វត្ត​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ ខ្លះ​នៅ​មិន​ទាន់​មាន​ការ​រៀបចំ និង​ចាត់ចែង​បាន​ត្រឹមត្រូវ​នៅ​ឡើយ ជាក់ស្ដែង​ការ​ទុក​ដាក់​ចំណី​អាហារ​នៅ​តែ​មាន​ការ​ខ្ជះខ្ជាយ។ បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​ស្នើ​ឲ្យ​គណៈកម្មការ​វត្ត​នីមួយៗ គួរ​តែ​យក​ចំណី​អាហារ​ទាំង​នោះ​ចែកចាយ​ជូន​ជន​ក្រីក្រ និង​តាម​មន្ទីរពេទ្យ​ជាដើម។ មិន​តែ​ប៉ុណ្ណោះ ពលរដ្ឋ​រាជធានី​ភ្នំពេញ ក៏​ចង់​ឃើញ​អាជ្ញាធរ​រៀបចំ​បង្កើត​កម្មវិធី​សិល្បៈ​កម្សាន្ត​នៅ​តាម​វត្ត និង​ទីកន្លែង​សំខាន់​ឲ្យ​បាន​ផុលផុស៕

No comments: