A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 15 April 2016

មន្ត្រី​រដ្ឋាភិបាល​បដិសេធ​របាយការណ៍​អាមេរិក​រឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា


ដោយ យាង សុជាមេត្តា
2016-04-14

​ប៉ះទង្គិច ច្បាប់​​​សហជីព ៨៥៥ ២០១៦
ក្រុម​សន្តិ​សុខ​ខណ្ឌ​ដូនពេញ ​ប៉ះទង្គិច​​ជាមួយ​​ក្រុម​សហជីព​​​ដែល​តវ៉ា​នៅ​​ក្រៅ​របង​រដ្ឋសភា កាល​ពី​​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦ ខណៈ​រដ្ឋសភា​កំពុង​ប្រជុំ​អនុម័ត​ច្បាប់​សហជីព​។
 RFA/Rann Samnang


មន្ត្រី​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ថ្លែង​ច្រានចោល​ចំពោះ​របាយការណ៍​របស់​សហរដ្ឋអាមេរិក ដែល​រិះគន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា បាន​ផ្សព្វផ្សាយ​របាយការណ៍​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ឆ្នាំ​២០១៥ ដោយ​ចាត់​ទុក​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​តែ​មាន​ភាព​ធ្ងន់ធ្ងរ។

មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​របាយការណ៍​រំលោភ​សិទ្ធិ​មនុស្ស​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក មក​លើ​កម្ពុជា នៅ​ពេល​នេះ ថា​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត។

មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រតិកម្ម​ថា របាយការណ៍​របស់​សហរដ្ឋ​អាមេរិក បាន​ច្បិច​យក​តែ​រឿងរ៉ាវ​អវិជ្ជមាន​របស់​កម្ពុជា មក​និយាយ ប៉ុន្តែ​អាមេរិក មិន​បាន​សិក្សា​លំអិត​ពី​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា នោះ​ឡើយ។ លោក​ថា សេរីភាព​របស់​បុគ្គល​ម្នាក់ៗ​ត្រូវ​ផ្សារភ្ជាប់​នឹង​ការ​គោរព​ច្បាប់ និង​ការ​ទទួល​ខុស​ត្រូវ​ដែល​លោក​ថា សូម្បី​តែ​នៅ​សហរដ្ឋអាមេរិក ក៏​ដូចគ្នា​អ៊ីចឹង​ដែរ។



លោក ផៃ ស៊ីផាន៖ «ដូច្នេះ​របាយការណ៍​ហ្នឹង​គ្រាន់​តែ​លើក​ឡើង​នូវ​ភាព​អវិជ្ជមាន វា​មិនមែន​តំណាង​នូវ​ភាព​ពិតប្រាកដ​របស់​ខ្មែរ​នោះ​ទេ។ ចំពោះ​ការ​ឃាត់​ខ្លួន ការ​ដាក់ទោស​បុគ្គល​ដែល​រំលោភ​ច្បាប់ គឺ​មិន​គិត​បុគ្គល​ទាំង​អស់​នោះ​ជា​នរណា​ទេ ពីព្រោះ​យើង​ទាំង​អស់​គ្នា​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ ដោយសារ​តែ​គាត់​រំលោភ​ច្បាប់​នោះ​ហើយ​បាន​គាត់​ជាប់​ទោស មិន​មែន​ឲ្យ​តែ​គណបក្ស​ប្រឆាំង មិន​បាច់​យល់​ដឹង​ពី​ច្បាប់ មិន​បាច់​អនុវត្ត​ច្បាប់ មិន​គោរព​ច្បាប់ គឺ​មិនមែន​អ៊ីចឹង​ទេ លទ្ធិប្រជាធិបតេយ្យ គឺ​ស្ថិត​នៅ​ក្នុង​ទម្រង់​នៃ​នីតិរដ្ឋ​នេះ​ឯង»។

របាយការណ៍​សិទ្ធិមនុស្ស​របស់​សហរដ្ឋអាមេរិក បញ្ជាក់​ថា បញ្ហា​សំខាន់​ជាង​គេ​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា គឺ​ប្រព័ន្ធ​យុត្តិធម៌​ពុំ​មាន​ប្រសិទ្ធភាព ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ​ដើម្បី​តវ៉ា ការ​ចូលរួម​ក្នុង​ការ​បង្កើត​សមាគម ការ​ប្រើប្រាស់​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​ចាប់​ដាក់​ពន្ធនាគារ​ដើម្បី​សម្លុត​បំភ័យ​គណបក្ស​ប្រឆាំង​ជាដើម។

ក្រៅ​ពី​នោះ នៅ​មាន​បញ្ហា​រំលោភ​បំពាន​អ្នក​ទោស ការ​ដាក់​កំហិត​នានា​លើ​សេរីភាព​សារព័ត៌មាន ករណី​មិន​បាន​អនុវត្ត​ដោយ​សមភាព និង​ត្រឹមត្រូវ​ចំពោះ​ជនភៀសខ្លួន ការ​រីក​រាលដាល​នៃ​អំពើ​ពុករលួយ និង​ការ​រត់​ពន្ធ​មនុស្ស។

ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​កម្ពុជា បាន​កាត់ទោស​មន្ត្រី​មួយ​ចំនួន​ដែល​ធ្វើ​ខុស តែ​បែរ​ជា​នៅ​តែ​មាន​និទណ្ឌភាព​ចំពោះ​អំពើ​ពុករលួយ ហើយ​ការ​ប្រព្រឹត្ត​កំហុស​កម្រិត​ធ្ងន់​នានា នៅ​តែ​កើត​មាន​ជា​បន្តបន្ទាប់។

ផ្ទុយ​ពី​ការរិះគន់​របស់​សហរដ្ឋអាមេរិក លោក ផៃ ស៊ីផាន ថ្លែង​ពី​មោទនភាព​របស់​កម្ពុជា ដែល​ថា ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​ទទួល​បាន​នូវ​សុខ​សន្តិភាព និង​សប្បាយ​រីករាយ​តាម​រយៈ​ការ​ពង្រឹង​សណ្ដាប់ធ្នាប់​របស់​រដ្ឋាភិបាល។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នេះ​មិន​មែន​ជា​រឿង​ចម្លែក​របស់​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ ក្នុង​ការ​ច្រានចោល​របាយការណ៍​របស់​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ​ដែល​រិះគន់​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បើ​ទោះ​ជា​មនុស្ស​ជា​ទូទៅ​មើល​ឃើញ​ថា កម្ពុជា​ពិតជា​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស​នេះ​ក្តី៕

No comments: