A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 April 2016

បក្ស​ប្រឆាំង​ថា​ការ​មិន​ចូល​ប្រជុំ​សភា​រឿង​លោក អ៊ុំ សំអាន ព្រោះ​មិន​ចង់​រំលោភ​រដ្ឋធម្មនុញ្ញ


បក្ស​ប្រឆាំង​ថា​ការ​មិន​ចូល​ប្រជុំ​សភា​រឿង​លោក អ៊ុំ សំអាន ព្រោះ​មិន​ចង់​រំលោភ​រដ្ឋធម្មនុញ្ញ
ដោយ ឡេង ម៉ាលី
2016-04-12


សុន ឆ័យ ២០១៦ ៨៥៥
មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ស្នាក់​ការ​កណ្ដាល​បក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Rann Samnang
 RFA/Rann Samnang



មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា ការ​ធ្វើ​ពហិការ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មិន​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១២ មេសា ព្រោះ​តែ​មិន​ចង់​រំលោភ​ច្បាប់។ ពហិការ​នេះ គឺ​ទាក់ទង​នឹង​ការ​ចាប់​ឃុំ​ខ្លួន​តំណាង​រាស្ត្រ អ៊ុំ សំអាន ដែល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ចាត់​ទុក​ថា​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បញ្ជាក់​ថា ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ថ្កោលទោស និង​ចាត់​ទុក​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ថា​ខុស​ច្បាប់ ព្រោះ​សកម្មភាព​របស់ លោក អ៊ុំ សំអាន ជា​ការ​បញ្ចេញ​មតិ​ស្រប​ច្បាប់​ក្នុង​នាម​ជា​អ្នក​តំណាង​រាស្ត្រ៖ «»។

លោក សុន ឆ័យ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១២ មេសា ថា ជំហរ​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា និង​កិច្ច​ប្រជុំ​ពេញ​អង្គ​សភា នៅ​រសៀល​ថ្ងៃ​ដដែល គឺ​មិន​ចង់​ចូលរួម​ធ្វើ​អំពើ​ខុស​ច្បាប់៖ «ទី​មួយ យើង​មិន​ចង់​ស្ថាប័ន​ជាតិ​ទៅ​ធ្វើ​ការ​មួយ​ដែល​មិន​ច្បាស់លាស់ មិន​ត្រឹមត្រូវ​តាម​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ។ គឺ​យើង​មិន​ចូលរួម​ធ្វើ​ខុស គឺ​ចង់​ជំរុញ​ឲ្យ​ធ្វើ​ការ​ធានា​អំពី​ឯករាជ​ភាព​របស់​ស្ថាប័ន​រដ្ឋសភា​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​បារម្ភ​ណាស់​ស្ថាប័ន​ជាតិ​ហ្នឹង ចង់​ស្ថាប័ន​ជាតិ​ហ្នឹង​ពង្រឹង​ទៅ​ឲ្យ​រឹងមាំ​ទៅ បំពេញ​ការងារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ទៅ ផ្ដល់​សេវា​ឲ្យ​ល្អ​ជូន​ពលរដ្ឋ​ទៅ ដើម្បី​ឲ្យ​នាំ​មក​នូវ​យុត្តិធម៌​សង្គម សុខុមាលភាព សុភមង្គល​សង្គម ម៉្លោះ​ហើយ​ចេះ​តែ​ខំ​ជជែក»។



ហេតុផល​ទី​ពីរ​ដែល​បក្ស​ប្រឆាំង​មិន​ទៅ​ចូលរួម​ប្រជុំ​សភា​ពេញ​អង្គ​នោះ ព្រោះ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដឹង​មុន​ថា កិច្ច​ប្រជុំ​នោះ​នឹង​មិន​និយាយ​អ្វី​ក្រៅ​ពី​ការ​សម្រេច​លើក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ ឬ​ត្រូវ​បញ្ឈប់​ការ​ចាប់​ចង​នោះ​ទេ។ លោក សុន ឆ័យ បញ្ជាក់​ថា ការ​លើក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ​តាម​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ត្រូវ​តែ​មាន​ការ​សម្រេច​ពី​សំឡេង​សមាជិក​សភា​ចំនួន ៨៣​នាក់​ឡើង​ទៅ។ រីឯ​ការ​បញ្ឈប់​ការ​ចាប់​ចង​អ្នក​តំណាង​រាស្ត្រ គឺ​ត្រូវ​ការ​សំឡេង​គាំទ្រ​ចំនួន ៩២​នាក់​ឡើង​ទៅ។

ទាក់ទង​នឹង​ចំណុច​នេះ លោក សុន ឆ័យ ថ្លែង​ថា ការ​ដក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ ត្រូវ​តែ​មាន​សំឡេង​សមាជិក​សភា ២​ភាគ​៣ ចំណែក​ឯ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ហេតុផល​ថា ការ​បញ្ឈប់​ដំណើរ​ការ​ក្ដី​នេះ ក៏​ត្រូវ​មាន​សំឡេង ៣​ភាគ​៤ ដែរ។ ដូច្នេះ តម្រូវ​ការ​ទាំង​ពីរ​នេះ មិន​អាច​បាន​ទេ នៅ​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​ប្រជុំ​នោះ។

បញ្ហា​ឃាត់​ខ្លួន លោក អ៊ុំ សំអាន នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ធ្វើ​ឡើង​តាម​បទល្មើស​ជាក់ស្ដែង​ដែល លោក អ៊ុំ សំអាន នៅ​តែ​បន្ត​បង្ហោះ​លើ​ហ្វេសប៊ុក (Facebook) អំពី​បញ្ហា​ព្រំដែន និង​ផែនទី​ក្លែងក្លាយ៖ «»។

លោក​នាយក​រដ្ឋមន្ត្រី ក៏​ចេញ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​បន្ត​ទៀត ចំពោះ​ជន​ណា​ដែល​និយាយ​អំពី​បញ្ហា​ផែនទី​ក្លែងក្លាយ។ លោក​សំអាង​ហេតុផល​ពីរ​យ៉ាង​លើ​ការ​បញ្ជា​នេះ គឺ​ទី​មួយ ដោយសារ​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ឲ្យ​ប្រើ​ផែនទី​ខ្នាត ១/១០០.០០០ បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ក្នុង​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣៖ «ខ្ញុំ​សុំ​ប្រកាស​ដាច់​ណាត់ អ្នក​ណា​និយាយ​ពី​ផែនទី​ក្លែងក្លាយ គឺ​ត្រូវ​ចាប់​ខ្លួន​ភ្លាម មិន​ថា​អ្នក​ហ្នឹង​ជា​អ្នក​ណា​ទេ»។

ប្រធាន​បច្ចេកទេស​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត កត់​សម្គាល់​ថា ការ​និយាយ​អំពី​បញ្ហា​ព្រំដែន គឺ​ជា​ការងារ​របស់​អ្នក​តំណាង​រាស្ត្រ អំពី​កង្វល់​របស់​ជាតិ៖ «»។

លោក សុន ឆ័យ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង លោក អ៊ុំ សំអាន ជា​បន្ទាន់ ហើយ​កុំ​ធ្វើ​បែប​នេះ​ត​ទៅ​ទៀត ព្រោះ​ពេល​នេះ​ជា​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ពង្រឹង​នីតិរដ្ឋ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​អនុវត្ត​គោល​នយោបាយ​អហិង្សា និង​បន្ត​ពង្រឹង​វប្បធម៌​សន្ទនា។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅ​តែ​រក្សា​ជំហរ​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ លោក សុន ឆ័យ បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ មិន​អាច​បិទ​មាត់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​រិះគន់​ឡើយ៕

No comments: