ដោយ អ៊ូ បាណុង
2016-04-12

រថយន្តដឹកកម្មករដែលក្រឡាប់ដោយសារការបើកជែងគ្នានៅលើផ្លូវជាតិលេខ៤១ ត្រង់ចំណុចមុខវត្តស្រះស្រង់ ស្ថិតក្នុងឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦។
RFA/Phann Yasy
អ្នកជំនាញខាងសុវត្ថិភាពចរាចរណ៍ មានការព្រួយបារម្ភថា គ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងមុន និងក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ អាចនឹងកើនឡើងដូចកាលពីបុណ្យចូលឆ្នាំខ្មែរឆ្នាំមុន។ អ្នកជំនាញដដែលនោះអះអាងដូច្នេះ ដោយមើលឃើញថា ការផាកវិន័យលើការដឹកលើសចំណុះ ការបើកបរហួសល្បឿនកំណត់នៅតែមានភាពធូរលុងនៅឡើយពីសំណាក់សមត្ថកិច្ច។
ក្នុងអំឡុងពេលកៀកដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ គឺជាពេលដែលចរាចរណ៍ចេញក្រៅរាជធានីភ្នំពេញ មានការកើនឡើងខ្លាំង ព្រោះវាជាពេលវេលារបស់ប្រជាពលរដ្ឋត្រឡប់ទៅជួបជុំបងប្អូនសាច់ញាតិនៅស្រុកកំណើត។
ដោយមើលឃើញពីចរាចរណ៍ចេញដ៏គំហុកនេះ លោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍មានអោយដឹងថា លោកសង្កេតឃើញពីចំណុចឆកល្វែងរបស់កម្លាំងសមត្ថកិច្ចលើការផាកវិន័យចំពោះករណីមិនគោរពច្បាប់ចរាចរណ៍ ដូចជា ការដឹកលើសចំណុះ ការបើកហួសល្បឿនកំណត់នៅលើផ្លូវជាតិធំៗមួយចំនួន ដូចជាផ្លូវជាតិលេខ១ ឬលេខ៦ ជាដើម។
លោក អ៊ា ចរិយា៖ «ថ្ងៃដំបូង និងថ្ងៃចុងក្រោយគឺជាបញ្ហាធំ បញ្ហាហ្នឹងគឺសូម្បីតែថ្ងៃនេះ ខ្ញុំសង្កេតឃើញមានការបើកបរលឿនណាស់នៅតាមផ្លូវជាតិ។ ផ្លូវជាតិ៦ ផ្លូវជាតិលេខ១ ខ្ញុំគិតថា គួរតែផ្ដោតសំខាន់ទៅលើការបើកបរហួសល្បឿនកំណត់ ដែលជាមូលហេតុធ្វើអោយគ្រោះថ្នាក់ និងអ្នកស្លាប់រហូតដល់ ៤០ភាគរយ នៃគ្រោះថ្នាក់ចរាចរណ៍។ ខ្ញុំសង្កេតឃើញ ឥឡូវហ្នឹង ដូចអត់ទាន់មានការរឹតបន្តឹងអោយមានលក្ខណៈរឹងមាំ និងការត្រួតពិនិត្យអោយដិតដល់ និងទៀងទាត់នៅឡើយទេ»។
ឆ្លើយតបនឹងការត្អូញត្អែរនេះ លោក ចេវ ហាក់ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ស្ថាប័នលោកបានត្រៀមរៀបចំជា ៣ដំណាក់កាល គឺមុនពេលចូលឆ្នាំ ពេលចូលឆ្នាំ និងក្រោយចូលឆ្នាំ ដើម្បីអាចធ្វើការត្រៀមអន្តរាគមន៍បានទាន់ពេលវេលាលើករណីគ្រោះថ្នាក់ចរាចរណ៍ ឬការកកស្ទុះចរាចរណ៍ជាដើម។
លោក ចេវ ហាក់៖ «មុនឱកាសចូលឆ្នាំនេះ គឺយើងបានរៀបចំកម្លាំងបានត្រៀមលក្ខណៈ បានន័យថា ប្រមូលផ្ដុំ កម្លាំងត្រូវបានប្រមូលផ្តុំ។ ទីមួយគឺនៅតាមច្រកចេញចូលរាជធានីភ្នំពេញ។ ថ្ងៃធម្មតា គឺយើងប្រើប្រាស់កម្លាំងតែ ៦ ទៅ ៧នាក់ទេ ថ្ងៃបុណ្យចូលឆ្នាំនេះ គឺយើងប្រើដល់ ១៥ ក្នុងគោលដៅច្រកចេញចូលរាជធានីភ្នំពេញ។ ក្នុងនោះក៏យើងបានបន្ថែមកម្លាំងដែលយើងបាន និងកំពុងអនុវត្តរឹតបន្តឹង ការអនុវត្តច្បាប់នេះ ក៏បានបន្ថែមលើច្រកចេញចូលបានន័យថា នៅតាមបណ្ដាផ្លូវជាតិ ដែលជាច្រកចេញចូលគឺយើងបានបន្ថែមទៀត ធ្វើការត្រួតពិនិត្យចំពោះមធ្យោបាយដែលគាត់បានល្មើសទៅនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក»។
លោក អ៊ា ចរិយា ក៏សំណូមពរដល់ប្រជាជនក្នុងការធ្វើចរាចរណ៍អំឡុងពេលចូលឆ្នាំនេះ អោយមានការប្រុងប្រយ័ត្ន ពិសេសគឺជៀសវាងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
ជាមធ្យម គ្រោះថ្នាក់ចរាចរណ៍សម្លាប់ប្រជាជនកម្ពុជា ៦នាក់ ក្នុងមួយថ្ងៃៗ នេះបើតាមរបាយការណ៍នៃគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ដោយឡែក កាលពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងឆ្នាំ២០១៥ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ប្រជាជនកម្ពុជា រហូតដល់ ១១នាក់ជាមធ្យម ក្នុងរយៈពេលបុណ្យ ៣ថ្ងៃនោះ ដែលនេះជាតួលេខទ្វេដងនៃចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ កត្តាដែលបង្កអោយមានគ្រោះថ្នាក់ទាំងនេះ គឺការបើកបរមិនគោរពច្បាប់ចរាចរណ៍ ការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម៕
No comments:
Post a Comment