A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 12 April 2016

អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ថ្កោលទោស​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន


Anonymous Anonymous said...


តាមមើលទៅ ចង់អង្ការសិទ្ធិមនុស្ស ឬ សង្គម ស៊ីវិល ស្អីក៍ដោយ ក៍ ហ៊ុន សែន មិនខ្វល់ដែរ ព្រោះ ហ៊ុន សែន ខ្លាចបំផុត ហើយមិនចង់បែកការ រឿង យួនយកដី យួនមកនៅខ្មែរតាមចិត្ត និយាយឲ្យចំទៅ គឺលោក អ៊ុំ សំអាន គាត់មិនព្រមស៊ីសម្លរ ម្ជូយួន នោះឯង។
....

ដោយ យ៉ង ចាន់តារា
2016-04-12

ប្រ៊ែដ អាដាម ២០១៥ ៨៥៥
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

Photo: RFA



អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន បាន​លើក​ឡើង​ដូចៗ​គ្នា​ថា ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដោយ​អាជ្ញាធរ​កម្ពុជា គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។ ពួក​គេ​អំពាវនាវ​ឲ្យ​ដោះ​លែង លោក អ៊ុំ សំអាន និង​ទម្លាក់​ចោល​ទាំង​ស្រុង​នូវ​បទ​ចោទ​ទាំងឡាយ​ទៅ​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ។ ទោះ​យ៉ាង​នេះ​ក្តី ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា លោក អ៊ុំ សំអាន បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ដែល​លោក​មិន​អាច​លើកលែង​ឲ្យ​បាន។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ហៅ​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន នៅ​ពេល​នេះ ថា​ជា​ការ​រំលោភ​ច្បាប់ និង​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ។



តាម​រយៈ​សារ​អេឡិចត្រូនិក​មក​កាន់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ មេសា លោក ប៊្រែដ អាដាម ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង លោក អ៊ុំ សំអាន និង​សកម្មជន​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ៖ «គាត់​គួរ​តែ​ត្រូវ​បាន​ដោះលែង​ភ្លាមៗ ហើយ​ការ​ផ្ដន្ទាទោស និង​ការ​ចោទ​ប្រកាន់​ដែល​មាន​ចរិត​នយោបាយ​ទាំងអស់​ប្រឆាំង​នឹង​រូប​គាត់ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ផ្សេង​ទៀត​ត្រូវ​តែ​បញ្ចប់។ ម្ចាស់​ជំនួយ​គួរ​តែ​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា ថា ការ​ធ្វើ​បែប​នេះ​វា​ល្មម​បញ្ចប់​ហើយ វា​ល្មម​គ្រប់គ្រាន់​ហើយ ហើយ​ដរាប​ណា​ការ​រំលោភ​បំពាន​ទាំង​នេះ​នៅ​តែ​បន្ត ពួក​គេ​នឹង​ចាប់​ផ្ដើម​គិតគូរ​ពី​ការ​កាត់​ផ្តាច់​ជំនួយ និង​បន្ទាប​ទំនាក់ទំនង​ជាមួយ​កម្ពុជា»។

ចំណែក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​វិញ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា ថ្កោលទោស​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ដែរ។


តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន (អាវ​ស) ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ពី​ក្រសួង​មហាផ្ទៃ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦។ Photo courtesy of VOD


មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​អាដហុក (ADHOC) អង្គការ​ខុមហ្វ្រែល (Comfrel) និង​អង្គការ ១០ ផ្សេង​ទៀត ហៅ​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ថា​ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ដែល​ធានា​នូវ​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ និង​ជា​សញ្ញា​បង្ហាញ​ពី​លំហ​លទ្ធិប្រជាធិបតេយ្យ​រួម​តូច និង​ការ​មិន​ទទួល​យក​នូវ​នយោបាយ​បែប​ពហុបក្ស​នៅ​កម្ពុជា។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ មេសា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ យល់​ឃើញ​ថា ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន គឺ​ជា​ការ​បង្ក្រាប​ជា​ប្រព័ន្ធ​ទៅ​លើ​គណបក្ស​ប្រឆាំង ហើយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​គ្មាន​ការ​អត់ឱន​ទៅ​លើ​គណបក្ស​ប្រឆាំង​បែប​នេះ គឺ​ជា​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង លោក អ៊ុំ សំអាន ជា​បន្ទាន់ ហើយ​ត្រូវ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងឡាយ​ប្រឆាំង​រូប​លោក។

ជុំវិញ​រឿង​នេះ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រួសារ​យោធិន​ពិការ​នៅ​ខេត្ត​សៀមរាប ព្រឹក​ថ្ងៃ​ទី​១២ មេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​ត្រូវ​តែ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ព្រោះ​តំណាង​រាស្ត្រ​រូប​នេះ ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង។ លើស​ពី​នេះ លោក ហ៊ុន សែន បាន​ព្រមាន​ជា​ថ្មី​ម្តង​ទៀត​ថា លោក​នឹង​ចាប់​ខ្លួន​អ្នក​ណា​ក៏ដោយ​ដែល​នៅ​និយាយ​ថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ទោះ​បី​ជា​បុគ្គល​នោះ​មាន​តួនាទី​ជា​អ្វី​ក៏ដោយ៖ «ខ្ញុំ​បាន​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ ប៉ុន្តែ​និយាយ​ពី​ផ្លូវ​ច្បាប់ គ្មាន​ការ​ចាំបាច់​ដើម្បី​មក​ផ្ទៀងផ្ទាត់​បែប​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​ពលរដ្ឋ​កម្ពុជា យល់​អំពី​ទឹក​ដី​កម្ពុជា នៅ​សល់​ប៉ុនណា។ ចូល​ទៅ​ដល់​រដ្ឋសភា អត់​មាន​និយាយ​រឿង​ដក ឬ​មិន​ដក​អភ័យ​ឯកសិទ្ធិ​នោះ​ទេ ព្រោះ​ចាប់​ក្នុង​បទល្មើស​ជាក់ស្តែង គឺ​មាន​តែ​ទៅ​សួរ​សភា​ថា​ដំណើរ​ការ​ក្តី​នេះ​ទៅ​មុខ​ទៀត ឬ​អត់?»។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ម៉ោង​ជាង ១២ យប់​ថ្ងៃ​អាទិត្យ ទី​១០ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​មេសា គឺ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​លោក​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក វិញ។ លោក អ៊ុំ សំអាន ជា​តំណាង​រាស្ត្រ​មួយ​រូប​ដែល​និយាយ​មិន​សំចៃ​មាត់​អំពី​រឿង​ព្រំដែន និង​ផែនទី​រវាង​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង ពិសេស​បញ្ហា​ព្រំដែន និង​ផែនទី​រវាង​កម្ពុជា និង​វៀតណាម៕

1 comment:

Anonymous said...

តាមមើលទៅ ចង់អង្ការសិទ្ធិមនុស្ស ឬ សង្គម ស៊ីវិល ស្អីក៍ដោយ ក៍ ហ៊ុន សែន មិនខ្វល់ដែរ ព្រោះ ហ៊ុន សែន ខ្លាចបំផុត ហើយមិនចង់បែកការ រឿង យួនយកដី យួនមកនៅខ្មែរតាមចិត្ត និយាយឲ្យចំទៅ គឺលោក អ៊ុំ សំអាន គាត់មិនព្រមស៊ីសម្លរ ម្ជូយួន នោះឯង។