A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 April 2016

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ចោទ​មន្ត្រី​មូលដ្ឋាន​ថា​ដឹក​នាំ​អ្នក​ភូមិ​លក់​ដី​សហគមន៍


ដោយ រដ្ឋា វិសាល
2016-04-13

ផែនទី មណ្ឌលគិរី ៦២០
ផែនទី​​​ខេត្ត​មណ្ឌលគិរី
Photo: RFA


ដី​ភូមិ​ចាស់ និង​ដី​ព្រៃ​ត្រណម​របស់​សហគមន៍​ភូមិ​ពូលេះ ក្នុង​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​សមាជិក​សហគមន៍ និង​មន្ត្រី​មូលដ្ឋាន រៀបចំ​ឯកសារ​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​ឧកញ៉ា​មួយ​រូប​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ។ សមាជិក​សហគមន៍​ភាគ​ច្រើន ចាត់​ទុក​ផែនការ​លក់​ដី​នេះ​ថា​ជា​ការ​ខុស​ច្បាប់។

សមាជិក​សហគមន៍​ភូមិ​ពូលេះ នៅ​ថ្ងៃ​ទី​១២ ខែ​មេសា អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក ខេត្ត ជាពិសេស​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ទប់ស្កាត់​គម្រោង​លក់​ដី​សហគមន៍​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ព្រៃ​ត្រណម និង​តំបន់​ភូមិ​ចាស់​សហគមន៍។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក​សហគមន៍​មួយ​ចំនួន រួម​ជាមួយ​មន្ត្រី​ភូមិ-ឃុំ​ខ្លះ បាន​ទទួល​ប្រាក់​កក់​ពី​ឧកញ៉ា​មួយ​រូប​ដែល​មាន​បំណង​ទិញ​ដី​ប្រមាណ ៥០​ហិកតារ ដែល​ជា​អតីត​ដី​ភូមិ​ចាស់​របស់​សហគមន៍​ភូមិ​ពូលេះ។

ប្រជាពលរដ្ឋ​ភូមិ​ពូលេះ លោក ចាស់ ក្លើត បញ្ជាក់​ថា ឯកសារ​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី នឹង​ត្រូវ​ធ្វើ​នៅ​ក្រោយ​ពេល​ចូល​ឆ្នាំ តាម​រយៈ​ស្នាម​មេដៃ​អ្នក​ភូមិ​មួយ​ចំនួន​ដែល​បាន​យល់ព្រម​លក់​ដី​នោះ។ លោក​ថា មន្ត្រី​ភូមិ-ឃុំ​នៅ​តំបន់​នោះ គឺ​ជា​អ្នក​ជំរុញ​ឲ្យ​អ្នក​ភូមិ​លក់​ដី ក្រោម​ហេតុផល​ថា ដី​នោះ​នឹង​ត្រូវ​រដ្ឋ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​សម្បទាន។ ហេតុ​នេះ អ្នក​ភូមិ​នឹង​មិន​បាន​ផល​កម្រៃ​អ្វី​ពី​ការ​ផ្តល់​ដី​សម្បទាន​របស់​រដ្ឋ​នោះ​ឡើយ៖ «រៀបចំ​ឯកសារ ហើយ​លុយ​គេ​កក់​ហើយ។ មេ​ភូមិ​គាត់​ជា​អ្នក​នាំ​កូន​ចៅ​គាត់​ទៅ​យក​ទៅ​ឯ​ផ្ទះ​សំណាក់​មួយ​នៅ​ខេត្ត»។



ចំណែក​ប្រធាន​ភូមិ​ពូលេះ លោក ព្យើយ គីម ទទួល​ស្គាល់​ថា អ្នក​ភូមិ​ខ្លះ​បាន​ចូល​ទៅ​ត្រួសត្រាយ​ព្រៃ​ដី​អតីត​ភូមិ​ចាស់ ដើម្បី​ត្រៀម​លក់​ទៅ​ឲ្យ​ឈ្មួញ​ជា​ឧកញ៉ា ប៉ុន្តែ​លោក​អះអាង​ថា មិន​ស្គាល់​ឈ្មោះ​ឧកញ៉ា​នោះ​ឡើយ។ លោក​ថា អ្នក​ភូមិ​មាន​គម្រោង​ឆ្វៀល​ដី​ព្រៃ​ត្រណម​ចេញ​ពី​ដី​ភូមិ​ចាស់ ហេតុ​នេះ​ប្រសិន​អ្នក​ភូមិ​ផ្ដិត​មេដៃ​លើ​ឯកសារ​ផ្ទេរ​សិទ្ធិ លោក​នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ​នោះ​តាម​ការ​ស្នើសុំ​របស់​ពលរដ្ឋ៖ «ឃើញ​ប្រជាពលរដ្ឋ​ទៅ​ត្រួសត្រាយ​ប៉ុន្មាន​ថ្ងៃ​ហើយ មិន​មែន​ខ្ញុំ​ជា​អ្នក​លក់ សហគមន៍​ជា​អ្នក​លក់ ប្រជាពលរដ្ឋៗ​គេ​ច្រូងច្រាង​ហើយ​ធ្វើ​ម៉េច»។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ពូលេះ មាន​សមាជិក ១២៤​គ្រួសារ។ សហគមន៍​នេះ​ចុះ​បញ្ជី​សហគមន៍​ជា​នីតិបុគ្គល​កាល​ពី​ឆ្នាំ​២០១៥ និង​ត្រៀម​រៀបចំ​ឯកសារ​សុំ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព​នា​ពេល​ខាង​មុខ​នេះ។

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់​ថា ដី​ភូមិ​ចាស់ គឺ​ជា​ដី​សមូហភាព​សហគមន៍។ រីឯ​ដី​នេះ​ទៀតសោត សហគមន៍​បាន​វាស់វែង​គូស​ផែនទី​រក្សា​ទុក​ជា​ដី​ត្រៀម​បម្រុង​សម្រាប់​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។ ហេតុ​នេះ សមាជិក​សហគមន៍​មិន​អាច​លក់​ដូរ​ដី​នោះ​បាន​ទេ។ លោក​ថា សមាជិក​សហគមន៍ បាន​ផ្តល់​ព័ត៌មាន​មក​ការិយាល័យ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ជួយ​រក​វិធានការ​ទប់ស្កាត់​ការ​លក់​ដូរ​ដី​សហគមន៍​នេះ៖ «មាន​ការ​កើត​ច្រើន​ការ​រៀបចំ​ឯកសារ​ទិញ​លក់​ដី​ខុស​ច្បាប់​ហ្នឹង។ យើង​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​រាជ​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​ម៉ឺងម៉ាត់​បំផុត​ចំពោះ​មន្ត្រី​រាជការ​សាធារណៈ​ណា​ដែល​យក​មុខ​តំណែង និង​តួនាទី កេង​ចំណេញ​លើ​សហគមន៍ និង​ដី​សាធារណៈ​របស់​រដ្ឋ»។

ចំណែក​អភិបាល​ស្រុក​អូររាំង លោក នង ទុណ្ណារី ថ្លែង​បញ្ជាក់​ថា ដី​ភូមិ​ចាស់ គឺ​ជា​ដី​សមូហភាព និង​ជា​តំបន់​ព្រៃ​ត្រណម សហគមន៍​មិន​អាច​លក់​ដូរ​បាន​ឡើយ។ លោក​បន្ត​ថា នឹង​ត្រួត​ពិនិត្យ​សេចក្តី​រាយការណ៍​របស់​សហគមន៍ និង​ពិនិត្យ​មើល​ឯកសារ​ផ្ទេរ​សិទ្ធិ ប្រសិន​បើ​អាជ្ញាធរ​ភូមិ-ឃុំ បញ្ជូន​មក​អាជ្ញាធរ​ស្រុក​សម្រេច៖ «ខ្ញុំ​មិន​ទាន់​សន្និដ្ឋាន​ថា​ម៉េច​ទេ ចាំ​មើល​ឯកសារ​សិន។ ធម្មតា​ដី​ភូមិ​ចាស់ គាត់​លក់​ម៉េច​បាន មាន​ដី​ត្រណម ហើយ​កន្លង​ទៅ ពួក​គាត់​ច្រើន​ទាមទារ​ដី​ត្រណម​ដី​ភូមិ​ចាស់​អ៊ីចឹង​ណា!»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍ លោក ទើយ ធី អះអាង​ថា អ្នក​ភូមិ​ភាគ​ច្រើន នឹង​រៀបចំ​ឯកសារ​ប្ដឹង​ទៅ​អាជ្ញាធរ​ស្រុក ខេត្ត ដើម្បី​ឲ្យ​ជួយ​ទប់ស្កាត់​ការ​លក់​ដូរ​ដី​សហគមន៍​នេះ៕

No comments: