A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 April 2016

សហគមន៍​នេសាទ​ខេត្ត​កំពង់ចាម​ថា​បទល្មើស​នេសាទ​កើន​ឡើង​មុន​ពេល​ចូល​ឆ្នាំ


ដោយ សូត សុខប្រាថ្នា
2016-04-13


បឹង​ធំ កំពង់ចាម ៨៥៥ ២០១៦
ទូក​នេសាទ​របស់​ពលរដ្ឋ​ចត​នៅ​មាត់​បឹងធំ ក្នុង​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៥ មីនា ឆ្នាំ​២០១៦។
 RFA/Saut Sokprathna


ប្រជា​សហគមន៍​នេសាទ​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម កាន់​តែ​បារម្ភ​ចំពោះ​បទល្មើស​នេសាទ​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​បឹង​ធំ នៅ​មុន​ពេល​ចូល​ឆ្នាំ។ ពលរដ្ឋ​យល់​ថា មូលហេតុ​បទល្មើស​កើន​ឡើង អាច​ដោយសារ​តែ​ក្រុម​ជន​ល្មើស​យល់​ថា ឱកាស​បុណ្យ​ចូល​ឆ្នាំ គឺ​មិន​មាន​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ណា​ខ្វាយខ្វល់​អំពី​បញ្ហា​នេសាទ​ឡើយ។

ប្រជា​សហគមន៍​នេសាទ​នៅ​ឃុំ​មៀន ស្នើ​ឲ្យ​មន្ត្រី​ជំនាញ ឬ​មន្ត្រី​អាជ្ញាធរ ជួយ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។ ការ​ស្នើ​នេះ ពីព្រោះ​ពួក​គេ​សង្កេត​ឃើញ​ថា ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខិត​ចូល​មក​ដល់ សកម្មភាព​នេសាទ​ខុស​ច្បាប់​កើន​ឡើង​គួរ​ឲ្យ​បារម្ភ ដោយ​មាន​ទាំង​អួន​ក្រឡា​ញឹក​ប្រវែង​ចាប់​ពី ៣០០​ម៉ែត្រ ដល់ ៤០០​ម៉ែត្រ​ជាង ១០​វង់ ព្រម​ទាំង​ឧបករណ៍​ឆក់​ត្រជាក់​ជាច្រើន​វង់​ផ្សេង​ទៀត។



ប្រជា​នេសាទ​មួយ​រូប​នៅ​ភូមិ​កំពង់សំរិទ្ធិ ឃុំ​មៀន លោក រ៉េន រ៉ាន់ ឲ្យ​ដឹង​ថា សកម្មភាព​នេសាទ​ខុស​ច្បាប់ គឺ​ប្រព្រឹត្ត​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មិន​មាន​អាជ្ញាធរ​ហាម​ឃាត់​ឡើយ។ លោក​ព្រួយ​បារម្ភ​ថា ក្មេង​ជំនាន់​ក្រោយ​នឹង​លែង​ស្គាល់​ពូជ​ត្រី​មួយ​ចំនួន ហើយ​វា​នឹង​អាច​ឈាន​ទៅ​រក​ភាព​វិនាស ប្រសិន​បើ​អាជ្ញាធរ​មិន​មាន​វិធានការ​ណា​មួយ ដើម្បី​បង្ក្រាប​ជន​ទាំង​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ៖ «ជិត​ចូល​ឆ្នាំ​កាន់​តែ​ខ្លាំង ព្រោះ​ពួក​គេ​គិត​ថា ជិត​ចូល​ឆ្នាំ​គ្មាន​បង​ប្អូន​ជលផល​ណា​ចូល​មក​ទេ»។

បឹង​ធំ​ជា​បឹង​មួយ​ដែល​មាន​ទំហំ​ទទឹង​ប្រមាណ ៤​គីឡូម៉ែត្រ និង​បណ្តោយ​ប្រមាណ ៨​គីឡូម៉ែត្រ​ជាប់​ស្រុក​ចំនួន​បី នៅ​ក្នុង​ខេត្ត​កំពង់ចាម រួម​មាន​ស្រុក​កងមាស ស្រុក​កំពង់សៀម និង​ស្រុក​ព្រៃឈរ។

ប្រធាន​សហគមន៍​នេសាទ​បឹង​ធំ ឃុំ​មៀន លោក ម៉ុន ឆៃលាង មាន​ប្រសាសន៍​ថា បទល្មើស​នេសាទ​នៅ​បឹង​ធំ​បច្ចុប្បន្ន ពិត​ជា​ច្រើន​មែន។ លោក​បន្ថែម​ថា ប្រជា​សហគមន៍​មិន​មាន​សិទ្ធិ​អំណាច​ដើម្បី​បង្ក្រាប​បទល្មើស​ទាំង​នោះ​ទេ គឺ​មាន​សិទ្ធិ​ត្រឹម​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​សហគមន៍​ចុះ​បង្ក្រាប​ដោយ​ខ្លួន​ឯង ប្រាកដ​ជា​ត្រូវ​ប្រឈម​មុខ​ជាមួយ​ជន​ល្មើស​ទាំង​នោះ​មិន​ខាន​ឡើយ៖ «ជិត​ចូល​ឆ្នាំ​នេះ មិន​សូវ​មាន​កើត​ឡើង​ប៉ុន្មាន​ទេ គឺ​មាន​តែ​ឆក់​ក្តៅ»។

លោក​បន្ត​ថា ក្រៅ​ពី​ឧបករណ៍​អួន​ក្រឡា​ញឹក អួន​ត្រជាក់ លូ​ស្បៃ​មុង ក៏​មាន​ឧបករណ៍​មួយ​ប្រភេទ​ទៀត​កំពុង​ពេញ​និយម​នោះ គឺ​លប​កន្ទុយ​កណ្ដុរ។ លោក​ថា លប​ប្រភេទ​នេះ​មិន​ត្រឹម​តែ​ដាក់​ចូល​ត្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូម្បី​ពពួក​ល្មូន​រួម​មាន​អណ្ដើក ពស់ ព្រម​ទាំង​សត្វ​ស្លាប​ក៏​ជាប់​ដែរ ទើប​ធ្វើ​ឲ្យ​សហគមន៍​កាន់​តែ​បារម្ភ។

ឆ្លើយ​តប​ទៅ​នឹង​ក្តី​បារម្ភ​របស់​ប្រជា​សហគមន៍ នាយ​ខណ្ឌ​ជលផល​ខេត្ត​កំពង់ចាម លោក អ៊ុក ណារិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ មេសា ថា ខាង​លោក​បាន​បង្ក្រាប​បទល្មើស​មួយ​ចំនួន​កាល​ពី​ពេល​ថ្មីៗ​នេះ​រួច​មក​ហើយ ម្យ៉ាង​មន្ត្រី​ជលផល​បាន​ចាត់​ចែង​មន្ត្រី​របស់​ខ្លួន ដើម្បី​ចុះ​ពិនិត្យ​ស្ថានភាព​បទល្មើស​ជុំវិញ​បឹង​ធំ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ទៀត​ផង៖ «យើង​នឹង​ដាក់​មន្ត្រី​ប្រចាំ​ការ​នៅ​ហ្នឹង»។

មន្ត្រី​សម្រប​សម្រួល​សហគមន៍​នៃ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល អ្នកស្រី នូ សារឹម កត់​សម្គាល់​ឃើញ​ថា ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ ជន​ល្មើស​តែង​ឆ្លៀត​ឱកាស​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​មួយ​ចំនួន។ អ្នកស្រី​ថា ទាំង​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ គប្បី​គាំទ្រ​ដល់​ប្រជា​សហគមន៍​នេសាទ តាម​រយៈ​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់ សម្រាប់​ចុះ​ល្បាត​តាម​បឹង​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ។ បន្ថែម​ពី​នេះ អាជ្ញាធរ​ត្រូវ​រឹត​បន្តឹង​ច្បាប់​ជលផល​ចំពោះ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ឲ្យ​បាន​ប្រសើរ ម្យ៉ាង​ពលរដ្ឋ​ត្រូវ​យល់​ដឹង​អំពី​សារប្រយោជន៍​នៃ​ធនធាន​ជលផល​ដោយ​ខ្លួន​ឯង​ផង​ដែរ៕

No comments: