A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 April 2016

អង្គការ​មាតា​ធម្មជាតិ​ស្នើ​សហភាព​អឺរ៉ុប​និង​អ.ស.ប​អន្តរាគមន៍​ជួយ​សកម្មជន​ការពារ​បរិស្ថាន


ដោយ សុជីវី
2016-04-13

ទាមទារ​ដោះ​លែង​សកម្មជន​បរិស្ថាន កោះកុង ២០១៥ ៨៥៥
ពលរដ្ឋ​ហែ​ក្បួន​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ក្នុង​រាជធានី​ភ្នំពេញ និង​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន ៤​នាក់​នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Sochivy
 RFA/Sochivy


អង្គការ​មាតា​ធម្មជាតិ និង​អង្គការ​ដៃគូ​ជាង ២០ ទៀត ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ (អ.ស.ប) និង​សហភាព​អឺរ៉ុប ជួយ​អន្តរាគមន៍​ផ្ដល់​យុត្តិធម៌​ដល់​សកម្មជន​ការពារ​បរិស្ថាន​ចំនួន ៤​នាក់ ក្នុង​នោះ​មាន ៣​នាក់​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កោះកុង។

ប្រធាន​អង្គការ​មាតា​ធម្មជាតិ អះអាង​ថា ការ​ដាក់​សំណើ​នេះ ដោយសារ​កន្លង​មក ស្ថាប័ន​ទាំង​ពីរ​នេះ ហាក់​មិន​អើពើ​ចំពោះ​ភាព​អយុត្តិធម៌​ដែល​កើត​ឡើង​ចំពោះ​សកម្មជន​ការពារ​បរិស្ថាន​ក្នុង​ខេត្ត​កោះកុង។

សំណើ​របស់​អង្គការ​មាតា​ធម្មជាតិ និង​សម្ព័ន្ធ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ហៅ​កាត់​ថា អេ.អាយ.ភី.ភី (AIPP) ធ្វើ​ឡើង​តាម​រយៈ​លិខិត​ចំនួន​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ដោយ​មាន​អត្ថន័យ​ដូច​គ្នា​ដាក់​ទៅ​សហភាព​អឺរ៉ុប និង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស។



ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ដែល​ជា​អ្នក​ដាក់​លិខិត មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​មេសា ថា មក​ដល់​ពេល​នេះ សកម្មជន​ការពារ​បរិស្ថាន​ចំនួន ៣​នាក់ កំពុង​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​អស់​រយៈពេល​ជិត ៨​ខែ​មក​ហើយ។ លោក​ថា គួរ​តែ​ដល់​ពេល​ដែល​សហភាព​អឺរ៉ុប និង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ងាក​មក​គោរព​សិទ្ធិ​របស់​ពួក​គេ និង​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព៖ «អ្វី​ដែល​យើង​ទាមទារ​សម្រាប់​សកម្មជន​ទាំង ៣​នាក់ គឺ​ដោះ​លែង តែ​បើ​មិន​ដោះ​លែង​ទេ សុំ​ចាប់​ផ្ដើម​ជំនុំ​ជម្រះ​ដោយ​ត្រឹមត្រូវ ដោយ​យុត្តិធម៌​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ព្រោះ ៨​ខែ​វា​ហាក់​ដូចជា​ហួស​ពី​នីតិវិធី​ហើយ»។

នៅ​ក្នុង​លិខិត​របស់​អង្គការ​មាតា​ធម្មជាតិ និង​អង្គការ​ដៃគូ បាន​សរសេរ​ថា សហភាព​អឺរ៉ុប គួរ​មាន​វិធានការ​ឲ្យ​ស្រប​តាម​គោលការណ៍​ណែនាំ​ស្ដីពី​អ្នក​ការពារ​សិទ្ធិ​មនុស្ស​របស់​ខ្លួន និង​ត្រូវ​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ ដោយ​ចេញ​សេចក្ដី​ថ្លែងការណ៍ និង​ចូលរួម​តាម​ដាន​សវនាការ​លើ​អ្នក​ទាំង​៣ ជាពិសេស​ត្រូវ​ជួយ​លើក​បញ្ហា​ទាំង​នេះ​នៅ​ពេល​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ទាំង​ក្នុង​កម្រិត​ជាតិ អាស៊ាន និង​វេទិកា​ដទៃ​ទៀត។ សហភាព​អឺរ៉ុប ក៏​ត្រូវ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ពង្រឹង​សិទ្ធិ​សេរីភាព​ជនជាតិ​ដើម​ភាគ​តិច និង​សេរីភាព​បញ្ចេញ​មតិ។

ចំណែក​លិខិត​ដាក់​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នកស្រី មីសេល ហ្រ្វុស (Michel Frost) បាន​ស្នើ​ឲ្យ​មន្ត្រី​រូប​នេះ​សហការ​ជាមួយ​អ្នក​រាយការណ៍​ពិសេស​ដទៃ​ទៀត ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ឈាន​ជំហាន​ជាក់លាក់ និង​បន្ទាន់ ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ចោទ​ប្រកាន់​សកម្មជន​អារ៉ែង លោក វ៉ែន វ៉ន និង​ធានា​សិទ្ធិ​ទទួល​បាន​សវនាការ​ដោយ​យុត្តិធម៌​របស់​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន។ ស្រប​គ្នា​នេះ ក៏​បាន​ស្នើ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ មាន​វិធានការ​យ៉ាង​ណា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​តាម​បទដ្ឋាន​ច្បាប់ និង​សន្ធិសញ្ញា​នានា​ស្ដីពី​សិទ្ធិ​មនុស្ស ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​សច្ចាប័ន។

សកម្មជន​ការពារ​បរិស្ថាន​ទាំង ៤​នាក់ ដែល​អង្គការ​មាតា​ធម្មជាតិ លើក​ឡើង​នៅ​ក្នុង​លិខិត​នោះ​រួម​មាន លោក វ៉ែន វ៉ន សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង​បាន​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា។ លោក​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កោះកុង កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ ដោយ​ព្យួរ​ទោស។ យុវជន​ការពារ​បរិ​ស្ថាន​ទាំង ៣​នាក់​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង មាន​ឈ្មោះ សាន់ ម៉ាឡា ទ្រី សុវីគា និង ស៊ីម សំណាង ដែល​បាន​តវ៉ា​យ៉ាង​សកម្ម​ប្រឆាំង​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​វៀតណាម ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បុទុមសាគរ ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា តាម​បណ្ដឹង​របស់​អាជ្ញាធរ​ឃុំ និង​ក្រុមហ៊ុន​បូម​ខ្សាច់​ឈ្មោះ ដាយរិក អ៊ិចសេស (Direct Access)។

ទាក់ទិន​នឹង​សំណើ​ទៅ​សហភាព​អឺរ៉ុប និង​អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ នេះ លោក អាឡិក បញ្ជាក់​ថា នៅ​ក្រោយ​ពេល​ទទួល​បាន​លិខិត​នេះ លោក​ត្រូវ​រង់ចាំ​រយៈពេល ១​ខែ​ទៀត​យ៉ាង​តិច ដើម្បី​ទទួល​បាន​ចម្លើយ៖ «អឺ.យូ (EU)ឬ​អង្គការ​សហប្រជាជាតិ ពុំ​មាន​សិទ្ធិ​បញ្ជា​ទៅ​លើ​រដ្ឋាភិបាល​ទេ ប៉ុន្តែ​គេ​អាច​នឹង​សួរ​ដេញដោល​ចេញ​លិខិត​ជា​សាធារណៈ ហើយ​ក៏​គេ​អាច​ទាក់ទង​ជាមួយ អឺ.យូ នៅ​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ នៅ​ទី​ក្រុង​ញីវយ៉ក (New York)។ វា​មិន​អាច​ទៅ​ដោះ​លែង​សកម្មជន​យើង​បាន​ទេ តែ​វា​ជា​ផ្នែក​មួយ​ដែល​នឹង​ជួយ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​បន្ថែម»។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ការ​ឆ្លើយ​តប​ពី​សហភាព​អឺរ៉ុប និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ ចំពោះ​សំណើ​របស់​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ នេះ​នៅ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ពី​ការ​ស្នើសុំ​នេះ៕

No comments: