![]() |
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (កណ្តាល) ចូលរួមរាំកម្សាន្ដក្នុងកម្មវិធីជួបជុំគ្រួសារកីឡា។ រូប សហការី
|
ក្រសួង បង្កការស្មុគស្មាញជុំវិញអំណោយពីលោក ហ៊ុន សែន
ppp Wed, 6 April 2016
យឺន ពន្លក
ភ្នំពេញ: ជំនួបមហាគ្រួសារកីឡា ដែលប្រមូលផ្តុំអត្តពលិក មន្ត្រីកីឡា ព្រឹទ្ធាចារ្យកីឡា សរុប ៣៤០០ នាក់ នាមណ្ឌលកម្សាន្តកោះពេជ្រ កាលពីយប់ថ្ងៃចន្ទ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដំណើរការទៅយ៉ាងរលូន និងពោរពេញដោយភាពសប្បាយរីករាយ។
លោក ហ៊ុន សែន ក៏បានប្រកាសផ្តល់ប្រាក់អំណោយម្នាក់ ១០ ម៉ឺនរៀល បន្ថែមទៅលើការហូបចុក ផឹកស៊ី និងរាំកម្សាន្ត មិនគិតលុយដល់គ្រប់សមាសភាពអ្នកចូលរួម ដែលមានឈ្មោះតាមរយៈសហព័ន្ធកីឡាជាតិចំនួន ៤៧ និងអង្គភាពពាក់ព័ន្ធចំនួន ៩ ឡើយ។
អ្នកចូលរួមភាគច្រើន បានបើកប្រាក់អំណោយនេះយ៉ាងងាយស្រួល នៅលើរថយន្តក្រុងតែម្តង ប៉ុន្តែ មន្ត្រីសហព័ន្ធ និងអត្តពលិក ចាស់ព្រឹទ្ធាចារ្យកីឡាមួយចំនួននៅមិនទាន់ទទួលបាននៅឡើយទេ ហើយការកំណត់លក្ខខណ្ឌចំពោះការបើកប្រាក់អំណោយនេះ បានធ្វើឲ្យពួកគាត់មួយចំនួនសម្តែងកំហឹង និងអះអាងថា៖ «លុយរបស់សម្តេចធ្វើអំណោយសោះ ត្រូវបានមន្ត្រីផ្នែកហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា បង្កភាពសាំញ៉ាំ និងស្មុគស្មាញនាំឲ្យមានការថ្នាំងថ្នាក់ដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
ក្រោយពីជប់លៀងរួច មន្ត្រីក្រសួង បានជូនដំណឹងដល់អ្នកចូលរួមជប់លៀងទាំងអស់ដែលមិនទាន់បានបើកប្រាក់ ឲ្យមកជួបជុំគ្នានៅពហុកីឡដ្ឋានជាតិ នាព្រឹកថ្ងៃអង្គារ ម្សិលមិញវេលាម៉ោង ៩ ប៉ុន្តែ ការរង់ចាំរបស់អត្តពលិក និងមន្ត្រី ដែលមានឈ្មោះត្រូវបើកលុយនោះត្រូវបានពន្យារពេលពេញមួយព្រឹកអត់បានលទ្ធផលសោះ។
លុះដល់ម៉ោង ១១ ទើបមានមន្ត្រីមកពីក្រសួងអប់រំ យុវជន និងកីឡា មកប្រាប់ពីលក្ខខណ្ឌដែលអាចបើកប្រាក់បាន ដែលស្តាប់ទៅវាមហាលំបាកបំផុត មិនគួររង់ចាំបើកនោះឡើយ។
មន្ត្រី ៣ នាក់នោះពន្យល់ពីលក្ខខណ្ឌបើកប្រាក់នោះថា គឺទី ១ ត្រូវមានឈ្មោះក្នុងបញ្ជីស្រាប់ទី ២ មានអត្តសញ្ញាណប័ណ្ណ ទី ៣ មានលិខិតបញ្ជាក់បោះត្រាពីប្រធានសហព័ន្ធ ឬអង្គភាព ទី ៤ មានប័ណ្ណសមាជិកចូលក្នុងពិធីជប់លៀង កាលពីយប់ថ្ងៃចន្ទ និងទី ៥ សាមីខ្លួនត្រូវមកចុះហត្ថលេខាផ្ទាល់ ទោះអ្នកនោះ នៅខេត្តឆ្ងាយក៏ដោយ ហើយពេលចុះហត្ថលេខារួចក៏មិនទាន់ទទួលបានប្រាក់ដែរ គឺរង់ចាំមេសម្រេច ដោយត្រូវទៅបើកនៅរតនាគារជាតិសិន មិនដឹងប៉ុន្មានថ្ងៃទេ។
លក្ខខណ្ឌនេះ បានធ្វើឲ្យការបើកប្រាក់រង្វាន់ជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្លាយទៅជាការបង្កើតនូវបរិយាកាសលំបាកទៅវិញ។
ឆ្លើយតបចំពោះចំណោទបញ្ហាដ៏ស្មុគស្មាញគួរឲ្យអស់សំណើចចេញពីមន្ត្រីខាងចែកលុយមកពីក្រសួងនេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា មានប្រសាសន៍ថា៖ «ការបើកប្រាក់អំណោយសម្តេចនោះ មិនមែនផ្នែកខាងខ្ញុំទេ គឺគេមកពីក្រសួងអប់រំ យុវជន និងកីឡា អាចខាងខុទ្ទកាល័យក្រសួង ហើយខ្ញុំមិនទាន់ទទួលបានព័ត៌មានអ្វីទេ ប៉ុន្តែបើមានបញ្ហាអ្វីដែលលំបាកនោះខ្ញុំនឹងខិតខំជួយសម្របសម្រួលឲ្យមានការយោគយល់គ្នា កុំឲ្យមានការលំបាកដោយសារថ្ងៃនេះខ្ញុំជាប់បេសកកម្មនៅខេត្ត»។
ចំណែកលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «ខាងអូឡាំពិកកម្ពុជា មិនពាក់ព័ន្ធបញ្ហាលុយអំណោយរបស់សម្តេចនោះទេ គឺខាងក្រសួងអប់រំ យុវជន និងកីឡា គេចាត់ចែងផ្ទាល់។ ប៉ុន្តែខ្ញុំគិតថាដូចអត់មានបញ្ហាស្មុគស្មាញទេ ព្រោះបញ្ជីឈ្មោះទាំងអស់សរុប ៣៤០០ នាក់ មកពី ៤៧ សហព័ន្ធជាតិ និង ៩ អង្គភាពកីឡាពាក់ព័ន្ធ ដោយមានចុះហត្ថលេខាបោះត្រា ទទួលខុសត្រូវច្បាស់លាស់ពីសាមីអង្គភាព និងសហព័ន្ធនីមួយៗយ៉ាងច្បាស់លាស់ មិនអាចនរណាមកបន្លំបានឡើយ គឺគណៈប្រតិភូ និងមន្ត្រីសហព័ន្ធចំនួន ៦៨៤ នាក់ មន្ត្រីបច្ចេកទេស ៦៩២ នាក់ សរុប ៣៤០០ នាក់ក្នុងនោះស្ត្រី ២០២៤ នាក់»។
លោកបន្ថែមថា៖ «ការជួបជុំក្នុងមហាគ្រួសារកីឡាជាមួយសម្តេចនាយកនេះ ខាងអូឡាំពិកកម្ពុជា បានប្រឹងប្រែងរៀបរយ និងបានចាត់ចែងល្អ មានសណ្តាប់ធ្នាប់ ព្រមទាំងមានការកោតសរសើរពីលោក ថោង ខុន និង សម្តេចផងដែរ ប៉ុន្តែបញ្ហារឿងប្រាក់អំណោយនោះ មិនមែនខាងខ្ញុំឡើយ គឺខ្ញុំគ្មានអ្វីត្រូវអត្ថាធិប្បាយឡើយ»។
មន្រ្តីកីឡាចូលនិវត្តន៍សុំមិនឲ្យបញ្ចេញឈ្មោះម្នាក់ បានប្រតិកម្មថា បើបើកប្រាក់តាមសហព័ន្ធគឺមិនរញ៉េរញ៉ៃទេ ទោះចង់មកបើកផ្ទាល់ក៏គ្មានអ្នកណាបន្លំកើតដែរ ព្រោះបញ្ជីឈ្មោះត្រូវបានសហព័ន្ធនីមួយៗទទួលខុសត្រូវ។ បើមិនខ្លាចគេបន្លំហេតុអ្វីទទួលយកឈ្មោះពីសហព័ន្ធទៅធ្វើអ្វី?»។
យ៉ាងណាក៏ដោយ បើតាមប្រភពចុងក្រោយប្រាប់កាលពីល្ងាចម្សិលមិញថា ខាងក្រសួងបានកោះហៅតំណាងអត្តពលិក មន្រ្តីកីឡា និងព្រឹទ្ធាចារ្យ ដែលមិនទាន់បើកប្រាក់អំណោយ ឲ្យទៅបើកប្រាក់អំណោយ ដោយគ្មានលក្ខខណ្ឌវិញ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង ដែលបានបង្កើតឡើង កាលពីពេលព្រឹកម្សិលមិញនោះ៕

1 comment:
Tak ting noy noy... Oh boy!
Post a Comment