A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 7 April 2016

ក្រសួង​ បង្កការ​ស្មុគស្មាញ​ជុំវិញ​អំណោយ​ពីលោក ហ៊ុន សែន


លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (កណ្តាល) ចូល​រួមរាំ​កម្សាន្ដ​ក្នុង​កម្ម​វិធី​ជួបជុំ​គ្រួសារ​កីឡា។ រូប សហការី


ក្រសួង​ បង្កការ​ស្មុគស្មាញ​ជុំវិញ​អំណោយ​ពីលោក ហ៊ុន សែន
ppp Wed, 6 April 2016
យឺន ពន្លក


ភ្នំពេញ: ជំនួប​មហា​គ្រួសារ​កីឡា​ ដែល​ប្រមូលផ្តុំ​អត្តពលិក មន្ត្រីកីឡា ព្រឹទ្ធាចារ្យ​កីឡា សរុប ៣៤០០ នាក់ នាមណ្ឌល​កម្សាន្ត​កោះពេជ្រ ​កាលពី​យប់ថ្ងៃ​ចន្ទ ​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​ដំណើរ​ការ​ទៅ​យ៉ាងរលូន និងពោរ​ពេញ​ដោយ​ភាព​សប្បាយ​រីករាយ។​

លោក ហ៊ុន សែន ក៏បាន​ប្រកាសផ្តល់​ប្រាក់អំណោយ​ម្នាក់ ១០ ម៉ឺនរៀល បន្ថែមទៅ​លើការ​ហូបចុក ​ផឹកស៊ី និងរាំកម្សាន្ត​ មិនគិត​លុយ​ដល់​គ្រប់​សមាស​ភាព​អ្នកចូល​រួម ​ដែល​មាន​ឈ្មោះ​តាមរយៈ​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ៤៧ និង​អង្គភាព​ពាក់ព័ន្ធ​ចំនួន ៩ ឡើយ។

អ្នកចូលរួម​ភាគ​ច្រើន ​បាន​បើកប្រាក់​អំណោយ​នេះ​យ៉ាង​ងាយស្រួល​ នៅលើ​រថយន្ត​ក្រុង​តែម្តង ប៉ុន្តែ​ មន្ត្រីសហព័ន្ធ ​និង​អត្តពលិក​ ចាស់ព្រឹទ្ធាចារ្យ​កីឡាមួយ​ចំនួន​នៅមិនទាន់​ទទួល​បាន​នៅ​ឡើយទេ ​ហើយការ​កំណត់​លក្ខខណ្ឌ​ចំពោះការ​បើកប្រាក់​អំណោយ​នេះ ​បានធ្វើ​ឲ្យ​ពួកគាត់​មួយ​ចំនួន​សម្តែងកំហឹង ​និង​អះអាងថា៖​ «លុយ​របស់​សម្តេច​ធ្វើ​អំណោយ​សោះ​ ត្រូវ​បាន​មន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ​ក្រសួង​អប់រំ យុវជន ​និង​កីឡា​ បង្កភាព​សាំញ៉ាំ និងស្មុគ​ស្មាញ​នាំឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ដល់សម្តេច​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន»។

ក្រោយពី​ជប់លៀង​រួច មន្ត្រីក្រសួង​ បានជូន​ដំណឹង​ដល់​អ្នកចូលរួម​ជប់​លៀង​ទាំងអស់​ដែល​មិនទាន់​បានបើក​ប្រាក់ ឲ្យ​មកជួប​ជុំគ្នា​នៅ​ពហុកីឡដ្ឋាន​ជាតិ ​នា​ព្រឹកថ្ងៃ​អង្គារ ម្សិលមិញ​វេលាម៉ោង ៩ ប៉ុន្តែ​ ការរង់ចាំ​របស់​អត្តពលិក​ និង​មន្ត្រី ដែល​មានឈ្មោះ​ត្រូវ​បើកលុយ​នោះ​ត្រូវ​បានពន្យារ​ពេល​ពេញ​មួយ​ព្រឹក​អត់បាន​លទ្ធផល​សោះ។



លុះដល់​ម៉ោង ១១ ទើបមាន​មន្ត្រី​មកពី​ក្រសួង​អប់រំ យុវជន ​និង​កីឡា​ មក​ប្រាប់​ពី​លក្ខខណ្ឌ​ដែល​អាច​បើកប្រាក់​បាន ​ដែលស្តាប់​ទៅវា​មហាលំបាក​បំផុត មិនគួរ​រង់ចាំ​បើកនោះ​ឡើយ។

មន្ត្រី ៣ នាក់​នោះ​ពន្យល់ពី​លក្ខខណ្ឌ​បើក​ប្រាក់​នោះថា ​គឺទី ១​ ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្រាប់ទី ២ មាន​អត្តសញ្ញាណប័ណ្ណ ទី ៣ មាន​លិខិត​បញ្ជាក់​បោះត្រា​ពី​ប្រធាន​សហព័ន្ធ​ ឬ​អង្គភាព ទី ៤ មាន​ប័ណ្ណ​សមាជិក​ចូល​ក្នុង​ពិធី​ជប់លៀង​ កាល​ពីយប់ថ្ងៃ​ចន្ទ ​និងទី ៥ សាមី​ខ្លួន​ត្រូវ​មក​ចុះហត្ថលេខា​ផ្ទាល់​ ទោះអ្នកនោះ ​នៅ​ខេត្ត​ឆ្ងាយ​ក៏ដោយ ​ហើយ​ពេល​ចុះហត្ថ​លេខា​រួចក៏​មិនទាន់​ទទួល​បានប្រាក់​ដែរ ​គឺរង់ចាំ​មេសម្រេច​ ដោយ​ត្រូវ​ទៅបើក​នៅរតនា​គារជាតិ​សិន មិន​ដឹង​ប៉ុន្មានថ្ងៃទេ។

លក្ខខណ្ឌ​នេះ ​បាន​ធ្វើឲ្យការ​បើកប្រាក់​រង្វាន់​ជា​អំណោយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​បានក្លាយ​ទៅជា​ការ​បង្កើត​នូវ​បរិយាកាស​លំបាក​ទៅវិញ។

ឆ្លើយតប​ចំពោះ​ចំណោទ​បញ្ហា​ដ៏​ស្មុគស្មាញ​គួរ​ឲ្យ​អស់សំណើច​ចេញពី​មន្ត្រី​ខាង​ចែក​លុយ​មកពី​ក្រសួង​នេះ​ លោក អ៊ុក សិទ្ធិជាតិ ​អគ្គ​នាយក​កីឡា​ មាន​ប្រសាស​ន៍ថា​៖ «ការ​បើកប្រាក់អំណោយ​សម្តេច​នោះ​ មិនមែន​ផ្នែក​ខាង​ខ្ញុំទេ គឺគេ​មក​ពីក្រសួង​អប់រំ យុវជន និងកីឡា អាចខាង​ខុទ្ទកាល័យ​ក្រសួង​ ហើយ​ខ្ញុំមិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​ទេ​ ប៉ុន្តែ​បើ​មាន​បញ្ហា​អ្វី​ដែល​លំបាកនោះ​ខ្ញុំនឹង​ខិតខំ​ជួយ​សម្រប​សម្រួល​ឲ្យមាន​ការ​យោគ​យល់គ្នា​ កុំឲ្យ​មានការ​លំបាក​ដោយ​សារថ្ងៃ​នេះ​ខ្ញុំជាប់​បេសកកម្ម​នៅ​ខេត្ត»។

ចំណែក​លោក វ៉ាត់ ​ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែង​ថា​៖ «​ខាង​អូឡាំពិក​កម្ពុជា​ មិនពាក់​ព័ន្ធ​បញ្ហា​លុយ​អំណោយ​របស់សម្តេច​នោះទេ គឺខាង​ក្រសួង​អប់រំ​ យុវជន ​និងកីឡា គេ​ចាត់ចែងផ្ទាល់​។​ ប៉ុន្តែខ្ញុំ​គិតថា​ដូច​អត់មាន​បញ្ហា​ស្មុគស្មាញ​ទេ ព្រោះបញ្ជី​ឈ្មោះ​ទាំង​អស់សរុប ៣៤០០ នាក់ ​មកពី ៤៧ សហព័ន្ធជាតិ ​និង ៩ អង្គភាព​កីឡា​ពាក់ព័ន្ធ ដោយ​មាន​ចុះហត្ថ​លេខាបោះ​ត្រា​ ទទួល​ខុស​ត្រូវ​ច្បាស់​លាស់ពី​សាមី​អង្គភាព​ និងសហព័ន្ធ​នីមួយៗ​យ៉ាង​ច្បាស់លាស់ មិនអាច​នរណាមក​បន្លំ​បានឡើយ ​គឺ​គណៈ​ប្រតិភូ​ និង​មន្ត្រី​សហព័ន្ធ​ចំនួន ៦៨៤ នាក់​ មន្ត្រីបច្ចេកទេស ៦៩២ នាក់ សរុប ៣៤០០ នាក់​ក្នុង​នោះ​ស្ត្រី ២០២៤ នាក់»។

លោក​បន្ថែម​ថា​៖ ​«ការជួប​ជុំ​ក្នុង​មហា​គ្រួសារ​កីឡាជាមួយ​សម្តេច​នាយក​នេះ​ ខាង​អូឡាំពិក​កម្ពុជា បាន​ប្រឹងប្រែងរៀប​រយ ​និង​បានចាត់​ចែងល្អ ​មាន​សណ្តាប់ធ្នាប់ ព្រមទាំងមាន​ការកោត​សរ​សើរ​ពីលោក ​ថោង ខុន និង សម្តេច​ផងដែរ ប៉ុន្តែ​បញ្ហារឿង​ប្រាក់​អំណោយ​នោះ ​មិនមែន​ខាងខ្ញុំ​ឡើយ គឺខ្ញុំ​គ្មានអ្វី​ត្រូវអត្ថាធិប្បាយ​ឡើយ»។

មន្រ្តីកីឡា​ចូលនិវត្ត​ន៍សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះម្នាក់ បាន​ប្រតិកម្ម​ថា​ បើបើក​ប្រាក់តាម​សហព័ន្ធ​គឺមិន​រញ៉េរញ៉ៃទេ ​ទោះចង់​មកបើក​ផ្ទាល់​ក៏គ្មាន​អ្នក​ណា​បន្លំកើត​ដែរ​ ព្រោះ​បញ្ជីឈ្មោះ​ត្រូវ​បាន​សហព័ន្ធ​នីមួយៗ​ទទួល​ខុសត្រូវ។​ បើ​មិន​ខ្លាច​គេបន្លំ​ហេតុ​អ្វី​ទទួល​យក​ឈ្មោះ​ពី​សហព័ន្ធ​ទៅធ្វើអ្វី?»។

យ៉ាងណា​ក៏ដោយ​ បើតាម​ប្រភព​ចុង​ក្រោយ​ប្រាប់កាល​ពីល្ងាច​ម្សិលមិញ​ថា ខាងក្រសួង​បាន​កោះ​ហៅ​តំណាង​អត្តពលិក មន្រ្តី​កីឡា និង​ព្រឹទ្ធាចារ្យ ដែល​មិន​ទាន់​បើក​ប្រាក់​អំណោយ ឲ្យ​ទៅបើក​ប្រាក់​អំណោយ ដោយគ្មាន​លក្ខខណ្ឌ​វិញ បន្ទាប់​ពី​មាន​ការរិះគន់​យ៉ាង​ខ្លាំង ដែល​បានបង្កើត​ឡើង កាល​ពីពេល​ព្រឹក​ម្សិលមិញ​នោះ៕

1 comment:

Karl [Kalonh] Chuck said...

Tak ting noy noy... Oh boy!