A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 April 2016

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រិះគន់​មិន​សំចៃ​មាត់​រឿង​ព្រំដែន​កម្ពុជា-វៀតណាម ត្រូវ​បាន​ចាប់​ខ្លួន



លោក អ៊ុំ សំអាន ត្រូវសមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ​បញ្ជូន​មក​ក្រសួងផ្ទៃ កាល​ពី​យប់​មិញ។ រូបថត សហការី


តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រិះគន់​មិន​សំចៃ​មាត់​រឿង​ព្រំដែន​កម្ពុជា-វៀតណាម ត្រូវ​បាន​ចាប់​ខ្លួន
ppp Mon, 11 April 2016
ម៉ិច ដារ៉ា and លាង ផាន់ណារ៉ា


សៀមរាប៖ មិន​ដល់ ២៤​ ម៉ោង​ក្រោយ​ត្រឡប់​មក​​​ដល់​កម្ពុជា​វិញ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ និយាយ​មិន​សំចៃ​មាត់​លោក អ៊ុំ សំអាន ដែល​សកម្ម​លើ​​កិច្ចការ​ព្រំដែន ​កម្ពុជា​‑វៀតណាម ដែល​មាន​ភាព​ចម្រូង​ចម្រាស​នោះ ត្រូវ​បាន​សមត្ថកិច្ច ស្លៀកពាក់​​ស៊ីវិល ចាប់​ខ្លួន​កាល​ពី​ម៉ោង ​១២ រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១១ ​ខែ​មេសា ​នៅ​ក្នុង​ខេត្ត​សៀមរាប។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​គណបក្ស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

លោក សារ៉ន សំអឿន អនុ​ប្រធាន​ការិយាល័យ​សន្តិសុខផ្ទៃ​ក្នុង​​ខេត្ត បាន​ថ្លែង​ថា «ពួក​យើង​បាន​ចាប់​ខ្លួន​គាត់ នៅ​មុខ​ធនាគារ កាណាឌីយ៉ា វេលា​ម៉ោង ០០:៤០ នាទី កណ្តាល​អាធ្រាត្រ ខណៈ​ពេល​ដែល​គាត់​កំពុង​ធ្វើ​ការ​ដក​លុយ [ពីម៉ាស៊ីន ATM]។ ពួក​យើង​បាន​ប្រើ​ប្រាស់​កង​កម្លាំង​សមត្ថកិច្ច​ជាច្រើន រួម​មាន​ទាំង​ប៉ូលិស និង​កង​រាជ​អាវុធ​ផង​ដែរ»។

លោក​បន្ត​ថា «លោក [អ៊ុំ សំអាន] មិន​បាន​ធ្វើ​ការ​តបត​ទេ នៅ​ពេល​ដែល​អាជ្ញាធរ​ពួក​យើង​ចាប់​ខ្លួន​គាត់ ហើយ​​យើង​បាន​បញ្ជូន​គាត់​មក​ក្រសួង​មហា​ផ្ទៃ​រួច​ហើយ»។

នៅ​ពេល ភ្នំពេញ ប៉ុស្តិ៍​សួរ​ថា តើ​ការ​ចាប់​ខ្លួន​នេះ​មាន​ដីកា​ចាប់​ខ្លួន​ទេ លោក សារ៉ន សំអឿន បាន​បដិសេធ​មិន​ផ្តល់​អធិប្បាយ​ឡើយ។



លោក សុខ គឹមសេង សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត របស់​គណបក្ស​សង្រ្គោះ​ជាតិ បាន​ឲ្យ​ដឹង​ដែរ​ថា «មាន​ប៉ូលិស និង​កង​រាជ​អាវុធ ៤០​នាក់​បាន​មក​ឡោម​ព័ន្ធ​ផ្ទះ​របស់​ខ្ញុំ តាំង​ពី​ម៉ោង ៩:៣០ រហូត​ដល់​ម៉ោង ១២:៣០ ហើយ​ម៉ោង ១២:៤០ នាទី ពួកគេ​នាំ​ខ្ញុំ​ទៅ​កាន់​ស្នង​ការ​ខេត្ត ដោយសារ​ពួក​គេ​សង្ស័យ​ថា ខ្ញុំ​ស្នាក់​នៅ​ជាមួយ​គាត់... ពួកគេ​ក៏​បាន​ពិនិត្យ​មើល Call ទូរស័ព្ទ​ដៃ​ខ្ញុំ​ដែរ។

លោក​បន្ត​ថា «ពួកគេ​ព្យាយាម​សួរ​ខ្ញុំ​ថា លោក អ៊ុំ សំអាន នៅ​កន្លែង​ណា»។ «ទង្វើ​របស់​ពួកគេ​បាន​រំលោភ​សិទ្ធិ​របស់​ខ្ញុំ និង​បាន​ធ្វើ​ការ​គំរាម​ខ្ញុំ​ទៀត»។

កាលពី​ខែ​មេសា​ ​ឆ្នាំ​មុន ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​គំរាម​ចាត់​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​​នឹង​បុគ្គល​ណា​ ឬ​ក្រុម​ណា​ដែល​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ ក្នុង​ការ​កំណត់​​បង្គោល​​ព្រំដែន​ហើយ​ក៏​បាន​ព្រមាន​​បុគ្គល​ណា​ដែល​​បន្ត​ រិះគន់​កិច្ចការ​ព្រំដែន​​របស់​ប្រទេស​នេះ​ថា​នឹង​ប្រឈម​មុខ​នឹង​តុលាការ​​។ ការ​គំរាមកំហែង​នេះ​​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ទទួល​ ផែនទី​ពី​អង្គការ​សហប្រជាជាតិ​ដែល​ខ្លួន​និយាយ​ថា​ត្រូវ​ជាមួយ​ផែនទី​ផ្ទាល់ ​របស់​ខ្លួន​។

មួយ​សប្តាហ៍​​ក្រោយ​មក​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខហួរ ត្រូវ​បាន​ចាប់​ខ្លួន​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​ច្បាប់​​ចម្លង​ក្លែងក្លាយ​នៃ​សន្ធិសញ្ញា​ព្រំដែន​ ជាមួយ​ប្រទេស​វៀតណាម​នៅ​ក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​ លោក សម រង្ស៊ី។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១១ មេសា​នេះ គណបក្ស​សង្រ្គោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ដោយ​ចោទ​ថា ការ​ចាប់​ខ្លួន​នេះ គឺជា​ទង្វើ​រំលោភ​បំពាន យ៉ាង​ធ្ងន់ធ្ងរ​លើ​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ។

មាត្រា ៨០ នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ចែង​ថា តំណាង​រាស្ត្រ​មាន​អភ័យ​ឯក​សិទ្ធិ​សភា។ តំណាង​រាស្ត្រ​រូប​ណា​ក៏​ដោយ​មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន ដោយ​ហេតុ​ពី​បាន​សំដែង​យោបល់ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះ​ឡើយ​។ ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើ​ទៅ​កើត​លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា វៀរ​លែង​តែ ក្នុង​ករណី​បទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្តែង៕

No comments: