A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 April 2016

អង្គរសង្ក្រាន្ត បាន​ទាញ​ទេសចរ​ជាច្រើន​ចូល​អង្គរ


ទេសចរ​បរទេសមក​លេងប្រាសាទអង្គរវត្តកាលពីឆ្នាំ​មុន។ អង្គរសង្ក្រាន្តនៅឆ្នាំនេះ​នឹងទាក់​ទាញ​ទេសចរ​ច្រើន​​។ ហេង ជីវ័ន


អង្គរសង្ក្រាន្ត បាន​ទាញ​ទេសចរ​ជាច្រើន​ចូល​អង្គរ
ppp Mon, 11 April 2016
ចេង សុខហ័ង


ភ្នំពេញៈ ជា​រៀងរាល់​ឆ្នាំ​ចាប់​តាំង​ពី​ព្រឹតិ្តការណ៍​អង្គរ​សង្ក្រាន្ត​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទឹក​ដី​អង្គរ​អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ទទួល​បាន​​ប្រយោជន៍​ជា​ច្រើន ខណៈ​ភ្ញៀវ​ទេសចរ​បាន​សម្រុក​ទៅ​ខេត្ត​ទេសចរណ៍​វប្បធម៌​មួយ​នេះ។

នេះ​ជា​លើក​ទី​ ៤ ហើយ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ស្របពេល​នេះ​ដែរ​ការ​កក់​បន្ទប់​នៅ​ខេត្ត​សៀមរាប​ស្ទើរ​តែ​ពេញ​អស់ ខណៈ​តម្លៃ​ក៏​​បាន​កើន​ឡើង។

អង្គរ​សង្ក្រាន្ត ជា​ព្រឹត្តិការណ៍​ដ៏ធំ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​នៅ​ខេត្ត​សៀមរាប ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​​មក​កម្ពុជា។

លោក ឆឺយ ឆន​ អនុ​​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​​សៀមរាប​ថ្លែង​ថា អង្គរ​សង្រ្កាន្ត​ គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​​ចូល​មក​ខេត្ត​នេះ។

លោក​បន្តថា​៖ «វា​នឹង​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ ទាំង​ភ្ញៀវ​ទេសចរ​អន្តរជាតិ»។ លោក​បន្ថែម​ថា ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​និង​ក្នុង​ស្រុក​ជាង ១ លាន​នាក់​ត្រូវ​រំពឹង​ថា នឹង​មក​ទស្សនា​​ខេត្ត​សៀមរាប ក្នុង​អំឡុង​ពេល​នេះ។



ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​​ប្រាសាទ​អង្គ​រវត្ត​នៅ​ត្រី​មាសទី ១ កើន​ឡើង ២,៥​ ភាគរយ​រហូត​ដល់ ២០ លាន​ដុល្លារ​​អាមេរិក​​បើ​ធៀប​រយៈ​ពេល​​បី​ខែ​ដំបូង​ឆ្នាំ​ ២០១៥ ​ដែល​​មាន ១៩,៨ លាន​ដុល្លារ ​ខណៈ​ចំនួន​ភ្ញៀវ​ទេស​ចរ​មាន ៧០១ ០០០ នាក់​កើន​ឡើង ១,៧ ​ភាគរយ។ នេះ​បើ​យោង​តាម​​ទិន្នន័យ​បាន​ពី​អាជ្ញាធរ​អប្សរា។

ផ្ទះសំណាក់​ Happy​Guest House ដែល​មាន​ ៣០០ ​បន្ទប់ ត្រូវ​​កក់​បន្ទប់​អស់​ហើយ​តាំង​ពី​ដើម​​ខែ​នេះ។

អ្នក​ស្រី ភេម ឆព័ណ្ឌ ម្ចាស់​ផ្ទះ​សំណាក់​នេះ​បាន​ថ្លែង​ថា អង្គរ​​សង្ក្រាន្ត​គឺជា​ព្រឹត្តិ​ការណ៍​ដ៏​ពេញ​និយម​ និង​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ច្រើន​ ខណៈ​ដែល​វា​ស្ថិត​ក្នុង​រដូវ​ភ្ញៀវទេសចរ​​ទាប។

អ្នក​ស្រី​​បញ្ជាក់​ថា៖ «​អតិថិជន​របស់​​ខ្ញុំ ៥០ ភាគរយ​គឺ​​ប្រជាជន​ខ្មែរ​។ វា​ទាក់ទាញ​​មិន​គ្រាន់​តែ​ភ្ញៀវទេ​សចរ​​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ភ្ញៀវ​អន្តរជាតិ​ផងដែរ»។

អ្នកស្រីបន្ត​ថា តម្លៃ​កើន​ឡើង​ជាង​ ២ ​ដុល្លារ​គឺ​ចាប់​ពី​​ ១៥ ​ដុល្លារ​ដល់​ ១៧ ​ដុល្លារ។

លោក សៀង សុវណ្ណ អ្នក​គ្រប់គ្រង​ផ្នែក​កក់​បន្ទប់​របស់​ផ្ទះ​សំណាក់ Home Sweet Home បាន​ឲ្យ​ដឹង​ថា ៧០ ភាគ​រយ​​នៃ​ចំនួន​បន្ទប់​ត្រូវ​បាន​កក់​ដោយ​អតិថិ​ជន​ខ្មែរ​ ហើយ​បាន​រំពឹងថា​​នឹង​កក់អស់​នៅ​ថ្ងៃ​បន្ទាប់​​ជា​មួយ​ហើយ​តម្លៃ​ជួល​ចាប់​ពី​​ ១៥ ​ដុល្លារ​ដល់​​ ២៥ ​ដុល្លារ។

លោក​បន្តថា​៖«​ព្រឹត្តិការណ៍​នេះ​នាំ​យក​ប្រាក់​ចំណូល​ជាច្រើន​ដល់​យើង ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​ព្រឹត្តិការណ៍​នេះ ដោយសារ​តែ​វា​ជួយ​​ដល់​វិស័យ​ទេសចរណ៍​របស់​យើង និង​លើក​កម្ពស់​ប្រពៃណី​និង​វប្បធម៌​របស់​យើង»។

កាល​ពីខែ​មុន​ គេហ​ទំព័រ​Trip​Advisor ​បាន​ផ្ដល់​ចំណាត់​ថ្នាក់​សៀមរាប​ជាទិស​ដៅ​ឈាន​មុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ី​ និង​ទិស​ដៅ​ធ្វើ​ដំណើរ​ទូទាំង​ពិភពលោក​ល្អ​បំផុត​ទី ៥។

លោក អាង ​គឹម​អៀង ​ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍ កម្ពុជា​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ​​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​​ពិសេស​ប្រជាជន​កម្ពុជា។

លោក​ថ្លែងថា​៖ «​អង្គរ​សង្រ្កាន្ត​​ជា​ព្រឹត្តិការណ៍​តែ​មួយ​គត់​នៅ​ខេត្ត​សៀមរាប​ដែល​លើក​កម្ពស់​​ប្រពៃណី និង​វប្បធម៌​របស់​យើង ដូច្នេះ​វា​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជា​​ច្រើន​មក​ទស្សនា​​នៅទី​នោះ។​ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឲ្យ​​ប្រទេស​កម្ពុជា​យើង​ល្បី​ល្បាញ​ និង​លើក​កម្ពស់​វិស័យ​ទេសចរណ៍ និង​ប្រាក់​ចំណូល​ជាតិ​របស់​យើង»៕LA

No comments: